(ភ្នំពេញ)៖ លោក ឆាយ វីរៈយុទ្ធ (ឈ្មោះកំណើត ឆាយ ចាន់ឆោម) កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៨២ មានស្រុកកំណើត ភូមិពោធ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ក្នុងគ្រួសារមានបងប្អូន៧នាក់ ស្រី២នាក់ និងប្រុស៥នាក់ លោកជាកូនទី៦។ ឪពុកលោកឈ្មោះ ឆយ គឹមឆាយ ជាអតីតមន្ត្រីយោធា និងម្ដាយឈ្មោះ គង់ឡាយស៊ី ជាអតីតគ្រូបង្រៀន។ សព្វថ្ងៃលោកមានភរិយាឈ្មោះ សែ ចាន់ឌី មានកូនស្រីម្នាក់ឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី។
* អំពីការសិក្សា៖
គម្រប់អាយុ៨ឆ្នាំកុមារ ចាន់ឆោម (ឈ្មោះកំណើត ឆាយ ចាន់ឆោម) ក្នុងឆ្នាំ១៩៩០ ត្រូវបានឪពុកម្តាយបញ្ជូនឲ្យទៅរៀន នៅសាលាបឋមសិក្សាពាម រៀននៅទីនោះបាន៣ឆ្នាំ ដល់ឆ្នាំ១៩៩៣ ក៏បានប្តូរមករៀននៅសាលាបឋមសិក្សា អង្គរបាជ័យវិញ។ រៀនបានតែ១ឆ្នាំ ក៏បានផ្លាស់ទៅរស់នៅជាមួយបងស្រីនៅខេត្តកំពង់ធំ ហើយក៏បានចូលរៀននៅសាលាព្រះសីហនុ (ខេត្តកំពង់ធំ) បាន១ឆ្នាំប៉ុណ្ណោះ ក៏ប្តូរមករៀននៅភ្នំពេញនៅវិទ្យាល័យឥន្ទ្រទេវី រហូតដល់ប្រឡងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិនាឆ្នាំ២០០៥។
ក្រោយបញ្ចប់មធ្យមសិក្សាទុតិយភូមិ លោកក៏បានបន្តការសិក្សានៅមហាវិទ្យាល័យ ជាតិគ្រប់គ្រងផ្នែកពាណ្ជិសាស្ត្រ តែលោករៀនបាន២ឆ្នាំ ក៏ព្យួរការសិក្សាហូតមក។ លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា កាលនៅរៀនលោករៀនមិនពូកែទេ ដោយសារលោកតែងឆ្លៀតយកពេលសិក្សា ទៅជួយកិច្ចការងារឪពុកម្តាយ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។
* អំពីប្រវត្តិក្នុងវិស័យសិល្បៈ និងស្នាដៃសិល្បៈ៖
ថ្វីបើកុមារ ឆាយ ចាន់ឆោម រៀនមិនសូវពូកែ និងបានពន្ទុមិនល្អតែកុមារ ឆាយចាន់ឆោម តែងតែត្រូវបានលោកគ្រូនិងមិត្តរួមថ្នាក់ សំណូមពរឲ្យច្រៀងក្នុងថ្នាក់ ដោយ ឆោម ច្រៀងបានពីរោះ និងក៏បានការសរសើរពីមិត្តរួមថ្នាក់ និងរួមសាលា។ ចំណូលចិត្តនិងទេពកោសល្យពីកុមារនេះហើយ ដែលញ៉ាំងឲ្យកុមារឆោម មិនលះបង់ទេពកោសល្យនេះ រួមនឹងការលើកទឹកចិត្តពីឪពុកម្តាយផងនោះ និងក្រោយពេញរូបរាងជាយុវវ័យ និងបានមករស់នៅ និងបន្តការសិក្សានៅភ្នំពេញផង យុវជន ឆោម ក៏ឆ្លៀតពេលល្ងាចៗពិការសិក្សា សុំគេច្រៀងតាមបៀហ្គាឌេន ដែលពេលនោះ ទទួលបានប្រាក់តាមការឲ្យ និងការយោគយល់ពីម្ចាស់ហាង។
មកដល់ឆ្នាំ២០២០នេះ គឺរយៈពេល១៨ឆ្នាំហើយ ក្រៅពីស្នាដៃខាងលើលោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានការទាក់ទាញ ពីប្រជាជនខ្មែរនៅក្រៅស្រុក ដោយលោកត្រូវបានការអញ្ជើញ ចេញទៅសម្តែងជារឿយៗ នៅក្រៅប្រទេសដូចជា ប្រទេសបារាំង អាមេរិក កាណាដា ជាដើម និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ។
* អំពីជីវិតស្នេហា៖
ក្នុងភាពជាតារាចម្រៀងលំដាប់ប្រទេសមួយរូបដែរ តែពុំដែលលេចឮស្នេហាគួរជាការចាប់អារម្មណ៍អ្វីឡើយ ពេលលេចឮគឺលោកត្រៀមចូលរោងការតែម្តង គឺនាឆ្នាំ២០១៧។ លោកបានចូលរោងការជាមួយ កូនក្រមុំរបស់លោកមានឈ្មោះ សែ ចាន់ឌី ជាកូនស្រីឈ្មួញស្រូវអង្ករដ៏ល្បីមួយក្នុងខេត្តកំពង់ចាម។ ពិធីមង្គលការនោះមានភ្ញៀវអ្នកជំនួញ និងអ្នកសិល្បៈគ្រប់ផលិតកម្មចូលរួមយ៉ាងកុះករ។ បច្ចុប្បន្នលោកមានកូនស្រីម្នាក់ មានអាយុជាង៥ឆ្នាំ ជាទីស្រឡាញ់របស់គ្រួសារលោក និងលោកតាលោកយាយទាំងសងខាង។
* អំពីជំនួញក្រៅពីសិល្បៈ៖
ចំពោះជំនួញក្រៅពីសិល្បៈវិញ ក្នុងដៃលោកកំពុងគ្រប់គ្រង ក្រុមហ៊ុនអាជីវកម្មស្រូវអង្ករមានឈ្មោះថា «ស្តេចអង្ករ» មានដេប៉ូចែកចាយចំនួន៨សាខា ក្នុងប្រទេសកម្ពុជា។ ក្រៅពីផ្គត់ផ្គង់តំរូវការសម្រាប់ប្រជាជនក្នុងប្រទេស ក្រុមហ៊ុន «ស្តេចអង្ករ» ក៏បាននាំចេញទៅក្រៅប្រទេស តែនៅមានលក្ខណៈទ្រង់ទ្រាយតូចនៅឡើយ ដោយលោកបាននិងកំពុងរៀបចំបន្ថែមម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនសម្ងួតស្រូវ។ ក្រៅពីជំនួញស្រូវអង្ករខាងលើនេះ លោកនៅមានអាជីវកម្ម អចលនទ្រព្យ (ជាដីឡូតិ៍ ផ្ទះល្បែង ផ្ទះវីឡា) ជាច្រើនកន្លែងផ្សេងទៀតដូចជា នៅភ្នំបាសិទ្ធ, ព្រះសីហនុ, កំពង់ឆ្នាំង, មណ្ឌលគិរី, ភ្នំពេញ។ សព្វថ្ងៃលោកជិះរថយន្តទំនើបប្រភេទ SUV ឆ្នាំ២០១៩ ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ និងផ្ទះរស់នៅសព្វថ្ងៃផ្ទះ២ល្វែង នៅក្នុងតំបន់កាំកូស៊ីធី ដែលជាតំបន់ដ៏មានសក្តានុពល៕