(ភ្នំពេញ)៖ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវបានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជាប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនដែរ។ ក្នុងស្ថានភាពបែបនេះប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់សម្រាប់ប្រទេសតូចមួយដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេសដើម្បីគេចផុតពីឥទ្ធិពលរបស់មហាអំណាច។ ទោះជាយ៉ាងនេះក៏ដោយ ក៏កម្ពុជាដែលមានមេដឹកនាំដ៏ខ្លាំងពូកែ និងមានបទពិសោធន៍ម្នាក់ នៅក្នុងឆាកនយោបាយបានជ្រើសរើសជំហរដ៏ឆ្លាតវៃមួយ ក្នុងការសម្របសម្រួលជាមួយមហាអំណាចទាំងអស់ដើម្បីទាញយកផលប្រយោជន៍សម្រាប់កសាងប្រទេសផង និងសម្រាប់រកសេចក្តីសុខជូនប្រជាពលរដ្ឋរបស់ខ្លួនផង។

សុខសន្តិភាព ការអភិវឌ្ឍន៍ និងសេចក្តី សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរដែលបានកើតឡើងបានយូរនិង យ៉ាងល្អប្រសើរមិនធ្លាប់មានពីមុនដែលប្រទេសដ៏កំសត់នេះ កំពុងមាននៅពេលបច្ចុប្បន្ន គឺជាលទ្ធផលនៃនយោបាយការបរទេសដ៏ឆ្លាតវៃរបស់កម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នយោបាយការបរទេសកម្ពុជាគឺជា «នយោបាយគ្មានសត្រូវ» មានន័យថា ប្រទេសណាក៏ដោយ ក៏ជាមិត្តរបស់កម្ពុជា ហើយ «ទោះបីជាសត្រូវរបស់ប្រទេសណាមួយក៏ មិនមែនជាសត្រូវរបស់កម្ពុជាដែរ» ពោលគឺ កម្ពុជាកសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់នៅលើផែនដី នេះ។

កម្ពុជាដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាម រហូតដល់ធ្លាក់ទៅក្នុងរបបវាលពិឃាតប្រល័យពូជសាសន៍ដ៏ឃោរឃៅ ពិតជាមិនចង់ឃើញ ប្រវត្តិសាស្ត្រច្រំដែលសោះឡើយ។ កម្ពុជាក៏មិនចង់ឃើញប្រទេសណាមួយរងគ្រោះព្រោះសង្គ្រាមដែរ។ ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាបានក្លាយជាបទពិសោធន៍ដ៏រឹងមាំរបស់មេដឹកនាំខ្មែរឈ្មោះ
«ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាម» និងនាំមកនូវសន្តិភាពពេញលេញ និង «កំពុងបន្តយកខ្លួនពាំងគ្រប់រឿងរ៉ាវដើម្បីការពារសន្តិភាព និងសេចក្តីសុខ» ជូនប្រជាពលរដ្ឋរបស់ខ្លួនក៏ដូចជាការពារអធិបតេយ្យជាតិកម្ពុជាទាំងមូលដោយមិនព្រមធ្វើជាចំណុះ ឬ កូនអុកបរទេសណាជាដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ កម្ពុជាបានក្លាយជាជនរងគ្រោះ ឬជាចំណាប់ខ្មាំងព្រោះតែនយោបាយគ្មានសត្រូវរបស់ខ្លួន។ ប្រការនេះក៏ដោយសារតែមហាអំណាចដែល សំឡឹងឃើញកម្ពុជាជាកូនក្រមុំដ៏ស្រស់ស្អាតបែរជាឈ្លោះគ្នាដណ្តើមកម្ពុជាទាំងដែលកូនក្រមុំកម្ពុជាដ៏ស្រស់ស្អាតនេះមិនដឹងរឿងអ្វីសោះ។

