(ភ្នំពេញ)៖ ថ្ងៃទី២៨មិថុនាឆ្នាំ២០២៥ គឺជាទិវាខួបទី៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅក្នុងពិធីរំឭកខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គណបក្សដែលបានប្រសូតចេញពីចលនាតស៊ូប្រឆាំងអាណានិគម បានបញ្ជាក់នូវមហិច្ឆតារបស់ខ្លួនថា គ្រឹះនយោបាយដ៏រឹងមាំក្នុងការដឹកនាំនាវាកម្ពុជា គឺការបន្ដរក្សាអធិបតេយ្យជាតិ និងភាពសន្តិភាពយូរអង្វែង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានផ្តល់សុន្ទរកថាយ៉ាងទូលំទូលាយ លាតត្រដាងនូវអតីតកាលដ៏លំបាកឆ្លងកាត់សង្គ្រាមនិងការតស៊ូ ឈានមកដល់បច្ចុប្បន្ន ដែលមានសន្តិភាពនិងការរីកចម្រើន និងការប្រមើលចំពោះអនាគតដ៏រុងរឿងរបស់ប្រទេសកម្ពុជាថែមទៀត៖ «ឆ្លងកាត់រយៈពេល៧៤ឆ្នាំមកនេះ ការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។
* ប្រវត្តិបង្កើតដំបូងរបស់គណបក្ស
ត្រូវបានបង្កើតឡើងក្នុងឈ្មោះជាគណបក្សបដិវត្តន៍ខ្មែរនៅឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា ដែលបានងើបចេញពីការតស៊ូប្រឆាំងអាណានិគម បានរួមសាមគ្គីភាពជាមួយចលនា តស៊ូរបស់ប្រជាជនវៀត ណាម និងប្រជាជនឡាវ ដែលមានសត្រូវរួម គឺពួកអាណានិគមនិយម។ សម្តេចតេជោ បានថ្លែងថា ចាប់ពីពេលបដិសន្ធិមកដល់បច្ចុប្បន្ន គណបក្សបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ធ្វើដំណើរលើមាគ៌ាមួយយ៉ាងវែងឆ្លងកាត់ដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រប្រកបដោយវីរភាពដើម្បីបុព្វហេតុធំៗរបស់ជាតិ គឺការតស៊ូរំដោះជាតិ ពីពួកអាណានិគមនិយម, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការផ្ដួលរំលំរបបប្រល័យពូជសាសន៍សង្គ្រោះជាតិឱ្យរស់ឡើងវិញ, ការការពារជាតិ និងស្ដារកសាងប្រទេសឡើងវិញ, ការកសាងសន្តិភាព និងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៖
សម្តេចតេជោ បានថ្លែងថា៖ «យើងប្រារព្ធពិធីនេះឡើង ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបុព្វការីជន សមាជិក សមាជិកាគណបក្ស កម្មាភិបាល យុទ្ធជន យុទ្ធនារីដ៏អង់អាច និងអ្នកស្នេហាជាតិខ្មែរនៅគ្រប់ទិសទី ដែលបានធ្វើការតស៊ូ និងលះបង់យ៉ាងធំធេងនៅគ្រប់ដំណាក់កាល ដើម្បីបុព្វហេតុដ៏ឧត្ដុង្គឧត្តមទាំងនេះ ធ្វើឱ្យប្រជាជាតិមាតុភូមិជាទីស្នេហានៃយើងបានស្ថិតស្ថេរ រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាពដ៏ថ្លៃថ្លាបំផុតនេះ ហើយប្ដេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារមាតុភូមិ ការពាររាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សជារៀងរហូត»។
* ចំណុចស្នូលនៃជោគជ័យក្នុងការដឹកនាំរបស់គណបក្ស
គណបក្សប្រជាជនកម្ពុជា គឺជាតំណាងស្មោះត្រង់នៃឆន្ទៈ និងប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់សង្គម ជាគណបក្សដែលមានសមត្ថភាពពេញលេញក្នុងការការពារជាតិ កសាង និងថែរក្សាសន្តិភាព ដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជម្រុញប្រជាជនឱ្យឆ្ពោះទៅរកអនាគតដ៏រុងរឿង។ សច្ចធម៌នេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការគាំទ្រយ៉ាងលើសលប់ពីសំណាក់ប្រជាជន ក្នុងគ្រប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានឃុំ/សង្កាត់។
ការគាំទ្ររឹងមាំនេះ បានផ្តល់សមត្ថភាពដ៏គ្រប់គ្រាន់ឱ្យគណបក្សអនុវត្តន៍នូវកម្មវិធីនយោបាយដោយជោគជ័យ នាំឱ្យកម្ពុជាទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ ជាមួយគ្នានេះ ក៏បានធ្វើឱ្យបរាជ័យនូវឧបាយកលជ្រុលនិយមដ៏ពុលល្អិត ពីក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលតែងតែខិតខំបណ្តេញបណ្តាលផ្តួលរំលំគណបក្សតាមមធ្យោបាយមិនប្រជាធិបតេយ្យ ដែលផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ និងប៉ះពាល់ដល់ឆន្ទៈរបស់ប្រជាជនជាអ្នកកាន់អំណាចជាសេរី។
