(ភ្នំពេញ)៖ នៅសល់រយៈពេលតែមួយថ្ងៃទៀតប៉ុណ្ណោះប្រតិទិនឆ្នាំចាស់ ឆ្នាំ២០១៥ នឹងកន្លងផុតទៅ ជំនួយមកវិញនូវគ្រិស្តសករាជ ឆ្នាំ ២០១៦។ ពេញមួយឆ្នាំ២០១៥ ស្ថានការនយោបាយនៅកម្ពុជា ត្រូវបានគេមើលឃើញថា មានគ្រប់រសជាតិ ទាំងផ្អែមល្ហែម ល្ហូកល្អិន និងល្វីងជូរចត់ផងដែរ តែមានស្ថានភាពល្អប្រសើរច្រើន បើធៀបទៅនឹងឆ្នាំ២០១៤។

ឆ្នាំ២០១៥ ជាឆ្នាំ ដែលអ្នកនយោបាយខ្មែរកំពុងគ្រប់គ្រងអំណាច និងបក្សប្រឆាំង បានបង្កើតទំនាក់ទំនង ដ៏គួរឲ្យភ្ញាក់ផ្អើល និង អាច ចាត់ទុកថា ជាប្រវត្តិសាស្រ្តផងដែរ។ តាមរយៈ «វប្បធម៌សន្ទនា» មេដឹកនាំបក្សកាន់អំណាចអំណាច និង បក្សប្រឆាំងអាចដឹកដៃគ្នាត្រ សងចូលរួមសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងស្រស់ស្រូបអាហារជាលក្ខណៈគ្រួសាររួមគ្នានាំ ឲ្យប្រជាពលរដ្ឋខ្មែរពេញចិត្តពេញថ្លើមពេកក្រៃ។

ឆ្នាំ២០១៤ ជាឆ្នាំមួយ ដែលត្រូវបានគេមើលឃើញថា ឆាកនយោបាយនៅកម្ពុជា បានជួបភាពអ័ព្ទអួរខ្លាំង។ ក្រោយថ្ងៃបោះឆ្នោតអ្នកន យោបាយ មកពីគណបក្សសង្រ្គោះជាតិ ដែលទទួលបាន ៥៥អាសនៈនៅក្នុងរដ្ឋសភា ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្ងៃ២៨ កក្កដា ឆ្នាំ២០១៣ មិនទទួលស្គាល់លទ្ធផល ហើយក៏មិនបានចូលអង្គុយក្នុងរដ្ឋសភានោះឡើយ។ ភាពអ័ព្ទអួរ បានកើតមាន ក៏ព្រោះតែ ចំហាយបាតុកម្មចាប់ពីចុងឆ្នាំ២០១៣ បានហៀរចូលដល់ឆ្នាំ២០១៤ ស្ទើរពេញមួយឆ្នាំ ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយ ចំនួនផងដែរ។ ស្ទើរតែរៀងរាល់ថ្ងៃពោរពេញដោយក្បួនបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ និងការធ្វើបាតុកម្មរំដោះទីលានប្រជាធិប តេយ្យ បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល បាតុកម្មសុំហ្វ្រេកង់វិទ្យុរបស់ លោក ម៉ម សូណង់ដូ ជាដើម។ ពេលខ្លះឈានដល់ការផ្ទុះ ហិង្សាក៏មាន។

ភាពមិនចុះសម្រុងគ្នារបស់អ្នកនយោបាយ ដែលទទួលបានអាសនៈមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បង្កើត ឲ្យមានជាក្បួនតវ៉ា ក្រោមសម្រែកប្រឆាំងលទ្ធផលបោះឆ្នោត និងចង់ទម្លាក់នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រសូត ចេញពីការបោះឆ្នោត ក្រោមរូបភាពបដិវត្តពណ៌ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ហាក់មានកង្វល់ក្នុងចិត្តខ្លាំងទៅលើការប្រ កប របរចិញ្ចឹមជីវិត ព្រោះតែភាពមិនច្បាស់លាស់ នៃស្ថានការណ៍នយោបាយនៅកម្ពុជា។ ទន្ទឹមនោះអ្នកវិនិយោគនានា ក៏ហាក់បាននៅ ទ្រឹង មិនស្រឡះចិត្ត ហើយក៏មិនប្រថុយបោះទុនរកស៊ីក្នុងប្រទេសកម្ពុជាផងដែរ។

