(កោះកុង)៖ ជនសង្ស័យ២នាក់ បានជិះរថយន្តតាក់សីុ ពីភ្នំពេញ ទៅប្លន់ម៉ូតូនៅខេត្តកោះកុង តែក្រោយធ្វើសកម្មភាពរួច ត្រូវបានកម្លាំងអាវុធហត្ថ បានបង្ក្រាប និងចាប់ខ្លួន នៅចំណុចផ្លូវបំបែកស្រែអំបិល ឃុំតាតៃ ស្រុកកោះកុង នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។
លោក រស់ សាខឿន ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកោះកុង បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះថា ជនសង្ស័យទី១ឈ្មោះ ម៉ែន សុផល និងទី២ ឈ្មោះ ស្រេង វុទ្ធី រស់នៅភ្នំពេញ បានជិះរថយន្តតាក់សីុ ទៅខេត្តកោះកុង ដើម្បីលួចម៉ូតូ និងប្លន់ម៉ូតូ ។
លោកបានបញ្ជាក់ថា ក្រោយពីធ្វើដំណើរទៅដល់ខេត្តកោះកុង ជនសង្ស័យទាំង២នាក់ បានចូលទៅក្នុងផ្សារ ហើយពេលចេញពីផ្សារវិញ ស្រាប់តែហៅជនរងគ្រោះម្នាក់ ជាអ្នករ់ម៉ូតូឌុប ជិះទៅមាត់សមុទ្រ ដោយលួងលោម ជនរងគ្រោះផឹកសីុ ជាមួយ ។
លុះពេលយប់ថ្ងៃដដែល ជនសង្ស័យទាំង២នាក់ បានហៅជនរងគ្រោះ ទៅចូលផឹកសីុ នៅក្លឹប រស្មីមករា ពេលនោះពួកគេ បានដាក់ថ្នាំងងុយ ឲ្យជនរងគ្រោះផឹក រហូតដេកលក់ មិនដឹងខ្លួន។
លោក រស់ សាខឿន បានបញ្ជាក់ថា ក្រោយមកជនសង្ស័យបាន ដឹកជនរងគ្រោះ ចេញពីក្លឹប ហើយពេលដល់កន្លែងស្ងាត់ ក៏បោះជនរងគ្រោះ នៅតាមផ្លូវ រួចបើកម៉ូតូគេចខ្លួន ប៉ុន្តែដោយមានសេចក្តីរាយការណ៏ ពីប្រជាពលរដ្ឋ កម្លាំងអាវុធហត្ថ ក៏ដេញតាម រហូតចាប់ខ្លួនពួកគេតែម្តង។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំ និងត្រៀមបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