(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានលើកឡើងនូវការចង់លេងល្បែងនយោបាយមួយ ដែលលោកបានដាក់ឈ្មោះថា «ល្បែងមុជទឹក អត់ដង្ហើម»។

«ល្បែងមុជទឹក អត់ដង្ហើម» ដើម្បីរង់ចាំមើលថា តើអ្នកណាអាចទ្រាំយូរជាងគេនៅក្នុងទឹកនោះគឺជាល្បែងមួយ សម្តៅដល់ការបិទច្រកព្រំដែនរវាងថៃនិងកម្ពុជា ក្នុងបរិបទនយោបាយដែលថាក់ស៊ីន ចង់ខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា។ តើ ថាក់ស៊ីន ដែលរងទោសប្រមាថស្តេចថៃ នឹងអាចលេងល្បែងនយោបាយនេះបានចប់សព្វគ្រប់ដែរឬទេ? ហើយតើវាសនារបស់ ថាក់ស៊ីន អាចក្លាយជាយ៉ាងណា? Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅក្នុងពិភពនយោបាយមួយដែល «អ្នកលេង» មិនធ្លាប់ជួបប្រទះ«អ្នកមែនទែន»,សម្តីអួតអាងនូវការចង់ផ្ចាញ់ប្រទេសមួយក្នុងយុទ្ធសាស្ត្រដ៏ប្រថុយប្រថានរបស់«អ្នកលេង» នោះ គឺប្រៀបដូចជាការទះធុង ឬប៉ោតដែលគ្មានទឹកតែប៉ុណ្ណោះ។ អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន បានបង្ហាញនូវល្បែងនយោបាយមួយ ដែលបានដាក់ឈ្មោះថា «ល្បែងមុជក្នុងទឹក អត់ដង្ហើម»។ ល្បែងនយោបាយរបស់ ថាក់ស៊ីន ក្នុងការរង់ចាំមើលថា តើអ្នកណាអាចទ្រាំយូរជាងគេនៅក្នុងទឹកនោះ គឺជាល្បែងនៃការចង់ដាក់សម្ពាធសេដ្ឋកិច្ច តាមរយៈការបិទច្រកព្រំដែនរវាងថៃនិងកម្ពុជា និងជានយោបាយ ដែលចង់ខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់ខ្មែរ ក្រោមទស្សនៈមួយដែល ថាក់ស៊ីន គិតថាសេដ្ឋកិច្ចជាតិរបស់កម្ពុជា នឹងត្រូវដួលរលំប្រសិនណាបើថៃបិទខ្ទប់ច្រកព្រំដែនរវាងប្រទេសទាំង២នោះ។

ប៉ុន្តែក្នុងល្បែងដែលចង់ប្រើប្រាស់សម្ពាធសេដ្ឋកិច្ច ធ្វើជាអាវុធដើម្បីចង់ផ្តាច់ដង្ហើមសេដ្ឋកិច្ចកម្ពុជានោះ អាចប្រហែលមកពី ថាក់ស៊ីន មើលស្រាលនូវភាពធន់របស់កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់ភាពលំបាក និងឧបសគ្គតូចធំរាប់មិនអស់ទម្រាំបានរឹងប៉ឹងដូចបច្ចុប្បន្ននេះ។ ខណៈសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់វិញថា កម្ពុជា ដែលមិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចក្នុងការកំដរលេងល្បែងនយោបាយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងសម្លឹងមើលទៅកាន់អ្នកជំរុញលេងល្បែងនេះវិញដែរ ដើម្បីចង់ឃើញថាតើ ថាក់ស៊ីន អាចធន់ដង្ហើមរបស់ខ្លួនយូរប៉ុណ្ណាដែរ ក្នុងល្បែងដែលគាត់បានស្នើឡើងដើម្បីចង់លេងជាមួយនឹងកម្ពុជានេះ។

