(កំពង់ឆ្នាំង)៖ បន្ទាប់ពីបែកធ្លាយបញ្ជីឈ្មោះមួយសន្លឹកដែលមានលេខទូរស័ព្ទ និងឈ្មោះរបស់សមត្ថកិច្ចចម្រុះ ដែលឈរជើងនៅតាមផ្លូវជាតិលេខ៥ តាំង ពីស្រុកវាលវែង ខេត្ដពោធិ៍សាត់ រហូតដល់ព្រែកក្ដាម ខេត្ដកណ្ដាល ចំនួន៤៩នាក់ ត្រូវបានគេទម្លាយឱ្យដឹង ដែលក្រុមមន្ដ្រីទាំងនេះរងការចោទថា យកលុយពីឈ្មួញដឹកឈើ តាមបណ្ដោយផ្លូវជាតិលេខ៥ ។ រថយន្ដសាំយ៉ុងពាក់ស្លាកលេខ ភ្នំពេញ 2D-2820 ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ដកំពង់ឆ្នាំង ស្ទាក់ចាប់បានដោយរកឃើញឈើម្រះព្រៅភ្នំ ពីរបន្ទះធំ កែច្នៃរួចជាស្រេច តុធ្នង់មូលពីរបន្ទះ ពកម្រះ ព្រៅមួយច្នៃជាតុ ទ្វារធ្នង់ ៦សន្លឹក និងគ្រែមួយ ។
អង្គភាពព័ត៌មាន FRESH NEWS បានទាក់ទងទៅលេខទូរស័ព្ទមួយខ្សែ 097 990 1234 ដែលឈ្មួញឈើសរសេរថា មេព្រៃនៅឧដុង្គនោះ ត្រូវបានមន្ដ្រីរូបនេះ ទទួលស្គាល់ថា «ជាមេព្រៃប្រចាំឧដុង្គ ប៉ុន្តែបានឆ្លើយបដិសេធ មិនបានយកលុយឈើពីឈ្មួញនោះទេ ដោយទម្លាក់កំហុសទៅលើមន្ដ្រីនគរបាលសេដ្ឋកិច្ចនិងមន្ដ្រីអាវុធហត្ថ»។
មន្ដ្រីដែលមានលេខទូរស័ព្ទ 097 990 1234 រូបនេះ បានបដិសេធមិនប្រាប់ឈ្មោះ ហើយនិយាយថា «លេខទូរស័ព្ទរបស់ខ្លួន គឺទើបនឹងទិញបន្ដពី នគរបាលសេដ្ឋកិច្ច ប្រចាំនៅផ្សារត្រាច» ការលើកឡើង ដូច្នេះទំនងមន្ដ្រីរូបនេះ ចង់ទម្លាក់កំហុសទៅនគរបាលសេដ្ឋកិច្ចប្រចាំនៅផ្សារត្រាច ហើយត្រូវបានឈ្មួញកត់ក្នុងបញ្ជីបង់ប្រាក់របស់ពួកគេ ។
មន្ដ្រីដដែលខាងលើនេះ បានបញ្ជាក់ថា លេខទូរស័ព្ទមួយខ្សែនេះ សម្រាប់ទាក់ទងតែប្រពន្ធរបស់លោកប៉ុណ្ណោះ ហើយរឿងទៅយកលុយឈើតាមរថយន្ដនោះ គឺមិនដែលឡើយ ពីព្រោះលោកមានមុខរបររកស៊ីផ្ទាល់ខ្លួន សម្រាប់ចិញ្ចឹមជីវិត។ យ៉ាងក៏ដោយនោះគេមិនទាន់ដឹងនិងសុំ ការបំភ្លឺជាផ្លូវការរបស់មន្ដ្រីណាម្នាក់ថា តើ ឈ្មោះនិងលេខទូរស័ព្ទទាំងនេះ ពិតជាបានទារលុយពីក្រុមឈ្មួញដឹកឈើតាមផ្លូវជាតិ លេខ៥ឬមួយយ៉ាងណានោះឡើយ។
អង្គភាពប្រឆាំងអំពើពុករលួយ របស់ទេសរដ្ឋមន្ដ្រីឱម យ៉ិនទៀង អាចនឹងធ្វើការស្រាវជ្រាវពីករណីមិនប្រក្រតីមួយនេះ ដើម្បីទប់ស្កាត់អំពើពុករលួយជាប្រព័ន្ធ ដែលរកស៊ីនិងឃុបឃិតជាមួយឈ្មួញ ឈើតាំងពីដើមរៀងមកនោះ៕