(ភ្នំពេញ)៖ ថ្ងៃនេះជិះកង់បណ្តើរស្តាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកផ្សាយជាខេមរភាសា (VOA) បណ្តើរ។ បន្ទាប់ពីការផ្សាយព័ត៌មានជាហូរហែ ក៏ឮពីការផ្សាយរបស់គេនិយាយពីបញ្ហាជំងឺកូវីដ១៩នៅកម្ពុជា។ គេបានផ្សាយថា កម្ពុជាឆ្លងជំងឺកូវីដ១៩តិចព្រោះតែសំណាង ព្រោះតែពលរដ្ឋភ័យខ្លាចចេះការពារ និងអំណោយផលពីការជួយទប់ស្កាត់របស់ប្រទេសជិតខាង។ ពេលឮព័ត៌មាននេះភ្លាមចង់តែផ្តួលកង់ភ្លាមៗ ដើម្បីសរសេរសំណេរតបនឹងការផ្សាយនេះ តែទោះយ៉ាងណាប្រឹងអត់ធ្មត់ ទ្រាំរហូតដល់បញ្ចប់គោលដៅនៃការជិះកង់ក្នុងថេរៈវេលា៦០នាទី។

ជាទម្លាប់របស់ខ្ញុំពេលជិះកង់ហាត់ប្រាណ តែងបើកស្តាប់វិទ្យុបរទេសផ្សាយជាខេមរភាសាមួយនេះ ដើម្បីស្តាប់ព័ត៌មាន និងចង់ដឹងថាគេនិយាយអ្វីខ្លះពីកម្ពុជា។ កាលពីខែមុន ខ្ញុំបានឮវិទ្យុបរទេសផ្សាយជាខេមរភាសាមួយនេះផ្សាយពីបញ្ហាជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាម។ ការផ្សាយនោះ គេបានកោតសរសើរពីចំណាត់ការរបស់រដ្ឋាភិបាលវៀតណាម ដែលបានដាក់ចេញនូវវិធានការ និងចំណាត់ការផ្សេងៗ ដើម្បីការពារជំងឺកូវីដ១៩។

វិទ្យុនេះបានផ្សាយថា ការដែលវៀតណាមដាក់ចេញវិធានការបិទប្រទេស បិទសាលារៀន បិទអាហារដ្ឋាន កន្លែងកម្សាន្ត និងការឆ្លើយតបផ្សេងៗទៀតរបស់រដ្ឋាភិបាល របស់អាជ្ញាធរវៀតណាម ទើបធ្វើឱ្យវៀតណាម ទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងតិចតួច។

នៅយប់ថ្ងៃទី០៧ ខែកក្កដា វិទ្យុនេះ ក៏បានផ្សាយផងដែរ ពីការឆ្លងតិចតួចនៃជំងឺកូវីដ១៩នៅកម្ពុជា។ តែក្នុងការផ្សាយនេះ គេមិនបានសរសើរពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចសរសើររដ្ឋាភិបាលវៀតណាមនោះឡើយ។ គេបានចាត់ទុកការឆ្លងតិចតួចនៅកម្ពុជា មកពីសំណាង មកពីប្រជាពលរដ្ឋចេះភ័យខ្លាច និងមួយវិញទៀត មកពីប្រទេសជិតខាងកម្ពុជា គេមានចំណាត់ការល្អទើបកម្ពុជាទទួលចំហាយឥទ្ធិពលពីចំណាត់ការទាំងនោះ។

លោក មែន គឹមសេង អ្នកយកព័ត៌មាននៃវិទ្យុ VOA និងជាអ្នកតាក់តែងអត្ថបទនេះឡើង គេបានដកស្រង់សម្តីរបស់អ្នកជំនាញ របស់អ្នកវិភាគបញ្ហាសង្គមដែលជាជនជាតិអាមេរិក និងអ្នកមាននិន្នាការមិនគាំទ្ររាជរដ្ឋាភិបាលឱ្យបង្ហាញពីទស្សនៈរបស់ពួកគេ។

អ្នកជំនាញអាមេរិក គេបានលើកឡើងថា គេមិនជឿថា កម្ពុជាអាចមានសមត្ថភាពទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ ព្រោះប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសនេះទន់ខ្សោយ ខណៈដែលប្រទេសរបស់គេ (អាមេរិក) ដែលជាអ្នកខ្លាំងពូកែស្ទើរគ្រប់រឿងនោះ មានអ្នកឆ្លងជំងឺសាកលមួយនេះយ៉ាងច្រើនលើសបណ្តាប្រទេសនានាក្នុងលោក។

ក្នុងការផ្សាយនេះ គេមិនបានជួបសាកសួរមន្ត្រីជំនាញ ឬមន្ត្រីរបស់រាជរដ្ឋាភិបាលនោះឡើយ ហើយគេក៏មិនបានលើកសូម្បីតែបន្តិចអំពីចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមឆ្នាំ រហូតដល់ពេលបច្ចុប្បន្នក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះឡើយ។

ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ តាំងពីរកឃើញមួយករណីនៅខេត្តព្រះសីហនុ ក្នុងខែមករា ប្រមុខរាជរដ្ឋាភិបាលបានចេញមុខធ្វើសន្និសីទព័ត៌មានភ្លាមៗ និយាយពីបញ្ហាជំងឺនេះ បន្ទាប់មកនៅតាមសាលារៀនត្រូវបានដាក់វិធានការការពារជំងឺកូវីដ១៩ ដោយតម្រូវធ្វើអនាម័យលាងសំអាតដៃជាដើម។

