បន្ថែមពីលើនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៉ី បាននិងកំពុងបន្តប្រើប្រាស់នយោបាយ «ចំណេញ-ចំណេញ» ដោយឥតមានកែប្រែសូម្បីតែបន្តិចណាឡើយ។ ដូចម្តេចដែលហៅថា នយោបាយ «ចំណេញ-ចំណេញ»?

នយោបាយបែបនេះ គឺជាការប្រើប្រាស់ឧបាយកលដ៏ពិសពុល និងអគុណធម៌របស់ក្រុមអ្នកស្វែងរកផលចំណេញ ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន និងដើម្បីរកផលចំណេញខាងនយោបាយសម្រាប់ខ្លួន និងបក្សពួកខ្លួនតែប៉ុណ្ណោះ។ ចំណែកឯអ្នកខាតវិញ គឺប្រជាពលរដ្ឋ និងប្រទេសជាតិ។

ជាក់ស្តែងចាប់តាំងពីផ្តើមបង្កើតបក្សនយោបាយនៅឆ្នាំ១៩៩៥ មក សម រង្ស៉ី តែងតែប្រើប្រាស់ឈាម ទឹកភ្នែក និងអាយុជីវិត ប្រជាពលរដ្ឋជាដើមទុន និងជាចំណាប់ខ្មាំង ដើម្បីជាឈ្នាន់ឈោងទៅដណ្តើមអំណាច និងជាពិសេស ដើម្បីសម្រេចមហិច្ឆតា «សងសឹកគំនុំគ្រួសារត្រកូលសម» តែប៉ុណ្ណោះ។

ក្នុងទិសដៅនេះ សម រង្ស៉ី តែងតែប្រើឧបាយកល និងវោហារសាស្ត្រញុះញង់ លាបពណ៌ ដើម្បីដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងសកម្មជន ដែលគាំទ្រខ្លួនឲ្យខឹងសម្បារនឹងរដ្ឋាភិបាលតាមរយៈការចោទប្រកាន់មួលបង្កាច់រដ្ឋាភិបាលភ្នំពេញ។ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអាយ៉ងយួន ជាជនក្បត់ជាតិ លក់ទឹកដី ជាជនផ្តាច់ការ។ល។ និង។ល។ ហើយបន្ទាប់មក សម រង្ស៉ី និងគូកន ក៏រុញសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនឲ្យទៅជល់ជាមួយអាជ្ញាធរដោយមិនគិតពីច្បាប់ទម្លាប់អ្វីទាំងអស់។

និយាយឲ្យចំទៅ គឺ សម រង្ស៉ី តែងតែប្រើល្បិច «ចាប់មាន់លាបធ្យូងដើម្បីបញ្ជល់គ្នា»។ កាលពីមិនទាន់លាបធ្យូង មាន់ទាំងនោះជាបងប្អូន ជាក្រុមគ្រួសារតែមួយដែលចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នាទៅវិញទៅមកនៅក្នុងសង្គមគ្រួសារមួយដ៏សុខសាន។ ប៉ុន្តែក្រោយពីក្រុម សម រង្ស៉ី ចាប់លាបធ្យូង មាន់ទាំងនោះ ក៏លែងស្គាល់គ្នា ហើយក៏ជល់គ្នាដោយមិនដឹងថា ពួកគេជាសាច់ឈាម និងជាបងប្អូននឹងគ្នាឡើយ។

គោលដៅនៅក្នុងការអនុវត្តនយោបាយចំណេញ-ចំណេញរបស់ សម រង្ស៉ី គឺ៖

ទី១៖ ប្រសិនបើមាន់របស់ខ្លួនជល់ឈ្នះ គឺគាត់ទទួលបានអំណាច។ នេះជាផលចំណេញទី១ ដែលគាត់ចង់បានបំផុត។ ប៉ុន្តែប្រសិនបើមាន់របស់ខ្លួនជល់ចាញ់ ក៏ សម រង្ស៉ី នៅតែចំណេញដដែលពីព្រោះ សម រង្ស៉ី នឹងស្រែកប្រកូសប្រកាសថា មាន់របស់ខ្លួនជាអ្នករងគ្រោះ។

