(បាត់ដំបង)៖ សវនាការលើសំណុំរឿងរបស់លោក យ៉ែម ជ្រិន គ្រូពេទ្យប្រចាំភូមិ ដែលចាក់ថ្នាំនាំឲ្យប្រជាពលរដ្ឋឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបងប្រមាណ ២៩០នាក់ ឆ្លងមេរោគអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ បន្ទាប់ពីដំណើរការជំនុំជម្រះពេញមួយថ្ងៃនេះ ហើយនឹងបន្តជំនុំជម្រះនៅស្អែកបន្តទៀត។
លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្តបាត់ដំបង បានប្រាប់ Fresh News នៅក្នុងសំណុំរឿងគ្រូពេទ្យចាក់ថ្នាំនាំឲ្យឆ្លងជំងឺអេដស៍នេះ មានប្រជាពលរដ្ឋ ១២០នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ ២៩០នាក់ បានដាក់ពាក្យប្តឹងទៅលើលោកគ្រូពេទ្យ យ៉ែម ជ្រិន។ លោក ជា វណ្ណៈ មិនទាន់អាចបញ្ជាក់ពីពេលវេលា ក្នុងការបញ្ចប់សវនាការលើសំណុំរឿងនេះនៅឡើយទេ តែចៅក្រមកំពុងបន្តនីតិវិធីសាកសួរទៅលើដើមចោទ។
លោក យ៉ែម ជ្រិន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ចំនួន ៣បទល្មើសរួម មាន៖ ទី១- បទឃាតកម្មអំពើឃោរឃៅ (មាត្រា ២០៥) នៃក្រមព្រហ្មទណ្ឌ ទី២- ការប្រព្រឹត្តចម្លងមេរោគដេស៍ទៅ អ្នកដទៃ (មាត្រា១៨ និងមាត្រា៥០) នៃច្បាប់ស្តីពីការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដ ស៍/ជំងឺអេដស៍ និង បទល្មើស ទី៣- បទធ្វើអាជីវកម្មពេទ្យ ដោយគ្មានការអនុញ្ញាត។
សូមបញ្ជាក់ថា អ្នកឃុំរកាប្រមាណ ២៩០នាក់ ត្រូវបានធ្វើតេស្តឈាមរកឃើញថា ផ្ទុកមេរោគអេដស៍កាលពីខែធ្នូ ឆ្នាំ២០១៤។ ក្រោយការរកឃើញ អ្នកផ្ទុកមេរោគអេដស៍ ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញផ្ទៃប្រទេស។
មកដល់បច្ចុប្បន្ននេះ អ្នកផ្ទុកមេរោគអេដស៍ ក្នុងឃុំរកា ១០នាក់ហើយ បានទទួលមរណភាព។ អ្នកស្លាប់ទាំង ១០ នាក់នេះ មានប្រុស ៦នាក់ ស្រី ៤នាក់៕