(ភ្នំពេញ)៖ ក្នុងខណៈដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិវឹកវរដ៍ធ្ងន់ធ្ងរ បង្កឡើងដោយមេរោគកូវីដ១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលរក្សាបានប្រជាប្រិយភាពយូរជាងគេនៅអាស៊ី បានបង្ហាញនូវភាពជាអ្នកដឹកនាំដ៏ឆ្នើម ប្រកបដោយគតិបណ្ឌិតឈ្លាសវៃបំផុត ដែលបានថ្លឹងថ្លែងនិងសម្រេចយ៉ាងត្រឹមត្រូវឥតខ្ចោះនូវប្រយោជន៍ជាតិ សុខសន្តិភាព សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋ សេដ្ឋកិច្ច ទំនាក់ទំនងការទូតជាមួយប្រទេសជាមិត្ត ទង្វើមនុស្សធម៌ និងគ្រប់គ្រងស្ថានភាពដោយល្អបំផុត ធ្វើឱ្យកម្ពុជារួចផុតពីវិបត្តិធ្ងន់ធ្ងរ ហើយជាពិសេសពុំមានករណីមរណភាពដោយជំងឺកូវីដ១៩ ទាល់តែសោះ។

ជាក់ស្ដែង តាមការវាយតម្លៃនាពេលថ្មីៗនេះកម្ពុជាបានជាប់ចំណាត់ ថ្នាក់លេខ១ នៅអាស៊ី និងជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក ចំពោះស្នាដៃក្នុងការគ្រប់គ្រងស្ថានភាពនៃការឆ្លងរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ១៩ បានល្អជាងគេ។

ក្នុងខណៈដែល សម្តេចតេជោ ទើបតែបញ្ចប់នូវចត្តាឡីស័កដោយជោគជ័យ បានឱកាសឆ្លៀតពេលសម្រាកខ្លះ សម្តេចរឹងរឹតតែមានសុខភាពពេញលេញល្អបរិបូរណ៌ មានកម្លាំងពលំកាន់តែខ្លាំងក្លា។ ប្រជាពលរដ្ឋមានសេចក្តីត្រេកអរជាទីបំផុតអំពីដំណឹងល្អដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជៀសផុតពីការឆ្លងមេរោគកូវីដ១៩ និងបន្ទរ «លាហើយព្រឹត្តិការណ៍៣វិច្ឆិកា!» ប៉ុន្តែការប្រយុទ្ធជាមួយកូវីដ១៩ នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។

ទន្ទឹមនឹងនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ព្រះរាជាណាចក្រកម្ពុជារក្សាបាននូវចំណងមិត្តភាពដ៏ល្អប្រសើរ ជាមួយបណ្តាប្រទេសជាមិត្តក្នុងតំបន់ និងលើពិភពលោក។ នៅក្នុងចំណោមទង្វើនិងការសម្រេចចិត្តដ៏ត្រឹមត្រូវវិសេសវិសាលទាំងឡាយ យើងបានកត់សម្គាល់ឃើញនូវព្រឹត្តការណ៍ជាច្រើន ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពដឹកនាំដ៍ឆ្នើមរបស់ សម្តេចតេជោ ក្នុងឆាកអន្តរជាតិ។ ជាអាទិ៍បន្ទាប់មានពីការឆ្លងរាតត្បាតក្នុងទ្រង់ទ្រាយធំ នៃមេរោគកូរ៉ូណានៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ក្នុងខណៈដែលពិភពលោកបានរើសអើងចំពោះសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដំបូងបំផុតដែលបានបង្ហាញ ពីភាពជាមិត្តស្មោះត្រង់ និងមិនអាត្មានិយម តាមរយៈដំណើរទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ និងជួបជាមួយថ្នាក់ដឹកនាំប្រទេសនេះ ដើម្បីផ្តល់ការគាំទ្រផ្នែកស្មារតី មិត្តភាពកក់ក្តៅ និងជំនួយផ្សេងៗ។

