(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​គឺជាស្ថាប័នកំពូលរបស់ជាតិបង្កើតឡើង​ក្នុងគោលបំណងជួយព្រះមហាក្សត្រ​ដើម្បីធានាឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញ​កម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានវិសាលភាពអនុវត្តទៅលើចៅក្រម​និង ព្រះរាជអាជ្ញា​នៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់​ដោយឡែកកំណត់ផ្សេងពីនេះ។

ឧត្តមក្រុមប្រឹក្សា​នៃអង្គចៅក្រម ​មានអង្គព្រះមហាក្សត្រ ​គង់ជាព្រះប្រធាន អមដោយសមាជិកចំនួន១១រូប ដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំង​ដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និង ការជ្រើសតាំងដោយរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។ សមាជិកមួយចំនួន​ទៀតគឺ​ជ្រើសតាំងតាមរយៈការបោះឆ្នោតក្នុងចំណោម​ចៅក្រម​ និងព្រះរាជអាជ្ញានៃសាលា​ជម្រះក្តីជាន់ខ្ពស់ រួមទាំង​ចៅក្រម​ពេញសិទ្ធិ​ និង​ព្រះរាជអាជ្ញា​ពេញសិទ្ធិ​នៃសាលាដំបូង។

សមាជិក​ជ្រើសតាំង​ឧត្តមក្រុមប្រឹក្សា​នៃអង្គចៅក្រម ត្រូវបានជ្រើសក្នុងចំណោម​ឥស្សរជន​ជាចៅក្រម ​ឬព្រះរាជ​អាជ្ញាពេញសិទ្ធិ​ ឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច១៥ឆ្នាំឡើង​ក្នុងវិស័យច្បាប់ ឬតុលាការ។ សមាជិកជ្រើសតាំងទាំងនេះ​មានអាណត្តិ៥ ឆ្នាំ ហើយអាចឈរឈ្មោះជាថ្មី​សម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន។

សមាសភាពឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម​ចំនួន១១រូប រួមមាន៖

*** សម្តេចព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាព្រះប្រធាន

១. លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិកទី១ នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
២. លោក ជីវ កេង ប្រធានតុលាការកំពូល ជាសមាជិក
៣. លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ​អមតុលាការកំពូល ជាសមាជិក
៤. លោក លាង សួគ៌ ជាសមាជិក
៥. លោក អ៊ិត រ៉ាឌី ជាសមាជិក
៦. លោក ប្លង់ ឆ្លាម ជាសមាជិក
៧. លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី ជាសមាជិក
៨. លោក វ៉េង ប៊ុនធឿន ជាសមាជិក
៩. លោក សេង ប៊ុនឃាង ជាសមាជិក
១០. លោក អ៊ីវ បូរិន្ទ ជាសមាជិក
១១. លោក ស្រ៊ា រតនៈ ជាសមាជិក