របាយការណ៍វាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា របស់ធនាគារពិភពលោក នៅក្នុងឆ្នាំ២០១៤ បានផ្លាស់ប្តូរពីការព្យាករណ៍ថា មានកំណើនប្រមាណ ៧,៣ភាគរយ មកនៅត្រឹមតែ ៧ភាគរយប៉ុណ្ណោះ។ ការថយចុះនេះ ត្រូវបានអះអាងថា បណ្តាលមកភាពមិនចុះ សម្រុងផ្នែកនយោបាយ និងការធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មករ និយោជិត ក្នុងវិស័យវាយណភណ្ឌ កាត់ដេរ និង ស្បែកជើង។ ស្ថានភាពអួរអ័ព្ទក្នុងឆាកនយោបាយ របស់កម្ពុជា រយៈពេលជិតមួយឆ្នាំ២០១៤ ក៏ត្រូវបានប្រែមករករកពន្លឺ និង ភាពល្អ ប្រសើរឡើងវិញ បន្ទាប់ពីគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បានបោះ ដៃចែចូវ ពិភាក្សាគ្នារហូតឈានដល់ការព្រមព្រៀងបិទបញ្ចប់ការខ្វែងគំនិតគ្នាលើផ្នែកនយោបាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

កិច្ចប្រជុំកំពូលដែលមានរយៈពេលជិត ៥ម៉ោង គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមានសមាសភាពម្ខាង ៨រូប បានឈានទៅសម្រេចកិច្ចព្រមព្រៀងមួយ។ កិច្ចព្រមព្រៀង ៧ចំណុចស្តីពី ដំណោះស្រាយនយោបាយ ត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ។ ប៉ុន្មានម៉ោងបន្ទាប់ពីនោះពោល គឺនៅល្ងាចថ្ងៃទី២២ កក្កដា នោះតែម្តង តំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិចំនួន៧រូប រួមមាន៖ លោក ហូរ វ៉ាន់ លោកស្រី មូរ សុខហួរ លោក រៀល ខេមរិន្ទ្រ លោក ម៉ែន សុថាវរិន្ទ្រ និងលោក កែវ ភីរម្យ លោក ឡុង រី និង លោក នុត រំដួល ដែលជាប់ពាក់ព័ន្ធការប្រើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញថ្ងៃ១៥ កក្កដា ២០១៤ ក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

ចំពោះការសម្រេចចិត្តចូលសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំង ជាលទ្ធផលវិជ្ជមាន គឺគណបក្សសង្គ្រោះជាតិបានទទួលតំណែង អនុប្រធានទី១ នៃរដ្ឋសភា ។ ជាងនេះទៀត គណបក្សប្រឆាំង និងគណបក្សកាន់អំណាចកាន់តំណែងប្រធានគណៈកម្មការស្មើគ្នា ក្នុង ចំណោមគណៈកម្មការទាំង១០ របស់រដ្ឋសភា។ ដោយសារតែការព្រមព្រៀងនោះ កំណែទម្រង់ការបោះឆ្នោត បានឈានទៅដល់ការ រៀបចំក្បាលម៉ាស៊ីនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវរុះរើឡើងវិញតាមរូបមន្ត ៤-៤-១ ពោលគឺគណបក្សទាំងពីរមាន សមាសភាពម្ខាង ៤រូប និងមួយរូបទៀត ត្រូវជ្រើសរើសតាមរយៈការព្រមព្រៀងរបស់គណបក្សទាំងពីរ។ នេះគឺជាលទ្ធផលស្មើមុខស្មើ មាត់រវាងគណបក្សជាប់ឆ្នោតទាំងពីរ។

បន្ទាប់ពីកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ៥៥រូប ដែលបានប្រឆាំងលទ្ធផលបោះ ឆ្នោត ២៨ កក្កដា ឆ្នាំ២០១៣ ហើយងឿកមិនចូលអង្គុយកៅអីរដ្ឋសភា កែនប្រជាពលរដ្ឋ ដើរធ្វើបាតុកម្មអស់រយៈពេលជាងមួយឆ្នាំ ក៏ បានចូលទៅអង្គុយក្រោមដំបូលរដ្ឋសភាជាលើកដំបូង ក្នុងនីតិកាលទី៥ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤។ ថ្ងៃចូលទៅកាន់រដ្ឋសភា លើកដំបូង ទាំងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បានថ្លែងតទល់មុខគ្នា បង្ហាញពីការពង្រឹងចំណងវប្បធម៌សន្ទនា និង បានសន្យាបញ្ចប់វប្បធម៌ហិង្សារវាងខ្មែរ និងខ្មែរ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងឲ្យប្រជាពលរដ្ឋខ្មែរកត់ចំណាំ និង ចាំសម្តីរបស់ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ហើយរំពឹងថា នឹងលែងឮពាក្យថា «គណបក្សប្រជាជនកម្ពុជា ជាអាយ៉ងយួន»

