(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញនូវឯកសារច្បាប់ពីសម័យដឹកនាំសង្គមរាស្ត្រនិយម ដែលជាច្បាប់ស្តីពី «ការបាត់បង់សញ្ជាតិខ្មែរ»។ ការបង្ហាញឯកសារច្បាប់នេះ គឺនៅច្រើនថ្ងៃមុននឹង កិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ដើម្បីពិនិត្យលើការធ្វើច្បាប់ដកសញ្ជាតិពីក្រុមក្បត់ជាតិ ដែលបម្រើផលប្រយោជន៍បរទេសប្រឆាំងជាតិរបស់ខ្លួនឯង។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖
នៅពេលដែលអធិបតេយ្យភាពជាតិ កំពុងជួបនឹងការគំរាមកំហែងទាំងពីខាងក្រៅផង និងខាងក្នុងផង ជាពិសេសក្រុមខ្មែរក្បត់ជាតិមួយក្តាប់តូច ដែលរស់នៅក្រៅប្រទេសនោះ, បេះដូងនៃភាពជាអ្នកដឹកនាំជាតិដ៏ពិតប្រាកដ មិនអាចវាស់តម្លៃត្រឹមតែពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវាស់តម្លៃតាមសកម្មភាពរៀបចំផ្លូវច្បាប់ដែលរឹងមាំ ដែលមានទិសដៅច្បាស់លាស់ ក្នុងផលប្រយោជន៍ដើម្បីការការពារជាតិ។ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញភាពច្បាស់លាស់នូវជំហររឹងមាំ ក្នុងភាពជាអ្នកដឹកនាំស្ថាប័ននិតិបញ្ញត្តិ ដោយលោកបានបង្ហាញឯកសារច្បាប់ពីសម័យសង្គមរាស្ត្រនិយមរបស់សម្តេចព្រះ នរោត្តម សីហនុ ដែលជាឯកសារនៃ ចំណាត់ការរបស់អតីតរាជរដ្ឋាភិបាលជំនាន់មុន ក្នុងការធ្វើច្បាប់ដកសញ្ជាតិ។ ការលាត ត្រដាងឯកសារច្បាប់នេះទៀត គឺជាការបង្ហាញនូវភាពទទួលខុសត្រូវរបស់អ្នកដឹកនាំកំពូល របស់ជាតិខ្មែរ ដែលលោកតែងគិតគូរដល់សុខទុក្ខ និងវាសនានៃពលរដ្ឋខ្មែរទាំង១៧លាននាក់ ដើម្បីសន្តិភាព និងវឌ្ឍនភាពរបស់ជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ជាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយមដែរ»។
ការលាតត្រដាងនូវឯកសារចំនួន២ ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការបាត់បង់សញ្ជាតិខ្មែរ» ដែលចុះហត្ថលេខាដោយសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានគេចាត់ទុកថា ជាយុត្តិកម្មផ្នែកច្បាប់ដ៏មានឥទ្ធិពល និងមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
យោងតាមខ្លឹមសារនៃឯកសារទាំង២ ដែលបានលាតត្រដាងមកនេះ គឺទីមួយឯកសារនៃព្រះរាជក្រម ឆ្នាំ១៩៦៨ ស្តីពីច្បាប់បាត់បង់សញ្ជាតិខ្មែរ ដែលក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ជាតិខ្មែរ ខ្មែរណា ដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធង្សនា ក្បត់ជាតិ ឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។
ឯកសារមួយទៀតគឺ ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ស្ទួន (ចំណុច៣) បានថែងថា៖ «ជនជាតិខ្មែរ ដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមកធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ, ក្រោយដែលបានប្រព្រឹត្តបទប្រទុស្សរ៉ាយនឹងសេចក្តីសុខសាន្ត ក្នុងព្រះនគរ និងក្រៅព្រះនគរហើយរត់ទៅជ្រកនឹងបរទេស ដើម្បីនឹងបន្តសកម្មភាពវិទ្ធង្សនាតទៅទៀតនោះ គឺនឹងត្រូវបាត់បង់សញ្ជាតិខ្មែរផងដែរ។
