(ភ្នំពេញ)៖ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៤នាក់ បានធ្វើសកម្មភាពបាញ់ជាច្រើន ទៅលើជនរងគ្រោះ២នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ បណ្តាលឲ្យត្រូវបុរសជាម្ចាស់ម៉ូតូមួយគ្រាប់ ត្រង់ចង្កេះរងរបួសធ្ងន់ធ្ងរ ប្លន់យកម៉ូតូ Dream C125 សេរីឆ្នាំ២០១២​ បានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាព​ នៅម៉ោង៤៖០០នាទីទៀបភ្លឺ ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុចមុខសាលាបឋមសិក្សាឃ្មួញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមសំដីជនរងគ្រោះឈ្មោះ​ រី​ ទក ​ភេទប្រុស អាយុ២៩ឆ្នាំ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុរូបគេ បានជិះម៉ូតូមួយគ្រឿង Honda Dream C125​ ពណ៌​ខ្មៅសេរីឆ្នាំ២០១២ មិនចាំស្លាកលេខ ជិះគ្នា២នាក់សង្សារ ដោយធ្វើដំណើរតាមបណ្តោយផ្លូវហានណូយ ដែលទើបតែមកពីផ្ទះមីងជាមួយសង្សារ នៅម្តុំផ្សារដីហុយ​ ក្នុងបំណងត្រលប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ និងជិតដល់ផ្ទះផងនោះ​ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មានម៉ាក Scoopy និងម៉ាក Yamaha FZ ពណ៌ក្រហម ប្រដាប់ដោយកាំភ្លើងខ្លី មិនចាំម៉ាក២ដើម បានមកកៀរឲ្យឈប់ ហើយដកកាំភ្លើងពីចង្កេះបាញ់ប្រហារ មកលើជនរងគ្រោះជាច្រើនគ្រាប់ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ និងជាសង្សារត្រូវត្រង់ចង្កេះមួយគ្រាប់ រួចហើយក្រុមជនចោរបានប្លន់ យកម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះ បានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