(ភ្នំពេញ)៖ ក្រោយបរាជ័យលើការដាក់ញត្តិកាលពីថ្ងៃ៥ ខែមិថុនា ព្រោះជិះកង់ដាក់ញត្តិប៉ុន្តែក្រុមយុវជនគ្មានញត្តិដាក់ និងបែកការណ៍ពីផែនការនយោបាយទុច្ចរិតដោយ មាន រ៉ុង ឈុន និងគូកននៅពីក្រោយកាជិះកង់នយោបាយនេះ នៅថ្ងៃទី១៤ ខែមិថុនានេះ ក្រោមការបញ្ជាជាចំហររបស់ជនជាតិអេស្បាញឈ្នោះ អាឡិច ហ្គន់ហ្សើលេស ដាវិតសុន ដែលជាជនមិនត្រូវស្វាគមន៍នៅប្រទេសកម្ពុជា បានរៀបចំឱ្យក្រុមយុវជនមួយក្រុមធ្វើសកម្មភាពជិះកង់សាជាថ្មីជាមួយទិសស្លោកផ្សេងៗទាក់ទងនឹងកោះកុងក្រៅ។ ស្តាប់ដំបូង និងមើលជារូបភាព សកម្មភាពនេះគឺជាការបង្ហាញការ ស្រឡាញ់កោះកុងក្រៅ តែទោះបីជាពួកគេព្យាយាម ប្រែក្រឡា និងបិទបាំងយ៉ាងណាក៏ដោយ ក៏ចរិតពិត និងឧបាយកលទុច្ចរិតបម្រើឱ្យផែនការចាស់ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌បានបង្ហាញនៅលើគោក គ្រាន់តែពួកគេធ្វើសកម្មភាពថ្មី លាក់បំបាំងផែនការទុច្ចរិតរបស់ពួកគេប៉ុណ្ណោះ។ ផែនការនេះច្បាស់ណាស់មិនបានកើតឡើងដោយក្រុមយុវជនទាំងនេះឡើយ ប៉ុន្តែមានការរៀបចំ ជាប្រព័ន្ធពីក្រុមកម្លាំងប្រឆាំងដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ផែនការនៃការជិះកង់និយាយពីកោះកុងក្រៅនេះជាផែនការមួយដែលពួកគេរៀបចំឡើងដើម្បីបញ្ឆេះកំហឹងពលរដ្ឋឱ្យស្អប់អាជ្ញាធរ និងលាបពណ៌ថា រដ្ឋាភិបាលមិនគិតគូរពីធនធានធម្មជាតិ បង្កើតឱ្យពលរដ្ឋខឹងសម្បារនឹងរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីពួកគេងាយនឹងរុញស្ថានការណ៍ឱ្យវឹកវរ ហើយឆ្លៀតឱកាសបង្កភាពអនាធិបតេយ្យ។ អ្វីដែលអាឡិច ហ្គន់ហ្សើលេស ដាវិតសុន រួមនឹងក្រុមប្រឆាំងរត់ចោលស្រុកមួយចំនួនបានធ្វើសកម្មភាពជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន គ្រាន់តែជាលេស នយោបាយដ៏ខ្មៅកខ្វក់មួយប៉ុណ្ណោះ តែអ្វីៗដែលពួកគេបាននិងកំពុងធ្វើគឺបម្រើឱ្យគោលដៅនៃបដិវត្តន៍ពណ៌សុទ្ធសាធ។ ផែនការទុច្ចរិតនេះត្រូវបានផ្សព្វផ្សាយបន្ទរដោយវិទ្យុអាស៊ីសេរី និងបណ្តាញផ្សព្វផ្សាយផ្សេងទៀតដែលជាឧបករណ៍បំពងឡេង របស់ក្រុមប្រតិបត្តិករបដិវត្តន៍ពណ៌។ ការជិះកង់នៅខេត្តកោះកុងជាការជិះកង់នយោបាយ ហើយការជិះកង់នៅភ្នំពេញដោយក្រុមចលនា និងមានការចូលរួមពីសមាជិកនៃសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក៏ជាការជិះកង់នយោបាយដូចគ្នាគ្រាន់តែរូបភាពខុសគ្នាប៉ុណ្ណោះ។ ពួកគេក៏មិនគោរពច្បាប់ដែរដើម្បីទុកឱ្យអាជ្ញាធរបង្ក្រាប និងតាំងខ្លួនជាជនរងគ្រោះនៅមុខ ក្រឡែភ្នែកមហាជន តែតាមពិតពួកគេគឺជាជនរងគ្រោះអាជីព ពោរពេញដោយកលល្បិចរាប់ជំពូក។

ដោយសារតែអាឡិច ហ្គន់ហ្សើលេស ដាវីតសុន ខឹងសម្បារនឹងរដ្ឋាភិបាលមិនអនុញ្ញាតឱ្យចូលស្រុក ជនរូបនេះបានធ្វើការសងសឹក ហើយបន្តរួមគំនិតជាមួយ ក្រុមជនក្បត់ជាតិដោយខិតខំវាយប្រហាររដ្ឋាភិបាល ញុះញង់ បង្កចលាចលក្នុងសង្គមស្របតាមផែនការបដិវត្តពណ៌ចាស់ដែលពួកគេបានអនុវត្តតាំងពីយូរមកហើយ។ ពួកគេខិតខំបំផ្លាញកម្ពុជាគ្រប់រូបភាពក្រោយពេលគណបក្សសង្គ្រោះជាតិ ជាអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ត្រូវបានរំលាយដោយច្បាប់ ហើយមេបដិវត្តន៍ត្រូវបានចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់ និងខ្លះកំពុងរត់ចោលស្រុក។ដោយសារតែអ្វីៗដែលពួកគេធ្វើជា ការអនុវត្តផែនការបដិវត្តន៍ពណ៌ អ្នកដែលចូលរួមនិងធ្វើសកម្មភាពក្រោមបញ្ជារបស់មេប្រតិបត្តិករបដិវត្តន៍ពណ៌ អាឡិច ហ្គន់ហ្សើលេស ដាវិតសុន នៅពលនេះ ក៏ហៅថាជា អ្នកចូលរួមអនុវត្តផែនការបដិវត្តន៍ពណ៌ ដែលនឹងត្រូវប្រឈមមុខនឹងការអនុវត្តច្បាប់។ សកម្មភាពជាបន្តបន្ទាប់ដែលពួកគេបានធ្វើគឺពិតជាបម្រើគោលដៅផ្តួលរំលំរដ្ឋាភិបាល ហើយពេលនេះពួកគេ ប្រើប្រាស់យុវជនដើម្បីញុះញង់។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរួចហើយថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសុខសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះឱ្យបាន៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០