លើការជាក់ស្តែង សម រង្ស៉ី តែងស្រែកប្រកាសថា អាជ្ញាធរ រដ្ឋាភិបាលបំបិទសិទ្ធិសេរីភាពតវ៉ារបស់ប្រជាពលរដ្ឋ ឬថាអាជ្ញាធរធ្វើបាបប្រជាពលរដ្ឋនៅក្រោយ ពេលដែលអាជ្ញាធរចាត់វិធានការ ទប់ទល់ជាមួយក្រុមជ្រុលនិយមអនាធិបតេយ្យដែលបំពានច្បាប់ បំពានសិទ្ធិអ្នកដទៃ និងវង្វេងងប់ដោយសារ សម រង្ស៉ី លាបពណ៌ក្រុមម្ខាងទៀតថា ជាអាយ៉ងយួន ឬ អាយ៉ងចិន។ល។

ទី២៖ ប្រសិនបើព្រឹត្តិការណ៍ដែលក្រុមរបស់ខ្លួនបង្កឡើងនោះ ក្លាយជាហិង្សាដែលមានអ្នកស្លាប់ របួស និងមានការចាប់ខ្លួនមនុស្ស សម រង្ស៉ី រឹតតែត្រេកអរកាន់តែខ្លាំង ពីព្រោះគាត់នឹងមានលេសកាន់តែច្រើនក្នុងការចោទរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន សែន ថាបានប្រើអំពើហិង្សា និងរំលោភសិទ្ធិមនុស្ស។ នេះជាផលចំណេញទី២ គឺចំណេញខាងនយោបាយ។

ទី៣៖ គឺ សម រង្ស៉ី តែងតែប្រើប្រាស់ព្រឹត្តិការណ៍ទាំងអស់នោះ ដើម្បីរកផលចំណេញផ្នែកហិរញ្ញវត្ថុតាមរយៈការប្រមូលលុយក្រោមលេសបំពេញបេសកកម្មរំដោះទឹកដីចេញពីកណ្តាប់ដៃសម្តេច ហ៊ុន សែន ឬដើម្បីជួយជនរងគ្រោះដែលខ្លួនជាអ្នកញុះញង់បង្កឡើង។

២៥ ឆ្នាំមកហើយដែល សម រង្ស៉ី បានប្រើល្បិចនយោបាយបែបនេះជារៀងរហូតមក។ ដូច្នេះហើយបានជាពួកគេតែងតែរៀបចំពិធីរៃអង្គាសលុយជាញឹកញាប់ពីពលរដ្ឋខ្មែរនៅក្រៅប្រទេសតាមគ្រប់រូបភាព។ សូម្បីតែពិធីបុណ្យភ្ជុំបិណ្ឌ ក៏ សម រង្ស៉ី និងគូកនឆ្លៀតរៃអង្គាសលុយ សម្រាប់រកផលចំណេញបាន ដែរ។

តាមពិត សម រង្ស៉ី ពិតជាចំណេញមែន គឺចំណេញទាំងនយោបាយ និងចំណេញទាំងលុយកាក់។ ប៉ុន្តែអ្នកខាតបង់ធំបំផុត គឺប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយជាពិសេស គឺសកម្មជនដែលលង់ជឿតាមមនោគមន៍វិជ្ជាជ្រុលនិយមរបស់ សម រង្ស៉ី ដោយពួកគេត្រូវខាតបង់ទាំងពេលវេលា លុយកាក់ ឬរហូតដល់អ្នកខ្លះត្រូវរងរបួស ស្លាប់ ជាប់គុក និង រត់ចោលស្រុកដោយសារតែប្រព្រឹត្តអំពើខុសច្បាប់តាមការ ញុះញង់ពន្យុះរបស់ សម រង្ស៉ី។

