(ភ្នំពេញ)៖ ក្នុងខណៈដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយនឹងកូវីដ១៩ ដែល
ជាសត្រូវរួមរបស់មនុស្សជាតិនៅលើផែនដី មានបណ្តាញផ្សាយព័ត៌មានក្នុងស្រុក និងក្រៅប្រទេសកម្ពុជា មួយចំនួនដែលស៊ីឈ្នួល បម្រើបរទេសក៏ដូចជាក្រុមដែលអះអាងតាំងខ្លួនថា ជាអ្នកវិភាគឯករាជ បាននាំគ្នានិយាយរិះគន់ វាយប្រហាររដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ថាបានយកបញ្ហាកូវីដ១៩ ដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា។

ពួកគេបានចាត់ទុក វិធានការប្រឆាំងព័ត៌មានក្លែងក្លាយ និងវិធានការធ្វើចត្តាឡីស័ក ឬក៏ការរឹត បន្តឹងសេរីភាពជួបជុំខ្លះៗ នៅកម្ពុជាថា ជាការធ្វើឲ្យប៉ះពាល់ដល់សេរីភាព សារព័ត៌មាន ឬក៏ប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិ។ ប៉ុន្តែ ពួកគេភ្លេចគិតថា វិធានការខ្លះៗដែលរដ្ឋាភិបាលភ្នំពេញបានដាក់ចេញកាលពីពេលកន្លងទៅនេះ គឺវាតិចតួច និងស្រាលណាស់បើប្រៀបធៀបទៅនឹងវិធានការក្នុងបណ្តាប្រទេសផ្សេងនៅអាស៊ីយើង ជាពិសេសនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។

កម្ពុជាមិនបានបិទប្រទេស ( Lock Down) ហើយក៏មិនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះដែរ។ ពួកគេ ភ្លេចគិតថា វិធានការដ៏ទន់ភ្លន់ និងបត់បែនចល័តស្របតាមកាលៈទេសៈ ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ពិតជា មានប្រសិទ្ធភាពខ្ពស់ណាស់។

រហូតមលទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវិរុសកូវីដ១៩ត្រឹមតែ ១២២ នាក់ និងបានជាសះស្បើយរហូតដល់ ១២០នាក់ ពោលគឺជិតអស់ទៅហើយ។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត ក្នុងរយៈពេលជាងពីរសប្តាហ៍ ចុងក្រោយនេះ គឺកម្ពុជា មិនបានរកឃើញអ្នកឆ្លងថ្មីណាម្នាក់ឡើយហើយក៏ មិនទាន់អ្នកណាម្នាក់បានស្លាប់ដោយសារវីរុសដ៏កាចសាហាវនេះដែរ។ ទាំងអស់នេះគឺជាលទ្ធផល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៏ដូចជាអង្គការសុខភាពពិភពលោក បាននិងកំពុងអបអរសាទរ ហើយវាក៍ បានបង្ហាញអំពីភាពត្រឹមត្រូវនិងប្រសិទ្ធភាពខ្ពស់នៃការងារដឹកនាំចាត់ចែងរបស់រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែននិងក្រសួងសុខា ភិបាលកម្ពុជាធៀបនឹង បណ្តាប្រទេសជឿនលឿននៅលើលោក។

យើងក៏អាចនិយាយបានដែរថា រលកទី១នៃ កូវីដ១៩ ត្រូវបានកម្ពុជាគ្រប់គ្រងបានដោយជោគជ័យ ខណៈពេលដែលប្រទេសជាច្រើនក្នុងតំបន់ និងក្នុងពិភពលោកកំពុងបន្តរងការវាយ ប្រហារពេញទំហឹងពី មេរោគដ៏ប្រល័យនេះដែលបានឆ្លងដល់មនុស្សជាង៣លាននាក់ និងបានសម្លាប់មនុស្សជាង ២២ ម៉ឺននាក់ហើយនៅជុំវិញពិភពលោក។

អ្វីដែលគួរឲ្យអស់ សំណើចបំផុតនោះគឺ ក្រុមមនុស្សអគតិ និងអមិត្តទាំងនោះបានចោទថា កម្ពុជាបានយកបញ្ហា
កូវីដ១៩ ដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មាន ខណៈពេលដែលខ្លួន ពួកគេកំពុងរស់នៅក្នុងផ្ទះមិនអាចចេញទៅណា បានឡើយរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែមកហើយនេះ។ បើនិយាយតាមបែបផ្សេងវិញ វាមិនខុសអ្វីពីសត្វសារិកាដែលកំពុងជាប់នៅក្នុងទ្រុងហើយ ស្រែកថាព្រួយបារម្ភអំពីសិទ្ធសេរីភាពសត្វចាបដែលកំពុងហោះហើរដោយ សេរីនៅលើដើមឈើ នោះឡើយ។

ពួកគេកំពុងរស់នៅក្នុងមហាប្រទេសមហាប្រជាធិបតេយ្យ និងមហាសិទ្ធិមនុស្ស តែបែរជាត្រូវបានគេបង្ខំឲ្យរស់នៅក្នុងផ្ទះមិនអាចចេញទៅណាបាន។ សិទ្ធិសេរីភាព របស់ខ្លួនឯងដែលបាន បាត់បង់ទាំងស្រុងមិនព្រមចេញមុខតវ៉ា តែបែរជាមក ស្រែកខ្វាយខ្វល់ពី អ្នកសារព័ត៌មាននៅកម្ពុជា ដែលកំពុងដើរយក ព័ត៌មានដោយសេរី ទៅវិញ។ ប្រទេសដែលខ្លួនកំពុងរស់នៅមានមនុស្សឆ្លងកូវីដ១៩ រាប់លាន រាប់សែននាក់ និងស្លាប់រាប់ពាន់និង រាប់ម៉ឺន នាក់ហើយមិនគិតខ្វាយខ្វល់ តែបែរជាមកខ្វាយខ្វល់ចំពោះកម្ពុជា ដែលមានមនុស្សនៅ សល់តែ២នាក់ចុងក្រោយប៉ុណ្ណោះកំពុងបន្តព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ហើយមិនទាន់មានអ្នកណាម្នាក់ស្លាប់សោះដោយសារមេរោគ នេះ។