ជាបន្តបន្ទាប់មកទៀតនៅពេលរកឃើញអ្នកជំងឺកើតបន្តបន្ទាប់ជាករណីឆ្លងពីក្រៅប្រទេស រាជរដ្ឋាភិបាលបានដាក់ចេញនូវចំណាត់ការជាច្រើនទៀត ដូចជាបិទប្រទេស បិទពិធីបុណ្យចូលឆ្នាំ បិទសាលារៀន បិទខារ៉ាអូខេ បិទក្លឹបកម្សាន្ត បិទរោងភាពយន្ត ហាមប្រមូលផ្តុំ បិទជើងហោះហើរពីប្រទេសមានអ្នកឆ្លងច្រើននៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់ផងដែរ វិធានការដាក់ម៉ាស៊ីនចាប់កំដៅ និងវិធានការអនាម័យនៅតាមច្រកចេញចូលប្រទេសត្រូវបានធ្វើបន្តបន្ទាប់។

គណៈកម្មការថ្នាក់ជាតិ និងអន្តរក្រសួង ត្រូវបានបង្កើតឡើង ដើម្បីត្រៀមធ្វើប្រតិបត្តិការឆ្លើយតប ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ឱ្យបានទាន់ពេលវេលា។ វីដេអូអប់រំ និងបទចម្រៀង ស្តីពីការអនុវត្តន៍វិធានការអនាម័យការពារជំងឺកូវីដ១៩ ត្រូវបានផលិតចេញជាហូរហែ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ឧឃោសនស័ព្ទត្រូវបានចាតឱ្យចាក់បំពងតាមភូមិ ដើម្បីបញ្ជ្រៀបការយល់ដឹងពីការបង្ការជំងឺកូវីដ១៩នេះ។

ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ចុះចែកបណ្ណផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ បន្ថែមពីលើនោះប្រមុខរាជរដ្ឋាភិបាល បានចេញមកអំពាវនាវស្ទើររៀងរាល់ថ្ងៃតាមបណ្តាញសង្គម ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាព និងប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩។

មកដល់ពេលនេះ ទោះបីវិធានការបិទប្រទេសត្រូវបានបន្ធូរបន្ថយ តែវិធានការអនាម័យ និងវិធានការបង្ការជំងឺកូវីដ១៩នៅតែបន្តពង្រឹងដដែល។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តត្រូវបានប្រមូលចូលសមរភូមិប្រយុទ្ធជំងឺកូវីដ១៩។ ថវិកាជាតិត្រូវបានបញ្ចេញ ដើម្បីស្តុកនូវសម្ភារៈ បរិក្ខានានាបម្រុងទុកប្រយុទ្ធនឹងជំងឺកូវីដ១៩។ ថវិកាព្រះរាជទានរបស់ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមគ្នាបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទុកធ្វើប្រតិបត្តិការប្រយុទ្ធជំងឺកូវីដ១៩។

តើអ្វីដែលបានរៀបរាប់នេះ មិនមែនជាចំណាត់ការ មិនមែនជាវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ទេឬយ៉ាងណា? តើមិនមែនចំណាត់ការ និងវិធានការទាំងនេះទេឬអី ដែលនាំឱ្យកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩តិចតួចនោះ?

ការលើកឡើងនេះមិនមែនជាការរិះគន់អ្វីនោះទេ គ្រាន់តែចង់ឆ្លុះបង្ហាញពីចរិតផ្សព្វផ្សាយ និងបច្ចេកទេសរបស់អ្នកផ្សាយព័ត៌មានវិទ្យុបរទេសប៉ុណ្ណោះ។

មួយវិញទៀតយើងក៏មិនអាចបន្ទោសអ្នកព័ត៌មានបាននោះដែរ។ អ្នកព័ត៌មានគាត់គ្មានជម្រើសនោះទេ ទោះបីគាត់ជាពលរដ្ឋខ្មែរ និយាយខ្មែរ តែសុទ្ធសឹងរស់នៅសហរដ្ឋអាមេរិក ហើយវិទ្យុនេះ ត្រូវបានគាំទ្រ និងទ្រទ្រង់ថវិកាដោយអាមេរិក វិទ្យុបង្កើតឡើងដើម្បីទិសដៅ និងជាឧបករណ៍បំពងសំឡេងបម្រើនយោបាយរបស់អាមេរិក ដូច្នេះគ្មានជម្រើសក្រៅពីដើរតាមផ្លូវដែលគេបានគូសវាងនោះឡើយ។

តែសំណាងដែរដែលសម័យនេះ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាសម្បូរបែប មិនមែនមានតិចតួចដូចអំឡុងទសវត្សរ៍ឆ្នាំ៦០ ឬ៧០ទៀតនោះឡើយ។ ដូច្នេះវិទ្យុបរទេសទាំងនេះ គេមិនអាចបង្កព្យុះភ្លៀងបំភ័ន្តត្រចៀក និងភ្នែកពលរដ្ឋខ្មែរបានទៀតនោះឡើយ៕

ដោយ៖ អ្នកជាយរាជធានី