ចំណែកពលរដ្ឋខ្មែរនៅឯនាយសមុទ្រវិញ ក៏ពិតជាបានខាតបង់ក៏មិនតិចដែរ ពីព្រោះពួកគេបានបេះពីមាត់ពង្រាត់ពីកនូវលុយកាក់ និងសម្ភារៈដែលខ្លួនខំ រកបានដោយលំបាក ដើម្បីជួយ សម រង្ស៉ី និងគូកនក្រោមលេសថា ដើម្បីស្រោចស្រង់ជាតិស្រោចស្រង់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ល។ និង។ល។

២៥ ឆ្នាំមកហើយដែលពួកគេបានចាញ់កលនយោបាយ «ចំណេញ-ចំណេញ» របស់ សម រង្ស៉ី ក្រោមលេសដដែលៗ ពោល គឺចាញ់ល្បិចកលនយោបាយបញ្ឆេះកំហឹង លាបពណ៌ រួចពន្យុះឲ្យខ្មែរ និងខ្មែរជល់គ្នា។ អ្នកដែលចាញ់ធ្ងន់បំផុត គឺប្រទេសជាតិតែម្តងពីព្រោះតែនយោបាយហែកពុះជ្រៀកសង្គម និងបំបែកបំបាក់ជាតិ ការបំផុសដុតកំហឹងឱ្យមានការស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍ ដែលទាំងអស់នេះ គឺជាបច្ច័យកើតឡើងពីនយោបាយចំណេញ-ចំណេញរបស់ សម រង្ស៉ី។

នយោបាយ «ចំណេញ-ចំណេញ» នេះមានភាពផ្ទុយ និងខុសគ្នាស្រឡះពីនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចនាយករដ្ធមន្ត្រី ហ៊ុន សែន។ ខុសគ្នាដោយសារថា នយោបាយ«ឈ្នះ-ឈ្នះ» គឺបានកើតឡើងក្រោមទស្សនវិជ្ជានៃការផ្សះផ្សារ បង្រួបបង្រួមជាតិ, ការបញ្ចប់សង្គ្រាមដ៏រាំរៃហើយបាននាំមកនូវសន្តិភាព និងទីបំផុតគឺការអភិវឌ្ឍន៍ប្រទេស។

និយាយឲ្យចំ គឺនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេច ហ៊ុន សែន ពិតជាបាននាំមកនូវប្រយោជន៍យ៉ាងធំធេងសម្រាប់ខ្មែរទាំងអស់គ្នា ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ខណៈនយោបាយ «ចំណេញ-ចំណេញ» របស់ សម រង្ស៉ី បានត្រឹមតែនាំមកនូវការបែកបាក់ជាតិ ការគុំគួន ការចងកំហឹង ការស្អប់ខ្ពើមគ្នា និងការរើសអើងជាតិសាសន៍ដែលសុទ្ធសឹងជាប្រភពនៃក្តីវិនាស។

រហូតមកដល់ពេលនេះ ក៏នៅមានមនុស្សតិចតួចបំផុត ដែលនៅបន្តចិញ្ចឹមនយោបាយស្វែងរកផលចំណេញរបស់ សម រង្ស៉ី។ ក្រៅពីនោះ ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលពីមុនធ្លាប់ចាញ់កលនយោបាយទុច្ចរិតរបស់ សម រង្ស៉ី បានងាកមករស់ក្រោមដំបូលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់ហើយ។

យើងសង្ឃឹមយ៉ាងមុតមាំថា មិនយូរមិនឆាប់ អ្នកដែលនៅបន្តជឿលើ សម រង្ស៉ី និងគូកន គង់នឹងភ្ញាក់ខ្លួនជាក់ជាមិនខាននៅពេលពួកគេដឹងខ្លួន និងឃើញជាក់នឹងភ្នែកថា អ្វីៗដែលពួកគេបានធ្វើ បានលះបង់ និងបានចំណាយ គឺមិនមែនដើម្បីជាតិសោះឡើយ ប៉ុន្តែគឺដើម្បីចិញ្ចឹមតែ សម រង្ស៉ី និងបក្សពួកមួយក្តាប់តូចឲ្យរស់នៅដោយសប្បាយហឺហានៅឯបរទេសតែប៉ុណ្ណោះ។

នេះហើយដែលហៅថា «នយោបាយចំណេញ-ចំណេញ» របស់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៉ី៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