(ភ្នំពេញ)៖ នៅក្នុងដំណើរការកសាងជាតិជាង៤០ឆ្នាំ ចុងក្រោយនេះ រាប់ចាប់តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានលះបង់អស់ហើយទាំងដំណាក់កាលយកជីវិតធ្វើដើមទុនរហូតដល់ដំណាក់កាលស្តារ ប្រទេសឡើងវិញពីគំនរផេះផង់ ដោយយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ទម្រាំតែស្តារ និងកសាងប្រទេសជាតិបាន ដូចសព្វថ្ងៃ។

ការលះបង់ទាំងអស់នេះ បានប្រែក្លាយប្រទេសជាតិពីវាលពិឃាដមកជាប្រទេសដែល ពោរពេញដោយការអភិវឌ្ឍន៍។ ពីប្រទេសមួយដែលលឺតែសម្រែកទួញសោក និងដក់ដោយឈាម និងទឹកភ្នែកមកជា ព្រះរាជាណាចក្រនៃស្នាមញញឹម។ ពីប្រទេសមួយលឺតែស្នូរកាំភ្លើងមកជាប្រទេសមួយដែល មានសន្តិភាពពេញលេញ។ ពីប្រទេសមួយដែលប្រជាជនធ្លាប់តែអត់ឃ្លានមកជា ប្រទេសមួយដែលសម្បូរសប្បាយ និងពីប្រទេសមួយដែលធ្លាប់ដណ្តើមអំណាចគ្នាដោយចុងកាណុង មកជាប្រទេសមួយដែលប្រើសន្លឹកឆ្នោត ដើម្បីរើសមេដឹកនាំ។ ទាំងនេះគឺជាការផ្លាស់ប្តូរដ៏ស៊ីជម្រៅខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដែលគេមិនធ្លាប់បានជួបប្រទះពីមុនមក។

សមិទ្ធផលមិនអាចកាត់ថ្លៃបានទាំងអស់នេះគឺជា ទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលត្រូវតែការពារមិនឲ្យអ្នកណាមកបំផ្លាញបានជាដាច់ខាត។ ប៉ុន្តែ ពីដំណាក់កាលមួយទៅមួយ មានក្រុមជ្រុលនិយមមួយក្តាប់តូច ដែលជ្រកក្រោមស្លាកបក្សប្រឆាំង និងជ្រកក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែងតែធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីបំផ្លាញសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់នោះឲ្យវិនាសសាបសូន្យទៅវិញ ក្រោមខ្សែញាក់របស់បរទេស។

នៅពេលខ្មែរក្រហម សម្លាប់ខ្មែរស្ទើរដាច់ពូជ ពួកគេចោទថាគឺបរទេសជាអ្នកសម្លាប់។ នៅពេលដែល សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្មគ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពួកគេចោទថាជា «អាយ៉ងយួន»។ នៅពេលដែលរដ្ឋាភិបាលខិតខំកៀរគរជំនួយបរទេសមកស្តារប្រទេសឡើងវិញ ពួកគេដើរបំផុសឲ្យបរទេសផ្តាច់ជំនួយ។ នៅពេលរដ្ឋាភិបាលខិតខំទាក់ទាញអ្នកវិនិយោគទុនឲ្យមកបើករោងចក្របង្កើតការងារឲ្យកូនខ្មែរធ្វើ ពួកគេដឹកនាំបាតុកម្មខុសច្បាប់វាយបំផ្លាញរោងចក្រធ្វើឲ្យអ្នកវិនិយោគបិទរោងចក្រ។

បច្ចុប្បន្ន នៅពេលដែលប្រទេសជាតិក៏ដូចជា ពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឲ្យមានមហន្តរាយធ្ងន់ធ្ងរដល់វិស័យសុខាភិបាល ជីវិតមនុស្ស និងវិស័យសេដ្ឋកិច្ច ។ល។ ពួកប្រឆាំងជ្រុលនិយម បែរជានាំគ្នាប្រឌិតរឿងអកុសលបង្កើតព័ត៌មានក្លែងក្លាយ និងផ្សាយព័ត៌មានញុះញង់បញ្ឆេះកំហឹងគ្រប់ប្រភេទ ដើម្បីឲ្យសង្គមមានភាពច្របូកច្របល់ និងចលាចល។