ពិតជាគួរឲ្យអនិច្ចាសត្វសារិកាជាប់ទ្រុងទាំងនោះជាពន់ពេកណាស់។ ប្រហែលជាម្ចាស់វាឲ្យស៊ីចំណីដែលមានជាតិគីមី ច្រើនពេកហើយបានជា វង្វេងលែងដឹងខុសត្រូវបែបនេះ? ម្យ៉ាងទៀត នៅពេលដែលអង្គការបរទេស មួយនោះបានបញ្ចុះ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាមួយលេខតាមការស្រមើ ស្រមៃរបស់ខ្លួនដោយគ្មានបានសិក្សាពីកម្ពុជា ទាល់តែសោះនោះ ក្រុមត្រូវថ្នាំសណ្តំបែរជានាំគ្នាលើកមកនិយាយបន្តុះបង្អាប់កម្ពុជា ដោយមិនខ្ចីយកភ្នែកមើលប្រទេស មហាប្រជាធិបតេយ្យដែលពួកគេកំពុងរស់នៅថា មានស្ថានភាពបែបណា? អ្នកកាសែតត្រូវបានដាក់ឲ្យនៅតែក្នុងផ្ទះ, អ្នកកាសែតរងការប្រមាថ មាក់ងាយពីមេដឹកនាំ ឬអ្នកកាសែតត្រូវបានគេ បណ្តេញចេញពីទីតាំងសន្និសីទកាសែត... ហេតុអ្វីពួកគេមិននាំគ្នា និយាយ? តើនេះមិនមែនមកពីត្រូវថ្នាំសណ្តំ្ត មនោគមន៍វិជ្ជាបរទេស រហូតធ្វើឲ្យប្តូរធាតុជា មនុស្សទេឬ?

សរុបមកវិញ កម្ពុជាកំពុងបានសុខហើយ, កម្ពុជាគ្រប់គ្រងកូវីដ១៩បានល្អហើយ, កម្ពុជាគ្មានអ្នក ស្លាប់ដោយសារមេរោគ នេះទេ ហើយប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកសារព័ត៌មានទាំងឡាយដែរក៏កំពុងមានសេរីភាពពេញលេញដោយមិនបានជាប់ទ្រុងដូចសារិកាឡើយ។

កម្ពុជាមិនបានទទួលរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដូចបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកឡើយ។ សេដ្ឋកិច្ចសង្គមកម្ពុជាស្ថិតក្នុងស្ថានភាព ស្ទើរតែប្រក្រតីដោយមានការប៉ះពាល់តិចតួច ប៉ុណ្ណោះ។ កម្ពុជាក៏មិនបាន ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដូចដែល បណ្តាញផ្សាយព័ត៌មានភូតកុហកមួយចំនួនលើកឡើងដើម្បីមួលបង្កាច់និងបំភិតបំភ័យនោះដែរ។

ដូច្នេះ សូមក្រុមសារិការជាប់ទ្រុងទាំងឡាយគួរគិតគូររកច្រកចេញពីទ្រុងល្អជាងមកឈឺឆ្អាលពីអ្នក ដែលនៅក្រៅទ្រុង។ ក្រុមសារិកាជាប់ទ្រុងទាំងឡាយគួររកតែវិធីការពារជីវិតខ្លួនឯងឲ្យបានល្អកុំឲ្យឆ្លងកូវីដ១៩ទៅ ប្រសើរជាងមកឈឺឆ្អាល់ពីគេដែលកំពុងរស់នៅ ដោយសុខសាន។ ក្រុមសារិកាជាប់ទ្រុងទាំងឡាយក៍គួរគិតគូរពីភាពខ្ទេចខ្ទាំសេដ្ឋកិច្ចក្នុងប្រទេសដែលខ្លួនកំពុងរស់នៅ ប្រសើរជាងមកស្រែកខ្វល់ខ្វាយពី កម្ពុជាដែលដំណើរការ សេដ្ឋកិច្ចសង្គមកំពុងវិលទៅរកភាពប្រក្រតីវិញជាបណ្តើរៗទៅហើយនោះ។ ក្រុមសារិកាជាប់ទ្រុងគួរគិតគូរពីអ្នកអត់ការងារធ្វើរាប់សិបលាននាក់ក្នុងប្រទេសដែលខ្លួនកំពុងរស់នៅ ហើយប្រហែលជាជិតដល់វេនខ្លួនហើយក៏ មិនដឹងប្រសើរជាងមក ស្រែកព្រួយបារម្ភពី ការងារនៅកម្ពុជាដែលរងផលប៉ះពាល់តិចតួចបំផុត។

ទឹកចូលដល់ច្រមុះហើយ មិនគិត បែរជាមកគិតពីអ្នក ដែលកំពុងនៅលើដីគោក ទៅវិញ។ ពិតជាគួរឲ្យអនិច្ចាសត្វសារិកាជាប់ទ្រុងទាំងនោះមែន៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