(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពី មហាសមុទ្រលើកទី៣ (UNOC3) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៩-១១ ខែមិថុនា ឆ្នាំ២០២៥។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅក្នុងពិភពលោកមួយ ដែលកំពុងប្រឈមភាពសឹករិចរិក នៃកត្តាបរិស្ថានដោយសារអំពើបំផ្លាញរបស់មនុស្ស, ភាពប្រែប្រួលធាតុអាកាស ដែលនាំឱ្យមានភាពដួលរំលំនៃប្រព័ន្ធអេកូឡូស៊ីសំខាន់ៗគួរឱ្យព្រួយបារម្ភ ការចូលរួមយ៉ាងម៉ឺងម៉ាត់របស់កម្ពុជានៅក្នុងសន្និសីទ អង្គការសហប្រជាជាតិ លើកទី៣ ស្តីពីមហាសមុទ្រ (UNOC3) នៅទីក្រុងនីស ក្នុងប្រទេសបារាំង ចាប់ពីថ្ងៃទី០៩ដល់១១ ខែមិថុនា ឆ្នាំ២០២៥ គឺ ជាកាយវិការដ៏សំខាន់ និងឆ្លុះបញ្ចាំងពីជំហរទទួលខុសត្រូវមួយរបស់កម្ពុជា ដែលជាសមាជិកមួយរូបរបស់អង្គការសហប្រជាជាតិ។

កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា មិនត្រឹមតែបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តជាសាកលរបស់ខ្លួនក្នុងការអភិរក្សមហាសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមជាសំឡេងយ៉ាងសកម្មជាមួយពិភពលោកទាមទារការចង់បានការគ្រប់គ្រងមហាសមុទ្រ ប្រកបដោយសមធម៌និងប្រសិទ្ធភាព។

* សំឡេងរបស់កម្ពុជា សម្រាប់ជួយប្រទេសដែលងាយរងគ្រោះ
ខ្លឹមសារ នៃសុន្ទរកថាប្រកបដោយអត្ថន័យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាការអំពាវនាវមួយដ៏ខ្លាំងក្លាដោយលោកបញ្ជាក់ថា «មហាសមុទ្រគ្មានសំឡេង! មហាសមុទ្រ ពឹងផ្អែកមកលើយើង!» ដែលមានន័យថា មហាសមុទ្រ ទោះបីជាធំធេង និងខ្លាំងក៏ដោយ ក៏គ្មានមហិទ្ធឫទ្ធ ឬអំណាចរបស់ខ្លួនឯង អាចការពារសមុទ្ធខ្លួនឯង ឬប្រឆាំងនឹងទង្វើបំពានទន្ទ្រាន ឬធ្វើអាជីវកម្មរបស់មនុស្សបានដែរ។

ក្នុងបរិបទនេះ ការអំពាវនាវរបស់ប្រមុខកម្ពុជាទៅកាន់សហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ គឺជាអន្តរាគមន៍ដ៏សំខាន់មួយ។ វាគឺជាការអំពាវនាវដែលទទួលស្គាល់ថា បើគ្មានការគាំទ្រពីប្រទេសលើពិភពលោកទេ ប្រទេសជាច្រើនដែលរងផលប៉ះពាល់ខ្លាំងដោយភាពរិចរិលនៃមហាសមុទ្រ នឹងកាន់តែងាយរងគ្រោះថ្នាក់ជាមិនខានឡើយ។ ក្នុងន័យនេះកម្ពុជា បានអំពាវនាវពិភពលោកត្រូវប្រញាប់ធ្វើសកម្ម ភាពរួមគ្នាជាបន្ទាន់៖ «ក្នុងនាមជាសមាជិក ដែលមានទំនួលខុសត្រូវនៃសហគមន៍ពិភពលោក ប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក។ ការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រ និងការបំពុលប្លាស្ទីកដែលរីករាលដាល ការថយចុះយ៉ាងឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការកេងប្រវ័ញ្ចធនធានសមុទ្ររបស់យើងហួសប្រមាណ។ បញ្ហាប្រឈមទាំងនេះទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងការសម្រេចចិត្ត ក៏ដូចជាកិច្ចសហការដែលមិនផ្លាស់ប្តូរ»។

