(ភ្នំពេញ)៖ កម្ពុជា បានបញ្ជាក់សាឡើងវិញនៅគោលជំហររបស់ខ្លួន ក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ICJ ក្នុងការប្តឹងថៃជុំវិញជម្លោះព្រំដែននៅតំបន់មុំបី, ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាព ហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

ក្នុងការប្រការបញ្ជាក់សាជាថ្មីនូវជំហរដ៏រឹងមាំ និងតស៊ូដោយសន្តិវិធី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់សាឡើងវិញនូវគោលជំហររបស់ខ្លួន ក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ICJ ក្នុងការប្តឹងថៃជុំវិញជម្លោះព្រំដែននៅតំបន់មុំបី, ប្រាសាទតាមាន់តូច, ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

ការជំរុញជាថ្មីរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនដ៏រ៉ាំរ៉ៃជាមួយប្រទេសថៃ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មិនត្រឹមតែជាការបង្ហាញពីយុទ្ធសាស្ត្រផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហរសីលធម៌ដ៏អង់អាចនៅចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងក្នុងពេលនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ជាអតីតនាយករដ្ឋមន្ត្រី នៅតែជាសំឡេងលេចធ្លោក្នុងនយោបាយកម្ពុជា នៅក្នុងមាគ៌ានៃសន្តិភាពតាមរយៈច្បាប់អន្តរជាតិ។ សាររបស់សម្តេចតេជោ គឺច្បាស់លាស់ណាស់គឺ «មានតែចោរទេដែលខ្លាចតុលាការ បើអ្នកបរិសុទ្ធ អ្នកមិនចាំបាច់ខ្លាចតុលាការទេ»៖«ហើយខ្ញុំសង្ឃឹមថាប្រទេសលើពិភពលោកដែលកំពុងអនុវត្តនូវនយោបាយ ដែលគោរពច្បាប់អន្តរជាតិ ដោយជៀសវាងការមិនប្រើកម្លាំង ឬគំរាមប្រើប្រាស់កម្លាំង និងគាំទ្រកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោយសន្តិភាព តាមរយៈការចរចារទ្វេរភាគី និងតាមរយៈនៃយន្តការតុលាការ អ្នកណាក៍ដោយដែលគេចវេសពីតុលាការមានន័យថាខ្លួនមានពិរុទ្ធភាព និយាយតាមត្រង់មួយបែបៗ គឺមានតែចោរទេដែលវាខ្លាចតុលាការ បើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតុលាការទេ»។

* តុលាការ ជាជម្រើសសន្តិភាព មិនមែនសង្គ្រាម
បើទោះបីជាកម្ពុជា និងថៃ ធ្លាប់មានប្រវត្តិជម្លោះយូរឆ្នាំពីអតីតកាល ដែលធ្វើកម្ពុជារងការបាត់បង់ដីធ្លីច្រើនដង ដើមតាំងពីសម័យអាណាចក្រហ៊្វូណន រហូតដល់បញ្ចប់សម័យអាណាចក្រ និងរងសង្គ្រាមជាបន្តបន្ទាប់ជាមួយប្រទេសជិតខាង ជាពិសេសការបាត់បង់ខេត្តខ្មែរជាច្រើនទៅថៃ យ៉ាងណាក៏ដោយកម្ពុជាដែលស្រឡាញ់សន្តិភាព មិនដែលសើរើនូវប្រវត្តិដ៏ជួរចត់របស់ខ្លួននោះឡើយ។ ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសអស់សង្គ្រាមស៊ីវិល និងធ្វើឱ្យទឹកដីខ្មែរឯកភាពទាំងស្រុង ក្រោមនយោបាយឈ្នះឈ្នះ និងរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្ន កម្ពុជាមិនអាចនៅរក្សាស្ងៀមស្ងាត់បាននោះទេ នៅពេលដែលថៃ បន្តបង្ហាញនូវមហិច្ឆតាចង់ឱ្យទឹកដីខ្មែរ ដែលសេសសល់ពីកេរ្តិ៍ដូនតា ត្រូវបន្តបាត់បង់ជាទឹកដីថៃទៀតនោះ។