* ស្នៀតរបស់ថៃ ស្ថិតក្នុងដៃរបស់តេជោ
តាមពិតស្នៀតទប់ទល់ជាមួយនឹងការដាក់សម្ពាធសេដ្ឋកិច្ចតាមរយៈការបិទច្រកព្រំដែននេះ មានច្រើនណាស់ ប៉ុន្តែអ្វីមួយដែលកម្ពុជា បានត្រៀមក្នុងការទប់ទល់នោះគឺថាតើលោក ថាក់ស៊ីន ដែលមិនទាន់រួចខ្លួនពីការចោទប្រកាន់តាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសថៃនៃមាត្រា១១២ ក្នុងច្បាប់ព្រហ្មទណ្ឌ នៃទង្វើប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯងនោះ នឹងអាចដើរផុតពីរង្វង់ផ្លូវច្បាប់ចោទប្រកាន់នោះរួចដែរឬទេ?

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បច្ចុប្បន្ននេះ នៅមិនទាន់រួចពីការចោទប្រកាន់របស់តុលាការថៃ ពីទង្វើមួយនៃការប្រមាថព្រះមហាក្សត្រថៃ យោងតាមមាត្រា១១២នោះឡើយ។ បទចោទប្រកាន់នោះគឺយោងតាមសម្តីដែលលោក ថាក់ស៊ីន ធ្លាប់បានសម្ភាសន៍ក្នុងឆ្នាំ២០១៥ ជាមួយនឹងសារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo។ បទសម្ភាសន៍នោះបាននាំឱ្យ ថាក់ស៊ីន ត្រូវបានគេចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំសិន ដោយរង់ចាំការកាត់ក្តីរបស់តុលាការ។

លោក ថាក់ ស៊ីន កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ទើបតែងបានបង្ហាញខ្លួនចុងក្រោយនៅចំពោះមុខតុលាការថៃ ទាក់ទងនឹងករណីប្រមាថព្រះមហាក្សត្រថៃនេះ ដែលជាច្បាប់គេអាចផ្តន្ទាទោសម្តងដោយដាក់គុករវាងពី៣ដល់១៥ឆ្នាំ បើសិនណាជាបានរកឃើញថា មានទោសក្នុងការប្រមាថព្រះមហាក្សត្រថៃ មែននោះ។ ហើយបើសិនជាមានការទម្លាយរឿងថ្មីនៃទង្វើប្រមាថព្រះមហាក្សត្រថៃ ជាបន្ថែមទៀតនោះ តើវាសនារបស់លោក ថាក់ស៊ីន នឹងក្លាយទៅជាយ៉ាងណា?

ថាក់ស៊ីន គឺជាមនុស្សដែលធ្លាប់ប្រព្រឹត្តអំពើក្បត់ជាច្រើន ដែលមិនត្រឹមតែក្បត់ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជួយយកអាសាររូបគាត់ក្នុងពេលមានអាសន្នប៉ុណ្ណោះទេ, ថាក់ស៊ីន ហ៊ានក្បត់សូម្បីតែចំពោះជនជាតិថៃខ្លួនឯង, ហ៊ាននិយាយបើកកកាយផ្ទៃក្នុងរបស់ថៃ ប្រាប់ទៅបរទេសនិងហ៊ាននិយាយប្រមាថដល់ព្រះមហាក្សត្រថៃរបស់ខ្លួនឯងថែមទៀត។ សម្តេចតេជោ បានថ្លែងព្រមានថា សម្តេចត្រៀម នឹងយកពេលប្រមាណ៣ម៉ោងដើម្បីទម្លាយរឿង ថាក់ស៊ីន ដែលប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯង ទាំងព្រះមហាក្សត្រថៃជំនាន់មុន និងព្រះមហាក្សត្រថៃបច្ចុប្បន្ន។

