(ភ្នំពេញ)៖ នៅខែមករា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០គម្រោង ក្រោមទុនវិនិយោគជិត១០០លានដុល្លារ។

របាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, បានគូសបញ្ជាក់ថា គម្រោងវិនិយោគទាំង១០ ដែលកម្ពុជាបានអនុម័តនោះរួមមាន៖ រោងចក្រផលិតស្បែកជើង, កាត់ដេរសម្លៀកបំពាក់, ផលិតគ្រឿងបន្សំ កាបូប និងមួក, ផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុលជាដើម-ល-។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា លទ្ធផលនេះគឺជាសញ្ញាមួយល្អ សម្រាប់ការអនុម័តគម្រោងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមើលឃើញថា មានកំណើនជារៀងរាល់ឆ្នាំស្របពេលដែលកម្ពុជា បើកដំណើរការប្រទេសឡើងវិញ ក្រោយបរិបទកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានយកឈ្នះដោយជោគជ័យ។

ឧកញ៉ា លឹម ហេង បានឲ្យដឹងទៀតថា កម្ពុជាបានដាក់ឲ្យអនុវត្ដច្បាប់វិនិយោគថ្មី ដែលមានការទាកទាញ និងលើកទឹកចិត្ដច្រើនដល់អ្នកវិនិយោគ ដែលគួបផ្សំជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាផងនោះ ធ្វើឲ្យភាពទាក់ទាញនៃការវិនិយោគនៅប្រទេសកម្ពុជា កាន់តែមានការកើនឡើង។

ទន្ទឹមគ្នានេះ ឧកញ៉ា លឹម ហេង សង្ឃឹមថា នៅក្នុងឆ្នាំ២០២៣នេះ នៅតែជាឱកាសល្អ សម្រាប់ទាក់ទាញការវិនិយោគ មកកាន់ប្រទេសកម្ពុជា ស្របពេលដែលប្រទេសចិន បានបើកចំហរឡើងវិញ ពីវិធានការកូវីដ-១៩ ដែលនឹងធ្វើឲ្យមានការទាកទាញ ពីក្រុមហ៊ុនចិនជាច្រើន មកវិនិយោគនៅកម្ពុជា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគ សរុបចំនួន១៨៦គម្រោង ក្រោមទុនវិនិយោគ ៤,០៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៤៤ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគទាំង១៨៦នេះ មានគម្រោងវិនិយោគចំនួន១៦៣ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ៩គម្រោងស្ថិត នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ និង ៥គម្រោងស្ថិតនៅក្នុងវិស័យទេសចរណ៍៕