ការពារទឹកដីនេះ គឺជាការពារកេរ្តិ៍មរតក ដែលបានតម្កល់ទុកជាផែនទីផ្លូវការនៅអង្គការសហប្រជាជាតិ។ ការការពារទឹកដីសេសសល់នេះ គឺជាការការពារកេរ្តិ៍មរតក ដែលបានតម្កល់ទុកជាផែនទីផ្លូវការនៅអង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការប្រើប្រាស់យន្តការតុលាការ អន្តរជាតិ គឺជាវិធីដ៏ល្អបំផុតហើយ ដោយសូម្បីតែប្រទេសក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសឹង្ហបុរី ដែលមានជម្លោះទឹកដីក្នុងតំបន់ ក៏ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិនេះផងដែរ ដើម្បីបញ្ជាក់រកយុត្តិធម៌ និងសន្តិភាពរវាងប្រទេសរៀងៗខ្លួន៖

«ឧទាហរណ៍នៅបណ្តាប្រទេសអាស៊ានល្អបំផុតហើយ គឺម៉ាលេស៊ី និងឥណ្ឌូណេស៊ី ដឹកដៃគ្នាទៅតុលា ការ Singapore ដឹកដៃគ្នាទៅតុលាការ ការដោះស្រាយបែបនេះគឺវាជាវិធីដោះស្រាយ ដែលធ្វើឲ្យរដ្ឋាភិបាលនីមួយៗជៀសផុតពីគំនាបរបស់មហាជន រដ្ឋាភិបាលនីមួយៗមិនអាចទៅនិយាយថា ខ្ញុំដកថយ ខ្ញុំប្រគល់អានេះឲ្យអ្នកឯង មិនអាចទៅនិយាយចឹងបានទេ ប៉ុន្តែបើតុលាការកាត់ក្តីមក យើងទទួលការគោរពពីសាលដីកាតុលាការនេះ យើងអាចពន្យល់ប្រជាពលរដ្ឋថាគឺនូវចំណុចវាបែបនេះ អញ្ចឹងយើងត្រូវតែលះបង់កន្លែងហ្នឹងទៅអញ្ចឹងជាវិធីល្អ បើវ៉ៃគ្នាតើសាច់ឈាមអស់ប៉ុន្មាន?

អញ្ចឹងខ្ញុំគិតថា អំពាវនាវបណ្តាប្រទេសដែលមិនចង់ឲ្យមានសង្គ្រាម ដោយចង់រកដំណោះស្រាយដោយសន្តិវិធី គាំទ្រទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្តីនេះទៅកាន់តុលាការអន្តរជាតិ៨០០គីឡូម៉ែតជាង យើងនាំយក៤ចំណុចទេយកទៅដោះស្រាយ មិនមែនបានសេចក្តីថា៤ចំណុចនេះដីស្មើរនឹង៥០គីឡូម៉ែតទៅចុះ វាមិនដល់ផង ប៉ុន្តែនៅសល់៧០០គីឡូម៉ែតជាងទៀតគឺយន្តការទ្វេភាគី»។

