(ត្បូងឃ្មុំ)៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានប្រាប់អង្គភាព Fresh News នៅព្រឹកព្រលឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះថា ជនដៃដល់ដែល ចាប់ធ្វើទារុណកម្ម និងយកសឺរ៉ាំងចាក់ ទៅលើស្រ្តី២នាក់ បណ្តាលឲ្យរងរបួសធ្ងន់នោះ ត្រូវបានកម្លាំង នគរបាលរបស់លោកចាប់ខ្លួនបានហើយ គឺជាបងថ្លៃជីដូនមួយ ដោយស្រ្តីរូបនេះបានប្រឌិតរឿង តាមរយៈការយកក្រមា និងខោ ចងជើងដៃខ្លួនឯង ហើយថាមានជនល្មើស មកពីខាងក្រៅជាអ្នកធ្វើ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ទៀតថា ស្រ្តីដៃដល់រូបនេះមាន ឈ្មោះ ឡេង ស្រី អាយុ៤៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅចំណុចព្រំដែនកម្ពុជាវៀតណាម គឺនៅច្រកត្រពាំងផ្លុង។

សូមបញ្ជាក់ថា ស្រ្តី២នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បានអះអាងថា ត្រូវបានជនល្មើសមិនស្គាល់អត្តសញ្ញាណ ចាប់ធ្វើទារុណកម្ម វាយតប់ និងយកសឺរុំាងចាក់ថ្នាំ ចាក់ត្រូវ៣ម្ជុល បណ្តាលឱ្យរង របួសយ៉ាងដំណំ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសំពៅផុសថ្មី ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។

ស្រ្តីរងគ្រោះទី១ ឈ្មោះ ពាង ស្រីអូន ហៅឡី អាយុ២៩ឆ្នាំ ជាម្ចាស់ផ្ទះ និងទី២ឈ្មោះ ឡេង ស្រី អាយុ៤៥ឆ្នាំ ត្រូវជាបងថ្លៃជីដូនមួយ (ជនដៃដល់ដែលប្រឌិតរឿង)។

ជនសង្ស័យរូបនេះ បានប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានទៅវាយស្រ្តីរងគ្រោះដល់ក្នុងផ្ទះមែន ប៉ុន្តែមិនបានយកសឺរ៉ាំងទៅចាក់នោះទេ ។ ជនសង្ស័យបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យខ្លួន ប្រើអំពើហិង្សាបែបនេះ ដោយសារតែខឹងស្រ្តីរងគ្រោះ បាននិយាយដើមខ្លួនថា មានប្រុសឈ្មោល។  បច្ចុប្បន្នស្រ្តីរូបនេះ ត្រូវបានយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់ តុលាការ ចាត់ការតាមនីតិវិធី៕

 

Posted by FN Photo on Friday, December 4, 2015