(ភ្នំពេញ)៖ ២ ធ្នូ ថ្ងៃនេះ គឺជាខួប ៣៧ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៥) ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្លាំងយុវជនរងការធ្វើទុក្ខ ម្នេញ និងជិះជាន់យ៉ាងវេទនាពីរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ខៀវ សំផន និង អៀង សារី បានរួបរួមពូនកម្លាំងគ្នា ជាធ្លុង ដើម្បីផ្តួលនូវដ៏យង់ឃ្នង និងសម្លាប់រង្គាលមួយនេះ ហើយក៏ជាជំហានស្រោចស្រង់កម្ពុជាចេញពីគំនរផេះផង់មករកភាពរីក ចម្រើននាពេលបច្ចុប្បន្នផងដែរ។
ក្រោយការវាយដណ្តើមយកអំណាចពីរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របប កម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយលោក ប៉ុល ពត និងបក្ខពួករួមមាន ខៀវ សំផន និង អៀង សារី ជាដើមនោះ ជាបន្តិចម្តងៗ បាននាំមកនូវភាពហិនហោចសម្រាប់ប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរត្រូវរងទុក្ខវេទនាទាំងកម្លាំងកាយ ចិត្ត និងការកាប់សម្លាប់ជា បន្តបន្ទាប់យ៉ាងយង់ឃ្នងជាទីបំផុត។ ផ្តើមចេញពីការដឹកនាំគ្មានក្តីមេត្តា បានរុញច្រានឲ្យចលនាបដិវត្តន៍របស់ប្រជាពលរដ្ឋកម្ពុជា បាន ផ្ទុះឡើងស្ទើរគ្រប់កន្លែង។
ដើម្បីប្រមូលផ្តុំកម្លាំងបដិវត្តន៍នេះឲ្យកាន់តែខ្លាំងក្លាក្នុងការវាយផ្តួលរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត នោះ កម្លាំងសាមគ្គីមួយ ដែលមានឈ្មោះថា «រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ។
«រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» កកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និង ក្រៅប្រទេស ដែលមានសមាមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន ព្រមទាំងវីរជនស្នេហាជាតិជាច្រើរូបទៀត ជាប្រមុខដឹកនាំ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឥស្សរជនខ្មែរមួយរូបក្នុងចំណោមឥស្សរជនខ្មែរជាច្រើនរូបទៀត ដែលបានតស៊ូ រំដោះប្រទេសកម្ពុជាចេញពីរបប ដ៏ប្រល័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្លាប់បានបញ្ជាក់ថា រណសិរ្ស ២ ធ្នូ ១៩៧៨ គឺជាប្រភពនាំមកនូវថ្ងៃជ័យ ជម្នះ ៧ មករា និងជាប្រភពនាំមកនូវការរីកចម្រើន និង ភាពសុខដុមរមនា ដែលកម្ពុជាមានសព្វថ្ងៃ។
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ២ ធ្នូ ១៩៧៨ ជាសច្ចធម៌ប្រវត្តិសាស្ត្រកម្ពុជា ដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ បើទោះពេលវេលាបានកន្លងផុតទៅអស់រយៈពេលច្រើនឆ្នាំក្តី។ សម្តេចបន្តថា ក្នុងកាលៈទេសៈ ដ៏វេទនានេះ គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានក្រោកឈរឡើងដឹកនាំចលនាតស៊ូ វាយផ្ដួលរំលំរបបយង់ឃ្នងនេះ រហូតសម្រេចបានជ័យជម្នះនាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ហើយបើកឡើងទំព័រថ្មី នៃប្រវត្តិសាស្ត្រកម្ពុជា។
ដើម្បីរម្លឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនេះ វិមានរម្លឹកអនុស្សាវរីយ៍ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសាងសង់ឡើងយ៉ាងធំស្កឹមស្កៃក្រោមតម្លៃជិត ៤លានដុល្លារ និង ត្រូវបើកសម្ពោធកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ពញាចក្រី ហេង សំរិន ប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍មួយនេះ«រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានដាក់ចេញ សេចក្តីថ្លែងការណ៍ ១១ ខ រួមមាន៖
១- អនុវត្តន៍មាគ៌ាមហាសាមគ្គីជាតិ វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទូទាំង ប្រទេស។ បង្កើតរដ្ឋធម្មនុញ្ញាថ្មីសំដៅធានាអះអាងរាល់សិទ្ធិស្មើភាព សេរី ភាព ប្រជាធិបតេយ្យពិតប្រាកដរបស់ប្រជាជន។
២- កសាងរាល់សមាគម ដែលជាសមាជិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមែប្រមូលគ្រប់កម្លាំងក្នុងសង្គម គ្រប់មជ្ឈដ្ឋាន មានសមាគមយុវជន នារី សហជីព កសិករ និងសមាគមបញ្ញវន្ត។ល។
