(ភ្នំពេញ)៖ សាក្សីថ្មីម្នាក់ទៀត ដែលបានរួចជីវិតពីរបបខ្មែរក្រហម អ្នកស្រី ស៊ីន ឆែម បានអះអាងថា អ្នកស្រីបានរួចជីវិត ដោយ សារមានការរំដោះពីកងទ័ពវៀតណាម។ ការថ្លែងរបស់អ្នកស្រី ស៊ីន ឆែម បានធ្វើឡើងក្នុងពេលអ្នកស្រី ចូលផ្តល់សក្ខីកម្មដល់អង្គជំនុំជម្រះ នៃសាលាក្តីខ្មែរក្រហម ពាក់ ព័ន្ធឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៥នេះ។
ក្នុងសវនាការជំនុំជម្រះអ្នកស្រី ស៊ីន ឆែម អាយុ ៧៤ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានថ្លែងថាជនជាតិ វៀតណាមចំនួនបីគ្រួសាររស់នៅក្នុងឃុំរបស់អ្នកស្រី ត្រូវបានខ្មែរ ក្រហមចាប់យកទៅសម្លាប់ចោល។ ជនជាតិវៀតណាម ដែល រៀបការប្តី ឬ ប្រពន្ធជាមួយជនជាតិខ្មែរព្រមទាំងកូនៗ របស់ពួកគេ ក៏ត្រូវបានចាប់ខ្លួន និង យកទៅសម្លាប់ចោលដែរ។
អ្នកស្រី ស៊ីន ឆែម បានថ្លែងបន្តថា ប្តីអ្នកស្រីជាគណៈឃុំស្វាយយា ត្រូវបានខ្មែរក្រហមចាប់ខ្លួន និង ជំនួសដោយកម្មាភិបាលថ្មី ដែល ធ្វើការបោសសម្អាតលើជនជាតិវៀតណាម ដែលនៅសេសស់។ អ្នកស្រីបានថ្លែងថា អ្នកស្រីមានបងប្អូន បានរៀបអាពាហ៍ ពិពាហ៍ជាមួយស្រ្តីជនជាតិវៀតណាម ហើយត្រូវគេយកប្រពន្ធទៅសម្លាប់ចោល។ អ្នកស្រីមិនបានឃើញពីការសម្លាប់មនុស្ស ដោយផ្ទាល់ភ្នែកទេ ប៉ុន្តែបានឃើញរណ្តៅសាកសពនៅក្បែរផ្ទះរបស់គាត់ ដែលមានសាកសពជាច្រើន។
អ្នកស្រីបានថ្លែងថា អ្នកស្រីក៏បានដឹងផងដែរថា មានការចាប់បញ្ជូនជនជាតិវៀតណាម ទៅប្រទេសកំណើតរបស់ពួកគេវិញ ប៉ុន្តែ មិនច្បាស់ថា តើជនជាតិវៀតណាមទាំងនោះ បានទៅដល់ប្រទេសវៀតណាមវិញ ឬ ត្រូវបាត់ខ្លួននោះទេ។
អ្នកស្រី ស៊ីន ឆែម បានលើកឡើងថា មានការវាយប្រយុទ្ធគ្នារវាងក្រុមខ្មែរក្រហម និងកងទ័ពវៀតណាម និងបានបង្ករបួសស្នាមជា ច្រើន។ តាមការបញ្ជាក់របស់សាក្សី មានការចាប់ខ្លួនកម្មាភិបាលខ្មែរក្រហមជាច្រើននៅក្នុងភូមិភាគបូព៌ា ដោយបានចោទប្រកាន់ អ្នកទាំងនោះថាជាជនក្បត់។
អ្នកស្រីបានថ្លែងថា «កុំតែបានការជួយរំដោះពីកងទ័ពវៀតណាម ទើបអ្នកស្រី និងប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត បានរួចរស់រាន មានជីវិតរហូតមកទល់ពេលនេះ»។
ការស្តាប់សក្ខីកម្មសាក្សី ស៊ីន ឆែម ត្រូវបានបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែធ្នូ ហើយអង្គជំនុំជម្រះសាលាដំបូងនឹង បន្តដវនាការនៅ ថ្ងៃទី១៥ ខែធ្នូ បន្តទៀត។