អ្នកប្រាជ្ញវិទ្យាសាស្ត្របានថ្លែងថា គ្រោះថ្នាក់បរិស្ថានជាសកលទាក់ទងនឹងមហាសមុទ្រនៃផែនដីរបស់យើងរួមមាន ការកើនឡើងនៃកម្រិតទឹកសមុទ្រ ដែលបណ្តាលមកពីការរលាយទឹកកក នៅតំបន់ប៉ូល និងភ្នំទឹកកក, ការបំពុលដោយកាកសំណល់ប្លាស្ទីក, ការធ្វើអាស៊ីដកម្មសមុទ្រ ដែលបណ្តាលមកពីសមុទ្រស្រូបយកអុកស៊ីហ្សែនច្រើនពីបរិយាកាស, ផ្កាថ្មប្រែពណ៌ Coral Bleaching, ការបាត់បង់ជីវៈចម្រុះ, ការនេសាទលើសកំណត់, តំបន់មានជាតិពុលគ្មានអុកស៊ីហ្សែន Dead Zone ដែលភាពប៉ះពាល់របស់វាបណ្តាលឱ្យបាត់បង់ជីវិតសត្វសមុទ្រជាដើម។

គ្រោះថ្នាក់ដែលបណ្តាលមកទង្វើរបស់មនុស្សនេះ មិនត្រឹមតែប៉ះពាល់ដល់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ច សុខភាព និងសន្តិសុខអាហាររបស់មនុស្ស។ ហេតុដូច្នេះហើយ សន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ (UNOC3) គឺជាវេទិកាមួយដ៏មានសារៈសំខាន់បំផុត ក្នុងការជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។

សម្តេចបវរធិបតី បានថ្លែងនៅក្នុងសន្និសីទដដែលនេះ បញ្ជាក់ថា នេះជាពេលវេលាដែលគេត្រូវរួមគ្នា ធ្វើសកម្មភាពដើម្បីការការពារនិងអភិរក្សមហាសមុទ្រ៖ «ដល់ពេលធ្វើសកម្មភាពហើយ! កម្ពុជាប្តេជ្ញាពង្រឹងមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ។ ប្រទេសកម្ពុជាបានពង្រីកតំបន់ការពារដែនសមុទ្ររបស់ខ្លួន ពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ»។

* ការចុះហត្ថលេខាលើការការពារជីវចម្រុះសកល
ចំណុចដ៏សំខាន់មួយក្នុងសេចក្តីប្រកាស ដែលធ្វើឡើងដោយសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានបង្ហាញនូវចេតនារបស់កម្ពុជា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ (Biodiversity Beyond National Jurisdiction) ដែលជាសន្ធិសញ្ញាពិភពលោកជាប្រវត្តិសាស្ត្រ និងដែលមានគោលបំណងការពារជីវចម្រុះហួសពីដែនសមត្ថកិច្ចជាតិ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នឹងធ្វើឱ្យប្រទេសកម្ពុជា ស្ថិតក្នុងចំណោមក្រុមប្រទេសជឿនលឿនដែលមានឆន្ទៈ ក្នុងការប្តេជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងលើដែនទឹកប្រៃ ដែលជាមហាសមុទ្រដ៏ធំល្វឹងល្វើយ និងដែលលាតសន្ធឹងស្ទើរតែពាក់កណ្តាលនៃភពផែនដី៖ «មហាសមុទ្រគឺជាកំណប់ទ្រព្យរួមរបស់យើង ជាបេះដូងពណ៌ខៀវនៃភពផែនដីរបស់យើង។ វាជាប្រភពនៃអាហារ ថាមពលនិងទឹក ដែលផ្តល់នូវជីវភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ចដល់គ្រប់ជាតិសាសន៍។ វាគ្រប់គ្រងអាកាសធាតុ និងបង្កើតអុកស៊ីសែនដែលយើងដកដង្ហើម។ វាជាមូលដ្ឋានគ្រឹះនៃជីវចម្រុះដ៏សម្បូរបែបនៃភពផែនដីរបស់យើង។ មហាសមុទ្រមានសារៈសំខាន់ចំពោះសុខុមាលភាព និងភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ»។

កិច្ចព្រមព្រៀង BBNJ ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២៣ គឺជាក្របខ័ណ្ឌច្បាប់ដែលមានមហិច្ឆតាបំផុតសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។ កិច្ចព្រមព្រៀងដើម្បីការពារជីវចម្រុះនៅក្នុងសមុទ្រជាសាធារណៈនេះ មានគោលបំណងការពារធនធានហ្សែនសមុទ្រផង ការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រផង និងធានាការចែករំលែកអត្ថប្រយោជន៍ដោយយុត្តិធម៌ ដែលទទួល បានពីសមុទ្រ។

