(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង ឡុង គឺជាអ្នកវិនិយោគិនខ្មែរដ៏លេចធ្លោម្នាក់ក្នុងវិស័យកសិកម្មនៅកម្ពុជា និងមានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៥ នៅខេត្តព្រៃវែង និងបានចូលប្រឡូកក្នុងវិស័យជំនួញ អស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។
* អ្នកឧកញ៉ា ហេង ឡុង គឺជាវិនិយោគិនខ្មែរដ៏លេចធ្លោម្នាក់ ក្នុងវិស័យកសិកម្មនៅកម្ពុជាដោយលោកជាម្ចាស់ក្រុមហ៊ុនធំៗ មួយចំនួនដូចជា៖ ១.ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល (Long Sreng International Co. Ltd) ដែលបានវិនិយោគលើចម្ការកៅស៊ូលើផ្ទៃដីចំនួនជាង ៧.០០០ហិចតា និងចម្ការចេកលើផ្ទៃដីចំនួន ១.៥០០ហិចតា ហើយក៏ជាក្រុមហ៊ុនកៅស៊ូក្រែបឈានមុខគេនៅក្នុងប្រទេសកម្ពុជា, ២.ក្រុមហ៊ុន បឹងកេត ផ្លេនធីង និងអ៊ិនដាសស្ទ្រៀល (Boeung Ket Plating & Industrial Co., Ltd.) ដែលវិនិយោគលើដំណាំស្វាយស្រស់សម្រាប់បម្រើការនាំចេញ, ៣.ក្រុមហ៊ុន ឡុង ស្រេង ហ័រជាន អាហ្គ្រីខលឈ័រ ឌីវេឡុបមិន (Long Sreng Hua Jian Agriculture Development Co., Ltd.) ដែលមានជំនាញក្នុងការដាំចេក និងមានចម្ការចេកអំបូងលឿងលើផ្ទៃដីចំនួន ៧០០ហិចតាសម្រាប់បម្រើការនាំចេញ, ៤.ក្រុមហ៊ុន បឹងកេត ភែកខេជីង ហ្វេកធើរី (Boeung Ket Packaging Factory Co., Ltd.) ដែលផលិតកេសក្រដាស និងថង់ផ្លាស្ទិកគ្រប់ប្រភេទ និង ៥.ក្រុមហ៊ុនរោងចក្រផលិតជីសរីរាង្គបឹងកេត។
* អ្នកឧកញ៉ា ហេង ឡុង ត្រូវបានគេស្គាល់ថា ជាពាណិជ្ជករដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ដែលមានបទពិសោធន៍ និងការរួមចំណែកច្រើនក្នុងវិស័យធុរកិច្ច និងសង្គម។ លោកត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដែលជាគោរមងារកិត្តិយសខ្ពស់បំផុតសម្រាប់អ្នកជំនួញ ដែលមានស្នាដៃក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ដោយសារការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ អ្នកឧកញ៉ា ហេង ឡុង គឺជាឥស្សរជនដ៏គួរឱ្យគោរពមួយរូបនៅក្នុងសង្គមកម្ពុជា។
* ក្រៅពីការកិច្ចការជំនួញនិងវិនិយោគ ដែលជាផ្នែកមួយក្នុងការលើកស្ទួយវិស័យកសិកម្មក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារដល់ប្រជាជនជាច្រើនពាន់នាក់ អ្នកឧកញ៉ាក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ហេង ឡុង ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