* អ្នកឧកញ៉ា ថៃ ជាហួត (Thay Chea Huoth) គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េង ហួត គ្រុប និងមានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧០ នៅខេត្តកំពង់ចាម ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ។
* អ្នកឧកញ៉ា គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Huoth Group) ដែលបានបង្កើតឡើងនាឆ្នាំ២០០៥ ហើយជាក្រុមហ៊ុនកំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលៗ ដែលមានជំនាញខ្ពស់ក្នុងការរចនា និងអភិវឌ្ឍន៍បុរីលំនៅឋាន, អគារខុនដូ, គម្រោងផ្សារទំនើប, អគារការិយាល័យ, អគារសន្និបាត ពិព័រណ៍ និងសាលរៀបអាពាហ៍ពិពាហ៍, សួនកម្សាន្តបែបអឺរ៉ុប និងសណ្ឋាគារ។
* អាជីវកម្មធំៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប មានដូចជាក្រុមហ៊ុន ភីអេច ប្រូភើធី (PH Property), ក្រុមហ៊ុន ភីអេច ខនស្ត្រាក់សិន (PH Construction), ក្រុមហ៊ុន ភីអេច រីថេល (PH Retail), និងក្រុមហ៊ុនគ្រប់គ្រងបុរី (Facility Management)។
* នាពេលបច្ចុប្បន្ន បុរី ប៉េង ហួត បានក្លាយខ្លួនទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ចម្បងមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងមានគម្រោងជាច្រើនក្នុងតំបន់ដ៏មានសក្តានុពលនៃរាជធានីភ្នំពេញ។ យោងលើការរចនា គុណភាពសំណង់ បរិស្ថានក្នុងគម្រោង ក៏ដូចជាសេវាគ្រប់គ្រង ថែទាំ និងសន្តិសុខ បានធ្វើឱ្យក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបាននូវពានរង្វាន់ជាច្រើនជាបន្តបន្ទាប់ ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាដោយបានចូលរួមចំណែកដ៏សំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់សម្រស់រាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើន។
* ក្រៅពីនេះ អ្នកឧកញ៉ា ថៃ ជាហួត បានចូលរួមក្នុងការងារសង្គមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាដើមនិងការងារមនុស្សធម៌ជាច្រើនថែមទៀត រហូតត្រូវបានទទួលស្គាល់ពីសំណាក់សាធារណជន និងរាជរដ្ឋាភិបាល។ អ្នកឧកញ៉ា បានទទួលនូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង៕