(ភ្នំពេញ)៖ ការចងចាំពីអំពើប្រល័យពូជសាសន៍ គឺមិនមែនជារឿងដែលងាយនឹងកន្លងហួស, បំភ្លេចចោល ឬជាការអត់ឱនឲ្យនោះទេ។ មិនថាអ្នក គឺជាអ្នករស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍, ជាសាច់ញាតិរបស់ជនរងគ្រោះ ឬអ្នករស់រានមានជីវិត, ឬក៏ជាចៅទួតនៃជំនាន់ក្រោយ យ៉ាងណាក៏ដោយ ការចងចាំពីភាពសាហាវឃោរឃៅដ៏ធំធេង នៃរបបខ្មែរក្រហមនៅតែឆ្លងកាត់កាលៈទេសៈ, ពេលវេលា និងការព្យាយាម។ អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមភាគច្រើន បានព្យាយាមលាក់ទុកអតីតកាលរបស់ខ្លួន។

មានតែការរំឭកថា អតីតកាលរបស់អ្នករស់រានមានជីវិត គឺតែងតែនៅជាអត្តសញ្ញាណ បច្ចុប្បន្នរបស់គាត់ទាំងអស់គ្នា នោះទើបថាក្មេងៗជាច្រើន ដែលកើតក្រោយរបបខ្មែរក្រហម បានស្វះស្វែងយល់ថា តើអំពើឃោរឃៅបែបនេះ អាចកើតឡើងបានដោយរបៀបណា ឬប្រហែលជាយុវវ័យជាច្រើនឆ្ងល់ ថាតើអំពើឃោរឃៅបែបនេះ ពិតជាបានកើតឡើងមែនដែរ ឬយ៉ាងដូចម្តេច។

ការចងចាំអំពីអំពើប្រល័យពូជសាសន៍ គឺតែងតែជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ប្រទេសកម្ពុជា បច្ចុប្បន្ន និងសម្រាប់មនុស្សជំនាន់ក្រោយតទៅ អនាគតកាល។

ថ្ងៃឈប់សម្រាក ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែឧសភា គឺពិតជាមានសារសំខាន់ណាស់។ ប្រសិនបើថ្ងៃទី២០ ខែឧសភា មិនមែនជាថ្ងៃឈប់សម្រាករបស់ជាតិ ថ្ងៃនេះគឺជាថ្ងៃនៃការចងចាំ និងការប្តេជ្ញាចិត្តរបស់បុគ្គលម្នាក់ៗ។ ថ្ងៃទី២០ ខែឧសភានេះ តំណាងឲ្យឱកាសមួយ ដើម្បីចងចាំថាអតីតកាលមួយឬគ្រួសារមួយ, សហគមន៍មួយ ឬប្រវត្តិសាស្រ្តនៃប្រទេសមួយ អាចជាឱកាសមួយសម្រាប់ការរៀនសូត្រ និងបង្រៀនទៅដល់ក្មេងៗជំនាន់ក្រោយ។

នៅក្នុងឆ្នាំ១៩៨៤ ថ្ងៃទី២០ ខែឧសភា ត្រូវបានកំណត់ថាជាថ្ងៃនៃ «ទិវាចងកំហឹង»។ ថ្ងៃទី២០ ខែឧសភា ត្រូវបានកំណត់មួយផ្នែកទៀតថា ជានិមិត្តរូបនៃការប្រឆាំងទៅនឹងអង្គការសហប្រជាជាតិ។ រវាងឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៣ ដែលមានប្រជាជនកម្ពុជាជាង១លាននាក់ បានផ្តិតមេដៃ និងចុះហត្ថលេខានៅលើញ្ញត្តិ ដើម្បីផ្ញើជូនទៅអង្គការសហប្រជាជាតិ តាមរយៈរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។

គោលបំណងនៃការដាក់ញត្តិ ទៅកាន់អង្គការសហប្រជាជាតិ គឺជាការតវ៉ាដល់អង្គការសហប្រជាជាតិ ដែលបានបន្តទទួលស្គាល់របបខ្មែរក្រហមថា ជាអ្នកតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ សម្តេច ហេង សំរិន បានព្យាយាមដណ្តើមយកអសនៈ របស់ប្រទេសកម្ពុជា នៅក្នុងអង្គការសហប្រជាជាតិពីខ្មែរក្រហម ហើយប្រគល់ទៅឲ្យប្រជាជនខ្មែរវិញ។ ប៉ុន្តែជាចុងក្រោយ សកម្មភាពនេះត្រូវបានរារាំង។ នៅក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចតាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កែប្រែឈ្មោះ «ទិវាចងកំហឹង» ទៅជា «ទិវាជាតិនៃការចងចាំ» ដោយកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ។ ចាប់តាំងពីឆ្នាំ២០១៨មក ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃបុណ្យជាតិ ជាផ្លូវការមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានដាក់ឲ្យប្រជាជនកម្ពុជា ទូទាំងប្រទេសឈប់សម្រាកពីការងារ ដើម្បីចូលរួមការរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងរបបខ្មែរក្រហម នៅតាមបូជនីយដ្ឋាននានាទូទាំងប្រទេស។

ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃសំខាន់មិនត្រឹមតែជាថ្ងៃសម្រាក ពីការងារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់ការស្វែងយល់និងឧទ្ទិសកុសល។ គ្រូបង្រៀន សិស្សានុសិស្ស មន្ត្រីរាជការ ព្រះសង្ឃ បព្វជិត និងសាធារណជន អាចជួបជុំគ្នាធ្វើពិធីបង្សុកូលឧទ្ទិសកុសល ជូនអ្នកដែលបានបាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហម នៅតាមបូជនីយដ្ឋាន ដែលនៅក្បែរកន្លែងរស់នៅរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះសោត «ទិវាជាតិនៃការចងចាំ» ថ្ងៃទី២០ ឧសភា បានផ្តល់ឲ្យជាសំណងសមូហភាព និងផ្លូវចិត្តរបស់តុលាការកាត់ទោស មេដឹកនាំខ្មែរក្រហម។ នៅក្នុងឆ្នាំ២០១៨ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម បានទទួលស្គាល់ថ្ងៃដែលរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២០ ខែឧសភានេះធ្វើជាថ្ងៃបុណ្យជាតិ ជាសំណងសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២/០១។

ទោះបីជាយ៉ាងនេះក៏ដោយ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ និងឆ្នាំបន្តបន្ទាប់ទៅថ្ងៃអនាគត គឺលែងជាថ្ងៃឈប់សម្រាកសាធារណៈទៀតហើយ នៅក្នុងប្រទេសកម្ពុជា។ ទោះបីជាមានការផ្លាស់ប្តូរនេះ ខ្ញុំសង្ឃឹមថា យើងនៅតែអាចបន្តរំឭកដល់ថ្ងៃទី២០ ខែឧសភានេះបានដដែល។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, លោកឯកអគ្គរដ្ឋទូតអាមេរិក ផាទ្រីក ម័រហ្វី និងបុគ្គលិករបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានមកប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល នៅក្នុងវត្តស្ងួនពេជ្រ ដើម្បីរំឭកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត។ វត្តស្ងួនពេជ្រ មានទីតាំងស្ថិតនៅភូមិស្ងួនពេជ្រ ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីសាលាក្តីខ្មែរក្រហម។

យោងតាមរបាយការណ៍ ស្តីអំពីការចុះសិក្សាស្រាវជ្រាវ អំពើឧក្រិដ្ឋកម្មរបស់បន ប៉ុល ពត នៅខេត្តកណ្តាល របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ខ្មែរក្រហមបានយកវត្តស្ងួនពេជ្រធ្វើជាគុក និងជាកន្លែងសម្លាប់មនុស្សនៅអំឡុងឆ្នាំ១៩៧៦។ គុកនេះ គឺជាគុកដែលធំជាងគេ នៅក្នុងស្រុកអង្គស្នួល។ ប្រជាជនចន្លោះពី៤០០ទៅ៧០០នាក់ ត្រូវបានប៉ាន់ស្មានថាបានស្លាប់នៅក្នុងវត្តនេះ។ រណ្តៅសម្លាប់មនុស្ស គឺស្ថិតនៅជុំវិញបរិវេណវត្ត ប្រឡាយខាងមុខវត្ត ចែងព្រះវិហារ ក្នុងស្រះក្បែរព្រះវិហារ និងខាងលិចសាលារៀន។

ប្រជាជនដែលត្រូវបានខ្មែរក្រហមចាប់ខ្លួន យកមកទីនេះ គឺជាអ្នកដែលខ្មែរក្រហមបានចោទប្រកាន់ថា «ខុសសីលធម៌, ជាប់និន្នាការប៉ូលីស, ទាហ៊ាន, គិញ, គយ ឬជនបង្កប់សូវៀត និងអាមេរិក»។ ជនរងគ្រោះមានចម្រុះជនជាតិ ចិន, ចាម, ខ្មែរ, ក្មេង, ចាស់, ប្រុស, ស្រី ដែលដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា។ ខ្មែរក្រហមសម្លាប់ ដោយមិនរើសអើងនោះទេ។ ខ្មែរក្រហមសម្លាប់ទាំងក្មេងទាំងចាស់ និងទាំងប្រុសទាំងស្រី។ នៅចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩ មានការវាយសម្លាប់អ្នកទោសជាច្រើន ព្រោះខ្មែរក្រហមបានចោទប្រកាន់អ្នកទោសទាំងអស់ថា ជាខ្មែរ «ស»

