(មណ្ឌលគិរី)៖ ព្រៃឈើក្នុងដែនព្រៃការពារមណ្ឌលគិរី ប្រមាណជា៣៧២ពាន់ហិចតា គ្រប់គ្រងដោយលោក ឡុង ប៊ុង ប្រធានព្រៃការពារមណ្ឌលគិរី និងជានាយរងរដ្ឋបាលព្រៃឈើមេគង្គ អាចប្រឈមទៅរកការរិចរិល និងរលាយហិនហោច គ្រាដែលបច្ចុប្បន្នមន្រ្តីរូបនេះហាក់បីដូចជា មានការបណ្តែតបណ្តោយឲ្យបទល្មើស កើតមានព្រោងព្រាតក្នុងដែនគ្រប់គ្រងរបស់ខ្លួន។

សហគមន៍ការពារព្រៃឈើជាច្រើនទូទាំង ខេត្តមណ្ឌលគិរីបានលើកឡើងថា៖ បទល្មើសនៃការកាប់បំផ្លាញនៅក្នុងតំបន់នោះ គឺភាគច្រើនគេតែង សង្កេតឃើញថា មានឈើប្រភេទសុក្រុំ ស្រឡៅ និងផ្ចឹកកាប់បំផ្លាញរង្គើរពេញព្រៃដឹកជញ្ជូន តាមត្រាក់ទ័រសណ្តោងរឺម៉កធំៗ របស់វៀតណាមឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសវៀតណាមយ៉ាងរលូន តាមចន្លោះច្រករបៀង ការពារព្រំដែនអូររ៉ូ និងម្រើច ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលច្រករបៀងទាំងនោះគ្រប់គ្រងដោយលោកមេបញ្ជាការ គ៣ គឺលោក ហ៊ឹម សុផាត ជាប្រធានគ លោក កែវ សុភាក់ ជាមន្រ្តីយោធា និងមានមន្រ្តីប៉ូលិសជាច្រើនរូបទៀតឈរជើងនៅទីនោះ

ប្រភពបានបន្តថា មន្រ្តីជាច្រើនរូបប្រចាំការនៅទីនោះរួមទាំង លោក ឡុង ប៊ុង ប្រធានព្រៃការពារ និងជានាយរងរដ្ឋបាលព្រៃឈើមេគង្គ ត្រូវបានមហាជនដាក់ការសង្ស័យថា មានការត្រូវរ៉ូវគ្នាអនុញ្ញាត ឱ្យត្រាក់ទ័រជនបរទេសវៀតណាម ចូលមកធ្វើការដឹកជញ្ជូនឈើខុសច្បាប់ចូលទៅប្រទេសខ្លួន យ៉ាងអនាធិបតេយ្យគ្មានការទប់ស្កាត់ឡើយ។

ជាក់ស្តែងមានត្រាក់ទ័រចំនួន០៥គ្រឿង សណ្តោងរឺម៉ក និងឈើចំនួន៣០កំណាត់ប្រភេទឈើហ៊ុបទំហ៊ំធំៗ ពាក់ព័ន្ធឈានដល់ការឃាត់ចាប់បទល្មើសខាងលើនេះ អាចមកពីចរចាលុយកាក់ មិនត្រូវគ្នាក៍ស្រាប់តែមានខាងមន្រ្តីតូចតាចព្រៃការពារ មណ្ឌលគិរីធ្វើការចាប់បង្ក្រាបតែម្តង ដែលករណីនេះកើតឡើងនៅចន្លោះប៉ុស្តិ៍អូររ៉ូ និងប៉ុស្តិ៍ម្រឺច ក្នុងស្រុកកោះញែក​ប្រត្តបតិការនេះ​បានធ្វើឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។

លោក កែវ សុភគ៌ អនុប្រធានព្រៃការពារ មណ្ឌលគិរី និងជានាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែក បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥មុននេះបន្តិចថា៖ ករណីបទល្មើស​ខាងលើនេះគឺពិតជា មានមែនរហូតដល់រសៀលថ្ងៃនេះ ក្រុមការងារកំពុងធ្វើការនាំយកវត្ថុតាងល្មើស មករក្សាទុកនៅស្នាក់ម្រើច ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោក ឡុង ប៊ុង ប្រធានព្រៃការពារនៅរសៀលថ្ងៃនេះអ្នកយកព័ត៌មានយើងពុំអាចធ្វើការទំនាក់ទំនងបានទេថ្ងៃនេះ។

លោក ហ៊ឹម សុផាតមេបញ្ជាការ គ៣ អ្នកយកព័ត៌មានយើងបានសុំការបំភ្លឺដែរប៉ុន្តែទូរស័ព្ទចូលជាច្រើនដងតែគ្មានអ្នកទទួល។ សហគមន៍ជាច្រើននៅមណ្ឌលគិរី បានស្នើរឱ្យមន្រ្តីធំៗ នៅខេត្តមណ្ឌលគិរី ព្រមទាំងមន្រ្តីជំនាញ ពាក់ព័ន្ធរឿងព្រៃឈើជួយ ធ្វើការត្រួតពិនិត្យរាល់ការកើតមានបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ចូលទៅកាន់ប្រទេសវៀតណាម នៅតាមបន្ទាត់ព្រំដែន ក្នុងស្រុកចំនួនបី ដែលជាប់ព្រំប្រទល់ដែនជាមួយប្រទេសវៀតណាម ឱ្យបានតឹងរឹងផង រួមមានស្រុកកោះញែក ស្រុកកែវសីមា ទាំងបីស្រុកនេះសុទ្ធសឹងជាចំណុចរសើប៕