ក្នុងមាត្រា២៥ស្ទួន ក្នុងក្រមរដ្ឋប្បវេណីដដែលក្នុងចំណុច២ បានសរសេរអំពីការបាត់បង់សញ្ជាតិចំពោះ «ជនជាតិខ្មែរដែលនៅបរទេស ហើយនៅតែធ្វើជាអ្នករាជការបរទេស ថ្វីបើរដ្ឋាភិបាលខ្មែរ បានបញ្ជាដាច់ខាតឱ្យលាលែងពីមុខងារនោះនៅក្នុងរយៈពេលវេលាមានកំណត់ក៏ដោយ»។
ឯកសារទាំងពីរពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការបាត់បង់សញ្ជាតិខ្មែរ» ដែលមានស្មាមព្រះហស្ថលេខារបស់សម្តេចព្រះ នរោត្តម សីហនុ មានសរសេររៀបរាប់នូវខ្លឹមសារជាច្រើនថែមទៀត។ វិសោធនកម្ម ដែលប្រទេសកម្ពុជាត្រៀមនឹងធ្វើនៅសប្តាហ៍ក្រោយនេះ នឹងអនុញ្ញាតឱ្យមានការដកហូតសញ្ជាតិខ្មែរ ពីអ្នកដែលប្រព្រឹត្តអំពើក្បត់ជាតិ និងធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍ជាតិ។
គួរបញ្ជាក់ថា ខណៈពេលដែលប្រជាជនខ្មែរទូទាំងប្រទេស កំពុងបង្ហាញភាពរួបរួមជាធ្លុងមួយក្នុងការគាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការគំរាមកំហែង និងអំពើឈ្លានពានពីប្រទេសថៃនោះ, បុគ្គលក្បត់ជាតិបីជំនាន់ សម រង្ស៊ី បែរជានិយាយខុសពីការពិត ដោយចោទថា ទង្វើរបស់មេដឹកនាំកម្ពុជា នាពេលបច្ចុប្បន្ន មិនមែនជាចលនារក្សាឯករាជ្យជាតិនោះទេ ប៉ុន្តែជារឿង «ភ័យខ្លាចបាត់បង់ប្រាក់រាប់ពាន់លានដុល្លារ» ពីបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ ដែលជារឿងខុសពីការពិតទាំងស្រុង។
សម្តីចោទប្រកាន់និងមួលបង្កាច់នូវការពិតនេះ មិនត្រឹមតែបំពានលើសេចក្ដីស្រឡាញ់ជាតិ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសំឡេងស្ទួន បំពងតាមការចោទរបស់មេដឹកនាំថៃ ដែលព្យាយាមបិទបាំងអំពើឈ្លានពាន និងជាការបកស្រាយព្រឹត្តិការណ៍ខុសស្រឡះ នូវអ្វីដែលថៃបានប្រព្រឹត្តមកលើកម្ពុជា។ អំពើក្បត់ជាតិ និងក្បត់ប្រជាជនខ្មែរនោះហើយ ដែលសមនឹងការទទួលទោសធ្ងន់ធ្ងរបំផុត ដោយមានលទ្ធផលជាការដកសញ្ជាតិពីបុគ្គល ដែលបោះបង់ភាពជាពលរដ្ឋខ្មែរដោយចេតនា និងបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិរបស់ខ្លួនឯងថែមទៀតនោះ។
សញ្ជាតិមិនមែនគ្រាន់តែជាឋានៈស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណងនៃការទទួលខុសត្រូវរវាងពលរដ្ឋ និងជាតិ។ កាតព្វកិច្ចរបស់ខ្មែររៀងរាល់គ្រប់ៗរូប គឺត្រូវការពារមាតុភូមិ និងប្រឆាំងរាល់អំពើក្បត់ជាតិ។ ដូច្នេះ នៅពេលបុគ្គលណាមួយ ប្រើប្រាស់សញ្ជាតិរបស់ខ្លួនជាឧបករណ៍ដើម្បីបំផ្លាញប្រទេសកំណើតរបស់ខ្លួនឯងហើយ ប្រទេសជាសាមី មិនត្រឹមតែប្រើសិទ្ធិរក្សាការពារជាតិ ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានកាតព្វកិច្ច ផ្តាច់ចំណងសញ្ជាតិ ដើម្បីការពារអធិបតេយ្យភាពនៃជាតិរបស់ខ្លួន ដោយមិនរួញរាឡើយ។
