(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តី​ប្រកាសថា៖ រយៈពេលពីថ្ងៃទី០១ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទទួលម្ចាស់យានយន្ត ដែលមានស្រាប់ក្នុងប្រទេសស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករគិតជាទឹកប្រាក់ សរុបប្រមាណ ១២.០៦៤.៤៩១.៧៣០រៀល ដែលក្នុងនោះរថយន្តចំនួន១០០គ្រឿង គ្រឿងចក្រ០២គ្រឿង រ៉ឺម៉កសឺមីរ៉ឺម៉ក ៧០គ្រឿង និងទោចក្រយានយន្តចំនួន៨០៣គ្រឿង។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន ដែលជាម្ចាស់យានយន្តគ្មានពន្ធគ្រប់ប្រភេទ ដែលមិនទាន់បានចូលមកបង់ពន្ធ និងអាករដោយស្ម័គ្រចិត្តសូមមេត្តារួសរាន់មកបំពេញកាតព្វកិច្ចពន្ធក្នុងដំណាក់ទី១ ដើម្បីទទួលបានអនុគ្រោះលើប្រាក់ពិន័យ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមកោតសរសើរនិងថ្លែងអំណរគុណដល់ម្ចាស់យានយន្ត ដែលបានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាពេល​កន្លងមកផងដែរ។

ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះត្រួតពិនិត្យនូវអនុលោមភាពតាមដងផ្លូវសាធារណៈ ឃ្លាំងលក់រថយន្ត និងគេហដ្ឋានស្របតាមច្បាប់​និងបទប្បញ្ញត្តិជាធរមាន៕