សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាស្ថាបនិក រណសិរ្សសង្គ្រោះជាតិកម្ពុជាកាលពីឆ្នាំ១៩៧៨ និងក្រោយមកក្លាយជាអគ្គលេខាបក្សប្រជាជនបដិវត្តន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩១ ហើយក្រោយមកសម្តេចក្លាយជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ២០០៦ រហូតដល់ ឆ្នាំ២០២៣។
សម្ដេច ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន មានកូនប្រុសស្រីសរុប០៥នាក់៖ ១. លោកស្រី ហេង ពៅ (ស្រី) ២. លោកស្រី ហេង សំអូន (ស្រី) ៣. លោកស្រី ហេង សុខា (ស្រី) ស្លាប់ពេលរត់ភៀសខ្លួនជំនាន់ប៉ុលពត ៤. លោក ហេង សំណាង (ប្រុស) ៥. លោកស្រី ហេង សំអាន (ស្រី)។
A. ប្រវត្តិផ្ទាល់ខ្លួន និងការសិក្សា
* សម្តេច ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅក្នុងភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែកខេត្តកំពង់ចាម (សព្វថ្ងៃជាខេត្តត្បូងឃ្មុំ)។
* សម្តេច បានចាប់កំណើតនៅក្នុងគ្រួសារកសិករសាមញ្ញមួយ ដែលមានឪពុកឈ្មោះ សំ ហេន និងម្តាយឈ្មោះ ហេង ស៊ីម។ សម្តេច ជាកូនទី៣ ក្នុងចំណោមបងប្អូន៦រូប។ ក្នុងមួយជីរិតរបស់លោក សម្តេចបានឆ្លងកាត់របបដឹកនាំប្រទេសជាច្រើនដំណាក់កាល រាប់ចាប់តាំងពីសម័យអាណាព្យាបាលបារាំងមក ហើយសម្តេចបានចូលរួមជាមួយឥស្សរជនជាន់ខ្ពស់ដទៃទៀត បូជាសាច់ស្រស់ ឈាមស្រស់ រំដោះជាតិមាតុភូមិ ស្វែងរកសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសជាតិ រហូតធ្វើមានការអភិវឌ្ឍជឿនលឿនបានដូចសព្វថ្ងៃ។
- ឆ្នាំ១៩៤៦ សម្តេចបានចូលសិក្សារៀនសូត្រនៅក្នុងវត្តត្រពាំងព្រីង ដែលស្ថិតនៅក្នុងឃុំត្រពាំងផ្លុក ស្រុកពញាក្រែក ខេត្តកំពង់ចាម ដោយមានព្រះចៅអធិការវត្តនាពេលនោះ ព្រះនាម គង់ សូរ ជាអ្នកនាំយកសម្តេចទៅអប់រំដោយផ្ទាល់។
* ឆ្នាំ១៩៤៩ សម្តេចសម្រេចបួសរៀន អស់រយៈពេល៥វស្សា នៅក្នុងវត្តត្រពាំងព្រីងនោះតែម្តង។
* ឆ្នាំ ១៩៥៧ សម្តេចបានរៀបអាពាហ៍ពិពាហ៍ ជាមួយកញ្ញា សៅ ទៀប ហៅ សៅ ទី សព្វថ្ងៃជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ដោយទទួលបានបុត្រចំនួន៥រូប។
B. សកម្មភាពនយោបាយ និងការងារ
* ឆ្នាំ ១៩៥៥ ដោយមានចិត្តស្រឡាញ់ចំពោះបក្សប្រជាជនបដិវត្តន៍ខ្មែរ សម្តេចបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជូនបក្ស ហើយក្រោមមកសម្តេចបានចូលទៅបម្រើការងារជាកម្មករចំការកៅស៊ូនៅក្នុងឃុំក្រែក ស្រុកពញាក្រែក។
* ឆ្នាំ១៩៦១ សម្តេចបានក្លាយជាសមាជិកផ្លូវការនៃបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយបានធ្វើសកម្មភាពបម្រើបដិវត្តន៍ដោយសម្ងាត់ក្នុងតួនាទីជាប្រធានក្រុមនីរសារបច្ចេសពិសេសសម្រាប់ភូមិភាគបូព៌ា ស្របពេលដែលសម្តេចមានតួនាទីជាប្រធានកងជីវពលនៃអាជ្ញាធរ នាពេលនោះ ព្រមទាំងជាគ្រូបង្រៀនកុមារនៅក្នុងភូមិផងដែរ។
* ឆ្នាំ ១៩៧០ ក្រោយពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ សម្តេចត្រូវបានប្រគល់តួនាទីជាបន្តបន្ទាប់ដូចជា ប្រធានកងអនុសេនាធំក្នុងឆ្នាំ១៩៧០, ជាអនុប្រធាកងវរសេនាតូចក្នុងឆ្នាំ១៩៧១ និងជាប្រធានកងវរសេនាតូចក្នុងឆ្នាំ១៩៧២។