ថ្នាក់ដឹកនាំប្រទេសចិន បានវាយតម្លៃខ្ពស់នូវទង្វើដ៏ប្រពៃរបស់ សម្តេចតេជោ ក្នុងនោះមានជាអាទិ៍ ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាជា «មិត្តដែកថែប» របស់ប្រទេសចិន និងពិតជាសហគមន៍ជោគវាសនារួមដែល «ដកដង្ហើមរួមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា» យ៉ាងពិតប្រាកដ។

ក្រោយមកទៀត ក្នុងខណៈដែលប្រទេសនានាបានបដិសេធនូវការសុំចូលចតនៃនាវាកម្សាន្ត វេស្ទ័រដាម (Westerdam) និងទុកឱ្យនាវានិងអ្នកដំណើររបស់ខ្លួន ចំនួន ១៤៥៥នាក់ និងនាវិក ៨០២នាក់ មកពីប្រទេសចម្រុះជាតិសាសន៍៤១ រសាត់អណ្តែតលើសមុទ្រ គ្មានទីពឹង ដោយព្រោះតែការបារម្ភគ្មានមូលដ្ឋានអំពីការឆ្លងមេរោគកូវីដ១៩ សម្តេចតេជោ បានឈ្វេងយល់ច្បាស់លាស់ និងធ្វើសេចក្តីសម្រេចដោយត្រឹមត្រូវ ពោរពេញដោយមនុស្សធម៌ អនុញ្ញាតឱ្យនាវាចូលចត និងចាត់ចែងឱ្យជនបរទេសទាំងអស់នោះអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនដោយសុវត្ថិភាព។ អំពើមនុស្សធម៌របស់ «ប្រទេសតូច បេះដូងធំ»នេះ បានទទួលការសាទរ និងស្ញប់ស្ញែងយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ ជាពិសេសអង្គការសុខភាពពិភពលោក។

នៅបន្ទាប់ពីមានព្រឹត្តិការណ៍ ៣ វិច្ឆិកា ប្រតិបត្តិការដ៏ធំធេងនឹងស្មុគស្មាញមួយ តម្រូវឱ្យធ្វើឡើង ក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ដែលមានមនុស្សនៅតាមរាជធានីខេត្ត ស្រុក ខណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ដោយការដឹកនាំត្រឹមត្រូវម៉ត់ចត់ មានសាមគ្គីភាព និងកិច្ចសហការល្អ ក្រោមការតម្រង់ទិសចង្អុលបង្ហាញរបស់ សម្តេចតេជោ យើងបានធ្វើសកម្មភាពបានលឿនឆាប់រហ័ស គ្រប់គ្រងសភាពការណ៍ទាន់ពេលវេលា ផ្អាកការជួបជុំ ផ្អាកទីកន្លែងប្រមូលផ្តុំ និងរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដាន ទាំងអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល យកសំណាកធ្វើតេស្ត និងចាត់ចែងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមនិយាមសុខាភិបាល។

ក្នុងស្មារតី «ស្រឡាញ់គ្នាក្នុងគ្រាល្អ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន» បើទោះបីជានៅក្នុងខណៈដែល សម្តេចតេជោ ផ្ទាល់ស្ថិតនៅក្នុងចត្តាឡីស័ក ក៏សម្តេចតេជោ បានធ្វើអំណោយម៉ាសចំនួន២លាន ១សែន និង បរិក្ខារពេទ្យមួយចំនួនជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានចាត់តាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយដ៏ថ្លៃថ្លាជូនផ្ទាល់ទៅនាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។

ទាំងនេះ ពិតជាសបញ្ជាក់កាន់តែច្បាស់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាកំពូលរដ្ឋបុរសនៃកម្ពុជា ដែលមានស្នាដៃឆ្នើមទាំងកិច្ចការប្រទេសជាតិ និងកិច្ចការទំនាក់ទំនងអន្តរជាតិ ផុសត្រដែតក្នុងខណៈពិភពលោកជួបវិបត្តិ សក្តិសមជានាយករដ្ឋមន្ត្រីកាន់ចង្កូតនាវាកម្ពុជាជាទីគោរពស្រឡាញ់ ពីប្រជាជនពេញផ្ទៃប្រទេស៕

ដោយ៖ ការពិតពីមាតុភូមិ