៣- កសាង និង ពង្រឹងកម្លាំងកងទ័ពជាតិ ដើម្បីការពារមាតុភូមិ ការពារអាយុជីវិត និង ទ្រព្យសម្បត្តិប្រជាជន ការពារនូវឯករាជ្យ អធិតេយ្យ និង បូរណភាពទឹកដី។
៤- អនុវត្តន៍សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។ គោរពសិទ្ធិ និង តម្លៃមនុស្សរបស់ប្រជាជន គ្រប់ជាន់ថ្នាក់។ បើកសិទ្ធិជូនប្រជាជនឲ្យវិលត្រឡប់មករស់នៅតាមភូមិឋានចាស់របស់ខ្លួន និងកសាងជីវ ភាពរស់នៅប្រកបដោយសុភមង្គលក្នុងគ្រួសារឡើងវិញ។ ធានាសិទ្ធិក្នុងការស្នាក់អាស្រ័យ នូវការធ្វើដំណើរក្នុងប្រទេសដោយសេរី មានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង មានសិទ្ធិសេរីភាពក្នុង ការនិយាយស្តី មានសិទ្ធិសេរីក្នុងការបង្កើតសមាគម មានសិទ្ធិសេរីភាពក្នុងជំនឿសាសនា មានសិទ្ធិប្រកបពល កម្ម សម្រាក និង រៀនសូត្រ។ ធានាអះអាងនូវសិទ្ធិសេរីភាពខាងរូបកាយរបស់ប្រជាជនគ្រប់រូប។ មានសិទ្ធិរស់នៅស្មើភាព។ មានកាតព្វ កិច្ច និងមានផលប្រយោជន៍ដូចគ្នា។
៥- អនុវត្តន៍មាគ៌ាសេដ្ឋកិច្ច ឯករាជ្យតាមដំណាក់កាលនីមួយៗ កសាងឡើងវិញនូវទឹកដី ដែលបំផ្លិចបំផ្លាញ ជួសជុលសេដ្ឋកិច្ចថ្មី គឺសេដ្ឋ កិច្ចបម្រើផលប្រយោជន៍លើមូលដ្ឋានពង្រីកកសិកម្ម និង ឧស្សាហកម្ម ។ បំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើរួមហូបរួមបំបាត់ចោលរបបគៀរប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិប្រជាជន បើកធនាគារ ចាយវាយក្រដាសប្រាក់ ជួសជុល និងពង្រីកការផ្លាស់ប្តូរនូវរាល់មុខទំនិញ បើកទូលាយការ លក់ដូរក្នុងប្រទេស លុបបំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើពលកម្មបាក់កម្លាំង ។
៦- បំបាត់ចោលរបបអាពាហ៍ពិពាហ៍ដោយចាប់បង្ខំ។ អនុវត្តន៍របបកសាងជីវភាពគ្រួសារ អនុវត្តន៍ សិទ្ធិស្មើភាពរវាងបុរស និង នារី។ លើកទឹកចិត្តនារីឲ្យបានរៀនសូត្រខាងវប្បធម៌ និងមុខវិជ្ជាជំនាញ ដើម្បីបម្រើសង្គមជួយឧបត្ថម្ភដល់ជនពិការ គ្រួសារពលីមរណៈ។ យក ចិត្តទុកដាក់អ្នកចាស់ជរា ក្មេងកំព្រា ស្ត្រី មេម៉ាយ។ មានមាគ៌ាត្រឹមត្រូវចំពោះបងប្អូនខ្មែរកំពុងរស់នៅបរទេស និងជនបរទេសកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។
៧- បំបាត់ចោលវប្បធម៌ប្រតិកិរិយា ហើយកសាងវប្បធម៌ថ្មី មានចរិកជាតិ និងទស្សនៈប្រជាជន។ បំបាត់គ្រោះអវិជ្ជា ពង្រីកកម្រិតសិក្សាគ្រប់ថ្នាក់ និង វិជ្ជាជីវៈជំនាញ ។ ថែរក្សាការពារវត្ថុបុរាណ បេតិកភណ្ឌ ជាតិ សួនឧទ្យាន វត្តអារាម ដែលត្រូវ ប៉ុល ពត បំផ្លាញ។
៨- អបអរសាទរ និងបង្កលក្ខណៈងាយស្រួលដល់នាយទាហាន ពលទាហាន ក្នុងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែលបានបោះបង់របប ប៉ុល ពត ហើយវិលត្រឡប់មករួមរស់ជាមួយប្រជាជន ។ ផ្តទ្ទាទោសមេក្លោងក្បាលរឹង និងអនុគ្រោះចំពោះអ្នកស្មោះត្រង់ និងកែប្រែទាន់ពេលវេលា ព្រមទាំងលើកសរសើរ ចំពោះអ្នកមានស្នាដៃ ។
៩- អនុវត្តន៍មាគ៌ាបរទេស សន្តិភាព មិត្តភាព និងមិនចូលបក្ខសម្ព័ន្ធជាមួយប្រទេសទាំងឡាយ ដោយមិនប្រកាន់របបនយោបាយសង្គម លើលក្ខការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ និងបូរណ ភាពដែនដីគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក ។
១០- ដោះស្រាយរាល់បញ្ហាវិវាទជាមួយបណ្តាប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើមូលដ្ឋានគោរព ឯករាជ្យ អធិបតេយ្យ និងបូរណ ភាពដែនដីគ្នាទៅវិញទៅមក។ បញ្ចប់សង្គ្រាមតាមព្រំដែនជាមួយវៀតណាម ដែលពួក ប៉ុល ពត បង្កឡើង។ ស្ថាបនាឡើងវិញនូវចំណង មិត្តភាព សហប្រតិបត្តិការល្អ ក្នុងន័យជាអ្នកភូមិ ផងរបងជាមួយ និងបណ្តាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ រួមចំណែកកសាងភូមិ ភាគអាស៊ីអាគ្នេយ៍ជា មណ្ឌលមួយប្រកបដោយសន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និងសម្បូណ៌ស្តុកស្តម្ភ ។
១១- បង្កើនសាមគ្គីភាពជាមួយបណ្តាប្រទេសលើសកលលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និង វឌ្ឍនសង្គម៕