(ភ្នំពេញ)៖ និយាយដល់ឈ្មោះលោកអ្នកឧកញ៉ា ភាព ហៀក គឺគ្រប់គ្នាពិតជាស្គាល់ថា លោកស្រីគឺជាសហគ្រិនជនជាតិខ្មែរដ៏សកម្ម និងជាម្ចាស់ក្រុមហ៊ុនជីបម៉ុង (Chip Mong Group) ដែលជាក្រុមហ៊ុនឯកជនដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង មានសកម្មភាពធ្វើអាជីវកម្មជាច្រើនផ្នែក រួមមាន អចលនទ្រព្យ សំណង់ ការផលិតស៊ីម៉ងត៍ និងការចែកចាយផលិតផលផ្សេងៗ។
* លោកអ្នកឧកញ៉ា ភាព ហៀក ត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យអាជីវកម្មនៅកម្ពុជា។ ក្រោមការដឹកនាំរបស់លោកស្រី ក្រុមហ៊ុនជីបម៉ុង បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាក្រុមហ៊ុនដែលមានឥទ្ធិពលខ្លាំងមួយក្នុងសេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុនមួយនេះក៏ជាក្រុមហ៊ុន ដែលចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ និងសំណង់ធំៗជាច្រើននៅទូទាំងប្រទេស។
ក្រុមហ៊ុននេះមានការចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមនុស្សធម៌នៅកម្ពុជា។ ក្រៅពីការដឹកនាំក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា ភាព ហៀក ក៏បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា ការឧបត្ថម្ភដល់វិស័យសុខាភិបាល អប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
* កើតចេញពីការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតក្នុងការកសាងអាជីវកម្មអ្នកឧកញ៉ា ភាព ហៀក បានក្លាយជាសហគ្រិនជោគជ័យ និងមានឥទ្ធិពលមួយរូប។ លោកអ្នកឧកញ៉ា ភាព ហៀក បានគោរមងារលំដាប់ថ្នាក់ទី១ ដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសដែលស័ក្តិសម និងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីគុណវុឌ្ឍិដែលលោកអ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមក។
* ក្រុមគ្រួសារ ជីបម៉ុង រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក (ម្តាយ) កូនប្រុស៤នាក់ និងកូនស្រីម្នាក់។ កូនប្រុសស្រីរួមមាន៖ លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, ឧកញ៉ា លាង ហួង (ហេនរី), ឧកញ៉ា លាង ពៅ (Peter) លោកជំទាវឧកញ៉ា លី សុខឆេង។
* លោកអ្នកឧកញ៉ា ភាព ហៀក បានចាប់ផ្តើមអាជីវកម្មដំបូងតាំងពីឆ្នាំ១៩៨២ ហើយបច្ចុប្បន្ន ជីប ម៉ុង គ្រុប មានក្រុមហ៊ុនធំៗប្រមាណ១២ និងមានក្រុមហ៊ុន រោងចក្រ ជាបុត្រសម្ព័ន្ធជាច្រើនទៀត។ ក្រុមហ៊ុននេះមានអាជីវកម្មជាច្រើនវិស័យដូចជា សំណង់ ភេសជ្ជៈ សណ្ឋាគារ និងអចលនទ្រព្យជាដើម។
* លោកអ្នកឧកញ៉ា ភាព ហៀក មានក្រុមហ៊ុនបុត្រសម្ព័ន្ធរួមមាន ជីប ម៉ុង ត្រេឌីង បង្កើតនៅឆ្នាំ១៩៨២, គ្រឿងសំណង់ គ្រឿងឧបភោកបរិភោគ, ជីប ម៉ុង អ៊ិនដាស្ទ្រីស៍ បង្កើតនៅឆ្នាំ២០០៧, បេតុងលាយស្រេច បរិក្ខាសម្ភារ:លំនៅដ្ឋាន, ជីប ម៉ុងលែន បង្កើតនៅឆ្នាំ២០០៨, អចលនទ្រព្យ លែនម៉ាក, ផាកលែន, លែនរីច ,ខ្មែរ ប៊ែវីរើជីស បង្កើតនៅឆ្នាំ២០០៩, ស្រាបៀរកម្ពុជា និងភេសជ្ជ:, ក្រោន ខ្មែរ ប៊ែវើរីជីស បង្កើតនៅឆ្នាំ២០១៤, ផលិតផល កំប៉ុង ,ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បង្កើតនៅឆ្នាំ២០១៤, ផលិតស៊ីម៉ងត៍, សណ្ឋាគារផ្កាយ៥ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ បង្តើតនៅឆ្នាំ២០១៦, ជីប ម៉ុងរីថែល បង្កើតនៅឆ្នាំ ២០១៧, មណ្ឌលផ្សារទំនើប, ផ្សារទំនើបជីប ម៉ុង, ជីប ម៉ុង Express, សណ្ឋាគារផ្កាយ៣ ហ្វែរហ្វៀល បាយម៉ារៀតភ្នំពេញ, ធនាគារ ជីប ម៉ុង បង្កើតនៅឆ្នាំ២០១៨, ក្លឹបវាយកូនហ្គោល ហ្គ្រេនរ៉ូយ៉ាល់ ហ្គោល អែន រីសត ទីក្រុងរណបហ្គ្រេនភ្នំពេញ។
* ក្រៅពីអាជីវកម្ម លោកអ្នកឧកញ៉ា ភាព ហៀក ក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងមនុស្សធម៌ផងដែរ ដោយតែងតែបរិច្ចាគថវិកាជួយដល់កាកបាទក្រហមកម្ពុជា និងគាំទ្រវិស័យវប្បធម៌ និងសិល្បៈ។
លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ត្រូវបានព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារជា «លោកអ្នកឧកញ៉ា» កាលពីថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០២៤។ ព្រះរាជក្រឹត្យផ្ដល់គោរមងារជា «លោកអ្នកឧកញ៉ា» ជូនលោកជំទាវអ្នកឧកញ៉ា ត្រូវបានផ្ដល់កិត្តិយសប្រគល់ជូនផ្ទាល់ដៃ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស សមាគមឧកញ៉ាកម្ពុជា កាលពីល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីសន្និបាតប្រចាំឆ្នាំលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារ ហ្គាឌិនស៊ីធី៕