(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងលោកជំទាវ បានបំពេញទស្សនកិច្ច នៅកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរបេសកកម្មការទូតកម្រិតខ្ពស់មួយ រំលឹកខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-សិង្ហបុរី ដែលបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ១៩៦៥។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ ខណៈមានការប្រកួតប្រជែងឥទ្ធិពលនយោបាយ និងសម្ពាធពាណិជ្ជកម្ម ដែលចេះតែកើនឡើងបន្តបន្ទាប់នោះ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong មកកាន់កម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ និងជាកម្លាំងរួមមួយ ក្នុងការលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសទាំងពីរ។ លោក Lawrence Wong បានឡើងកាន់ជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចរបស់លោក មកកាន់ប្រទេសកម្ពុជានេះ គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ចណែនាំខ្លួនទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន។

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនៅកម្ពុជានេះ មិនត្រឹមតែជាការរំលឹកខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបញ្ជាក់ពីការចាប់ដៃគ្នាយ៉ាងជិតស្និទ្ធរវាងមេដឹកនាំរបស់កម្ពុជា និងសិង្ហបុរី ក្នុងការលើកស្ទួយវឌ្ឍនភាពរួម នៅលើឆាកអាស៊ានដែលកំពុងរងភាពរំខានពីសម្ពាធនយោបាយ និងឥទ្ធិពលប្រកួតប្រជែងភូមិសាស្ត្រនយោបាយ របស់ប្រទេសមហាអំណាចពិភពលោកថែមទៀត។

ប្រទេសកម្ពុជា និងសិង្ហបុរី បានសម្តែងក្តីរីករាយចំពោះទំនាក់ទំនងការទូតដ៏រឹងមាំ នៃអាយុកាលប្រាំមួយទសវត្សរ៍ ដែលបានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ១៩៦៥ នៅពេលដែលកម្ពុជាបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ជាផ្លូវការនូវអធិបតេយ្យភាពរបស់ប្រទេសសិង្ហបុរី។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Wong មិនត្រឹមតែផ្តល់កិត្តិយសដល់កេរ្តិ៍ដំណែលការទូតនេះប៉ុណ្ណោះទេ ថែមទាំងបានពង្រីកការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការវិនិយោគ និងការកសាងសន្តិភាពក្នុងតំបន់។ សំខាន់ជាងនេះទៅទៀត ដំណើរទស្សនកិច្ចនេះបានពង្រឹងការពិតថា នៅក្នុងសណ្តាប់ធ្នាប់ក្នុងតំបន់ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ប្រទេសតូចៗអាចទទួលបានភាពរឹងមាំ និងនិរន្តរភាព តាមរយៈសាមគ្គីភាព ការច្នៃប្រឌិត និងការជឿទុកចិត្តរវាង គ្នាទៅវិញទៅមក។

* ៦០ឆ្នាំនៃភាពជាដៃគូមិនចេះរីងស្ងួត
ប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរី ត្រូវបានចាក់ឫសជាមួយនឹងការគោរពគ្នាទៅវិញទៅមក ប្រកបដោយសុច្ឆន្ទៈ និងជាប្រវត្តិសាស្ត្រ។ ផ្តើមដំបូងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានប្រវត្តិសាស្ត្រលាតត្រដាង គឺមានតាំងពីសម័យព្រះករុណាព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ក្នុងទសវត្ស១៩៦០។ ខណៈសិង្ហបុរី បានចាកចេញជាផ្លូវការពីប្រទេសម៉ាឡេស៊ី ក្នុងខែសីហា ឆ្នាំ១៩៦៥, កម្ពុជា បានប្រកាសទទួលស្គាល់ប្រទេសសិង្ហបុរី ចាប់តាំងពីពេលនោះមក។

ប្រវត្តិសាស្ត្របានបង្ហាញថា នៅក្នុងខែមិថុនាឆ្នាំ១៩៦៧ សម្តេចព្រះបរមរតនកោដ្ឋ បានធ្វើទស្សនកិច្ចទៅកាន់សិង្ហបុរីជាលើកដំបូង និងព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ បានទទួលស្វាគមន៍យ៉ាងអធិកអធមពីមេដឹកនាំសិង្ហបុរី លោក លី ក្វាន់យូ។ ផ្តើមពីដំណើរទស្សនកិច្ចនោះ លោក លី ក្វាន់យូ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាវិញ នៅខែធ្នូ ឆ្នាំ១៩៦៧ដដែលនោះដែរ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចទៅវិញទៅមកនោះ, សម្តេចព្រះបរមរតនកោដ្ឋ និងអតីតមេដឹកនាំសិង្ហបុរី លោក លី ក្វាន់យូ បានពិភាក្សាលើ ការពង្រឹងទំនាក់ទំនងនយោបាយការទូតរវាងប្រទេសទាំងពីរ, ស្ថានការណ៍នយោបាយក្នុង តំបន់ និងអន្តរជាតិ។ ទំនាក់ទំនងរវាងប្រទេសទាំង២ រយៈពេល៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនង កាន់តែរីកចម្រើន និងជាភាពដៃគូមិនចេះរីងស្ងួត និងទំនាក់ទំនងនេះ ត្រូវបានបន្តពូនជ្រុំដោយអ្នកដឹកនាំសម័យបច្ចុប្បន្ន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។

ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នៅកម្ពុជា នាយករដ្ឋមន្ត្រីសិង្ហបុរី បានចូលគាល់ព្រះមហាក្សត្រខ្មែរ សម្តេច ព្រះនរោត្តម សីហមុនី, ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

* នាយករដ្ឋមន្ត្រីកម្ពុជា និងសិង្ហបុរី ពង្រឹងភាពជាដៃគូនៃប្រទេសទាំង២
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាយ៉ាងស្និទស្នាល ដោយមានការយល់ព្រមចំពោះសារៈសំខាន់នៃការរក្សាមរតកនយោបាយ និងយុទ្ធសាស្ត្រដែលបានបន្សល់ទុកដោយមេដឹកនាំជំនាន់មុន ហើយបានបញ្ជាក់អំពីបំណងបន្តនយោបាយសន្តិភាព និងសហការល្អរវាងប្រទេសទាំងពីរ ក្នុងសម័យដឹកនាំថ្មី។ កិច្ចពិភាក្សា បានផ្ដោតលើចំណុចសំខាន់ៗ ដូចជា ការពង្រឹងសហប្រតិបត្តិការផ្នែកថាមពលកកើតឡើងវិញ ការជំរុញទីផ្សារឥណទានកាបូន និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ដែលទាក់ទងនឹងការអនុវត្តសេដ្ឋកិច្ចកាបូនទាប ដើម្បីគាំទ្រគម្រោងថាមពលស្អាត និងជួយអភិវឌ្ឍន៍សហគមន៍ជនបទ។

មួយផ្នែកផ្សេងទៀត នៃការពិភាក្សា ក៏បានផ្ដោតលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងកសិកម្ម ដោយមានការផ្តោតលើការរួមគ្នា បង្កើតឱកាសថ្មីៗសម្រាប់កម្ពុជាក្នុងនាមជាប្រទេសនាំចេញអាហារដ៏សំខាន់នៅក្នុងតំបន់។ សិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការពិពិធកម្មការនាំចូលផលិតផលអាហារដែលមានគុណភាពពីកម្ពុជា ដើម្បីធានាសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន។ កិច្ចពិភាក្សាទាំងនេះ បញ្ជាក់ពីបំណងរួមរបស់មេដឹកនាំទាំងពីរ ក្នុងការបង្កើនសហការយុទ្ធសាស្ត្រនិងធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី កាន់តែរឹងមាំ និងទូលំទូលាយ។

* កម្ពុជា-សិង្ហបុរី ជម្រុញភាពដៃគូពាណិជ្ជកម្មក្នុងតំបន់
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាឥស្សរជនដ៏កំពូលក្នុងការរក្សា និងធ្វើឱ្យគោលនយោបាយការបរទេសរបស់កម្ពុជាកាន់តែវិវត្តន៍ស៊ីជម្រៅតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ សម្តចប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា បានសម្តែងក្តីរីករាយចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី និងបានចាត់ទុកដំណើរទស្សនកិច្ចក្នុងពេលនេះជាការ៖ «រួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរីកចម្រើន និងកាន់តែល្អប្រសើរ»។

សម្តេចតេជោ បន្ទាប់ពីបានមានប្រសាសន៍រំលឹកនូវទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំង២ រួចមក បានមានប្រសាសន៍ផ្តោតលើការចង់បង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។

មន្ត្រីនាំពាក្យស្ថាប័នព្រឹទ្ធសភា បានថ្លែងថា៖ «សម្តេចតេជោ បានមានប្រសាសន៍ចង់ឃើញប្រទេសកម្ពុជា និងសិង្ហបុរី បង្កើនជើងហោះហើរទៅវិញទៅមក ជាពិសេសនៅពេលខាងមុខនេះ គ្រាដែលប្រទេសកម្ពុជា នឹងមានព្រលានយន្តហោះថ្មីដ៏ធំមួយ ដែលនឹងជួយជំរុញសន្ទុះនៃជើងហោះហើរជាអន្តរជាតិ ជាពិសេសការជម្រុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ក្នុងឆ្នាំ២០២៤ ត្រូវបានប៉ាន់ប្រមាណនូវទំហំជិត ៩០១លានដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់សិង្ហបុរីបានកើនឡើងដល់ ១០៣លានដុល្លារ។ ប្រទេសទាំងពីរ បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអាកាសចរណ៍ និងទេសចរណ៍ឲ្យកាន់តែប្រសើរឡើង បន្ថែមពីនេះ ក៏បានផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបណ្តាញច្នៃប្រឌិត ដែលកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងតំបន់អាស៊ាន។