ជួនកាល មហាអំណាចមួយលួច ប្រច័ណ្ឌកម្ពុជាដោយគ្រាន់តែឃើញប្រទេសដ៏តូចច្រឡឹងនេះមានទំនាក់ទំនងល្អូកល្អឺនជាមួយ មហាអំណាចមួយទៀតដែលគេ ហៅថា «ប្រច័ណ្ឌខុសរឿង»។ នៅក្នុងជីវិតជាក់ស្តែង មានបុរស ឬស្ត្រីច្រើនណាស់ដែលរងគ្រោះព្រោះការប្រច័ណ្ឌខុសរឿង។

យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលកំពុងដណ្តើមឥទ្ធិពល ភូមិសាស្ត្រនយោបាយជាមួយចិន ពេលខ្លះក៏លួចប្រច័ណ្ឌកម្ពុជាជាមួយចិននៅពេលឃើញកម្ពុជា មានទំនាក់ទំនងល្អជាមួយ មហាយក្សអាស៊ីមួយនេះ។ ការប្រច័ណ្ឌខុសរឿងគឺជា ដើមហេតុដែលធ្វើឲ្យមហាអំណាចពិភពលោកខាងបស្ចឹមប្រទេសមួយនេះ ផ្តើមរករឿងចិនតាមរយៈការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនមួយដែលកំពុងវិនិយោគនៅកម្ពុជា។

ទោះបីជាសហរដ្ឋអាមេរិកបានលើកហេតុផលពីរឿងសិទ្ធិមនុស្សមកធ្វើជាសំអាងក៏ដោយ ក៏ប៉ុន្តែនរណាក៏ដឹងដែរថានោះ «គ្រាន់តែជាលេសដើម្បីគាបសង្កត់ចិន ក្នុងន័យដណ្តើមភូមិសាស្ត្រ នយោបាយ» តែប៉ុណ្ណោះ។

គំនាបរបស់សហរដ្ឋអាមេរិកទៅលើចិន ទោះតិចឬច្រើន វាធ្វើឲ្យប៉ះពាល់ដល់កម្ពុជាដូចសុភាសិតខ្មែរបូរាណពោលថា «ដំរីជល់គ្នា ងាប់ស្រមោចសង្អារ»

ពិតណាស់ ក្នុងនាមជាប្រទេសអធិបតេយ្យមួយដែលស្ថិតនៅចំកណ្តាលទីតាំងភូមិសាស្ត្រដ៏ ប្រទាញប្រទង់នេះកម្ពុជាចាំបាច់ត្រូវប្រកាន់ជំហរវៃឆ្លាតមួយក្នុង នយោបាយការទូតរបស់ខ្លួន ដោយចាប់យកប្រទេសទាំងអស់ធ្វើជាមិត្តដោយគ្មានការរើសអើង។ ប៉ុន្តែជាធម្មតានៅក្នុងក្រឹតក្រមនៃទំនាក់ទំនងអន្តរជាតិ ភាពជិតស្និទ្ធរវាងប្រទេសមួយ និងប្រទេសមួយទៀតមានកម្រិតខ្លាំង ឬខ្សោយអាស្រ័យទៅតាមផលប្រយោជន៍ដែលភាគីទាំងពីរទទួលបានមានន័យថា ប្រទេសណាដែលផ្តល់ប្រយោជន៍ច្រើន ទំនាក់ទំនងជាមួយប្រទេសនោះកាន់តែជិតស្និទ្ធនិងល្អូកល្អឺនខ្លាំង។