លោក សម រង្ស៊ី បានថ្លែងនាពេលនោះថា «វប្បធម៌ចាស់ ដែលយើងត្រូវតែបញ្ចប់ គឺវប្បធម៌សង្រ្គាម សង្រ្គាមក្តៅ ឬ សង្រ្គាមត្រជាក់ សង្រ្គាមហ្នឹង គឺការចាត់ទុកខ្មែរយើងដូចគ្នា ដែលមានគំនិតផ្សេងគ្នា ជាសត្រូវ។ យើងមិនមែនសត្រូវរវាងខ្មែរ និងខ្មែរ វប្បធម៌ ដែលយើង ត្រូវបំបាត់ គឺវប្បធម៌ហិង្សា និងវប្បធម៌សងសឹកគ្នាទៅវិញទៅមក ដែលខ្មែរយើងនិយាយថា [ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោច ស៊ីត្រី។ យើងទាំងអស់គ្នាមិនមែនជាស្រមោច ហើយយើងទាំងអស់គ្នា ក៏មិនមែនជាត្រី យើងទាំងអស់គ្នាជាមនុស្សដូចគ្នា យើងទាំង អស់គ្នា ជាខ្មែរដូចគ្នា យើងទាំងអស់គ្នា ត្រូវរួមរស់ជាមួយគ្នា ត្រូវធ្វើការជាមួយគ្នា សហការគ្នា ដើម្បីការពារជាតិយើង កសាងជាតិយើង ត្រូវធ្វើការជាមួយគ្នាគ្រប់វប្បធម៌សន្ទនា សន្ទនាក្នុងការគោរពគ្នាទៅវិញទៅមក ដើម្បីរកដំណោះស្រាយដោយសន្តិវិធីរាល់បញ្ហាទាំង អស់»

លុះដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ការបើកសម័យប្រជុំរបស់រដ្ឋសភានីតិកាលទី៥ បានចាប់ផ្តើមឡើង។ ថ្ងៃនេះហើយ ដែលរដ្ឋ សភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិឡើងអង្គុយកៅអីអនុប្រធានទី១ នៃរដ្ឋ សភា ព្រមទាំងការជ្រើសរើសតំណែងប្រធានគណៈកម្មជំនាញចំនួន ៥ផ្សេងទៀត ឲ្យអ្នកតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ។

ចំណងវប្បធម៌សន្ទានា ដ៏ល្អូកល្អិនរបស់សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បានឈានដល់ការកំណត់ជ្រើសរើសក្បាលម៉ា ស៊ីន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ដែលមានលោក ស៊ិក ប៊ុនហុក មកពីគណបក្សប្រជាជនកម្ពុជា ធ្វើជាប្រ ធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ ជាអនុប្រធាន គ.ជ.ប ថ្មីនេះ។លោក មាន សទិ លោក រ៉ុង ឈុន លោក ឌុច សន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត អ្នកស្រី តែ ម៉ានីរ៉ុង និងលោកបណ្ឌិត ហង្ស ពុទ្ធា ជាសមាជិក។ សមសភាព ក្បាលម៉ាស៊ីន គ.ជ.ប ថ្មីនេះ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុក្ខចិត្តនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៥។ សមា ជិក គ.ជ.ប ទាំង ៩រួបនេះ ត្រូវបានចូលស្បថនៅមុខព្រះភ័ក្ត្រព្រះមហាក្សត្រនៅថ្ងៃសៅរ៍ ទី១១ ខែមេសា ហើយចូលកាន់តំណែងនៅថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០១៥។

ទាំងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី សុទ្ធតែបានសម្តែងការជឿទុកចិត្តទៅលើសុក្រិតភាពរបស់ គ.ជ.ប ថ្មី ហើយសង្ឃឹម ថា នឹងបម្រើការជូនប្រទេសជាតិ ប្រកបដោយយុត្តិធម៌ និងតម្លាភាព។ សម្តេច ហ៊ុន សែន បានរំលឹកទៅ សមាជិក គ.ជ.ប ថ្មីទាំងអស់ ទោះកើតចេញពីគណបក្សណាក៏ដោយ ចាប់ពីថ្ងៃពីត្រឹមថ្ងៃចូលកាន់តំណែងគឺគ្មានពាក់ព័ន្ធនឹងគណបក្សណាមួយនោះទេ ត្រូវបំពេញ តួនាទីរបស់ខ្លួនឲ្យឯករាជ្យឲ្យបានពិតប្រាកដ។

លោក សម រង្ស៊ី សង្ឃឹមថា គ.ជ.ប ថ្មីនេះ នឹងកំណត់ជោគវាសនាប្រទេសជាតិឲ្យរុងរឿងតាមរយៈការបោះឆ្នោត។ លោក សម រង្ស៊ី ក៏ បានប្រាប់សមាជិក គ.ជ.ប ថ្មីថា អត់មានចំណងជាមួយគណបក្សណាទៀតឡើយ ហើយសុំការត្រិះរិះពិចារណារាល់សេចក្ដីសម្រេច ដោយឈរលើច្បាប់ ឈរលើគតិយុត្តិធម៌ស្វែងរកភាពសុក្រឹតផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរ មិនឲ្យមានភាពសម្លុត ការទិញទឹកចិត្តមក លើលោកជំទាវឯកឧត្តមទេ។

