សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គឺជាមនុស្សទី១០ ដែលទទួលបានគោរមងារ «សម្ដេច» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។ សម្តេច ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

* ប្រវត្តិផ្ទាល់ខ្លួន
សម្តេចគតិសង្គហបណ្ឌិត ម៉ែន សំអន ជាអ្នកនយោបាយ និងជាស្ត្រីដំបូងបំផុតរបស់កម្ពុជា ដែលទទួលបានឋានៈជាឧបនាយករដ្ឋមន្ត្រី ហើយជាមេដឹកនាំស្ត្រីដែលឆ្នើមមួយរូបរបស់គណបក្សប្រជាជនកម្ពុជា និងកន្លងមកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ។

សម្តេច ម៉ែន សំអន កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៣ នៅឃុំសំបួរ ស្រុកសំបួរ ខេត្តក្រចេះ។ ស្វាមីរបស់សម្តេច គឺលោក ប៉េង ប៉ាត់ ហើយសម្តេចមានកូនប្រុស ២នាក់ គឺលោក ប៉េង ពោធិ៍សា និងលោក ប៉េង ពោធិ៍នា។

* ប្រវត្តិនៃការសិក្សា និងតួនាទី
-នៅឆ្នាំ២០០៦ សម្តេចទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ
-ឆ្នាំ១៩៩២ សញ្ញាបត្រកម្រិតអក្សរសាស្ត្រខ្មែរកម្រិតឧត្តមសិក្សា
-សម្តេចចូលបម្រើនៅក្នុងកងទ័ពនៅឆ្នាំ១៩៧០ ដោយចាប់ផ្ដើមអាជីពជាគិលានុបដ្ឋយិការយោធា
-នៅឆ្នាំ១៩៨៦ បានចូលជាសមាជិកបស្ចឹមបក្ស ប្រជាជនបដិវត្តន៍កម្ពុជា
-នៅឆ្នាំ១៩៩៨ បានក្លាយជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការសុខភាពសាធារណៈ សង្គម និងកិច្ចការនារី
-នៅក្នុងឆ្នាំ២០០៣ បានជាប់ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងរបស់គណបក្សប្រជាជនកម្ពុជា
-នៅឆ្នាំ២០០៤ ទទួលបានការតែងតាំងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
-នៅឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់ភារកិច្ចបន្ថែម ឲ្យទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើការងារអធិការកិច្ច និងសវនកម្ម ព្រមទាំងជួយនាយករដ្ឋមន្ត្រីលើការងារសង្គម។

សម្តេចម៉ែន សំអន ទទួលបានគោរមងារកិត្តិយសនៃរាជបណ្ឌិតសភាកម្ពុជា «គតិសង្គហបណ្ឌិត» ដោយព្រះរាជក្រឹត្យលេខ រស/រកដ/០៤១៨/៤០៣ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ៕