(កំពង់ធំ)៖ លោក គង់ វិមាន សមាជិកអចន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំអនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំពពកនិងឃុំទ្រា បានប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចលើការទប់ស្កាត់បញ្ហាបទល្មើសតាមមូលដ្ឋាន ដូចជាលួច ប្លន់ និងគ្រឿងញៀន ដោយកុំទុកឲ្យពេលវេលាទៅជឿការញុះញង់តាមការឃោសនារបស់អ្នកនយោបាយមួយចំនួន ដើម្បីតែចង់បានសន្លឹកឆ្នោតប៉ុណ្ណោះ។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ លោក គង់ វិមាន បានដឹកនាំក្រុមការងារទៅសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំពពក ព្រមទាំងស្តាប់នូវការលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីយកទៅដោះស្រាយជូន ដោយមិនទុកឲ្យបញ្ហាទាំងនេះទុកជាជំងឺមហារីកនោះទេ ។
លោក គង់ វិមាន បានប្រាប់ទៅ បងប្អូនត្រូវពិនិត្យពិចារណា ថ្លឹងថ្លែងឲ្យបានច្បាស់លាស់ កុំចេះតែជឿពាក្យញុះញង់មូលបង្កាច់របស់ជនអគតិមួយចំនួន ត្រូវគិតពីសន្តិសុខ សុវត្ថិភាព គិតតែពីមុខរបរប្រចាំអាយុជីវិតហើយខិតរក្សាឲ្យភូមិ ឃុំមានសុវត្ថិភាពកុំឲ្យមានចោរលួច ឆក់ ប្លន់ គ្រឿងញៀន ពោលត្រូវយកចិត្តទុកដាក់ជួយទុក្ខធុរៈគ្នានៅតាម ឃុំភូមិ ហើយ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះលោកក៏បានដាក់ផែនការឲ្យក្រុមការងារត្រូវពិនិត្យលើរចនាសម្ព័ន្ធរបស់ឃុំ រៀបចំបុណ្យថ្ងៃប្រាំពីរមករា ពិនិត្យលើបច្ចុប្បន្នភាពភូមិ ពិនិត្យលើរបាយការណ៌លើបញ្ហាប្រឈម និងកង្វះខាត ដើម្បីរកដំណោះស្រាយ ផ្សព្វផ្សាយដល់ សមាជិកឲ្យទៅធ្វើអត្តសញ្ញាប័ណ្ណចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ព្រមទាំង ត្រូវខិតខំអូសទាញកំលាំងពីសមាជិកដទៃដោយ មិនត្រូវរើសអើងសមាជិកថ្មី។
ជាចុងបញ្ចប់លោកបានផ្តាំផ្ញើ ដល់ក្រុមការងារ ឲ្យ ធ្វើអំពើល្អ ជាគំរូល្អ ដល់ប្រជាពលរដដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