ចំណងទំនាក់ទំនងដ៏ផ្អែមល្អែមរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សប្រឆាំង ជាពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី រហូតមានការពិពណ៌នាថា ជារាត្រីក្រេបទឹកឃ្មុំរវាងមេដឹកនាំបក្សកាន់អំណាច និងបក្សប្រឆាំង មិនធ្លាប់មាននៅក្នុងប្រវត្តិ សាស្រ្តរបស់កម្ពុជានោះ។ ការពិពណ៌នាបែបនេះ បន្ទាប់ពីស្ថាបនិកវប្បធម៌សន្ទនាទាំងពីររូប បានដឹកដៃគ្នាត្រសងទៅបើកអង្គរសង្រ្កាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅខេត្តសៀមរាបនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥។

នៅចំពោះមុខលោក សម រង្ស៊ី មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីទូតប្រចាំប្រទេសកម្ពុជា ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរ និងចាត់ទុកលោក សម រង្ស៊ី ថាជាដៃគូសន្ទនាដ៏ល្អមួយក្នុងការដោះស្រាយ បញ្ហា។ សម្តេចបានបញ្ជាក់ថា ការសន្ទនានេះ គឺដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានបញ្ជាក់ក្នុង ឱកាសនោះដែរថា វប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ត្រូវបានបញ្ចប់ហើយ ហើយសម្តេចក៏បានរំលឹកពីសម្តីរបស់ លោក សម រង្ស៊ី ថា ធ្លាប់បាននិយាយជាមួយសម្តេចថា បើខ្មែរសាមគ្គីគ្នា គឺខ្មែរខ្លាំង។ ពិតមែនតែការតស៊ូមតិលើកឡើងពីខំណុចខុស គ្នាខ្លះ ប៉ុន្តែគោលការណ៍ជារួម គឺខ្មែរសាមគ្គីគ្នានិយាយគ្នាបាន ដូច្នេះមិនចាំបាច់ឲ្យបរទេសមកគាបសង្កត់ខ្មែរនោះទេ។

ភាពល្អូកល្អឺនរបស់នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានគណបក្សក្រៅរដ្ឋាភិបាល មិនត្រឹមតែបានឆ្លុះបញ្ចាំងឲ្យប្រជារដ្ឋខ្មែរនៅក្នុងប្រទេស បានឃើញនោះទេ។ ប្រមុខស្ថាបនិកវប្បធម៌សន្ទនាទាំងពីរ ក៏បានស្ពាយវប្បធម៌ផ្អែមល្អែមមួយនេះ ទៅបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរនៅ ក្រៅប្រទេសបានឃើញផងដែរ។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បានអង្គុយលើកៅ អីទន្ទឹមគ្នា បង្ហាញមុខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋពលករ សិស្ស-និស្សិត នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនាំឲ្យមានការ ពេញចិត្ត ពេញថ្លើម និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ក្នុងជំនួបនោះទាំងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បានអះអាងប្រាប់ពលរដ្ឋ និស្សិត និងពលករខ្មែរនៅម៉ាឡេស៊ីថា វប្បធម៌សន្ទនា របស់សម្តេចតេជោ និងរូបលោក សម រង្ស៊ី ទទួល បានការកោតសរសើរ និងគាំទ្រខ្លាំងពីមជ្ឈដ្ឋានបរទេស។

កិច្ចព្រមព្រៀងបិទបញ្ចប់ការខ្វែងគំនិតលើផ្នែកនយោបាយរបស់គណបក្ស ដែលឈ្នះឆ្នោតទាំងពីរបាននាំមកនូវភាពសុខដុមនីយកម្ម លើផ្នែកនយោបាយ។ ជាពិសេសវប្បធម៌សន្ទនានេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការពេញចិត្តពេញថ្លើមជាខ្លាំង នៅពេលឃើញ តំណាងរបស់ពួកគេអាចចាំដៃ និងអាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់របស់ជាតិ។

បើទោះបីជាចំណងវប្បធម៌សន្ទនានេះ ត្រូវបានគេមើលឃើញថា មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្តី តែនៅតែរងកម្លាំងខ្យល់វាយ បោកបក់នាំឲ្យមានការរកាំរកូសជាបន្តបន្ទាប់។ ភាពរកាំរកូសបន្តិចបន្តួចនេះ បានកើតចេញពីការវាយប្រហាររបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏ដូចជាតំណាងរាស្ត្ររបស់គណបក្សសង្រ្គោះជាតិ មួយចំនួនទៀត។

ដើម្បីបញ្ចៀសភាពប្រឈម នៃការប្រេះឆាកើតចេញពីការប៉ះទង្គិចសារនយោបាយនៅតាមមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា និង សង្រ្គោះជាតិ បានឈានដល់ការចេញគោលការណ៍បន្ថែម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥។

គោលការណ៍ទាំង ៧ចំណុចនោះរួមមាន៖

១. ស្មោះត្រង់ជាមួយគ្នា ដើម្បីយកវប្បធម៌សន្ទនា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា ដោះស្រាយដោយសន្តិវិធី នូវរាល់បញ្ហាជាតិ និងសង្គម ដែលភាគីទាំងពីរអាចមានទស្សនៈមិនទាន់ស្របគ្នា។

២. គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក។

៣. ចៀសវាងឲ្យខាងតែបាននូវការញុះញង់ ការលាបពណ៌គ្នា ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា ដូចជាការប្រើពាក្យ «អាក្បាលយួនខ្លួនខ្មែរ» «ពួកកុម្មុយនីស្តផ្តាច់ការ» «អាយ៉ងយួន» «អាក្បត់ជាតិ» «អាលក់ជាតិ» «អាមេចោរ» «អាកូនចោរ»។

៤. ចៀសវាងការគំរាមកំហែង និងការបំភិតបំភ័យតាមគ្រប់រូបភាព ដូចជាការប្រើពាក្យ «ចាប់ដាក់គុក» «សង្រ្គាមនឹងកើតឡើង»។

៥. លុបបំបាត់ចោលនូវផ្នត់គំនិត នៃការគុំកួន សងសឹកគ្នា បានសេចក្តីថា ត្រូវបញ្ចប់នូវនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។

៦. លុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម។

៧. អប់រំ ណែនាំជាប្រចាំដល់មន្រ្តីគណបក្ស សមាជិក សមាជិកា និងការគាំទ្រគណបក្សរៀងៗខ្លួន ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ មូលដ្ឋានឲ្យអនុវត្តន៍នូវខ្លឹមសារខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ដំណាក់កាលចុងក្រោយ នៃចំណងវប្បធម៌សន្ទនា ដែលនាំឲ្យពលរដ្ឋខ្មែរកាន់តែមានស្រឡាញ់ពេញចិត្តកាន់តែខ្លាំងនោះ គឺនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ នាសណ្ឋាគារកាំបូឌីយ៉ាណា ក្រុមគ្រួសារស្ថាបនិកវប្បធម៌សន្ទនា បានស្រស់ស្រូបអាហាររួមគ្នា ព្រមទាំងបានថត រូបភាពជាច្រើនសន្លឹកប្រកបដោយភាពផ្អែមល្ហែម និង ញញឹមញញែមដាក់គ្នាបិទមាត់មិនជិត។

ភាពផ្អែមល្ហែមក្នុងពិធីស្រស់ស្រូបអាហាររួមគ្នា នៃក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ក៏បាននាំមកនូវភាពរីក រាយ និង ពេញចិត្តពេញថ្លើមខ្លាំងណាស់ផងដែរពីសំណាក់ប្រជាពលរដ្ឋខ្មែរ ហើយពួកគេ ក៏រំពឹងថា ភាពផ្អែមល្ហែមរបស់ប្រមុខដឹកនាំ បក្សមានប្រជាប្រិយភាពនៅកម្ពុជា អាចបន្តជាអមតៈផងដែរ។

នៅលើលោកនេះ ពុំមានអ្វីអាចស្ថិតស្ថេរគង់វង់ជាចេរកាលនោះឡើយ គ្រាន់តែខុសគ្នាត្រង់យូរ ឬឆាប់តែប៉ុណ្ណោះ យ៉ាងណាមិញរស ជាតិ ដ៏ផ្អែមល្ហែមរបស់ស្ក ក៏គង់ប្រែជាល្វីងជូរចត់នៅពេលរសល្វីងបាន ចាក់ចូលទៅកាន់តែច្រើន។ សម្រាប់វប្បធម៌សន្ទនា របស់នា យករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលង់លក់ក្នុងរាត្រីទឹកឃ្មុំ បានជាងកន្លះឆ្នាំ ក៏ឈានដល់ភាពប្រេះស្រាំបន្តិចម្តងៗ ក្រោមសង្រ្គាមយុទ្ធសាស្រ្តនយោបាយស្វែងរកប្រជាប្រិយភាពសម្រាប់ការបោះ ឆ្នោត ក៏ដូចជាបន្តដង្ហើមនយោបក្ស។

ដើម្បីបន្តដង្ហើមនយោបាយបក្ស ដែលត្រូវបានគេមើលឃើញថា ធ្លាក់ចុះខ្លាំង បន្ទាប់ពីការចូលអង្គុយក្នុងសភាធ្វើការរួមគ្នាជាមួយគណ បក្សកាន់ អំណាចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាការចងសម្ព័ន្ធភាពជាមួយសម្តេចតេជោ ហ៊ុន សែន តាមរយៈវប្បធម៌សន្ទនា ផ្ទុយពីឆន្ទៈរបស់អ្នកគាំទ្រងុបងុលមួយចំនួន ជាពិសេសអ្នកគាំទ្រនៅក្រៅប្រទេស និងជាអ្នកឧបត្ថម្ភធំដល់បក្សប្រឆាំងដែរនោះ លោក សម រង្ស៊ី ក៏ផ្តើមយុទ្ធសាស្រ្តថ្មីតាមរបៀប «ចាប់ដៃ ជាន់ជើង» ដោយឲ្យមន្រ្តីបក្សរបស់ខ្លួន ដើរវាយប្រហាររាជរដ្ឋាភិបាលជាបន្តបន្ទាប់ ក្នុងសំណុំរឿងព្រំដែន ដោយរំពឹងអាចស្តារប្រជាប្រិយភាពឡើងវិញ។