* សុចរិតនិយម តទល់ជាមួយជាតិនិយមជ្រុល
ប្រសាសន៍អំពាវនាវចុងក្រោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឱ្យដោះស្រាយជម្លោះព្រំដែនតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ គឺជាជំហរដ៏ច្បាស់លាស់មួយបង្ហាញពីជំនឿរបស់កម្ពុជាលើភាពត្រឹមត្រូវ និងស្របច្បាប់នៃផែនទីជាមរតករបស់ខ្លួន ដែលបានរក្សាទុក និងដាក់បញ្ចូលនៅអង្គការសហប្រជាជាតិ។ ខណៈដែលកម្ពុជាធ្វើការអំពាវនាវដល់សាធារណជាតិអន្តរជាតិ ឱ្យគាំទ្រការដោះស្រាយតាមច្បាប់តាមរយៈតុលាការអន្តរជាតិនោះ ប៉ុន្តែថៃវិញ បែរជាបង្ហាញពីការជឿជាក់របស់លើផែនទីឯកតោភាគីមួយ ដែលជាផែនទីខ្វះមូលដ្ឋានស្របច្បាប់ និងជាផែនទីមិនដែរទទួលស្គាល់ដោយអន្តរជាតិឡើយ។ ថៃដឹងយ៉ាងច្បាស់ថា បើដល់តុលាការ ពួកគេនឹងត្រូវអាម៉ាស់ឡើងវិញ ដូចជាករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ និងក្រោយមកនៅក្នុងឆ្នាំ២០១៣ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានវិនិច្ឆ័យជាជ័យជំនះសម្រាប់កម្ពុជា។ ការសម្រេចនោះ បានបញ្ជាឱ្យថៃ ត្រូវប្រគល់ប្រាសាទព្រះវិហារ និងដែនដីនៅជុំវិញប្រាសាទឱ្យទៅកម្ពុជាវិញ។ កម្ពុជាដែលស្រឡាញ់សន្តិភាព ពុំខ្លាចតុលាការ ព្រោះមានជំហរដែលជឿជាក់លើភាពត្រឹមត្រូវនៃផែនទី និងកិច្ចព្រមព្រៀងដែលជាមូលដ្ឋាននៃការដោះស្រាយបញ្ហា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សាជាថ្មីនូវការប្រើប្រាស់ផែនទីបារាំងសៀមឆ្នាំ១៩០៧៖ «ផែនទីឯកតោភាគី ណាមួយមិនត្រូវបានទទួលស្គាល់នោះទេ លុះត្រាតែផែនទីនោះវាស្របជាមួយផែនទីគោល ដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំងសៀម ឆ្នាំ១៩០៧។ ហើយដែលតុលាការ ដែលផែនទីនោះត្រូវបានប្រើប្រាស់ជាហូរហែររហូតទៅដល់តុលាការអន្តរជាតិឡាអេ បានយកមកកាត់ក្តីនៅក្នុងឆ្នាំ១៩៦២ ។ ដូច្នេះផែនទីណាខុសពីហ្នឹងយើងអត់ទទួលស្គាល់ទេ យើងអត់ទទួលស្គាល់ទេ រឿងរ៉ាវប្រើផែនទីខុសគ្នានេះហើយ គឺជារឿងរ៉ាវដែលនាំទៅដល់ជម្លោះ។ យើងប្រើផែនទីស្របច្បាប់ តាមការទទួលស្គាល់ជាអន្តរជាតិ ហើយតាមរយៈនៃការ នៃកិច្ចព្រមព្រៀងបារាំងសៀម ១៩០៧ នោះឯង ប៉ុន្តែការប្រើផែនទីផ្សេងពីនេះគឺយើងមិនទទួលស្គាល់ទេ»។

* កម្ពុជាមិនចរចាលើបញ្ហាបិទព្រំដែនឡើយ
សម្តេចតេជោ នៅបានមានប្រសាសន៍រិះគន់ការបិទច្រកព្រំដែនរបស់កងយោធាថៃ ដោយមិនមានការជូនដំណឹងឱ្យភាគីកម្ពុជាបានដឹងឡើយ។ ប៉ុន្តែភាគីថៃ ក្នុងការចង់បើកព្រំដែនរបស់ខ្លួនសាឡើងវិញនោះ បែរជាចង់ឱ្យមានការចរចាជាមួយភាគីកម្ពុជាដើម្បីបើកព្រំដែនសាឡើងវិញ។

សម្តេចតេជោបានថ្លែងថា កម្ពុជានឹងមិនចរចាឡើយ ពីព្រោះគឺថៃខ្លួនឯងទេដែលបានរំលោភលើកិច្ចព្រមព្រៀងច្រកព្រំដែនរវាងប្រទេសទាំង២នោះ៖ «កងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើក ដោយកម្ពុជាមិនត្រូវចរចា ទៅលើបញ្ហានេះទេ មានសំណើរសុំឲ្យមានការចរចាក៏ប៉ុន្តែតើវាសាកសមទេ? សម្រាប់ការចរចា រឿងបែបនេះ ការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅបញ្ហាច្រកព្រំដែន ដែលបានព្រមព្រៀងគ្នា។ ពេលបិទ បិទខ្លួនឯង ពេលបើកបបួលចរចា ដើម្បីកុំឲ្យបាក់មុខ ដើម្បីកុំឲ្យបាក់មុខខ្លួន ខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយ?