សព្វថ្ងៃនេះ យើងឃើញមានការកសាងស្តូប សម្រាប់តម្កល់អដ្ឋិធាតុ របស់ជនរងគ្រោះ នៅក្នុងវត្តស្ងួនពេជ្រ។
នៅក្នុងពិធីសូត្រមន្តបង្សុកូលឧទ្ទិស ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលត្រូវបានប្រារព្ធធ្វើ នៅវត្តស្ងួនពេជ្រ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូតអាមេរិក ផាទ្រីក ម័រហ្វី បានបានឲ្យដឹងថា «ខ្ញុំពិតជារំភើបណាស់ ដែលបានមកចូលរួមប្រារព្ធ កម្មវិធីនៅក្នុងវត្តស្ងួនពេជ្រ។ ខ្ញុំរីករាយដែលទីតាំងនេះ មានការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហម ថែមទាំងមានការចូលរួមថែរក្សា ពីលោកយាយលោកតា និងកូនចៅជំនាន់ក្រោយទៀត»

លោកឯកអគ្គរដ្ឋទូតអាមេរិក ផាទ្រីក ម័រហ្វី បានសួរទៅកាន់អ្នកចូលរួមថា តើអ្នកទាំងអស់គ្នា នៅចងចាំពីរបបខ្មែរក្រហមដែរឬទេ? តើមាននរណាខ្លះបាត់បង់ សាច់ញាតិនៅទីនេះ? លោកក៏បានបន្ថែមទៀតដែរថា «ថ្ងៃទី២០ ឧសភា គឺជាថ្ងៃដ៏សំខាន់ណាស់ ក្នុងការចងចាំពីអំពើប្រល័យពូជសាសន៍ ហើយសម្រាប់ការថែរក្សាការចងចាំនេះ គឺជាកិច្ចការរបស់លោក ដែលជួយគាំទ្រដែរ។ សហរដ្ឋអាមេរិក នឹងបន្តជួយគាំទ្រដល់ការងារ ដែលទាក់ទងនឹងការផ្សះផ្សា និងសន្តិភាព។ ការសិក្សាប្រវត្តិសាស្រ្តសំខាន់ណាស់ ព្រោះនៅមានបុគ្គលមួយចំនួន មិនទាន់ជឿលើការកើតឡើង នៃរបបខ្មែរក្រហមនៅឡើយ។ នៅក្នុងប្រទេសកម្ពុជា មានក្មេងៗជាច្រើន ដែលកើតក្រោយរបបខ្មែរក្រហម ដូច្នេះវាពិតជាសំខាន់ណាស់ នៅពេលដែលយើងមានសៀវភៅប្រវត្តិសាស្រ្ត សម្រាប់បង្រៀនដល់ក្មេងៗទាំងនោះ»។

ព្រះសង្ឃ អាចារ្យ និងលោកតាលោកយាយមួយក្រុមតូច បានចូលរួមសូត្រមន្តបង្សុកូល តាមប្រពៃណីខ្មែរនៅពីខាងមុខបូជនីយដ្ឋាន នៅក្នុងវត្តស្ងួនពេជ្រ ដើម្បីឧទ្ទិសកុសលដល់អ្នក ដែលបានបាត់បង់ជីវិត នៅក្នុងវត្តនេះ។ ចាស់ៗមួយក្រុមតូច បានចែករំលែករឿងរ៉ាវដែលខ្លួន បានជួបប្រទះនៅក្នុងរបបខ្មែរក្រហម នៅពីខាងមុខស្តូបរំឭកវិញ្ញាណក្ខន្ធ។

ជួនពេលខ្លះគាត់និយាយដោយទឹកមុខបារម្ភ និងសោកស្តាយ ប៉ុន្តែពេលខ្លះគាត់ក៏បង្ហាញនូវទឹកមុខរីករាយដែរ។ ងឹម លី ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅក្បែរវត្តស្ងួនពេជ្រ បាននិយាយថា «ការរស់នៅក្នុងរបបខ្មែរក្រហម គឺជាការរស់នៅដោយភិតភ័យ ដែលមិនដឹងថាថ្ងៃណាត្រូវខ្មែរក្រហម យកទៅសម្លាប់ឡើយ។ ខ្ញុំរីករាយណាស់នៅពេល ដែលមានការប្រារព្ធពិធីបង្សុកូលឧទ្ទិស ដល់អ្នកដែលបានបាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហម ព្រោះខ្ញុំជឿថា ការធ្វើបុណ្យបែបនេះ អាចនឹងបានដល់អ្នក ដែលបានស្លាប់ទៅ។ ចំពោះខ្ញុំ ការំឭកឡើងវិញ ពីរឿងរ៉ាវដ៏ជូរចត់នៅក្នុងរបបខ្មែរក្រហម មិនបានធ្វើឲ្យខ្ញុំឈឺចាប់ទៀតទេ ប៉ុន្តែវាអាចជួយឲ្យខ្ញុំហាក់បីដូចជា មានក្តីសង្ឃឹមឡើងវិញ នៅពេលដែលមានអ្នកខ្វល់ខ្វាយ និងយកចិត្តទុកដាក់ពីរឿងរ៉ាវ ដែលបានកន្លងផុតទៅ»