* ក្នុងឆ្នាំ ១៩៧៣ សម្តេចក្លាយជាប្រធានកងវរសេនាធំ-កងទ័ពស្រួចភូមិភាគបូព៌ា ដែលមានមូលដ្ឋាននៅស្រុកអូរាំងឪ ខេត្តកំពង់ចាម។
* នៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើង ដែលមានសម្តេចជាប្រធាន សម្តេច ជា ស៊ីម ជាអនុប្រធាន សម្តេច ហ៊ុន សែន ជាសមាជិក។ រណសិរ្សបានកសាង គោលនយោបាយ ១១ខ ឈានឆ្ពោះទៅវាយរំលំរបប ប៉ុល ពត បានដោយជោគជ័យនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ដោយមានការគ្រាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមផងដែរ។
* ១ថ្ងៃបន្ទាប់ពីការរលំរលាយនៃពួកបនប្រល័យពូជសាសន៍ ប៉ុល ពត របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើង និងបានប្រកាសបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលមានសម្តេចចក្រី ហេង សំរិន ផ្ទាល់ជាប្រធាន។
* ក្នុងឆ្នាំ១៩៨១ សម្តេចក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍កម្ពុជា។
* ឆ្នាំ១៩៨៥ សម្តេចបន្តទទួលបានការគាំទ្រជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស និងបានដឹកនាំសន្និបាតបក្ស ដោយបានអនុម័តការធ្វើកំណែទម្រង់សេដ្ឋកិច្ច នាពេលនោះ។
* ឆ្នាំ១៩៨៩ សម្តេចបានដឹកនាំធ្វើសន្និបាតកម្មាភិបាលទូទាំងប្រទេសលើកទី២ ដែលបានសម្រេចដាក់ចេញគោលនយោបាយសំខាន់ៗមួយចំនួនដូចជា ការដកកងទ័ពស្ម័គ្រចិត្តវៀតណាមចេញពីកម្ពុជា, ការសម្រេចលើគោលនយោបាយដឹកជញ្ជូនឯកជន, គោលនយោបាយកសិកម្ម, ឧស្សហកម្ម និងសិប្បកម្ម, និងការគ្រប់គ្រងប្រើប្រាស់ដីធ្លីជាដើម។
* ក្នុងឆ្នាំ១៩៩១ សម្តេចបានដឹកនាំធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់បក្ស ដោយបានបានសម្រេចប្តូរឈ្មោះបក្ស ទៅជាគណបក្សប្រជាជនកម្ពុជាវិញ។
* ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អង្គការសហប្រជាជាតិ ហៅកាត់ថា «អ៊ុនតាក់» បានជួយរៀបការបោះឆ្នោត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ១៩៩៣។ ពេលនោះសម្តេចបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ១៩៩៤ ព្រមទាំងទទួលគោរមងារជា “សម្តេច ហេង សំរិន”។
* សម្តេចបានធ្វើជាអនុប្រធានទី១នៃរដ្ឋសភាចំនួន២លើក គឺនៅឆ្នាំ១៩៩៨ និងឆ្នាំ២០០៤។
* ក្នុងឆ្នាំ ២០០៦ សម្តេចទទួលបានការគាំទ្រជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្លាយជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា។
* ឆ្នាំ២០០៧ សម្តេចត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យ ប្រទានគោរមងារជា «សម្តេចអគ្គមហាពញាចក្រី ហេង សំរិន»
* ក្រោយមកសម្តេចត្រូវបានបន្តជាប់ឆ្នោតជាប្រធានរដ្ឋសភាក្នុងអាណត្តិជាបន្តបន្ទាប់ គឺអាណត្តិទី៤ នៅឆ្នាំ២០០៨, អាណត្តិទី៥ នៅឆ្នាំ២០១៣, និងអាណត្តិទី៦ នៅឆ្នាំ២០១៨។
* នៅក្នុងឆ្នាំ២០២៣ សម្តេចនៅតែបន្តជាប់ឆ្នោតក្លាយជាសមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ និងត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ តែងតាំងជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងឆ្នាំដដែលនេះ៕