ដីកាដំណោះស្រាយក្នុងសំណុំរឿង០០២ បានបង្ហាញថា យោងតាមរបាយការណ៍របស់អ្នកជំនាញប្រជាសាស្ត្រ ចុះថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០០៩ បានធ្វើការសន្និដ្ឋានថាមានប្រហែល ៤០០.០០០ នៃប្រជាជនវៀតណាម ដែលរស់នៅកម្ពុជាក្នុងឆ្នាំ១៩៧០។ ក្នុងចំណោម ៤០០.០០០ នាក់ មានប្រជាជនប្រហែលពាក់កណ្តាល ត្រូវបានគេបណ្តេញឲ្យទៅប្រទេសវៀតណាមវិញ ឬត្រូវ បានសម្លាប់ដោយរបប លន់ នល់ នៅក្នុងឆ្នាំដដែល ខណៈដែលជនជាតិវៀតណាម ១៥០.០០០ ទៅ ២០០.០០០នាក់ ផ្សេង ទៀត បានចាកចេញពីកម្ពុជាបន្ទាប់ពីបក្សកុម្មុយនីសកម្ពុជាកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥។
អ្នកជំនាញការដែលសរសេររបាយការណ៍ បានសន្និដ្ឋានថា មានជនជាតិវៀតណាម ប្រហែលចំនួន ២០.០០០នាក់ នៅបន្តរស់ នៅលើទឹកដីប្រទេសកម្ពុជានៅឡើយនៅខែមេសា ឆ្នាំ១៩៧៥ ហើយថា «ពួកគេស្ទើរតែទាំងអស់ត្រូវបានសម្លាប់ក្រោមដៃ របស់ ខ្មែរក្រហមក្នុងចន្លោះខែមេសា ឆ្នាំ១៩៧៥ ដល់ ខែមករា ឆ្នាំ១៩៧៩។ ទំនងដូចជាមានចំនួនប្រជាជនវៀតណាម ដែលនៅរស់ រានមានជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានចំនួនតិចគួរឲ្យកត់សម្គាល់»។
សាក្សីពីរនាក់បានផ្តល់ភស្តុតាងថា ពួកគេបានដឹងថា មានប្រជាជនវៀតណាម ដែលរួចផុតពីការសម្លាប់ដោយបានលាក់ខ្លួន ឬ បានបន្លំខ្លួនជាប្រជាជនខ្មែរ។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា អង្គជំនុំជម្រះសាលាដំបូងគ្រោង កោះហៅ សាក្សី និង ដើមប ណ្តឹងរដ្ឋប្បវេណីចំនួន ១០រូប ដើម្បីស្តាប់សក្ខីកម្មទាក់ទងនឹងអង្គហេតុឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណា ម។ អង្គជំនុំជម្រះសាលាដំបូងក៏កំពុងពិចារណាផងដែរថា តើនឹងត្រូវកោះហៅអ្នកជំនាញពាក់ព័ន្ធបញ្ហានេះ មកស្តាប់សក្ខីកម្មដែរ ឬយ៉ាងណា។
លោកបានថ្លែងថារហូតមក ទល់ថ្ងៃទី១៤ ខែធ្នូ នេះ អង្គជំនុំជម្រះសាលាដំបូងបានដំណើរការសវនាការសួរដេញដោលលើអង្គ ហេតុក្នុងសំណុំរឿង ០០២/០២ បានចំនួន ១២៣ ថ្ងៃ និងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សីចំនួន ៥២ រូប ដើមបណ្តឹងរដ្ឋ ប្បវេណីចំនួន ៣១ រូប និងអ្នកជំនាញចំនួន ១ រូប។
តាមការគ្រោងទុក អង្គជំនុំជម្រះសាលាដំបូងមានផែនការក្នុងការបញ្ចប់ការសួរដេញដោលលើអង្គហេតុក្នុងសំណុំរឿង ០០២/ ០២ នៅអំឡុងត្រីមាសទី៣ ឆ្នាំ២០១៦ និងការធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសួរដេញដោលនៅអំឡុងត្រីមាសទី៤ ឆ្នាំ ២០១៦ ខាងមុខ៕