(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង កើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៨៣ មានទីកន្លែងកំណើតនៅខេត្តស្វាយរៀង មានឪពុកឈ្មោះ ម៉ៅ ទី ជាមន្ត្រីកងយោធពលខេមរភូមិន្ទ និងម្តាយឈ្មោះ គង់ សោម៉ា ជាស្រ្តីមេផ្ទះ។ សព្វថ្ងៃលោកជំទាវអ្នកឧកញ៉ាមានតំណែងជាប្រធានសមាគមសិល្បករខ្មែរ។ មុននឹងមានគោរមងារជាអ្នកឧកញ៉ា ជាអ្នកជំនួញស្ត្រីដ៏ឆ្នើម និងជាប្រធានសមាគមសិល្បករខ្មែរដូចសព្វថ្ងៃនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាអតីតតារាសម្តែងដ៏ល្បីឈ្មោះមួយរូប ដែលកាលនោះគេស្គាល់ឈ្មោះថា «ស្រីតូច ចំណាន»។
* ប្រវត្តិសិល្បៈ
នៅអំឡុងឆ្នាំ១៩៩៨ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលបម្រើការតាមភោជនីយដ្ឋាន ជាអ្នកចម្រៀង។ ដោយមានទេពកោសល្យរួមជាមួយក្តីស្រឡាញ់សិល្បៈ ព្រមទាំងមានសម្រស់ស្រស់ស្អាតពីធម្មជាតិផងនោះ លោកជំទាវអ្នកឧកញ៉ាក៏បានបោះជំហានចូលប្រឡូកក្នុងការសម្តែងខារ៉ាអូខេនៅផលិតកម្មធំៗជាច្រើន ដូចជា ផលិតកម្មរស្មីហង្សមាស ផលិតកម្មយូធូ និងផលិតកម្មស្ទឹងសង្កែជាដើម។ ក្រោយចូលសម្តែងបានមួយរយៈ លោកជំទាវអ្នកឧកញ៉ា (អ្នកនាង ស្រីតូច ចំណាន) ក៏ទទួលបានតំណែងជាពិធីការិនីដែលមានសំឡេងផ្អែមស្រទន់ ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ដ៏ល្បីមួយរូបក្នុងជំនាន់នោះ។
* ជីវិតស្នេហា
នៅអំឡុងឆ្នាំ២០០២-២០០៣ មានរឿងហេតុមួយបានកើតឡើង ដែលធ្វើឱ្យអ្នកនាងសម្រេចចិត្តបានផ្តាច់ខ្លួនចេញពីវិថីសិល្បៈ ដោយឈប់ទទួលការងារ ក៏ដូចជាការថតនៅក្នុងវិស័យសិល្បៈតទៅទៀត។ បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង ស្រីតូច ចំណាន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកជំនួញដ៏ធំប្រចាំស្រុកខ្មែរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ និងបច្ចុប្បន្នមានកូនប្រុសស្រី ៤នាក់ជាចំណងដៃ។
* ស្នាដៃក្នុងវិស័យសិល្បៈ
រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ ដោយមានការផ្តល់ទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំប្រទេស និងអ្នកឧកញ៉ា គិត ម៉េង ជាឧត្តមស្វាមី លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏បានសម្រេចចិត្តឈរឈ្មោះ ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឈ្នះការបោះឆ្នោតនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមបោះឆ្នោតពីសំណាក់ សិល្បករ-សិល្បការិនីជាច្រើនាក់ ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣%។
អ្នកសិល្បៈគ្រប់វ័យសុទ្ធតែយល់ឃើញថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ពិតជាស័ក្តិសមបំផុតក្នុងតំណែងជាប្រធានសមាគមសិល្បករខ្មែរ ទាំងចំណេះដឹង, រូបសម្បត្តិ, អាកប្បកិរិយា, មុខតួនាទី, ឋានៈ និងលក្ខណៈសម្បត្តិជាច្រើនទៀត៕