កម្ពុជាជាប្រទេសដែលមានកិត្តិយស មានសេចក្តីថ្លៃថ្នូរ ហើយចេះទទួលខុសត្រូវ។ សង្ឃឹមថាភាគីថៃនឹងត្រូវចេះទទួលខុសត្រូវ ក្នុងករណីខ្លួនបានប្រព្រឹត្តិ ហើយខ្លួនមកដាក់លក្ខខណ្ឌចរចាដើម្បីបើក កម្ពុជា អត់ទទួលយកបានទេ។ ហើយសូមបងប្អូន បងប្អូនប្រជាជនថៃ សុំកុំបន្ទោសរដ្ឋាភិបាលកម្ពុជា ក្នុងការបិទច្រកដូង ដោយហាមឃាត់នូវការដឹកផ្លែឈើនិងការ បន្លែតាមច្រកដូងដែលមួយថ្ងៃៗរាប់រយឡាន ដឹកចូលមកកម្ពុជា និងឆ្លងកាត់ទៅវៀតណាម។

ឥឡូវនេះ បើកុំអីថ្ងៃនេះយើង បិទទូទាំងព្រំដែនតែម្តងទៅលើការនាំចូលបន្លែនិងផ្លែឈើចូលកម្ពុជា ប៉ុន្តែដោយសារតែមានការសន្ទនា រវាងខ្ញុំជាមួយនិងនាយករដ្ឋមន្ត្រីថៃ រវាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃ យើងពន្យាពេល២៤ម៉ោង។ ប៉ុន្តែបើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាត់អនុវត្តទូទាំងព្រំដែនដោយហាមឃាត់នូវការនាំចូលផ្លែឈើ និងហាមឃាត់ដោយការនាំចូលបន្លែចូលមកកាន់កម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅប្រជាជនថៃ សូមទៅតវ៉ាជាមួយខាងយោធាថៃជុំវិញរឿងបញ្ហាបិទច្រកព្រំដែន ព្រោះការបិទនេះ ជាអំពើបំពានច្បាប់របស់យោធាថៃ ដែលមិនទាក់ទងនឹងភាគីកម្ពុជាឡើយ។

សម្តេចតេជោ នៅបានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសថៃ ត្រូវវិលត្រឡប់មកមាតុប្រទេសវិញដើម្បីបញ្ចៀសនូវអំពើប្រមាថរើសអើងជាតិសាសន៍ ដោយក្រុមជាតិនិយមជ្រុលរបស់ថៃ។ សម្តេចតេជោ បានថ្លែងថា ពលរដ្ឋខ្មែរដែលគ្មានឯកសារ ក៏អាចវិលត្រឡប់មកវិញបាន ហើយរដ្ឋាភិបាល ក៏នឹងទទួលដោយគ្មានលក្ខខណ្ឌណាមួយឡើយ និងថែមទាំង ជួយរកការងារដល់ពលករខ្មែរពីប្រទេសថៃនោះថែមទៀត។ សម្តេចតេជោ នៅបានអំពាវនាវចំពោះនិស្សិត ដែលបានទទួលអាហារូបករណ៍នៅប្រទេសថៃឱ្យវិលត្រឡប់មកវិញផងដែរ ដោយសម្តេចបានសន្យាថា នឹងជួយចេញថ្លៃអាហារូបករណ៍ជូន។

* កម្ពុជាជ្រើសរើសសន្តិភាព តាមច្បាប់អន្តរជាតិ
ជំហររបស់កម្ពុជាសម្រាប់យកករណីទៅកាន់តុលាការអន្តរជាតិ គឺជាជម្រើសស្មោះត្រង់ សន្តិភាព និងសេរីភាព។ វាជាសារដ៏សំខាន់មួយចំពោះតំបន់ និងសហគមន៍អាស៊ានពីព្រោះការជ្រើសរើសយកផ្លូវច្បាប់អន្តរជាតិ គឺជាវិធីដែលអាចដោះស្រាយដោយយុត្តិធម៌ទោះបីជាប្រ ទេសនោះ មានប្រវត្តិសាស្ត្រខុសគ្នា ក៏គេអាចដោះស្រាយតាមច្បាប់ដោយយុត្តិធម៌បានដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ប្រសិនបើអ្នកស្អាតស្អំ អ្នកមិនចាំបាច់ខ្លាចតុលាការឡើយ។ មានតែចោរប៉ុណ្ណោះដែលខ្លាចតុលាការ»។ ពាក្យនេះ បានក្លាយជាពាក្យស្លោកនយោបាយដ៏មានអំណាចមួយក្នុងបរិបទអន្តរជាតិសព្វថ្ងៃ ដែលជាសារបញ្ជាក់ច្បាស់ថា កម្ពុជាដែលស្រឡាញ់សន្តិភាព មិនជ្រើសរើសផ្លូវទាស់គ្នាតាមកម្លាំងយោធាទេ ប៉ុន្តែកម្ពុជាជឿជាក់លើការដោះស្រាយតាមយុត្តិធម៌ និងច្បាប់អន្តរជាតិ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ»៕