(ភ្នំពេញ)៖ ក្រុមហ៊ុនហ្វដម៉ូទ័រ (Ford Motor) កំពុងធ្វើការស្វែងរកនូវអ្នកច្នៃម៉ូត ដែលមានថ្វីដៃល្អ ក្នុងការច្នៃប្រឌិតនូវសម្ភារៈប្រើប្រាស់ ច្នៃចេញពីសំណល់ផ្លាស្ទិច ដើម្បីប្រកួតយកពានរង្វាន់អ្នកច្នៃម៉ូតរបស់ ក្រុមហ៊ុនហ្វដ (Ford) ។ កម្មវិធីនេះនឹងផ្តល់រង្វាន់ដល់សិស្ស និស្សិត៣នាក់ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ មកពីបណ្តាប្រទេស ក្នុងទ្វីបអាស៊ីនិងអ៊ឺរ៉ុប ដោយក្រុមហ៊ុននឹងផ្តល់ជូន នូវវត្ថុធាតុដើម ដែលនៅសេសសល់ ពីការផលិតរថយន្តហ្វដ (Ford) ព្រមទំាងទឹកប្រាក់ ១០០០ដុល្លា សហរដ្ឋអាមេរិចសម្រាប់ជា ទុនប្រើប្រាស់ក្នុងការប្រកួតនេះ ។
គួរបញ្ជាក់ផងដែរថា ជ័យលាភីទាំង៣នាក់នោះ នឹងមានឱកាសក្នុងការបង្ហាញ នូវគំនិតច្នៃប្រឌិតរបស់ខ្លួន តាមរយៈការតម្រូវឲ្យច្នៃប្រឌិត នូវសម្លៀកបំពាក់ ដែលបង្កើតឡើងពីក្រណាត់កៅអីរថយន្ត ដែលផ្តល់ដោយក្រុមហ៊ុនហ្វដ (Ford) ក្នុងគោលបំណងជម្រុញ ឲ្យមនុស្សជាតិយល់ដឹង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនហ្វដ (Ford) នឹងធ្វើការផ្តល់ជូននូវ ស្រោមកៅអីឡាន ដែលផលិតពីសំណល់ដបផ្លាស្ទិច ដល់បេក្ខជន ដែលចូលរួមប្រកួតសម្រាប់ យកទៅច្នៃម៉ូតសម្លៀកបំពាក់ផងដែរ ។
កញ្ញា ឈែល ស៊ីលីវ ប្រធានផ្នែកច្នៃម៉ូតរបស់ក្រុមហ៊ុនហ្វដ (Ford) បានថ្លែងថា «ក្នុងនាមយើងជាអ្នកផលិតរថយន្ត យើងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីចូលរួមកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន ជាពិសេសកាត់បន្ថយការកើនឡើង នូវឧស្ម័នកាបូនិកនៅក្នុងបរិយាកាស។ ជាច្រើនឆ្នាំកន្លងមក យើងទទួលបានជោគជ័យ ក្នុងការផលិតរថយន្តហ្វដ (Ford) ដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយប្រើប្រាស់វត្ថុធាតុដើម កែច្នៃចេញពីសំណល់ដបផ្លាស្ទិច កប្បាស ក្រចៅ ចំបើង គ្រាប់សណ្តែក និងប្រេងល្ហុងខ្វងជាដើម»។
កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាស ដល់បេក្ខជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ បានបញ្ចេញនូវទេពកោសល្យ របស់ខ្លួន តាមរយៈការប្រើប្រាស់ កាកសំណល់យកមកកែច្នៃ រចនាជាម៉ូតសម្លៀកបំពាក់ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនហ្វដ (Ford) ចង់ជំរុញឲ្យមានការកែច្នៃនូវសម្ភារៈ ដែលប្រើប្រាស់រួចទុកជាសម្ភារៈ ដែលមានប្រយោជន៍ និងរួមគ្នាការពារបរិស្ថាន ។
កញ្ញា លីវ បានបន្ថែមទៀតថា «តាមរយៈកម្មវិធីនេះ យើងបានជំរុញឲ្យបេក្ខជន ខិតខំបង្កើតនិងច្នៃប្រឌិតបន្ថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ ក្នុងការកែច្នៃនូវក្រណាត់ និងម៉ូតដែលទាន់សម័យ ។ ការផ្តល់ជូននូវវត្ថុធាតុដើម សម្រាប់ការរចនានូវសម្ភារៈប្រើប្រាស់នេះ យើងជឿជាក់ថា នៅថ្ងៃអនាគត អ្នកច្នៃម៉ូតទំាងអស់នឹងនៅ តែបន្តគំនិតថ្មីៗនិងល្អៗ ក្នុងការបង្កើតសម្ភារៈប្រើប្រាស់ ដែលច្នៃចេញពីកាកសំណល់នានា» ។
ក្រុមហ៊ុនហ្វដ (Ford) នឹងនៅតែបន្តសហការជាមួយនឹងអង្គការ Redress ជាអង្គការមួយដែលបង្កើតឡើង ដើម្បីទប់ស្កាត់នូវផលប៉ះពាល់ទៅលើបរិស្ថាន ដោយផ្តួចផ្តើមចេញ ពីវិស័យច្នៃប្រឌិតសម្ភារៈប្រើប្រាស់ ពីកាកសំណល់ ដើម្បីបង្កើតឲ្យមានការប្រកួត នូវការច្នៃម៉ូតរបស់ហ្វដ (Ford) ឆ្នាំ២០១៦នេះ ។ នៅក្នុងកម្មវិធីនេះ បេក្ខជនទំាង១០នាក់ ដែលត្រូវបានជ្រើសរើស សម្រាប់ការប្រកួតនេះ នឹងតម្រូវឲ្យប្រើប្រាស់ នូវស្រោមកៅអីរថយន្តហ្វដ (Ford) ដើម្បីកែច្នៃឲ្យចេញជាម៉ូតសម្លៀកបំពាក់ ។
សម្លៀកបំពាក់ដែល មានការច្នៃប្រឌិតខ្ពស់ជាងគេ នឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីបង្ហាញម៉ូត Hong Kong Fashion Week ដែលជាផ្នែកមួយ នៃកម្មវិធីប្រកួតច្នៃម៉ូតរបស់ហ្វដ (Ford) ។
ការប្រកួតច្នៃម៉ូតរបស់ក្រុមហ៊ុនហ្វដ (Ford) នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥ ហើយបេក្ខជនអាចចាប់ផ្តើម ចុះឈ្មោះចូលរួមប្រកួត ចាប់ពីថ្ងៃនេះតទៅ នៅលើគេហទំព័ររបស់ក្រុមហ៊ុនហ្វដ (Ford) www.digitalsnippets.ford.com/fordgrant ៕