ព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ដើម្បីគូសបន្ទាត់ច្បាស់លាស់នូវទង្វើស្នេហាជាតិ និងទង្វើក្បត់ជាតិ រវាងពលរដ្ឋដែលមានការទទួលខុសត្រូវ និងអ្នកប្រព្រឹត្តអំពើក្បត់ប្រយោជន៍ជាតិ។ ការអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការតាក់តែងច្បាប់ដកហូតសញ្ជាតិ មិនមែនជាទង្វើលើកដំបូងរបស់កម្ពុជា ឬនៅលើពិភពលោកនេះឡើយ។ ការអនុវត្តច្បាប់របស់កម្ពុជា កំពុងដើរទន្ទឹមគ្នាជាមួយការឯកភាពជាសកល ដែលរក្សានូវភាពបរិសុទ្ធនៃបូរណភាពជាតិ លើសពីអ្វីៗទាំងអស់។
សម្តេចតេជោ ហ៊ុន សែន ក្នុងសំណេរតាមបណ្តាញសង្គមនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់ពលរដ្ឋខ្មែរថា ពាក់ព័ន្ធនឹងការធ្វើច្បាប់ដកសញ្ជាតិនេះ «មិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោក គឺប្រមាណ១៥០ប្រទេស ដែលមានច្បាប់ដកសញ្ជាតិ»។ សម្តេចតេជោ បានសរសេរបន្តថា «ប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម»។
ជារួម នៅលើពិភពលោកនេះ មានប្រទេសប្រមាណ១៥០ប្រទេស ឬ៧៩% ដែលមានចែងច្បាប់ដកសញ្ជាតិ ដោយហេតុផលទាក់ទងនឹងសន្តិសុខ, ខណៈ១៣៤ប្រទេស បង្កើតច្បាប់ដកសញ្ជាតិ ដោយហេតុផល «ក្បត់ជាតិ» និងមាន៣៧ប្រទេស ដែលទើបតែបានបង្កើតច្បាប់ដកសញ្ជាតិនេះ ចាប់ពីឆ្នាំ២០០០នោះមក។
ទង្វើបន្លំ និងក្បត់ផលប្រយោជន៍ជាតិរបស់ សម រង្ស៊ី គឺជាទង្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងក្បត់ប្រទេសខ្មែរ ដែលផ្តល់កំណើតដល់ពូជពង្សរបស់ខ្លួន, ទង្វើនេះ មិនអាចឱ្យគេអធ្យាស្រ័យបានឡើយ។ ជាមេខ្លោងនៃក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស សម រង្ស៊ី បានធ្វើសកម្មភាពជាបន្តបន្ទាប់ ដែលមិនត្រឹមតែបំផ្លាញអត្ថប្រយោជន៍ជាតិខ្មែរផ្ទាល់ខ្លួនប៉ុណ្ណោះទេ រួមមានការខ្វះភាពស្មោះត្រង់ចំពោះជាតិ ខ្វះក្តីគោរពចំពោះព្រះមហាក្សត្រដែលជាស្ថាប័នជាតិដ៏ខ្ពង់ខ្ពស់ បង្កើតចលនាហិង្សា ដើម្បីប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រព្រឹត្តទង្វើដែលជាប្រភពគំរាមកំហែងដល់សន្តិសុខជាតិថែមទៀត។
ហើយអ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀតគឺ សម រង្ស៊ី បានបង្ហាញនូវភាពជាខ្ញុំកញ្ជះនៃនយោបាយ របស់មេដឹកនាំថៃ ដែលកំពុងបង្ហាញអំពើមហិច្ឆតាចង់បំពានអធិបតេយ្យភាព និងបំបាត់កម្ពុជា ចេញពីផែនទីរបស់ពិភពលោក។ ទង្វើបែបនេះ គឺជាភស្តុតាងច្បាស់ក្រឡែត នៃការជួញដូរប្រយោជន៍ជាតិ ដើម្បីបំពេញអារម្មណ៍អំណាចនយោបាយផ្ទាល់របស់ខ្លួន និងបង្ហាញច្បាស់ថា ការគាំទ្រដល់ជនបែបនេះ គឺជាការគាំទ្រ ដល់ការបំផ្លិចបំផ្លាញជាតិខ្មែរនោះទៅវិញទេ។
ការលាតត្រដាងឯកសារច្បាប់ទាំងពីរ ដែលពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការបាត់បង់សញ្ជាតិខ្មែរ» គឺជាវិធានការរឹងមាំ ក្នុងការគាំទ្រចំពោះការត្រៀមចេញច្បាប់ដកសញ្ជាតិចំពោះជនក្បត់ជាតិ ជាពិសេសបុគ្គលដែលគុបគិតជាមួយបរទេស ដើម្បីបំផ្លាញអត្ថប្រយោជន៍ជាតិ។ វាជាច្បាប់ ច្បាប់ដ៏សមស្របបំផុត ដែលបង្ហាញពីសមត្ថភាព និងចក្ខុវិស័យយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការពារ និងថែរក្សាអធិបតេយ្យភាព សេរីភាព និងសេចក្ដីថ្លៃថ្នូរជាតិនិយមរបស់ខ្លួន៕