ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានត្រាស់បង្គាប់ ដំឡើងឋានន្តរសក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

* អំពីរឿងផ្ទាល់ខ្លួន

បើតាមសៀវភៅ «ជនដែលត្រូវគេបាញ់» បានបង្ហាញថា សម្តេចពិជ័យសេនា ទៀ បាញ់ កើតនៅភូមិកោះស្រឡៅ ឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុង។ លោកមានឈ្មោះកំណើត «ទៀ សង្វាន» ជាកូនកសិករក្រីក្របំផុត។ ដោយសារតែលោកឪពុក មានជំងឺហើយបានអនិច្ចកម្ម នាំឲ្យយុវជន ទៀ បាញ់ ដែលកាលណោះ មានអាយុទើបតែ ១១ ឆ្នាំ បានក្លាយជាអ្នកស៊ីឈ្នួលឡើងបេះផ្លែស្លាឲ្យអ្នកភូមិ និងរកត្រី ដើម្បីផ្គត់ផ្គង់គ្រួសារ។

នៅឆ្នាំ១៩៥៧ ទៀ សង្វាន ត្រូវបានម្តាយបញ្ជូនឲ្យទៅនៅវត្ត។ រហូតដល់ឆ្នាំ១៩៦០ សង្វាន មានអាយុ ១៥ ឆ្នាំ ពេលត្រឡប់មកផ្ទះឃើញមនុស្ស ៦ ទៅ ៧នាក់ នៅមុខផ្ទះគេ។ ពួកគេទាំងនោះ ជាប៉ូលិស និងជីវពលភូមិ មកសំឡុតគំរាមម្តាយ សង្វាន ឲ្យប្រគល់ប្អូនស្រីរបស់គេ ដែលទើបមានអាយុ ១៣ ឆ្នាំ ដើម្បីយកទៅជូនលោកកុម្មុយ សៀ ប៉ូលិស សម្រាប់សប្បាយខាងផ្លូវតណ្ហា។ សង្វាន ប្រកែកតវ៉ា និងគំរាមពួកទាំងនោះ មិនឲ្យយកប្អូនស្រីគេទៅដាច់ខាត ទោះគេត្រូវប្តូរជីវិតក៏ដោយ ក៏ពុំឲ្យពួកទាំងនោះ ធ្វើបាបប្អូនស្រីគេដែរ។

ដោយការជិះជាន់ ទើប ទៀ សង្វាន ចេញធ្វើការតស៊ូ គឺនៅឆ្នាំ១៩៦១ ដោយទាក់ទងជាមួយចលនាតស៊ូក្នុងព្រៃ រហូតដល់ត្រូវអាជ្ញាធរចាប់ធ្វើទារុណកម្ម និងឃុំឃាំង។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៦៥ គេដោះលែង សង្វាន ពីគុកដោយថ្នូរនឹងប្រាក់ ៥ពាន់រៀល ដែលបានពីការលក់ក្របី និងខ្សែកប្អូនស្រី ដែលទៅស៊ីឈ្នួលមើលកូនឲ្យថៅកែឡធ្យូង យកទៅឲ្យអាជ្ញាធរ។

មកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ ក្រោយពីរួចខ្លួនបាន ៧ថ្ងៃ ក្រុមជីវពល ៥នាក់ និងប៉ូលិស ២នាក់ បានមកតាមចាប់សង្វាន និងមនុស្សម្នាក់ទៀត ឈ្មោះ តា កៅ។ ពួកគេបានចាប់អ្នកទាំងពីរ ចងដៃ បណ្ដើរយកទៅបាញ់ចោល នៅជើងភ្នំកោះអណ្ដែត។ ក៏ប៉ុន្តែចៃដន្យ យុវជន សង្វាន មិនស្លាប់ ហើយបានរត់ចូលព្រៃ រួចខ្លួន។ ចាប់ពីពេលនោះមក ស្ថានភាពទាំងនោះ បានជំរុញឲ្យយុវជន ទៀ សង្វាន ធ្វើចលនាតស៊ូ ក្នុងព្រៃជាបន្តបន្ទាប់ និងក្លាយជាមេទ័ពដ៏ខ្លាំងពូកែ ដឹកនាំទ័ពវាយប្រឆាំងសត្រូវ នៅតំបន់ខេត្តកោះកុង តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ រហូតចូលរួមសកម្មភាពរំដោះប្រទេស ខែមករា ឆ្នាំ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅចន្លោះឆ្នាំពីការធ្វើចលនាតស៊ូដ៏ស្វិតស្វាញនោះ មនុស្សជាច្រើនក្នុងភូមិ និងក្រុមអ្នកតស៊ូ បានហៅឈ្មោះលោកពី ទៀ សង្វាន ទៅជាឈ្មោះ ទៀ បាញ់ ដោយលួចលាក់ ហើយឈ្មោះនេះ បានត្រូវប្រើរហូតមកដល់សព្វថ្ងៃ។

ទៀ សង្វាន បានរៀបការជាមួយភរិយា ឈ្មោះ តៅ តឿន នៅភូមិគិរីវង្ស នាថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៥ នៅក្នុងព្រៃ ក្រោមការប្រកាសជាផ្លូវការរបស់លោក សាយ ភូថង ដែលត្រូវជាចាស់ទុំ និងឪពុកមារបស់សម្តេច ទៀ បាញ់ ផង។ សម្តេច ទៀ បាញ់ មានកូនពីរនាក់ គឺកូនច្បងទី១ ឈ្មោះ ទៀ ស្យាម និងកូនប្រុសទី២ ឈ្មោះ ទៀ សីហា។

* ប្រវត្តិការងាររបស់សម្តេចពិជ័យសេនា ទៀ បាញ់

នៅឆ្នាំ១៩៧៩៖ ប្រធានយោធាខេត្តកោះកុង
ខែកក្កដា ឆ្នាំ១៩៧៩៖ ប្រធានស្នងការហ្វឹកហ្វឺនអគ្គសេនាធិការក្រសួងការពារជាតិ
ឆ្នាំ១៩៧៩-១៩៨០៖ អនុប្រធានអគ្គសេនាធិការទទួលបន្ទុកវិទ្យុទាក់ទងអាកាសចរ
ឆ្នាំ១៩៨០-១៩៨២៖ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ទទួលបន្ទុកវិទ្យុទាក់ទងអាកាសចរ បច្ចេកទេស ហិរញ្ញវត្ថុ និងកិច្ចទាក់ទងអន្តរជាតិយោធា
ឆ្នាំ១៩៨២-១៩៨៤៖ រដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍
ឆ្នាំ១៩៨៤-១៩៨៧៖ អនុរដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន និងប្រៃសណីយ៍
ឆ្នាំ១៩៨៧-១៩៨៨៖ អនុរដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ
ឆ្នាំ១៩៨៨-១៩៩៣៖ សមាជិករដ្ឋសភា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងរដ្ឋាភិបាលបណ្តោះអាសន្ន និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ
ឆ្នាំ១៩៩៣-១៩៩៤៖ សហរដ្ឋមន្ត្រីក្រសួងការពារជាតិ
ឆ្នាំ១៩៩៤-១៩៩៥៖ សហអគ្គមេបញ្ជាការរង និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ
ឆ្នាំ១៩៩៥-១៩៩៨៖ ទេសរដ្ឋមន្ត្រី និងជាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ
ឆ្នាំ១៩៩៨-២០០០៖ នាយឧត្ដមសេនីយ៍ផ្កាយមាស៤ ទេសរដ្ឋមន្ត្រី និងសហរដ្ឋមន្ត្រីក្រសួងការពារជាតិ
ឆ្នាំ២០០០-២០០៤៖ ឧបនាយករដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងការពារជាតិ
២២មីនា ឆ្នាំ២០០៦ មកដល់២០២៣៖ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ឆ្នាំ២០២៣៖ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ សម្តេច ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារ «សម្តេចពិជ័យសេនា ទៀ បាញ់»៕