* ប្រជាជាតិមួយតូច ប៉ុន្តែបេះដូងធំ
សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនគ្រាន់តែជាសេចក្តីថ្លែងការណ៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវប្រកបដោយសីលធម៌ ដែលជំរុញឱ្យមេដឹកនាំពិភពលោករួមគ្នាធ្វើសកម្មភាពដោយក្តីក្លាហាន ច្បាស់លាស់និងក្តីមេត្តា។ នៅក្នុងសន្និសីទ ដែលចូលរួមដោយប្រទេសធំៗ និងសុទ្ធតែមានសមុទ្ររបស់ខ្លួននៃធនធានដ៏ស្តុកស្តម្ភ, កម្ពុជា ទោះបីមិនបានឈរលើទំហំ ឬធនធានទាំងនោះពិតមែន ប៉ុន្តែសាររបស់ កម្ពុជា មានអត្ថន័យដ៏ធំធេង និងបញ្ជាក់អំពីជម្រៅនៃការប្តេជ្ញាចិត្តរបស់ខ្លួន៖ «មហាសមុទ្រគ្មានសំឡេង។ វាពឹងផ្អែកលើយើង! អ្វីដែលយើងធ្វើថ្ងៃនេះនឹងកំណត់ថាតើមហាសមុទ្រនៅតែអាចចិញ្ចឹមនិងការពារយើងនៅថ្ងៃស្អែក ឬក៏ក្លាយទៅជាការបំផ្លិចបំផ្លាញដ៏ធំសម្បើមនៃភាពអសកម្មរបស់យើង។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាព សហការនិងការពារ។ កម្ពុជាអំពាវនាវឱ្យមានសកម្មភាពក្លាហាន រួបរួមនិងម៉ឺងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជនយើង និងមនុស្សជំនាន់ក្រោយ»។

វត្តមានរបស់កម្ពុជានៅក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពីមហាសមុទ្រ (UNOC3) នៅទីក្រុងនីស ក្នុងប្រទេសបារាំងនាពេលនេះ បានឆ្លុះបញ្ចាំងពីសក្ខីភាពបញ្ជាក់អំពីគោលនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរ ធិបតីនាយករដ្ឋមន្ត្រី ដែលតែងលើកកំពស់ជំហរអន្តរជាតិរបស់ប្រទេសកម្ពុជាជាបន្តបន្ទាប់ តាមរយៈទំនាក់ទំនងការទូតប្រកបដោយប្រសិទ្ធភាព និងការចូលរួមពហុភាគី។

ជំហររបស់កម្ពុជាចំពោះ UNOC3 ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពីភាពបរិស្ថាននិយមប្រតិកម្ម (Reactive Environmentalism) ទៅជាភាពអ្នកដឹកនាំយុទ្ធសាស្ត្រ។ គោលជំហរនេះ កំពុងតែបង្កើតភាពជឿជាក់មួយ ដែលកម្ពុជា មិនត្រឹមតែជាអ្នកការពារធនធានធម្មជាតិរបស់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដ៏សំខាន់របស់សកលដើម្បីការជួយសង្គ្រោះមហាសមុទ្ររបស់ពិភពលោកផងដែរ។

មហាសមុទ្រគឺពិតជា «បេះដូងពណ៌ខៀវ» នៃភពផែនដីរបស់យើង។ មហាសមុទ្រ បានបង្កើតអុកស៊ីហ្សែនជាងពាក់កណ្តាល ដែលយើងកំពុងដកដង្ហើម និងចិញ្ចឹមជីវិតរាប់ពាន់លាន, ជួយរក្សាអាកាសធាតុ និងក៏ជាម្ចាស់នៃជីវចម្រុះភាគច្រើនរបស់ភពផែនដីយើងនេះផងដែរ បើទោះបីជាសមុទ្រមិនអាចការពារខ្លួនឯងបានដោយសារទង្វើបំផ្លាញរបស់មនុស្សក៏ដោយ។

វត្តមានដ៏សកម្មរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពីមហាសមុទ្រ បានបញ្ជាក់ជាថ្មី នូវសមត្ថភាពកើនឡើងនៃកម្ពុជា ក្នុងតួនាទីជាអ្នកដឹកនាំការទូតអាកាសធាតុនិងបរិស្ថាន។ ជាសំឡេងតំណាងប្រជាជាតិអភិវឌ្ឍន៍ដ៏តូចមួយ កម្ពុជាបានបញ្ជាក់ថា ខ្លួនមានឆន្ទៈពិតប្រាកដក្នុងការរួមចំណែកដឹកនាំជាសកលភាព ដើម្បីថែរក្សានិងប្រើប្រាស់ធនធានសមុទ្រយ៉ាងមានចីរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ននិងអនាគត៕