(ប៉ារីស)៖ ប៉ូលិសបានឆ្មក់ចូលកន្លែងលាក់ខ្លួន នៅដ៏មានសុវត្ថិភាព នៅក្នុងសណ្ឋាគារមួយកន្លែង របស់ក្រុមភេវរករ ដែលពួកគេបានស្នាក់នៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុន ការវាយប្រហារនៅទីក្រុង ប៉ារីស នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ក្រុមអ្នកស៊ើបអង្កេត ក៏បានរកឃើញម្ចុលសឺរ៉ាំងជាច្រើន រួមទាំងសៀវភៅ ដែលមានឈ្មោះលោក Abdeslam ជាជនសង្ស័យកំពុងតាមចាប់ខ្លួន ក្នុងបន្ទប់សណ្ឋាគារពីរបន្ទប់ ដែលស្ថិតនៅក្បែរទីក្រុង ប៉ារីស។
មិនតែប៉ុណ្ណោះក្រុមអ្នកស៊ើបអង្កេត ក៏បានរកឃើញកន្លែងស្នាក់នៅ ដ៏មានសុវត្ថិភាព មួយកន្លែងទៀត របស់លោក Ibrahim Abdeslam ដែលជាបងប្រុសបង្កើត របស់ជនសង្ស័យផងដែរ។ ប៉ូលិសសន្និដ្ឋានថា កន្លែងនោះ អាចត្រូវបានគេប្រើប្រាស់ សម្រាប់ការផលិតគ្រាប់បែក របស់ភេវរករមួយក្រុមផ្សេងទៀត៕