(ភ្នំពេញ)៖ កូនគយដែលឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានលួចបង្ហើប និងសុំឲ្យនាយហ្វ្រេស ជួយខ្សឹបជម្រាបជូនទៅដល់ថ្នាក់លើបានជ្រាប និងមានវិធានការទប់ស្កាត់ជាបន្ទាន់ បើមិនដូច្នេះទេប្រាក់ពន្ធរាប់រយរាប់ពាន់លានរៀល នឹងបាត់បង់នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះជាមិនខាន។
កូនគយខាងលើបានបង្ហើបឲ្យដឹងថា មួយរយៈចុងក្រោយនេះ ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌមកដល់ ខណៈតម្រូវការទំនិញសម្រាប់បុណ្យទានមានការកើនឡើងនោះ ក្រុមឈ្មួញបាននាំគ្នាសម្រុកដឹកទំនិញគេចពន្ធ ចូលពីប្រទេសថៃតាមមាត់ច្រកទ្វារអន្តរជាតិ ទាំងយប់ទាំងថ្ងៃ ហើយបន្តដឹកតាមរថយន្តក្រុងរបស់ក្រុមហ៊ុនចំនួនពីរចូលមកភ្នំពេញ ដោយបង់ពន្ធជូនរដ្ឋតិចតួចតែប៉ុណ្ណោះ ដោយសារតែក្រុមហ៊ុនទាំងពីរខាងលើ នេះអាងខ្នងអាងខ្សែ ក្រុមហ៊ុនមួយអាងខ្នងអង្គរក្ស និងក្រុមហ៊ុនមួយទៀតអាងខ្នងមន្ត្រីធំនគរបាលមួយរូប។
កូនគយបានលួចបង្ហើបឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលដោយបង់ពន្ធតិចតួចនោះ ភាគច្រើនជាប្រភេទទំនិញជាប់អត្រាពន្ធខ្ពស់ ដូចជាទំនិញប្រភេទសម្លៀកបំពាក់ គ្រឿងសំអាង គ្រឿងបន្លាស់រថយន្ត ម៉ូតូ ទំនិញប្រភេទភេសជ្ជៈ និងគ្រឿងចាប់ហួយថ្លៃៗជាដើម។ ចំណែករថយន្តក្រុងដែលគេអះអាងថា រកស៊ីដឹកទំនិញគេចពន្ធនោះរួមមាន ក្រុមហ៊ុនរថយន្តក្រុងវីរៈប៊ុនថាំ អាងខ្នងអង្គរក្ស និងក្រុមហ៊ុនរថយន្តក្រុងថោងស៊ីន អាងខ្នងមន្ត្រីនគរបាលជាន់ខ្ពស់មួយរូប។
ក្រុមហ៊ុនរថយន្តក្រុងទាំងពីរខាងលើនេះ ត្រូវបានគេអះអាងថា បើរត់ពេលថ្ងៃគឺដាក់មនុស្សអង្គុយខាងលើ ដាក់ទំនិញខាងក្រោម តែបើរត់ពេលយប់វិញ ភាគច្រើនគេមិនដឹកមនុស្សឡើយ គឺដឹកទំនិញបង់ពន្ធមិនគ្រប់សុទ្ធតែម្ដង ហើយពេលបើកបរតាមផ្លូវ គ្មានសមត្ថកិច្ចតូចតាចណាហ៊ានឃាត់សួរនាំនោះទេ ព្រោះក្រុមហ៊ុនគេបានទាក់ទង ជាមួយមេៗអស់ទៅហើយ។
ពាក់ព័ន្ធការចោទប្រកាន់ក្រុមហ៊ុនរថយន្តក្រុងដឹកទំនិញគេចពន្ធខាងលើ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ នាយហ្វ្រេស មិនអាចធ្វើការទាក់ទងសុំការបំភ្លឺ ពីក្រុមហ៊ុនរថយន្តក្រុងទាំងពីរខាងលើនេះបានឡើយ។ ដូច្នេះដើម្បីចង់ដឹងថា រថយន្តក្រុងខាងលើមានដឹកទំនិញគេចពន្ធមែន ឬអត់នោះ គឺមានតែអគ្គនាយកគយ និងរដ្ឋាករ ដាក់កម្លាំងសម្ងាត់ចាំឃ្លាំមើល ធ្វើការត្រួតពិនិត្យដោយផ្ទាល់តែប៉ុណ្ណោះ ថាតើពិតជាមានដឹកទំនិញគេចពន្ធ ដូចការចោទប្រកាន់មែនឬអត់?
សូមបញ្ជាក់ថា ករណីឈ្មួញដឹកទំនិញគេចពន្ធពីប្រទេសវៀតណាម ចូលតាមមាត់ច្រកទ្វារបាវិត ផ្លូវជាតិលេខ១ បានចាប់ផ្ដើមកម្រើកឡើងវិញហើយ ក្រោយស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីផ្ទុះរឿងអាស្រូវរថយន្តដឹកទំនិញគេចពន្ធ បុករថយន្តដឹកកម្មករស្លាប់ និងរបួសអស់ជាច្រើននាក់ នៅក្រុងបាវិតរួចមកនោះ។ ក្នុងនោះបច្ចុប្បន្នសូម្បីតែឈ្មួញរកស៊ីនាំទំនិញគេចពន្ធ ដ៏ល្បីល្បាញពីប្រទេសវៀតណាម ពេលឃើញឈ្មួញដ៏ទៃដឹកទំនិញគេចពន្ធតាមរថយន្តក្រុង ចូលពីប្រទេសវៀតណាមបានស្រួល ក៏បានបង្កើតរថយន្តក្រុងរកស៊ីប្រជែងជាមួយគេឯងផងដែរ៕