ឧទាហរណ៍ជាក់ស្តែង ទំនាក់ទំនងជិតស្និទ្ធខ្លាំងរវាងកម្ពុជានិងចិន មិនមែនមានន័យថា កម្ពុជានៅខាងចិន ហើយបោះបង់មហាអំណាចផ្សេងទៀត ឬប្រទេសផ្សេងទៀតដែលជាគូប្រជែង ឬជាគូសត្រូវរបស់ចិននោះឡើយ។ ប៉ុន្តែកម្ពុជាដែលបង្ហាញភាពល្អូនល្អឺននៃទំនាក់ទំនងចាក់ទឹកមិនលិចជាមួយចិន ក៏ព្រោះតែដើម្បីប្រយោជន៍សេដ្ឋកិច្ចទ្វេភាគីដែលកម្ពុជា-ចិនមានជាមួយគ្នាតែប៉ុណ្ណោះ។ រីឯទំនាក់ទំនងជាមួយមហាអំណាចផ្សេងៗទៀត ឬប្រទេសផ្សេងក៏នៅតែរក្សាដដែលបើទោះបីជាមិនសូវស្និទ្ធស្នាលខ្លាំង ឬក៏ពេលខ្លះមានភាពរកាំរកូសមើលមុខគ្នាមិនចំខ្លះក៏ដោយក៏មូលហេតុសំខាន់គឺកម្ពុជាគ្រាន់តែ ការពារផលប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។ ការការពារប្រយោជន៍និងការពារអធិបតេយ្យភាពជាតិ របស់ខ្លួន«មិនត្រូវចាត់ទុកថា កម្ពុជាយកប្រទេសណាជាសត្រូវ រឺ ឈរខាងភាគីណាមួយនោះឡើយ»។

នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងរងសម្ពាធពីការប្រជែងឥទ្ធិពលគ្នារបស់មហាអំណាច វាជាពេលវេលាដ៏សំខាន់ណាស់ដែលខ្មែរគ្រប់គ្នា គ្រប់និន្នាការ នយោបាយ ត្រូវខិតខំការពារផលប្រយោជន៍រួមរបស់ខ្លួនឲ្យបាន។ ខ្មែរអាចមានទស្សនៈនយោបាយផ្សេងគ្នា ប៉ុន្តែខ្មែរនៅតែមានប្រយោជន៍រួមតែមួយគឺផលប្រយោជន៍ជាតិទាំងមូល។ ដូច្នេះ នៅពេលដែលផលប្រយោជន៍រួមរងការគំរាមកំហែង ខ្មែរត្រូវរួមគ្នាដើម្បីការពារប្រយោជន៍របស់ខ្លួន ដោយទុកប្រយោជន៍នយោបាយមួយឡែកសិន។

យើងជាពលរដ្ឋខ្មែរត្រូវយល់ថា ប្រទេសរបស់យើងស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយដែលងាយរងឥទ្ធិពលរបស់មហា អំណាច។ បើទោះបីជាយើងបាន ប្រកាន់ជំហរនយោបាយការទូតមួយដ៏ឆ្លាតវៃក៏ដោយ ក៏វាជាការលំបាកណាស់ដែលអាចចៀសផុតទាំងស្រុងពីចំហាយនៃជម្លោះរវាងមហាអំណាច។ វាមិនខុសអ្វីពីខ្យល់ព្យុះដែលកើតឡើងចំពោះប្រទេសមួយតែចំហាយរបស់វា មានឥទ្ធិពលទៅលើប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសក្បែរខាងតែម្តង។

ស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខបច្ចុប្បន្ន គឺជាអ្វីដែលគេហៅថា «រងគ្រោះព្រោះនយោបាយគ្មានសត្រូវ»។ ទោះជាយ៉ាងណាក៏វាពិតជាប្រសើរជាងការរងគ្រោះ ព្រោះនយោបាយសាងសត្រូវដូចដែលអ្នកនយោបាយខ្មែរមួយចំនួនបាន និងកំពុងធ្វើដែរ។ នយោបាយគ្មានសត្រូវអាចអនុញ្ញាតឲ្យកម្ពុជាចាប់ដៃសហការ ជាមួយគ្រប់ប្រទេសទាំងអស់ដោយស្នាមញញឹម។ នយោបាយនេះទៀតសោត ក៏អាចអនុញ្ញាតឲ្យកម្ពុជាងាយប៉ះប៉ូវការខូចខាតបានឆាប់រហ័ស។

ផ្ទុយទៅវិញ នយោបាយសាងសត្រូវដោយឈរនៅតែជាមួយមហាអំណាចម្ខាង ហើយប្រកាសសត្រូវជាមួយ មហាអំណាចម្ខាងទៀត នឹងធ្វើឲ្យកម្ពុជារងគ្រោះលិចលង់ ដូច
ពីអតីតកាលជាក់ជាមិនខាន។ សូមខ្មែរចងចាំនូវចំណុចនេះ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