* កម្ពុជា ប្រាប់សិង្ហបុរី អំពីស្ថានការណ៍តានតឹងព្រំដែនទិសខាងលិច
សម្តេចតេជោ ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី នៅបានលើកឡើងអំពីស្ថានភាពរវាងកម្ពុជានិងថៃ ជាពិសេសស្ថានការណ៍ នៅតាមបណ្តោយព្រំប្រទល់ដែនរវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានថ្លែងថា បញ្ហានេះបានកើតឡើងពីការបាញ់សម្លាប់ទាហានកម្ពុជា ដោយកម្លាំងទាហានថៃ ដែលពួកគេ បានលួចឆ្លងដែនចូលមកវាយប្រហារលើទឹកដីកម្ពុជា ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ ខេត្តព្រះវិហារ, ការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ដែលជាចំណុចមួយបង្កអរិភាពដល់ទំនាក់ទំនងទ្វេភាគី។

សម្តេចតេជោ បានប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរី ទៀតថា កម្ពុជាបានរងនូវអំពើប្រមាថពីថៃ ជាបន្តបន្ទាប់ តាមរយៈការព្រមានផ្តាច់អគ្គីសនី, ផ្តាច់អ៊ិនធើណិត, ផ្តាច់ប្រេងឥន្ធនៈ, ការប្រមាថដាក់មកលើពលករខ្មែរ, សម្តីប្រមាថដាក់មកលើថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ជាពិសេសការប្រមាថដាក់មកលើសម្តេចតេជោ ដែលកម្ពុជាមិនអាចទទួលយកបានឡើយ ដែលកត្តានេះបានជំរុញឱ្យកម្ពុជា ត្រូវធ្វើការឆ្លើយតបទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ បានថ្លែងថា វាជារឿងមួយគួរឱ្យសោកស្តាយដោយសារតែសម្តេច មិនចង់ឃើញស្ថានភាពប្រឈមនេះកើតឡើងទេ ពិសេសភាពតាន តឹងនៅក្នុងតំបន់អាស៊ាន ដោយសម្តេចចង់ឃើញនូវការរួបរួមគ្នា សាមគ្គីគ្នា នៅក្នុងចំណោមប្រទេសអាស៊ាន ដោយមិនចង់ឱ្យមេដឹកនាំអាស៊ានឈឺក្បាលឡើយ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា អ្វីដែលជាជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ។ សម្តេចបានប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីថា កម្ពុជាចង់ឱ្យមានការជម្រុញដោះស្រាយបញ្ហា តាមរយៈយន្តការសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ ជាពិសេសការយកចំណុចទាំងបួនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ ក្នុងប្រសាសន៍ឆ្លើយតប នាយករដ្ឋមន្ត្រីសិង្ហបុរី បានថ្លែងអំណរគុណដល់សម្តេចក្នុងការរៀបរាប់អំពី ភាពវិវត្តន៍នេះ ស្ថានភាពជម្លោះរវាងកម្ពុជានិងថៃ ដើម្បីជាការយល់បន្ថែមទៀត។

នាយករដ្ឋមន្ត្រីសិង្ហបុរី បានយល់ស្របលើគំនិតចង់ដោះស្រាយដោយសន្តិវិធី និងយន្តការច្បាប់អន្តរជាតិ។ នាយករដ្ឋមន្ត្រីសិង្ហបុរី សង្ឃឹមថា សន្តិភាពនឹងកើតឡើងក្នុងតំបន់អាស៊ាន ហើយភាគីទាំងពីរ នឹងព្យាយាមអត់ធ្មត់ដោះស្រាយបញ្ហាដោយឈរលើកត្តាច្បាប់អន្តរជាតិ និងយន្តការសន្តិវិធីទ្វេភាគី។

* មិត្តភាព ៦០ឆ្នាំ បន្តពីមួយជំនាន់ទៅមួយជំនាន់
ដំណើរទស្សនកិច្ចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ របស់នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lawrence Wong មកកាន់ប្រទេសកម្ពុជានេះ មិនមែនគ្រាន់តែជាការរំលឹកនូវចំណងមិត្តភាពនៃទំនាក់ទំនងការទូតរយៈពេល៦០ឆ្នាំនោះទេ ដំណើរទស្សនកិច្ចនេះ គឺជាការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែឈានដល់កម្រិតខ្ពស់ថែមទៀតនាអនាគត។

នៅពេលដែលអាស៊ាន កំពុងប្រឈមមុខនឹងភាពចលាចលមួយក្នុងទសវត្សរ៍ នៃភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ការគំរាមកំហែងតាមអ៊ីនធឺណិត និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រនេះ, ទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី កំពុងតែបង្ហាញថា កិច្ចសហប្រតិបត្តិការដែលបង្កើតឡើងរយៈពេល៦០ឆ្នាំកន្លងមកនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយ នៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធ និងជាកម្លាំងរួមមួយ ក្នុងការលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសទាំងពីរ៕