(ភ្នំពេញ)៖ ថ្មីៗកន្លងទៅនេះយន្តហោះដឹកអីវ៉ាន់របស់កងទ័ពជើងអាកាសប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញម្តងទៀត ដោយបំពាក់នូវសម្ភារៈបរិក្ខារពេទ្យសំរាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងគ្នា បាននាំមកនូវមនោសញ្ចេតនា និងមិត្តភាពដ៏ជ្រាលជ្រៅ និងការជូនពរល្អប្រសើរពីប្រជាជនចិនជាង១៤០០លាននាក់ និងពីយោធិនចិនចំនួន២លាននាក់។

នេះគឺជាជំនួយលើកទី៣ ដែលក្រសួងការពារជាតិចិន បានផ្តល់សម្ភារពេទ្យសំរាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ជូនចំពោះក្រសួងការពារជាតិកម្ពុជា ហើយបានបង្ហាញច្បាស់លាស់ថែមទៀត នូវមិត្តភាពដូចបងប្អូនដែកថែបរវាងកងទ័ពទាំងពីរកម្ពុជា និងចិន ព្រមទាំងសេចក្តីសម្រេចចិត្តមឹងម៉ាត់ ក្នុងការពួតដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទោះបីជាជំងឺកូវីដ-១៩​ កំពុងរីករាលដាលនៅពិភពលោក ប្រទាញមនុស្សឲ្យឆ្ងាយចេញពីគ្នា ក៏ប៉ុន្តែទឹកចិត្តរបស់កងទ័ពទាំងពីរ និងប្រទេសទាំងពីរ កម្ពុជានិងចិន ជាប់ទល់នឹងគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាដៃរបស់យើងចាប់កាន់តែរឹងមាំ។

ពេលប្រទេសចិន ស្ថិតនៅគ្រាលំបាកធ្ងន់ជាងគេ មិត្តកម្ពុជាបានផ្តល់ជំនួយភ្លាមៗ។ ៨០ថ្ងៃមុន យន្តហោះមួយគ្រឿងបានចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ រដ្ឋធានីប៉េកាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្ទាន់ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ប្រទេសចិន ខាងវិស័យនយោបាយ និងសីលធម៌ ក៏បានប្រតិបត្តិដំណើរការជាក់ស្តែង ក្នុងការបង្ហាញនូវខ្លឹមសារជាស្នូល នៃសហគមន៍រួមវាសនាចិននិងកម្ពុជា។

លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាកុងសង់ស៊ីសដ៏សំខាន់ស្តីពី ការជំរុញអភិវឌ្ឍន៍ទំនាក់ទំនង ប្រទេសទាំងពីរឲ្យស៊ីជំរៅ និងពួតដៃប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩។ នាថ្ងៃទី២ ខែមីនា ពិធីប្រគល់-ទទួលសម្ភារៈការពារទប់ស្កាត់វីរុសកូវីដ-១៩ របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំឡើងក្នុងស្ថានទូតចិនប្រចាំកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ភាគីកម្ពុជាគាំទ្រចិនយ៉ាងម៉ឹងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយក៏ជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាល កងទ័ពយោធា និងប្រជាជនចិន មានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកជម្នះលើកិច្ចប្រយុទ្ធ ទប់ស្កាត់ជំងឺកូវីដ-១៩។

ជំងឺកូវីដ-១៩ ក៏ដូចជាបញ្ជាដើម្បីបំពេញបេសកកម្មពេញទំហឹង កងទ័ពយោធាចិន បានអនុវត្តន៍គោលនយោបាយរបស់មជ្ឈិមបក្ស និងគណៈកម្មការយោធាមជ្ឈិមបក្ស យ៉ាងមឹងម៉ាត់ ហើយបានរួមវិភាគទានយ៉ាងលេចធ្លោ ក្នុងការប្រយុទ្ធយកជម្នះក្នុងសង្គ្រាម បង្ការនិងគ្រប់គ្រង់ជំងឺនេះ។

