អ្នកឧកញ៉ា ហ៊ុន តូ (Hun To) ជាអ្នកជំនួញដ៏ល្បាញល្បី និងមានឥទ្ធិពលមួយរូបនៅកម្ពុជា។ អ្នកឧកញ៉ា ហ៊ុន តូ ត្រូវជាបងប្អូនជីដូនមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាក្មួយប្រុសបង្កើត ប្រធានគណបក្សកាន់អំណាចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

អ្នកឧកញ៉ា ហ៊ុន តូ តែងតែបានចូលរួមបរិច្ចាគថវិកាដល់រាជរដ្ឋាភិបាលដើម្បីជួយដល់កិច្ចសង្គមនានា ជាកិច្ចរួមចំណែកដ៏ពិសេសសម្រាប់កិច្ចការសង្គម។

កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបញ្ជាក់ជូនសាធារណជន ពាក់ព័ន្ធរឿងរ៉ាវជាមួយអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដោយបានលើកឡើងថា «មួយរយ:កន្លងទៅនេះ មានការក្លែងប្រឌិតអង្គហេតុ ចោទប្រកាន់ដោយគ្មានភស្តុតាង ព្រមទាំង គំរាមសម្លាប់មកលើរូបខ្ញុំពីសំណាក់បុគ្គលម្នាក់ឈ្មោះ ហេង សិទ្ធី ។ អំពើជាបន្តបន្ទាប់របស់បុគ្គលឈោ្មះ ហេង សិទ្ធី បានផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ពិតជាបានបង្ហាញនូវចេតនាទុច្ចរិត បំពានច្បាប់ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សិទ្ធិប្រកបមុខរបរ សិទ្ធិការពារដោយច្បាប់របស់រូបខ្ញុំ»។

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ តុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់បានយុត្តិធម៌ និងភាពស្អាតស្អំ ជូនអ្នកឧកញ៉ា ហ៊ុន តូ ពាក់ព័ន្ធករណីសារព័ត៌មាន The Australian បានចុះផ្សាយចោទប្រកាន់ខុសការពិត លើអ្នកឧកញ៉ា ហ៊ុន តូ៕