ដើម្បីកាន់តែច្បាស់ថែមទៀត ការផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនទីដើមរក្សាទុកនៅប្រទេសបារាំង ក៏បានធ្វើឡើង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ហើយការផ្ទៀងផ្ទាត់ ក៏បានរកឃើញថា ផែនទី ដែលរាជរដ្ឋាភិបាល បានប្រើប្រាស់នេះ គឺត្រឹមត្រូវមិន មែនជាផែនទីក្លែងក្លាយធ្វើឲ្យបាត់ដី ដូចការចោទប្រកាន់របស់អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះឡើយ។

បើទោះបីមានការផ្ទៀងផ្ទាត់ដោយមានការចូលរួមឃ្លាំមើលពីអ្នកជំនាញមន្រ្តីពាក់ព័ន្ធមកពីស្ថាប័នកំពូលរដ្ឋសភា ព្រឹទ្ធសភា និង គណ បក្សនយោបាយយ៉ាងណាក្តី ក៏មន្រ្តីគណបក្សសង្រ្គោះជាតិ ព្យាយាមរកលេសចោទប្រកាន់រាជរដ្ឋាភិបាលដដែល។

ដើម្បីបញ្ចប់ការចោទប្រកាន់ទាំងងងើលក្នុងបំណងស្វែងរកផលចំណេញផ្នែកនយោបាយរបស់បក្សប្រឆាំង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់ និងពិសេសមួយ តាមកញ្ចក់ទូរទស្សន៍ទាំងអស់ នៅកម្ពុជា បញ្ជាក់ ឲ្យបានច្បាស់ពីស្ថានការណ៍នយោបាយ ក៏ដូចជាជំហររបស់រាជរដ្ឋាភិបាលក្នុងសំណុំរឿងផែនទី ក៏ដូចជារឿងព្រំដែននេះផងដែរ។

សេចក្តីថ្លែងការណ៍មានរយៈពេលប្រមាណ ៣ម៉ោងនោះ បានធ្វើការបកស្រាយ និង បញ្ជាក់យ៉ាងច្រើនពីកិច្ចខិតខំ និង តស៊ូមតិជាមួយ ប្រទេសវៀតណាម ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ សម្តេចតេជោ បានប្រកាសព្រមានដាក់ទោសទណ្ឌតាមផ្លូវច្បាប់ និង មិនអត់ឱនឲ្យជនណា ដែលបន្តប្រើពាក្យផែនទីមិនត្រឹមត្រូវ ផែនទីក្លែងក្លាយ ឬ ផែនទីចោរនោះឡើយ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសបារាំង ពេលបំពេញទស្សនកិច្ចនៅប្រទេសបារាំង តបតាមការអញ្ជើញ របស់ លោក ហ្រ្វង់ស័រ ហូឡង់ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អ្នកចូលរួម ពីបញ្ហាបាត់បង់ទឹកដីខ្មែរ កាលពីសម័យអាណានិគមបារាំង និង ពីបញ្ហាព្រំដែន និងផែនទីបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រើប្រាស់ជាមួយ វៀតណាម ឡាវ និង ថៃ។

សម្តេចបានបញ្ជាក់ថា សម្តេចគ្មានអ្វីអាថ៌កំបាំងក្នុងសំណុំរឿងព្រំដែន និងផែនទីនេះឡើយ។ សម្តេចបានបញ្ជាក់ថា សម្តេចសុខចិត្តឈឺ ចាប់ខ្លួនឯង រួមទាំងការជេរតិះដៀលផងដែរ ដើម្បីការពារទឹកដីខ្មែរ។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា សម្តេចបានតស៊ូមតិ ជាមួយវៀតណាម ដើម្បីការពារទឹកដីទំហំ ៥១គីឡូម៉ែត្រក្រឡា នៅព្រំដែន តំបន់ដាក់ដាំ ខេត្តមណ្ឌលគិរី ដោយសារវៀតណាម ទាមទារបោះបង្គោលព្រំដែន ដើរតាមព្រៃដាក់ដាំ មិនដើរតាមព្រែកដាក់ហ៊ូត។ ព្រែកដាក់ដាំ ឬ អូរដាក់ដាង បច្ចុប្បន្ន គឺជាច្រកព្រំដែនខាងកម្ពុជា ក្នុងស្រុកអូរាំង ខេត្តមណ្ឌលគិរី ជាប់ច្រកព្រំដែនប៊ូប្រាំង របស់វៀត ណាម ក្នុងស្រុកធីវឌឹក ខេត្តដាក់ណុង។ ឯព្រែកដាក់ហ៊ូត នៅខាងមុខព្រែកដាក់ដាំ (បច្ចុប្បន្ននៅក្នុងទឹកដីវៀតណាម)។ បច្ចុប្បន្នរាជ រដ្ឋាភិបាលកម្ពុជា ទាមទារវាស់ព្រំដែននៅដាក់ហ៊ូត តែប្រទេសវៀតណាមថា យកតាមដាក់ដាំ។

