(បាត់ដំបង)៖ សត្វកណ្តូបជាច្រើនក្បាល បាននឹងកំពុងរាតត្បាតស៊ី កាត់ដើមស្រូវ របស់កសិករ៦ភូមិ ក្នុងឃុំរកាស្រុកសង្កែ តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ មកទល់ពេលនេះ ធ្វើឲ្យខូចខាតដើមស្រូវ ស្ទើតែទាំងស្រុង ខណៈបច្ចុប្បន្នមន្រ្តីជំនាញ និងអាជ្ញាធរស្រុក កំពុងមានវិធានការទប់ស្កាត់។
បើតាមកសិករមួយចំនួន បានឲ្យដឹងថា តាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ មកមានសត្វកណ្តូបជាច្រើន បានមកវាយប្រហារស៊ីកាត់ដើមស្រូវ ប្រជាកសិករមានចំនួន៦ ភូមិក្នុងឃុំរការស្រុកសង្កែ រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយហ្វូងសត្វកណ្តូបទាំងនេះ។
កសិករម្នាក់ឈ្មោះ ត្រាក់ ណូក អាយុ៤៧ឆ្នាំ បានប្រាប់ឲ្យដឹងថា មានហ្វូងសត្វកណ្តូបច្រើនឡើងរាល់ថ្ងៃ តែមកទល់ថ្ងៃទី០១ តុលានេះរៀនអន់បន្តិចហើយ ជាក់ស្តែងស្រូវ របស់លោកមានចំនួន៣ហិកតា នៅក្នុងភូមិពោធិ៍បាត់ដំបង រងកាស៊ីបំផ្លាញស្ទើរតែទាំងស្រុង ដោយសត្វកណ្តូបបានស៊ីកាត់គល់ ដើម និងគួរស្រូវផ្តាច់ដួលដើមស្រស់ៗ ស្ទើរតែស្រុង ។ មិនតែប៉ុណ្ណោះ កសិករផ្សេទៀត ក៏បាននិយាយពីការខូចខាត ដូចគ្នាដោយសារសត្វកណ្តូបនេះ។
ចំណែកអាជ្ញាធរស្រុកវិញបានបញ្ជាក់ថា ក្នុងឃុំរការមានភូមិចំនួន៦ ដែលរងការបំផ្លាញ ដោយសត្វកណ្តូបស៊ី ក្នុងនោះមាន ភូមិពោធិបាត់ដំបង ភូមិឈូងត្រដក់ ភូមិអំបែងថ្ងែ ភូមិតាហែន១ ភូមិតាហែន២ និងភូមិរកា។ លោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋ បើសិនជាមានបញ្ហាអ្វីមួយ បានកើតឡើងបន្តទៀត ប្រជាកសិករទាំងត្រូវរាយការណ៍ ដល់អាជ្ញាធរ ឬមន្រ្តីជំនាញជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យកើតមានបន្តទៀត៕