សម្តេចតេជោបានបញ្ជាក់នូវចំណុចគន្លឹះធំៗមួយចំនួន ដែលជាគ្រឹះនៃជោគជ័យរបស់គណបក្ស ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពជឿទុកចិត្តលើការដឹកនាំ៖ «ការសម្រេចបានជោគជ័យរបស់គណបក្សក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ដូចខាងក្រោម៖
១៖ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព
២៖ គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស
៣៖ គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ម៉ត់ចត់
៤៖ គណបក្សមានជួរមន្ត្រីដែលមានជំហរស្មោះត្រង់ មានសមត្ថ-ភាព គុណធម៌ និងសីលធម៌
៥៖ គណបក្សមានការគិតគូរយ៉ាងម៉ត់ចត់ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន
៦៖ គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ឥតរង្គោះរង្គើ។
មូលហេតុទាំងនេះ មានសារៈសំខាន់បំផុតសម្រាប់ការដឹកនាំ របស់គណបក្សតទៅមុខទៀត ដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ដែលជាសេចក្តីប្រាថ្នារបស់ប្រជាជន»។
* អ្នកជំនាន់ក្រោយគណបក្ស ដែលពោរពេញដោយឋាមពលនិងសមត្ថភាព
ដោយសារជ័យជម្នះដ៏អស្ចារ្យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណបក្សប្រជាជនកម្ពុជា បានទទួលឱកាសពេញលេញក្នុងការផ្ទេរភារកិច្ចដឹកនាំទៅឱ្យជួរអ្នកបន្តវេនវ័យក្មេង ដែលបានទទួលការអប់រំ បណ្តុះបណ្តាល និងបង្កើតលក្ខណសម្បត្តិយ៉ាងម៉ត់ចត់ពីគណបក្ស។ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនីតិកាលទី៧ បានដោះស្រាយបញ្ហាប្រឈមជាច្រើន និងសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ ដោយជោគជ័យ និងមោទនភាព។ អ្វីទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីភាពត្រឹមត្រូវនៃសេចក្ដីសម្រេចចិត្តរបស់គណបក្សក្នុងការបន្តបេតិក ភណ្ឌនយោបាយ៖ «បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់ លាស់ មានការប្ដេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។ជាក់ស្ដែង សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ, សេដ្ឋកិច្ចជាតិបន្តលូតលាស់ ប្រកបដោយចីរភាព, ជីវភាពប្រជាជនមានស្ថិរភាព, កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព»។
សម្តេចតេជោ បានចង្អុលបង្ហាញពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនការនាំចេញ កំណើនការវិនិយោគ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធជាភស្តុតាង នៃអភិបាលកិច្ច ដ៏មានសមត្ថកិច្ចរបស់រដ្ឋាភិបាលបន្តវេន។ សម្តេច បានលើកឡើងពីការព្យាករណ៍កំណើន GDP ៥.២% ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មលើសពី ២៥ពាន់លានដុល្លារក្នុងរយៈពេល៥ខែដំបូង និងជិត ២៩០គម្រោងវិនិយោគថ្មីដែលត្រូវបានអនុម័ត៖ «កម្ពុជាបានទទួលទេសចរអន្តរជាតិ ចំនួន ២,៩៥លាននាក់ កើន ១១,៧% ឯទេសចរជាតិមានចំនួន ១៣,១៦លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ២០២៤។ ជាមួយគ្នានេះ ការកសាងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញយ៉ាងខ្លាំងថែមទៀត។ ឆ្លងតាមលទ្ធផលជាក់ស្ដែងទាំងអស់នេះបានបង្ហាញថារាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវអ្វីៗ ដែលជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ»។