រឿងរ៉ាវផែនទី និងព្រំដែន ដែលបានរៀបរាប់ខាងលើនេះ ជាបុព្វហេតុ និងភាពល្វីងជូរចត់នាំឲ្យភាពផ្អែមល្ហែមរវាងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ត្រូវបានប្រេះស្រាំបន្តិចម្តងៗ ឈានដល់ដំណាក់កាលចុងក្រោយ ដែលត្រូវបានគេមើលឃើញថា វប្បធម៌ សន្ទនា បង្កើតឡើងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ត្រូវរលាយរលត់ទាំងស្រុង គឺក្រោយហេតុការណ៍នយោបាយ ដ៏ធ្ងន់ធ្ងរត្រូវបានកើត ឡើងជាបន្តបន្ទាប់នៅអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ រួមមាន៖ ការផ្ទុះអំពើហិង្សារលើអ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះ ជាតិចំនួនពីររូបគឺ លោក ញ៉យ ចំរើន និង លោក គង់ សភា ពីក្រុមអ្នកតវ៉ាមួយក្រុម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីក្រុមអ្នក តវ៉ាទាមទារទម្លាក់ លោក កឹម សុខា ពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ត្រូវបានរំសាយ។ ការដកលោក កឹម សុខា ចេញពីតំណែង អនុប្រធានទី១ នៃរដ្ឋសភា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

ជាពិសេសការបន្តថ្លែងសារនយោបាយរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ពីប្រទេសជប៉ុន ក្នុងជំនួបជាប្រជាពលរដ្ឋ ខ្មែរ និងអ្នកគាំនៅប្រទេសជប៉ុន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយបន្តហៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថា ជាការដឹកនាំតាមរបបផ្តាច់ការនោះ ដុតបញ្ឆេះ និង នាំឲ្យការបែក បាក់ នៃវប្បធម៌សន្ទនាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ឈានដល់ចំណុចបញ្ចប់ទាំងស្រុង។ ក្នុងនោះសម្តេចតេជោ បានហៅលោក សម រង្ស៊ី តាមព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថា ជាកូន «ជនក្បត់ជាតិ» ជាដើម។ សម្តេចតេ ជោ ក៏បានប្រកាសប្រើវិធានការផ្លូវច្បាប់លើលោក សម រង្ស៊ី ផងដែរ។

ចុងក្រោយលោក សម រង្ស៊ី ត្រូវបានបន្តរត់គេចចេញពីសំណាញ់ច្បាប់របស់ប្រទេសកម្ពុជា តាមបណ្តឹងរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ពីបទញុះញង់ និងរើសអើង ជាតិសាសន៍ ដែលបានប្រព្រឹត្តនៅបឹងជើងឯកកាលពីឆ្នាំ២០០៨។

រាត្រី ដ៏ផ្អែមល្ហែមរវាងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បាននិងកំពុងក្លាយជាភាពល្វីងជូរចត់ ហើយក៏ប្រហែលជាលំបាក វិលទៅរកភាបផ្អែមល្ហែមវិញណាស់ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិ សាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពី ថ្ងៃទី២៨ ខែធ្នូ កន្លងទៅនេះ បានប្រកាសថា សម្តេចមិនចុះហត្ថលេខាសូមព្រះរាជទានទោស ជូនលោក សម រង្ស៊ី ទៀតឡើយ បន្ទាប់ពីសម្តេចបានធ្វើចំនួនពីរដងរួចមកហើយ។ សម្តេចតេជោ បានដាក់លក្ខខណ្ឌថា បើសម្តេចបន្ត ចុះហត្ថលេខាសុំព្រះរាជទានទោសជូនលោក សម រង្ស៊ី ទៀត សម្តេចនឹងកាត់កដៃរបស់សម្តេចចោល។

បើទោះបីស្ថានការណ៍នយោបាយក្នុងដំណាក់កាលចុងក្រោយបានឈានដល់ទីបញ្ចប់ក្តី ក៏ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនៅតែបន្ត ចង់ឃើញភាពផ្អែមល្ហែមរវាងបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី កើតមានជាថ្មី ដើម្បីនាំយកមកនូវភាព សុខុដុមនីយកម្មក្នុងឆាកនយោបាយនៅកម្ពុជា ដែលជាទំនុកចិត្តដ៏សំខាន់សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញអ្នកវិនិយោគ ផងដែរ។