នៅពេលដែលប្រទេសជាតិកំពុងជួបគ្រោះមហន្តរាយធម្មជាតិ ដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ហើយដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កំពុងដុតដៃដុតជើង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះថ្នាក់ ពួកប្រឆាំងជ្រុលនិយម បែរជាឈរឱបដៃមើលហើយ ស្រែកបន្ទោស និងបំផុសព័ត៌មានបំពុលសង្គមដោយអសីលធម៌បំផុត។ ពួកគេថែមទាំងប្រឌិតរឿងជាច្រើនតាមរយៈការយករូបថតចាស់ៗ ដែលកើតមានជាយូរមកហើយ ដែលរូបថត ឬឃ្លីបវីដេអូខ្លះនៅស្រុកគេសោះ មកបង្ហោះបន្លំថាជារឿងកើតនៅកម្ពុជា ដើម្បីបង្កើតឱ្យមានការភាន់ច្រឡំ។ បើទោះជាប្រើពេលមួយពាន់មួយយប់ក៏មិនអាច រៀបរាប់ពីសកម្មភាពអាក្រក់ជួរជាតិរបស់ក្រុមប្រឆាំងជ្រុលនិយម ឲ្យអស់សេចក្តីបានដែរ។

បច្ចុប្បន្ន ពួកគេកំពុងប្រើប្រាស់ថ្ងៃ ២៣ តុលា ដែលជាថ្ងៃចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពី២៩ឆ្នាំមុន ដើម្បីបង្កអស្ថិរភាពសង្គម និងបំផ្លាញសន្តិភាពក្នុង ប្រទេសទៅវិញ។ ទោះបីជាខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានច្របាច់ចូលក្នុងរដ្ឋធម្មនុញ្ញអស់ទៅហើយក៏ដោយ ក៏ពួកគេនៅតែចង់ប្រើប្រាស់ថ្ងៃនេះ ដើម្បីធ្វើវិទ្ធង្សនាបង្កការរំខានក្នុងខណៈដែលប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងរងគ្រោះដោយវិបត្តិកូវីដ១៩ និងគ្រោះទឹកជំនន់។ ប្រសិនបើពួកនេះមាន បេះដូចជាខ្មែរ ពួកគេប្រហែលជាត្រូវយកពេលវេលានេះទៅចូលរួមដោះស្រាយការលំបាករបស់ខ្មែរជាមិនខាន មិនមែនយកពេលវេលាដ៏លំបាកនេះទៅបង្កបញ្ហាបន្ថែមនោះឡើយ។

ទាំងអស់នេះហើយគឺជាហេតុផលដែល សម្តេចតេជោ ហ៊ុន សែន ត្រូវប្តូរផ្តាច់ដើម្បីការពារសមិទ្ធផលរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឲ្យជនណា ឬក្រុមណាមួយមកបំផ្លាញបានឡើយ ទោះជាត្រូវចាយក្នុងតម្លៃណាក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកប្រើជីវិត ប្រើសាច់ស្រស់ឈាមស្រស់ ដើម្បីកសាងសមិទ្ធផលដ៏ថ្លៃថ្លានេះ នៅតែបន្តធ្វើជាអ្នកការពារដ៏រឹងមាំចំពោះសន្តិភាព និងភាពសម្បូរសប្បាយរបស់ប្រជាជនខ្មែរជាដរាប។ ហើយចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានយ៉ាងច្បាស់លាស់ដល់ពួកប្រឆាំងជ្រុលនិយម ដែលធ្វើសកម្មភាពបំផ្លាញសមិទ្ធផលរបស់ប្រជាជន ដូចបានលើកឡើងខាងលើថា បើហ៊ាន «ងើបមួយ វ៉ៃមួយ»។ ពាក្យនេះពិតជាស័ក្តិសមណាស់ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ដែលធ្វើសកម្មភាព ដើម្បីតែបំផ្លាញសមិទ្ធផល និងសេចក្តីសុខសានរបស់ប្រជាជន។

