(ភ្នំពេញ)៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅក្រសួងទាំង ៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ប៉ុន្តែគេឃើញមានជនខិលខូចមួយចំនួនបាន ចូលទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមាដោយខុសច្បាប់ ដោយប្រើប្រាស់លិខិតផ្ទេរការកាន់កាប់កម្មសិទ្ធិដីធ្លីខុសច្បាប់ ហើយឯកសារទាំងនោះបានលេចធ្លាយចេញមក ហើយមានក្រុមជនខិលខូចខ្លះបានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃបន្ថែមទៀត។ ប៉ុន្តែការទន្ទ្រាននេះត្រូវបានបង្ក្រាបដោយមន្ត្រីជំនាញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០។

គួររំឭកថា ក្រោយពីបានបញ្ជាទៅក្រសួងទាំង ៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា៖

១៖ ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចឱ្យទៅកាប់រុករានទន្រ្ទានយកដីឱ្យខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី ១០ ទៅ ២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។

២៖ ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

៣៖ ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱសនិងជាជម្រកសត្វគោក្របីស៊ីស្មៅ។

លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