(ភ្នំពេញ)៖ លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្របក្ស ប្រឆាំងដែលជាប់បំរាមធ្វើនយោបាយត្រូវបាន ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទារនយោបាយឡើងវិញ ហើយតាមសំណើររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ មិនត្រឹមតែទទួល បាននីតិសម្បទារនយោបាយឡើងវិញ ប៉ុណ្ណោះទេ លោកស្រី លី ស្រីវីណា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្រេចទទួលឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចតាមសំណើររបស់សាមីខ្លួនផងដែរ។

ក្នុងលិខិតសរសេរដោយផ្ទាល់ដៃផ្ញើទៅកាន់សម្តេចតេជោ ហ៊ុន សែន និងភរិយា លោកស្រី លី ស្រីវីណា បានបញ្ជាក់ថា «លោកស្រីចងចាំមិនភ្លេចនូវគុណូបការៈរបស់ នាយករដ្ឋមន្ត្រីដែលបានបញ្ជូន លោកស្រីទៅរៀននៅបរទេសនៅឆ្នាំ១៩៨៩។ ដើម្បីតបស្នងមហាគុណនេះ លោកស្រីចង់យកចំណេះដឹងរបស់ខ្លួនដែលបានរៀនសូត្រពីបរទេស ទៅជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងស្របតាមនយោបាយឈ្នះឈ្នះដ៏ត្រឹមត្រូវនឹងភ្លឺស្វាងក្នុងសន្តិភាពរបស់នាយករដ្ឋមន្ត្រី»

លោកស្រី លី ស្រីវីណា ក៏បានគូសបញ្ជាក់ផងដែរថា «លោកស្រីមិនពេញចិត្តទាល់តែសោះចំពោះការវាយប្រហារដោយអយុត្តិធម៌របស់មនុស្សមួយចំនួនទាំងក្នុង និងក្រៅប្រទេសទៅលើសម្តេចនាយករដ្ឋមន្ត្រី»។ ក្នុងន័យនេះការសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺលោកស្រីចង់ចូលរួមចំណែកកសាងប្រទេស តាមមាគ៌ាដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពាក្យពេចន៍ដែលបង្ហូរចេញពីស្លាបប៉ាការបស់លោកស្រី លី ស្រីវីណា អាចបញ្ជាក់បានថា លោកស្រីជាមនុស្សដែល មានការពិចារណាខ្ពស់ និងចេះបែងចែកដាច់ពីគ្នារវាងគុណនិងទោស ហើយបានធ្វើការសម្រេចចិត្តយ៉ាងច្បាស់ក្នុងការផ្តល់យុត្តិធម៌ដល់សម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលមិនត្រឹមតែបាន រំដោះប្រជាជនខ្មែររាប់លាននាក់ឲ្យរួចផុតពី សេចក្តីស្លាប់ប៉ុណ្ណោះទេ ប៉ុន្តែនៅបានផ្តល់ឱកាសជូនពលរដ្ឋខ្មែររួមទាំងលោកស្រី លី ស្រីវីណាផងឲ្យបានស្រូបយកចំណេះវិជ្ជា និងទទួលបានសន្តិភាព និងភាពសម្បូរសប្បាយរហូតដល់សព្វថ្ងៃ។

អ្វីដែលសំខាន់បំផុតគឺនយោបាយឈ្នះឈ្នះដែលធ្វើឲ្យខ្មែរគ្រប់គ្នា គ្រប់និន្នាការបាន ទទួលផលពីសុខសន្តិភាពរបស់ប្រទេស។ នេះជាហេតុផលជាក់ស្តែងមិនអាចប្រកែក និងកាឡៃ បានដែលលោកស្រី លី ស្រីវីណា បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះលោកស្រីក៏មិនភ្លេចទះកំភ្លៀងក្រុមប្រឆាំងក្រៅច្បាប់យ៉ាងដំណំផងដែរ ដើម្បីឲ្យសមនឹងអំពើដែលពួកគេបានធ្វើមកលើប្រទេសជាតិ។

ការសម្រេចចិត្តរបស់លោកស្រី លី ស្រីវីណា សរបញ្ជាក់ថា ទស្សនៈវិជ្ជានយោបាយឈ្នះឈ្នះរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែមានពន្លឺបំភ្លឺខ្លាំងឡើងៗជាលំដាប់ ហើយក៏ បានក្លាយជាប្រទីបបំភ្លឺផ្លូវខ្មែរឲ្យមើលឃើញកាន់តែច្បាស់ នូវមុខមាត់ពិតរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់។ ពន្លឺនៃនយោបាយឈ្នះឈ្នះក៏កំពុងតែដក់ជាប់កាន់តែជ្រៅទៅៗ នៅក្នុងចិត្តនិងបេះដូងរបស់ ពលរដ្ឋខ្មែរ ក្នុងនោះក៏មានអ្នកដែលលង់ជឿក្រុមប្រឆាំងជ្រុលនិយមជាច្រើនផងដែរ។

