(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប (WorldBridge Group) និងមានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧២ នៅក្រុងភ្នំពេញ និងបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ដោយដំបូងឡើយជាបុគ្គលិកបម្រើការផ្នែកដឹកជញ្ជូនទំនិញ ឱ្យកងកម្លាំងអង្គការសហប្រជាជាតិ UNTAC ប្រចាំកម្ពុជា។ ជាមួយនឹងបទពិសោធន៍ និងដើមទុនដែលលោកបានសន្សំ លោកបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននៅក្នុងវិស័យដឹកជញ្ជូន ហើយក្រោយមកបានពង្រីកខ្លួនទៅកាន់វិស័យជាច្រើនទៀត។
* ក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប (WorldBridge Group) ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធប្រមាណ ៣០ជាមួយនឹងទស្សនវិស័យ «ក្លាយទៅជាក្រុមហ៊ុនលេខ១ ក្នុងការផ្តល់នូវដំណោះស្រាយចម្រុះ តាមរយៈការដាក់ចេញនូវគម្រោងថ្មីៗដំបូងគេបំផុត ក្នុងប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងពីក្រុមហ៊ុនផង និងប្រទេសកម្ពុជាផង»។ ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី មានវិសាលភាពធំទូលាយ ដោយវិនិយោគលើវិស័យជាច្រើន រួមមាន វិស័យដឹកជញ្ជូន និងឡូជីស្ទិក: នេះជាវិស័យដំបូងដែលលោកបានចាប់ផ្ដើម។ វិស័យអចលនទ្រព្យ: លោកមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន រួមទាំងលំនៅឋានតម្លៃសមរម្យ និងគម្រោងធំៗដូចជា «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» (WorldBridge Sport Village)។ វិស័យសេវាកម្មហិរញ្ញវត្ថុ, វិស័យម្ហូបអាហារ និងភេសជ្ជៈ, ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល, ឧស្សាហកម្ម និងការថែទាំសុខភាពជាដើម។
* ទ្រឹស្តីពាណិជ្ជកម្មដ៏ល្អមួយរបស់អ្នកឧកញ៉ាគឺ «កុំព្យាយាមផឹកទឹកអណ្តូងខ្លួនឯងព្រោះវាអាចរីង យើងត្រូវស្វែងរកប្រភពទឹកទន្លេ និងសមុទ្រទើបមិនចេះរីងស្ងួត» ក្នុងន័យនេះ គឺជាការដាស់គំនិតឱ្យចេះស្វែងរកដៃគូវិនិយោគមកពីបរទេសឱ្យបានកាន់តែច្រើន ហេតុនេះហើយទើប មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួលស្គាល់ថា អ្នកឧកញ៉ា សៀ ឬទ្ធី គឺជាពាណិជ្ជករដ៏សំខាន់មួយរូប និងមានភាពឈ្លាសវៃក្នុងការង្កើតទំនាក់ទំនងក៏ដូចជាការកៀរគរវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា។
ក្រៅពីនោះអ្នកឧកញ៉ា សៀ ឫទ្ធី មាននូវទស្សនៈ និងគន្លឹះសំខាន់ៗសម្រាប់ភាពជោគជ័យក្នុងអាជីវកម្ម និងជីវិត រួមមានដូចជា៖
«ធ្វើមនុស្ស កុំរស់ដូចកង្កែបក្នុងអណ្តូង» មានន័យថាត្រូវចេះសម្លឹងមើលឱ្យបានវែងឆ្ងាយ និងរៀនសូត្រពីពិភពខាងក្រៅ។
«ត្រូវចេះបង្កើតឱកាស កុំរង់ចាំ» បង្ហាញពីសារៈសំខាន់នៃការចាប់យក និងបង្កើតឱកាសដោយខ្លួនឯង។
«ចង់ក្លាយជាថៅកែ កុំខ្លាចធ្វើជាកម្មករ» បញ្ជាក់ពីការតស៊ូ អត់ធ្មត់ និងហ៊ានលំបាកដើម្បីសម្រេចគោលដៅ។
* អ្នកឧកញ៉ា សៀ ឫទ្ធី មានតំណែង និងតួនាទីសំខាន់ៗ រួមមាន ជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ទទួលបន្ទុកទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។ ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី កាលពីឆ្នាំ២០២៣។ ត្រូវបានអ្នកឧកញ៉ា គិត ម៉េង តាំងតាំងជា ទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា។
* ក្រៅពីកិច្ចការជំនួញនិងវិនិយោគ អ្នកឧកញ៉ាក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកត្រូវបានគេចាត់ទុកជាអ្នកជំនួញម្នាក់ដែលមានបទពិសោធន៍ និងទេពកោសល្យខ្ពស់ក្នុងការកៀរគរការវិនិយោគពីក្រៅប្រទេស និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