នាថ្ងៃទី២៤ ខែមករា កងទ័ពចូលសង្គ្រាមតាមបញ្ជា, យោធាចិនបានបញ្ជូនក្រុមពេទ្យទី១ នៅទូទាំងប្រទេសចិន ចុះជួយឧបត្ថម្ភ ទីក្រុងវូហាន។ កងទ័ពចិន បានទទួលភារកិច្ចធ្ងន់ធ្ងរយ៉ាងក្លាហាន សរុបចាត់តាំងបុគ្គលិកពេទ្យជាង៤០០០នាក់ រៀបចំគ្រែសំរាប់ព្យាបាលអ្នកជំងឺ២៨៥៦គ្រែ ហើយទទួលអ្នកឆ្លងជំងឺ៧១៩៨នាក់។

ដោយសារតែមានបច្ចេកទេសជំនាញបរិបូរណ៍ បានទទួលជោគជ័យពេញលេញ ក្នុងភារកិច្ចសង្គ្រោះអ្នកជំងឺ ជាពិសេសបានសម្រេចគោលដៅ គឺ វាយប្រយុទ្ធជំងឺប្រកបដោយជោគជ័យ អត់មានបុគ្គលិកណាឆ្លងវីរុស។ ក្រៅពីនេះកងទ័ពចិនក៏យកចិត្តទុកដាក់ការស្រាវជ្រាវវិទ្យាសាស្ត្រដែរ នាថ្ងៃទី១៦ ខែមីនា បានចាប់ផ្តើមការសាកល្បងវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដំណាក់កាលទី១ ជាលើដំបូងនៅប្រទេសចិន ដែលត្រូវចាក់ពិសោធលើមនុស្ស។ នាថ្ងៃទី១២ ខែមេសា បានឈានដល់ការសាកល្បងចាក់វ៉ាក់សាំង លើមនុស្សដំណាក់កាលទី២ ហើយគឺជាប្រទេសមុនគេឈាន ដល់ដំណាក់កាលទី២។

ទោះខ្យល់ក្តី ទោះភ្លៀងក្តី យើងត្រូវសាមគ្គីគ្នា។ មេរោគមិនរើសអើងជនជាតិ ឬប្រទេសណាមួយទេ មនុស្សជាតិគឺជាសហគមន៍រួមវាសនាតែមួយ ដែលពឹងផ្អែកគ្នាទោះសុខ ឬទុក្ខ។ មានតែគាំទ្រឧបត្ថម្ភទៅវិញទៅមក ទើបពន្លឺនៃភាពជោគជ័យមកដល់យ៉ាងឆាប់រហ័ស។

ប្រទេសចិនមិនអាចភ្លេចជំនួយទប់ស្កាត់ជំងឺកូវីដ-១៩ ដែលផ្តល់ដោយរដ្ឋាភិបាល និងកងទ័ពនៃប្រទេសនានា រាប់បញ្ចូលទាំងប្រទេសកម្ពុជាជូនចំពោះភាគីចិន។ កងទ័ពចិនកំពុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយកងទ័ពនានានៅលើពិភពលោក ហើយបានផ្តល់ជំនួយសំរាប់ ទប់ស្កាត់ជំងឺនេះ អាស្រ័យសមត្ថភាពរបស់ខ្លួន ជូនចំពោះកងទ័ពកម្ពុជា ក៏ដូចជាកងទ័ពផ្សេងទៀត ដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាព លើវិស័យសុខាភិបាល អន្តរជាតិ ពួតដៃបង្កើតសហគមន៍រួមសុខាភិបាល និងសុខភាពមនុស្សជាតិ។

នៅគ្រាលំបាក ស្គាល់មិត្តពិតប្រាកដ។ នាថ្ងៃទី២៤ ខែមីនា ក្រុមពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កងទ័ពរំដោះប្រជាជនចិន បានអញ្ជើញដល់ក្រុងភ្នំពេញ នេះគឺជាក្រុមពេទ្យលើកទីមួយ ដែលកងទ័ពចិនបានចាត់តាំងកម្លាំង ជូនដល់ពិភពលោក ដើម្បីជួយទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ បានបង្កើត «លើកដំបូង» ថែមទៀត ក្នុងទំនាក់ទំនងកងទ័ពទាំងពីរចិន និងកម្ពុជា។ ជាងមួយខែកន្លងមកហើយ ក្រុមពេទ្យ និងអ្នកជំនាញភាគីកម្ពុជា ធ្វើការពេញទំហឹង សហការគ្នាជិត្តស្និទ្ធ ពុះពារឧបសគ្គយ៉ាងសកម្ម ក្តោបក្តាប់ពេលវេលាបានល្អ បានបង្កើតនិងកែសម្រួលសមត្ថភាពបង្ការ និងគ្រប់គ្រងជំងឺទាំងគ្រប់ដំណើរការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ រីឯសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញចុះពិនិត្យនៅនឹងកន្លែងជាច្រើនដង ហើយបានថ្លែងការកោតសរសើរដែរ។