ជាការពិត បើគ្មានមេដឹកនាំម៉ឺងម៉ាត់ច្បាស់លាស់ និងមានសមត្ថភាពពិសេស ដែលអាចដឹកនាំបញ្ជាកម្លាំងបានគ្រប់មជ្ឈដ្ឋានដូច សម្តេចតេជោ ហ៊ុន សែន ទេនោះ កម្ពុជាច្បាស់ជាត្រូវធ្លាក់ក្នុងកណ្តាប់ដៃក្រុមប្រឆាំងជ្រុលនិយម ហើយបានវិលទៅរក
អតីតកាលដ៏សែនឈឺចាប់វិញបាត់ទៅហើយ។ ប៉ុន្តែវត្តមានដ៏រឹងមាំរបស់ សម្តេចតេជោ ហ៊ុន សែន ពិតជាបាន និងកំពុងរក្សាបាន នូសន្តិភាព និងសមិទ្ធផលដ៏ថ្លៃថ្លានានាជូនប្រទេសជាតិ និងប្រជាជនរហូតមកទល់សព្វថ្ងៃ។ ប្រជាជនកម្ពុជាពិតជាត្រូវការវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ដឹកនាំយូរអង្វែងតទៅមុខទៀត ដើម្បីជារបងការពារប្រឆាំងនឹងការប៉ុនប៉ង បំផ្លិចបំផ្លាញពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម។

បទបញ្ជា«ងើបមួយ វ៉ៃមួយ» ដែល សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តចំពោះក្រុមប្រឆាំងជ្រុលនិយមគឺជា «វិធានការដ៏មុតស្រួច និងចាំបាច់ខ្វះមិនបាន» សម្រាប់ការពារសមិទ្ធផលរបស់ប្រទេសជាតិ និងប្រជាជន។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាពេញចិត្តឈរនៅខាង សម្តេចតេជោ ហ៊ុន សែន ជានិច្ច ពីព្រោះគាត់ជាតំណាងឲ្យអ្នកការពារ ជាស្ថាបនិកសន្តិភាព ជាគំរូនៃការលះបង់ដើម្បីជាតិ និងប្រជាជន និងជានិមិត្តរូបនៃសុខ សន្តិភាព ការអភិវឌ្ឍ និងភាពសម្បូរសប្បាយនៃកម្ពុជា។

ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា រយៈពេលជិតកន្លះសតវត្សរ៍ចុងក្រោយនេះ បើគ្មានវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទេនោះ កម្ពុជាប្រហែលជាបាត់ឈ្មោះពីផែនទីពិភពលោកបាត់ទៅហើយក៏មិនដឹង។ ចំណែកឯប្រជាពលរដ្ឋខ្មែរក៏ប្រហែលជាអាចស្លាប់ផុតពូជពីលើភពផែនដីនេះទៅហើយដែរ។

ដូច្នេះ យើងជាពលរដ្ធខ្មែរ មិនត្រូវបណ្តោយឱ្យជោគវាសនាយើងទាំងអស់គ្នា ជាពិសេសបំផុតនោះ សន្តិភាព សេចក្តីសុខ និងឱកាស មាសនៃការកសាង និងអភិវឌ្ឍន៍ប្រទេសរបស់យើង របូតចេញផុតពីដៃបានឡើយ ហើយក្នុងស្ថានភាពដ៏ពិសេសនេះ គឺមានតែវិធានការពិសេស «ងើបមួយ វ៉ៃមួយ» លើពួកជ្រុលនិយមនេះទេ ដែលអាចថែរក្សា និងការពារបាន ដោយប្រសិទ្ធភាពជាក់ស្តែងបំផុតនូវភាពសុខសាន្តរបស់ប្រជាជាតិ និងប្រជាជនយើង៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