* ជំហរគណបក្សប្រជាជនកម្ពុជា ចំពោះផលប្រយោជន៍ជាតិ
សន្តិភាពពេញលេញ និងការឯកភាពជាតិ រួមទាំងការរក្សាបូរណភាពទឹកដីទាំងស្រុង គឺជាសមិទ្ធផលដ៏អស្ចារ្យ ដែលកម្ពុជាអាចសម្រេចបានដោយការតស៊ូយ៉ាងហ្មត់ចត់ តាមរយៈនយោបាយឈ្នះឈ្នះ ការអត់ធ្មត់ និងការទប់ស្កាត់អវិជ្ជមានជាច្រើន។ ប៉ុន្តែ សន្តិភាពដែលកម្ពុជារកបានដោយលំបាកនោះ នៅតែប្រឈមមុខនឹងការគំរាមកំហែងពីក្រុមជ្រុលនិយមបន្តិចមួយ ដែលព្យាយាមបំផ្លាញសង្គមឱ្យមានការបែកបាក់ បង្កើតបរិយាកាសកំហឹង ភាពភាន់ច្រឡំ និងភាពសម្អប់ ដើម្បីធ្វើអោយរាជរដ្ឋាភិបាលដួលរលំតាមមធ្យោបាយហិង្សា។ ការធ្វើបែបនេះ គឺផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់ក្រឡែត។ សម្តេចតេជោ បានអំពាវនាវពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាអរគុណ និងថែរក្សាសន្តិភាពដ៏មានតម្លៃនេះ ឱ្យបានគង់វង្ស, ត្រូវរួមដៃគ្នាបង្ក្រាប និងបញ្ចប់ចលនាជ្រុលនិយមដើម្បីកុំឱ្យវាមកបំផ្លាញសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងសង្គមកម្ពុជា។
សម្តេចតេជោ ថ្លែងថា៖ «ចំពោះជនដែលនៅតែបន្តសកម្មភាពជ្រុលនិយមបំពានច្បាប់ និងរដ្ឋធម្មនុញ្ញជាធរមាន ត្រូវបញ្ឈប់ភ្លាមៗ។ បើមិនដូច្នោះទេ អ្នកនឹងមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ»។
កម្ពុជា ក្នុងអតីតកាល ដែលជាប្រទេសក្រីក្រ រងនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ អំពើប្រមាថឈ្លានពានពីបរទេស និងធ្លាប់ជាកូនកំព្រា ដែលរងអយុត្តិធម៌ដោយសារតែភាពធ្វើ គ ខ្វាក់ និងថ្លង់ របស់សហគមន៍អន្តរជាតិ ប៉ុន្តែបច្ចុប្បន្ន ក្រោមការដឹកនាំដ៏មានចក្ខុវិស័យឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាបានក្លាយជាប្រទេសឯករាជ្យ ដែលអាចឈរជាប់លើឆាកអន្តរជាតិ ប្រកបដោយសេចក្ដីថ្លៃថ្នូរ និងស្មើមុខស្មើមាត់ជាមួយប្រទេសជាតិផ្សេងៗទៀត។
កម្ពុជាមិនមានជំហរអមិត្តជាមួយប្រទេសណាមួយឡើយ។ ប៉ុន្តែកម្ពុជាត្រូវការយ៉ាងខ្លាំងនូវសន្តិភាព ភាពជាមិត្ត និងកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពឯករាជ្យគ្នាទៅវិញទៅមក ការយល់ចិត្តគ្នា និងការអភិវឌ្ឍដែលផ្ដល់អត្ថប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងអស់។
សម្តេចតេជោ បានថ្លែងបង្ហាញជំហរជុំវិញជម្លោះបញ្ហាព្រំដែនជាមួយប្រទេសថៃ៖ «នៅក្នុងចំណុចនេះ ខ្ញុំចង់គូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំ៣ ក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់ លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាមអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ២០០០»។
ដោយសារតែអតីតកាលកម្ពុជា ធ្លាប់បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេសនោះ សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញា «ប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរ៍ មិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី»។
សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ មិនមែនគ្រាន់តែជាការរំឭកពីអតីតកាលនៃការតស៊ូ និងស្នាដៃដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែជាសម្លេងប្តេជ្ញាចិត្តដ៏រឹងមាំនៃគណបក្ស ដែលកំពុងកាន់ចង្កូតដឹកនាំនាវាជាតិកម្ពុជា ឱ្យឆ្ពោះទៅនឹងអនាគតនយោបាយដ៏រុងរឿង។ នាវាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាពេលនេះកំពុងធ្វើដំណើរទៅមុខរបស់ខ្លួនក្នុងភាពជឿជាក់ក្រោមពន្លឹនៃសន្តិភាព អធិបតេយ្យជាតិ និងការរួមចំណែកដ៏រឹងមាំពីប្រជាជនកម្ពុជាទាំងមូល៕