(ភ្នំពេញ)៖ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បាននិងកំពុងរៀបចំការប្រកួតផ្តាច់ព្រាត់ លើវិញ្ញាសារ «ចំណេះដឹងអាស៊ាន» នៅសាលប្រជុំធំ H របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ពីម៉ោង ៨៖០០នាទីព្រឹកដល់១២៖០០នាទីថ្ងៃត្រង់ ដើម្បីស្វែងរកយុវជនឆ្នើមម្ចាស់ជ័យលាភីបីរូប។
ក្នុងរយៈពេល៤ខែកន្លងមកនេះ វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន សហការជាមួយសារព័ត៌មានថ្មីៗ ដោយមានការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរ អត្ថបទស្រាវជ្រាវ និងធ្វើបទបង្ហាញស្តីពីសហគមន៍អាស៊ាន របស់យុវជនអាយុក្រោម២៥ឆ្នាំក្រោមប្រធានបទ «យុវជន និងសហគមន៍អាស៊ាន៖ ជម្រើសខ្ញុំ អនាគតខ្ញុំ» ក្នុងគោលបំណងជំរុញការស្វែងយល់ និងពង្រីកចំណេះដឹងស្តីពីសហគមន៍អាស៊ាន ដែលនឹងឈានជិតចូលមកដល់នៅ ដំណាច់ឆ្នាំ២០១៥ខាងមុខនេះ។
ក្រោយពីការសម្រិតសម្រាំងលើបេក្ខជនជាច្រើននាក់តាមរយៈស្នាដៃសរសេរអត្ថបទ ជុំទី២ យុវជនឆ្នើមចំនួន២០រូប ត្រូវបានជ្រើសរើសឲ្យចូលរួម ក្នុងកម្មវិធីប្រកួតជុំចុងក្រោយ ជុំទី៣ ដើម្បីជ្រើសរើសយកជ័យលាភីបីរូប។
ជ័យលាភីលេខ ១ បានទទួលរង្វាន់ដូចខាងក្រោម៖
១. ដំណើរកំសាន្តទៅប្រទេសម៉ាទ្បេស៊ី
២. ទឹកប្រាក់ ៥០០ដុល្លារ
៣. ការប្រើប្រាស់អ៊ិនធើណេត XG plan របស់ Cellcard រយៈពេលពេញមួយឆ្នាំ
៤. អាហារូបករណ៍ ១០០%សិក្សានៅ CAM-ASEAN
៥. ពានឯក និង វិញ្ញាបនបត្របញ្ជាក់ជ័យលាភី
៦. ឱកាសចូលរួមក្នុងកម្មវិធីនានាពាក់ព័ន្ធនឹងអាស៊ាន
លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថាន CAM-ASEAN បានគួសបញ្ជាក់ថា យុវជនកម្ពុជាក៏ជាម្ចាស់របស់សហគមន៍អាស៊ានដែរ។ យុវជនកម្ពុជាត្រូវតែចូលរួមដោយស្មើមុខ និងស្មើសិទ្ធិក្នុងសហគមន៍នេះ ប៉ុន្តែយុវជនត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនទាំងសមត្ថភាពជំនាញ ភាសាអង់គ្លេស និងសិល្បៈទំនាក់ទំនងអន្តរវប្បធម៌។
CAM-ASEAN ទទួលបានការទទួលស្គាល់ពីសិស្ស-និស្សិតកម្ពុជាថាបានផ្តល់កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសដ៏ល្អ និងជាមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីអាស៊ាន អាហារូបករណ៍បរទេស កម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិ និងកម្មវិធីប្រកួតប្រជែងនានា៕