* តើការបិទច្រកព្រំដែន បានធ្វើឱ្យល្បែងនយោបាយខ្ទប់ដង្ហើមសេដ្ឋកិច្ចកម្ពុជា បានសម្រេចដែរឬទេ?
ទង្វើបិទច្រកព្រំដែនបង្កើតឡើងដោយប្រទេសថៃ កំពុងតែបំផ្លាញសេដ្ឋកិច្ចជាតិរបស់ថៃយ៉ាងធ្ងន់ធ្ងរ។ ជាច្រើនទសវត្សមកហើយ ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ មុនព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា បានរីកដុះដាលពេញព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅក្នុងខេត្តដូចជា ខេត្តស្រះកែវ សូរិន និងខេត្តត្រាត។ ជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ តែងពឹងផ្អែកលើលំហូរពាណិជ្ជកម្មឆ្លងព្រំដែន។

សេចក្តីរាយការណ៍កាសែតក្នុងប្រទេសថៃ បានសរសេរថា ផលប៉ះពាល់នៃសេដ្ឋកិច្ចថៃ ដោយសារតែការបិទព្រំដែនថៃ-កម្ពុជា បានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំណូលពាណិជ្ជកម្មតាមព្រំដែន ខណៈនៅឆ្នាំ២០២៤ ពាណិជ្ជកម្មតាមព្រំដែនថៃ-កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណ៥ពាន់លានដុល្លារ ដោយប្រទេសថៃទទួលបានអតិរេកពាណិជ្ជកម្ម ជិត៣ពាន់លានដុល្លារ។ ការបិទព្រំដែនដ៏យូរអាចរំខានដល់ការនាំចេញពាណិជ្ជកម្មកសិកម្ម និងសេវាកម្មឆ្លងដែនយ៉ាងធ្ងន់ធ្ងរ។

កាសែតក្នុងប្រទេសថៃ បានសរសេរអំពីភាពធ្លាក់ចុះនៃវិស័យទេសចរណ៍ ជាពិសេសប៉ុស្តិ៍ត្រួតពិនិត្យអារញ្ញ-ប៉ោយប៉ែត ក្នុងខេត្តស្រះកែវ ដែលជាកន្លែងមមាញឹកបំផុតបានធ្លាក់ចុះចំនួន៤៣% នៃលំហូរភ្ញៀវទេសចរ។ ប្រការនេះ បាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃការកាន់កាប់សណ្ឋាគារ និងប្រាក់ចំណូលពីទេសចរណ៍ក្នុងស្រុករបស់ថៃ។

កាសែតក្នុងប្រទេសថៃ នៅបានសរសេរអំពីភាពរំខាននៃសេវាសុខភាព និងលំហូរការងារ ដែលពីមុនធ្លាប់តែមានពលករខ្មែរ និងចំនួនអ្នកជំងឺកម្ពុជា ជាច្រើនឆ្លងចូលប្រទេសថៃ ប៉ុន្តែនយោបាយបិទព្រំដែនរបស់ថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យពលកម្ម ដែលដើរតួនាទីសំខាន់ក្នុងវិស័យកសិកម្មថៃ។ សមាគមធុរកិច្ចថៃ បានព្រមានថា ការបន្តបិទអាចបណ្តាលឱ្យមានការខូចខាតយូរអង្វែងដល់សកម្មភាពសេដ្ឋកិច្ចរបស់ថៃនៅក្នុងខេត្តជាប់ព្រំដែន។ នយោបាយបិទច្រកព្រំដែនរបស់ថៃនេះ បានជះឥទ្ធិពលដោយផ្ទាល់ និងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅតាមព្រំដែនរបស់ប្រទេសថៃ។