ក្រុមអ្នកតាមដានស្ថានការណ៍ នយោបាយនៅកម្ពុជាចាប់តាំងពីប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីវាលពិឃាតប៉ុលពត នា ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ ដោយបានឃើញនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានចាប់យកសមរភូមិចរចា ច្រើនជាងសមរភូមិកម្លាំងប្រ ដាប់អាវុធ ដើម្បីបញ្ចប់ភ្លើងសង្រ្គាមនាំមកវិញនូវសន្តិភាព និងភាពរីកចម្រើននៅកម្ពុជា រួមទាំងការអភិវឌ្ឍគ្រប់វិស័យនោះ នឹងបន្តបើក ចិត្ត បើកបេះដូងផ្តល់ការអនុគ្រោះខ្ពស់ ដល់លោក សម រង្ស៊ី ដែលជាមេបក្សប្រឆាំងនៅកម្ពុជា ឲ្យឈានទៅរកស្ថានភាពល្អប្រសើរ និង ផ្អែមល្ហែម ដូចនៅដើមឆ្នាំ២០១៥ ត្រឡប់មកវិញ។

ទន្ទឹមការបើកចិត្តបើកកាយ របស់បុរសខ្លាំងនៅកម្ពុជាសម្តេចតេជោ ហ៊ុន សែន លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងធ្លាប់មានចរិតរឹងរូស នោះ ក៏គួរបន្តបន្ទន់ឥរិយាបទរបស់ខ្លួន ដើម្បីនាំមកវិញនូវវប្បធម៌សន្ទនា ដែលជាការចង់ឃើញរបស់ប្រជាពលរដ្ឋខ្មែរធ្លាប់ បានហែល ឆ្លងក្នុងភ្លើងសង្រ្គាម ដ៏សែនខ្លោចផ្សារនោះ។

លោក សម រង្ស៊ី បានដឹងយ៉ាងច្បាស់រួចហើយថា ការបោះដៃស្វែងរកអន្តរាគមន៍ពីអន្តរជាតិ ដើម្បីដាក់គំនាបណាមួយមកលើរាជរដ្ឋាភិ បាលកម្ពុជា ឬ សម្តេចតេជោ ហ៊ុន សែន ស្វែងរកច្រកចូលស្រុកគេចផុតពីសំណាញច្បាប់ មិនធ្លាប់ទទួលបានជោគជ័យម្តងណានោះ ឡើយ។ សម្តេចតេជោ ហ៊ុន សែន តែងបានប្រកាសជាញឹកញយថា គឺមានតែការនិយាយគ្នារវាងខ្មែរ និង ខ្មែរប៉ុណ្ណោះ ទើបអាចបញ្ចប់ នូវជម្លោះទាំងឡាយ ហើយការស្វែងរក អន្តរាគមន៍ពីអន្តរជាតិ គឺសម្តេចមិនអាចទទួលយកនោះឡើយ។ ការមិនចាប់យកកិច្ចអន្តរាគមន៍របស់បរទេស ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ គឺដោយសារតែមេរៀនប្រវត្តិសាស្រ្តរបស់ខ្មែរ តែង បានបង្ហាញថា ការស្វែងរកកិច្ចអន្តរាគមន៍ពីបរទេសបញ្ចប់ជម្លោះរបស់ខ្មែរ និងខ្មែរនេះ តែងបានធ្វើឲ្យខ្មែររិចរិល និងខាត់បង់ប្រយោជន៍ របស់ប្រជាជន និង ជាតិ ជាបន្តបន្ទាប់។

ជារួមមកបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ដែលជាអ្នកនយោបាយប្រកបដោយភាពចាស់ទុំនៅកម្ពុជា នឹងបន្តចាប់ដៃបើកកាយចិត្តរបស់ខ្លួន សាងភាពផ្អែមល្ហែម ដែលជាការពេញចិត្ត ពេញថ្លើម និង ជាការចង់ឃើញ ចង់បានរបស់ប្រជា ពលរដ្ឋខ្មែរទូទាំងប្រទេស។ ជាពិសេសភាពផ្អែមល្ហែមរវាងមេដឹកនាំ នយោបាយ ដ៏ចាស់ទុំទាំងពីរនៅកម្ពុជា នឹងនាំមកនូវស្ថេរភាព នយោបាយ ដែលជាស្ថេរភាពនយោបាយនេះ គឺជាទំនុកចិត្ត ដ៏សំខាន់បំផុតសម្រាប់ការវិនិយោគ និង ពង្រីកការអភិវឌ្ឍនៅកម្ពុជា ឲ្យ កាន់តែរីកចម្រើន។ គេរំពឹងថា ដំណាច់ឆ្នាំ២០១៥នេះ នឹងកាត់ផ្តាច់នូវភាពខ្មៅងងឹតក្នុងឆាកនយោបាយ និងភាពសៅហ្មងទាំងឡាយ នៅកម្ពុជាហើយ ឆ្នាំ២០១៦ នឹងនាំជំនួសមកវិញនូវពន្លឺដ៏ចិញ្ចែងចិញ្ចាច តាមរយៈបុរសខ្លាំងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី ដែលជាការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈនោះ៕