លោក ងឹម លី បន្តថា ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃមួយដែលអាចជួយដល់ការចងចាំ យ៉ាងទូលំលាយដល់ក្មេងៗជំនាន់ក្រោយ។ ទោះបីជាថ្ងៃ២០ ឧសភា ត្រូវបានលុបចេញពីថ្ងៃឈប់សម្រាក នៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែវាមិនបានធ្វើឲ្យប៉ះពាល់ ដល់ការចងចាំរបស់ខ្ញុំឡើយ។ ថ្ងៃនេះគឺជាថ្ងៃមួយ ដែលប្រជាជននិងក្មេងៗជំនាន់ក្រោយរៀនសូត្រ អំពីប្រវត្តិសាស្រ្តដើម្បីទប់ស្កាត់ការកើតឡើងវិញ នៃរបបខ្មែរក្រហមម្តងទៀត ថែមទាំងកុំឲ្យមានការចាញ់ បោកនយោបាយដូចកាលពីអតីតកាល។

មាន យ៉យ ភេទស្រី អាយុ៦៣ ឆ្នាំ រៀបរាប់ថា «នៅវត្តស្ងួនពេជ្រនេះ មានការធ្វើពិធីបង្សុកូលឧទ្ទិស ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម ជារៀងរាល់ឆ្នាំ។ ក្នុងមួយឆ្នាំវត្តស្ងួនពេជ្រធ្វើពិធីនេះ ចំនួនបីដង គឺនៅថ្ងៃចូលឆ្នាំ បុណ្យភ្ជុំ និងថ្ងៃទី២០ ខែឧសភា ទិវាជាតិនៃការចងចាំនេះ។ ខ្ញុំត្រេកអរណាស់ ដែលមានអ្នកមកចូលរួមធ្វើបុណ្យ ជាមួយប្រជាជននៅទីនេះ ដល់អ្នកដែលបានស្លាប់ ទៅនៅក្នុងរបបខ្មែរក្រហម។ ខ្ញុំក៏មានសាច់ញាតិ បានស្លាប់ក្នុងវត្តស្ងួនពេជ្រនេះដែរ។ ខ្ញុំស្ងប់ចិត្តណាស់ នៅពេលដែលបានធ្វើពិធីបុណ្យដូច្នេះ។ សម្រាប់ខ្ញុំ នេះគឺជាមេរៀនប្រវត្តិសាស្រ្តមួយ ដែលជួយអាចជួយឲ្យក្មេងៗ ដឹងពីអ្វីដែលបានកើតឡើង នៅក្នុងរបបខ្មែរក្រហម និងជៀសវាងដើរទៅរកផ្លូវមិនល្អ ដូចក្រុមខ្មែរក្រហមទៀត។ មិនតែប៉ុណ្ណោះ ក្មេងៗជំនាន់ក្រោយ ក៏អាចជួយឲ្យប្រទេសស្ងប់សុខបានដែរ»

ការចងចាំពីអំពើប្រល័យពូជសាសន៍ គឺមិនងាយស្រួលនោះទេ ក្នុងការចងចាំ ហើយវាក៏មិនងាយស្រួល ក្នុងការបំភ្លេចចោលដែរ។ មិនថាថ្ងៃទី ២០ ខែឧសភា គឺជាថ្ងៃឈប់សម្រាក សាធារណៈឬក៏មិនមែនក៏ដោយ វានៅតែមិនអាចផ្លាស់ប្តូរភាពសំខាន់ នៃប្រវត្តិសាស្រ្តខ្មែរក្រហម សម្រាប់ជនរងគ្រោះ និងអ្នកដែលនៅរស់រានមានជីវិត, មនុស្សជាទីស្រឡាញ់ និងមនុស្សជំនាន់ក្រោយ ដែលកើតក្រោយរបបខ្មែរក្រហម។ ថ្ងៃទី២០ ឧសភានេះ គឺត្រូវតែជាថ្ងៃផ្ទាល់ខ្លួន និងជាថ្ងៃរួមសម្រាប់ការចងចាំមួយរបស់ជាតិ។ ដូច្នេះហើយមេរៀននៃប្រវត្តិសាស្ត្រនេះ នឹងមិនត្រូវបានបំភ្លេចឡើយ សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក៕

ដោយ៖ អ៊ុន សុដាវី អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត