(ភ្នំពេញ)៖ ប្រជាជនខ្មែរមានការឈឺចាប់មិនចេះចប់មិនចេះហើយ ដែលមានអ្នកនយោបាយបរាជ័យ ជាជនអន្ធពាលម្នាក់ ឈ្មោះ សម-រង្ស៊ី និងបក្សពួកអគតិមួយក្តាប់តូច ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញនូវសេចក្តីសុខ សន្តិភាព និងសមិទ្ធផលដែលថ្នាក់ដឹកនាំ និងប្រជាជាតិខ្មែរ ទាំងមូល បានកសាងឡើងដោយលំបាក។ ជាលទ្ធផល ក្រុមទុរជននេះបាននិងកំពុងទទួលរងនូវការជេរប្រទេចផ្តាសាពីប្រជាជនខ្មែរ និងទេវតាបរាមុខជានិច្ច បានត្រឹមរត់ចោលស្រុក រស់ជាបញ្ញើក្អែកនៅឯបរទេស ដោយសារជាប់ទោសពីអំពើក្បត់ជាតិឃុបឃឹតជាមួយបរទេស ទោសប្រមាថព្រះចេស្តា និងទោសទណ្ឌក្នុងផ្លូវច្បាប់ជាច្រើនទៀត លែងមានឱកាសបានមកជាន់ទឹកដីកម្ពុជាសុវណ្ណភូមិ មកបំផ្លាញខ្មែរដោយផ្ទាល់ហើយ។

ទន្ទឹមនឹងការឈឺចាប់នេះ ដោយទង្វើនយោបាយបែបអគុណធម៌របស់ជនក្បត់ជាតិតពូជ ឈ្មោះ សម-រង្ស៊ី និងបក្សពួកអគតិមួយក្តាប់តូចនេះ ប្រជាជនខ្មែរក៏ហួសចិត្ត និងអស់សំណើចផងដែរ ដែលមិននឹកស្មានដល់ថា បុគ្គលដ៏ល្ងង់ខ្លៅនេះ បានប្រព្រឹត្តកំហុសនយោបាយធំៗយ៉ាងហោចណាស់ចំនួនពីរលើក ដែលនាំឱ្យខ្លួននិងបក្សពួកអគតិរបស់ខ្លួន អស់ឱកាសរលីងឆិញ ក្នុងការស្គាល់រសជាតិនៃជ័យជម្នះ។

កំហុសនយោបាយដ៏ធំទី១ នៅឆ្នាំ២០០៦ សម-រង្ស៊ី បានសុខចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកែប្រែសំឡេងមតិភាគច្រើននៃតំណាងរាស្ត្រ ពីចំនួន ២ភាគ៣ ទៅជាចំនួន ៥០%បូក១ វិញ សម្រាប់ការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាល។ ចាប់តាំងពីពេលនោះមក គ្មានទៀតទេវិបត្តិជាប់គាំងនយោបាយ ដែលធ្លាប់តែកើតមានឡើងនៅនីតិកាលមុនៗកន្លងមក។

កំហុសនយោបាយដ៏ធំទី២ នៅឆ្នាំ២០២១ នេះ ជនឧបឃាត សម-រង្ស៊ី ដែលមានខ្លួនឯងមានពហុសញ្ជាតិ និងអាងតែរត់ទៅជ្រកជាបញ្ញើក្អែកនៅឯស្រុកក្រៅ និងពឹងពាក់បរទេសឱ្យជួយបំផ្លាញខ្មែរ បន្ទាប់ពីញុះញង់បង្កចលាចលបំពាននឹងច្បាប់នៃប្រទេសកម្ពុជានោះ ប្រេតរដូវភ្ជុំនេះបែរជាចោទដោយបំផ្លើស ថាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ថាមានសញ្ជាតិពីរ មានលិខិតឆ្លងដែនបរទេសទៅវិញ។

អ្វីដែលគួរឱ្យអាម៉ាស់ និងអស់សំណើចជាខ្លាំងនោះ គឺជនឧបឃាត សម-រង្ស៊ី ដែលតែងតែអួតក្អេងក្អាងថាខ្លួនជាអ្នកចេះដឹងជ្រៅជ្រះនេះ តាមពិតពុំដែលសិក្សាស្វែងយល់ និងស្រាវជ្រាវឱ្យច្បាស់អំពីព័ត៌មានដែលចុះផ្សាយក្នុងសារព័ត៌មានបរទេស ថាតើជាព័ត៌មានដែលមានមូលដ្ឋានត្រឹមត្រូវ មានប្រភពច្បាស់លាស់ ឬជាការពិតឬមិនពិតនោះឡើយ មុននឹងហាមាត់កុហកសាធារណជនបន្តទៀត។ ឱ្យតែមានព័ត៌មានវាយប្រហារមកលើថ្នាក់ដឹកនាំកម្ពុជា បុគ្គលនេះតែងតែចម្លង ព្យាយាមបំភ្លៃ និងពន្លាតបំផ្លើសបន្ថែមទៀតដើម្បីចំណេញនយោបាយល្ងង់ខ្លៅរបស់ខ្លួន ដោយមិនខ្វល់ថាជាព័ត៌មានក្លែងក្លាយនោះទេ។ នេះស្តែងអំពីចេតនាដ៏អាក្រក់ខ្មៅងងឹត និងភាពល្ងង់ខ្លៅអស់កែរបស់ជននេះ។

ឥឡូវនេះ ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់ទិសទី បានចេញមកគាំទ្រយ៉ាងផុសផុល នូវគំនិតផ្តួចផ្តើមរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដោយកំណត់ឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មានសញ្ជាតិខ្មែរតែមួយ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការប៉ុនប៉ងជ្រៀតជ្រែកពីបរទេស។ អំណឹះតទៅ ទ្វារនឹងត្រូវបានបិទជារៀងរហូត សម្រាប់អ្នកដែលមានពហុសញ្ជាតិ ដែលប៉ុនប៉ងកាន់តំណែងកំពូលរបស់រដ្ឋ ជាពិសេសតំណែងនាយករដ្ឋមន្ត្រី ហើយប្រសិនបើចង់បើកទ្វារនេះវិញ ទាល់តែរកបានសំឡេង ២ភាគ៣ មកកែប្រែវិញ ដែលសូម្បីតែស្រមៃ ក៏មិនអាចទៅរួចផង សម្រាប់ក្រុមជនបរាជ័យ ដែលប្រជាជនស្អប់ខ្ពើមនេះ។

កំហុសនយោបាយដ៏ធំទាំងពីរខាងលើនេះ ជានយោបាយកាំបិតចិតដងឯង ដែលបុគ្គលឧបឃាត អន្ធពាល ឈ្មោះ សម-រង្ស៊ី និងបក្សពួកអគតិមួយក្តាប់តូច បានធ្វើឡើងជាឧបករណ៍អត្តឃាតចំពោះខ្លួនឯង។

នៅទីបំផុត គំនិតផ្តួចផ្តើមរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ គឺជាជោគជ័យរបស់ប្រជាជាតិកម្ពុជាទាំងមូល ដោយសារតែប្រទេសជាទីស្រឡាញ់នៃយើងគ្រប់គ្នានេះ នឹងទទួលបានតែថ្នាក់ដឹកនាំដែលមានការស្រលាញ់ជាតិស្មោះស្ម័គ្រមួយជីវិត មិនមានសញ្ជាតិច្រើនដែលត្រៀមខ្លួនរត់ចោលស្រុកដូចជនឧបឃាត សម-រង្ស៊ី។

ការពិតពីមាតុភូមិ, ថ្ងៃពុធ ១៥រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
រាជធានីភ្នំពេញ, ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១