នយោបាយនេះទៀត នៅបានបង្កឱ្យមានភាពចលាចលក្នុងស្រុក ដោយមានសម្ពាធតវ៉ាកាន់តែកើនឡើងពីសហគមន៍ពលរដ្ឋតាមព្រំដែន និងភាពចលាចលនយោបាយកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងបាងកក។ ការធ្លាក់ចុះនេះ មិនត្រឹមតែគំរាមកំហែងដល់ជីវភាពក្នុងស្រុករបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កអស្ថិរភាពសេដ្ឋកិច្ចជាតិ និងការបាត់បង់ទំនុកចិត្តរបស់អ្នកវិនិយោគក្នុងប្រទេសថៃផងដែរ។ ដូច្នេះ នៅក្នុងបរិបទនៃ «ល្បែងនយោបាយ» របស់ថាក់ស៊ីន ដែលមានគោលបំណងចង់ខ្ទប់ដង្ហើមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបិទច្រកព្រំដែននោះ មិនត្រឹមតែបរាជ័យក្នុងការមិនអាចដាក់សម្ពាធមកលើកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែជះវិបត្តិធ្ងន់ធ្ងរដាក់ទៅលើសេដ្ឋកិច្ចរបស់ថៃខ្លួនឯងវិញផងទៀត។

ខណៈដែលថៃ កំពុងរងផលប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម, ទេសចរណ៍ កម្លាំងពលកម្ម និងស្ថិរភាពនយោបាយ, សម្រាប់កម្ពុជាវិញ គឺមិនមែនជាប្រទេសដែលមិនធ្លាប់ស្គាល់សេចក្ដីលំបាកនោះឡើយ។ ប្រទេសកម្ពុជា គឺជាប្រទេសដែលបានឆ្លងកាត់វិបត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០, ការឆ្លងកាត់របបដឹកនាំខ្មែរក្រហម ដែលគ្មានសហគមន៍អន្តរជាតិណាបានចូលមួយជួយសង្គ្រោះឡើយ, ក្រោយមកការបន្តឆ្លងកាត់សង្គ្រាមស៊ីវិល, ការរងសម្ពាធសេដ្ឋកិច្ចអន្តរជាតិរយៈពេលដល់ទៅ១២ឆ្នាំ និងឧបសគ្គជាច្រើនទៀត។ ទាំងនេះ គឺជាអតីតបទពិសោធន៍ដែលធ្វើឱ្យកម្ពុជាមានភាពរឹងមាំដូចសព្វថ្ងៃ។

ដូច្នេះល្បែងនយោបាយ «មុជទឹក អត់ដង្ហើម” ដែលថាក់ស៊ីន បានបបួលកម្ពុជានេះ វាគ្រាន់តែជាការប្រកួតសម្ពាធនយោបាយសាមញ្ញមួយ ដែលមិនអាចធ្វើឱ្យកម្ពុជា នៃប្រទេសដែលធ្លាប់បានឆ្លងផុតវាលមរណៈជាច្រើនលើករងភាពរង្គោះរង្គើបានឡើយ។

ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតានៃសន្តិភាពជាតិ និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ល្បែងនយោបាយ «មុជទឹក អត់ដង្ហើម» គ្រាន់តែជាកូនល្ខោនដ៏តូចមួយតែប៉ុណ្ណោះ។

ប៉ុន្តែសំណួរដ៏ពិតប្រាកដទៅវិញនោះគឺថាតើ ថាក់ស៊ីន ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃនោះ អាចមានឱកាសលេងល្បែងនយោបាយ «មុជទឹក អត់ដង្ហើម» របស់ខ្លួនបានដែរឬទេ? ហើយតើ ថាក់ស៊ីន អាចបញ្ចប់ការប្រកួតល្បែងនយោបាយនេះ ក្នុងទង្វើដែលគាត់កំពុងសាងបាប នៃអំពើក្បត់ចំពោះអ្នកដែលធ្លាប់ជួយសង្គ្រោះជីវិត, ក្បត់ប្រយោជន៍នៃប្រជាជនថៃ និងកំពុងរងការសង្ស័យក្បត់មាត្រា១១២ នៃច្បាប់ព្រហ្មទណ្ឌ លើទង្វើប្រមាថព្រះមហាក្សត្រថៃរបស់ខ្លួនឯងដែរឬទេ? ក្នុងទ្រឹស្តីនៃហេតុកម្មនិងផល អ្នកណាដែលសាងអំពើបាប រមែងតែងតែទទួលបាននូវអំពើបាបរបស់ខ្លួនវិញជាមិនខានឡើយ៕