ជាក់ស្តែងកន្លងមកនេះ មានអតីតមន្ត្រីជាន់ខ្ពស់សកម្មជន និងអ្នកគាំទ្រក្រុមប្រឆាំងក្រៅច្បាប់ជាច្រើន បាននាំគ្នាភ្ញាក់រលឹកជាបន្តបន្ទាប់ ដោយអ្នកខ្លះងាកមកសុំសិទ្ធធ្វើនយោបាយឡើងវិញ ដើម្បីបង្កើតគណបក្សនយោបាយថ្មី, អ្នកខ្លះបោះបង់ចោលក្រុមឧទ្ទាមដោយស្ងាត់ស្ងៀម ខណៈ ដែលអ្នកខ្លះទៀតក៏បានមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា វិញដើម្បីរួមចំណែកកសាងប្រទេសដូច លោកស្រី លី ស្រីវីណា ជាឧទាហរណ៍ស្រាប់។

ដោយសារតែនយោបាយ ឈ្នះឈ្នះនេះហើយ ទើបពួកគេបានទទួលសេចក្តីសុខ និងភាពចម្រុងចម្រើនជាបន្តបន្ទាប់ពីសុខសន្តិភាពរបស់ប្រទេស។
សុខសន្តិភាពនិងការអភិវឌ្ឍន៍នេះបានកើតមានចំពោះពលរដ្ឋខ្មែរគ្រប់រូបមិនថា អ្នកនោះស្ថិតក្នុងគណបក្សនយោបាយណាឡើយឲ្យតែពួកគេខិតខំប្រកបមុខរបរនិងការងារ ហើយមិនប្រព្រឹត្តអំពើខុសច្បាប់។

សុខសន្តិភាពរយៈពេលយូរដែលមិនធ្លាប់មាន ពីមុននិងភាពសម្បូរ សប្បាយផ្នែកជីវភាព និងសេរីភាពដែលពលរដ្ឋខ្មែរមិនដែលជួបប្រទះគឺជាផ្លែផ្កានៃ នយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយគ្មានអ្នកណាអាចកាឡៃបំភ្លៃបានឡើយ។

នៅពេលដែល នយោបាយឈ្នះឈ្នះកាន់តែជះពន្លឺ ក្រុមប្រឆាំងជ្រុលនិយមក៏កាន់តែងងឹត សូន្យសុងពីមួយថ្ងៃទៅមួយថ្ងៃដែរ។ លើការជាក់ស្តែងបច្ចុប្បន្នក្រុមប្រឆាំងក្រៅច្បាប់ បានបាក់បែកគ្នាជាច្រើនចំរៀក ជាកង់ៗ អ្នកខ្លះរត់គេចខ្លួនពីសំណាញ់ ច្បាប់ ហើយមួយចំនួនធំរួមមានទាំងមន្ត្រីជាន់ខ្ពស់សកម្មជន និងអ្នកគាំទ្រថ្នាក់មូលដ្ឋានក៏បានងាកមក ចូលរួមការពារសន្តិភាព និងភាពសុខសានរបស់ប្រទេសជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

មិនថានៅក្នុង ឬក្រៅប្រទេសឡើយ ក្រុមអ្នកគាំទ្រពួកប្រឆាំងជ្រុលនិយម គឺស្ថិតក្នុងស្ថានភាពស្ងាត់ ទាំងអ្នកចេញមុខ និងស្ងាត់ទាំងអ្នកឧបត្ថម្ភថវិកា។
ជាក់ស្តែងកន្លងមកនេះ ពេលពួកគេចង់ប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម ពួកគេត្រូវប្រើលុយដើម្បីជួលពួកបាតុករស៊ីឈ្នួលហើយទោះជាប្រើលុយកាក់ក៏ដោយ ក៍នៅតែមិនអាច ប្រមូលមនុស្សបានច្រើនដែរ។

នៅឯក្រៅប្រទេសវីញក៏ដូចគ្នាដែរ។ ពេលពួកគេរៀបចំបាតុកម្មម្តងៗ មានមនុស្សតែមួយដំបរស្វាប៉ុណ្ណោះចូលរួម ហើយចំណែកឯប្រភពថវិកា ដែលធ្លាប់តែប្រមូលបានច្រើន កាលពីមុនក៏កាន់តែខ្សត់ខ្សោយទៅៗ។ ស្ថានភាពដែលបានធ្លាក់ចុះដុនដាបទាំងនេះក៏ដោយសារតែពន្លឺនៃនយោបាយឈ្នះឈ្នះដែលកាន់តែជះចូលដល់គ្រប់ទិសទីដែលធ្វើឲ្យគេ បានមើលឃើញនូវ មុខមាត់ពិតកាន់តែច្បាស់របស់ក្រុមបំផ្លាញជាតិ ដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ក្លែងក្លាយ។

សរុបមកវិញ អំពើល្អដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានធ្វើ កំពុងទទួលបាន ការតបស្នងវិញពី ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ យុត្តិធម៌ក៏ត្រូវបានផ្តល់ជូនរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពាក្យចាស់បូរាណពោលថា «អំពើល្អមិនដែលសាបសូន្យ» យ៉ាងណាមិញគុណូបការៈដែលគណបក្ស ប្រជាជនកម្ពុជា បានសាងដើម្បីប្រទេសជាតិនិងប្រជាជនដ៏កំសត់នេះ កំពុងទទួលបានការតបស្នងវិញហើយ។

ផ្ទុយទៅវីញអំពើអាក្រក់តែងតែវិនាសសូន្យសុង ប្រៀបដូចក្រុមឧទ្ទាមក្រៅច្បាប់ដែលកាន់តែងងឹតត្បិតចាញ់ពន្លឺនយោបាយឈ្នះឈ្នះ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