ជំងឺកូវីដ-១៩ បានជំរុញកិច្ចសហប្រតិបត្តិការលើសុខាភិបាល និងវេជ្ជសាស្ត្ររវាងកងទ័ពកម្ពុជា និងចិន ចំណែកឯវិស័យផ្សេងទៀត ក៏មិនផ្អាកដំណើរការទេ នេះបានបញ្ចាំងឲ្យឃើញនូវជំនឿទុកចិត្ត យុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់ និងកិច្ចសហប្រតិបត្តិការ ជាក់់ស្តែងយ៉ាងស៊ីជំរៅ រវាងកងទ័ពទាំងពីរ។

ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី១ ខែមេសា លំហាត់សមយុទ្ធនាគមាស ២០២០ រវាងកងទ័ពកម្ពុជា និងចិន បានប្រារព្ធឡើងតាមពេលកំណត់។ កងទ័ពទាំងពីរចែកជាក្រុមលាយគ្នា សហការគ្នាធ្វើប្រតិបត្តិការ បានទទួលជោគជ័យពេញលេញ លើគ្រប់មេរៀនលំហាត់ ហើយធានាថា អត់មានបុគ្គលណាមួយ ឆ្លងមេរោគ កូវីដ-១៩ បានអនុវត្តដោយជោគជ័យ ក្នុងការហ្វឹកហាត់ទាហានត្រៀមសង្រ្គាមផង និងការបង្កាទប់ស្កាត់មេរោគផង។ នេះបានបន្ថែមសោភ័ណភាព ដ៏ស្រស់ផូរផងថែមមួយកម្រិតទៀត លើប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការមេត្រីភាព រវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

«ជឿទុកចិត្តគ្នា ជួយយកអាសាគ្នាទៅវិញទៅមក»។ ការជួយឧបត្ថម្ភទៅវិញទៅមករវាងកងទ័ពទាំងពីរ កម្ពុជានិងចិន គឺកើតចេញពីក្រអៅបេះដូង អត់ដាក់លក្ខខណ្ឌៈអ្វីសោះ។ រីឯកិច្ចសហប្រតេបត្តិការរវាងកងទ័ពកម្ពុជា និងចិន ក៏ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មិនសំដៅដល់ភាគីទី៣ទេ។
កងទ័ពទាំងពីរយើងពួតដៃប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជនប្រទេសទាំងពីរ ដោយពេញទំហឹងនេះបញ្ចាំងឲ្យឃើញ នូវស្មារតីសហគមន៍រួមវាសនា ដែលមិនអាចបំបែកបំបាក់ និងស្មារតីអន្តរជាតិនិយម និងមនុស្សធម៌ពិតប្រាកដ ហើយគឺជាគំរូល្អ នៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី នៅក្នុងអន្តរជាតិ។

ជំងឺកូវីដ-១៩ នៅមិនទាន់បាត់នៅឡើយទេ សភាពការណ៍ទប់ស្កាត់មេរោគនេះនៅតែមានភាពធ្ងន់ធ្ងរដែរ កងទ័ពប្រទេសទាំងពីរមានភារកិច្ចធ្ងន់ត្រូវអនុវត្តន៍ និងមានផ្លូវវែងត្រូវដើរឆ្លង។ ស៊ូឡើងប្រទេសកម្ពុជា ស៊ូឡើងប្រទេសចិន។ ស៊ូឡើង កងយោធពលខេមរភូមិន្ទ។ ស៊ូឡើង កងទ័ពរំដោះប្រជាជនចិន៕

ដោយ៖ វរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំនៅកម្ពុជា