(ភ្នំពេញ)៖ «ការកែទម្រង់ខាងក្នុង និងការបង្កើតមិត្តនៅក្រៅប្រទេស ដោយផ្អែកលើស្មារតីឯករាជ្យភាព» គឺជាចក្ខុវិស័យជាយុទ្ធសាស្ត្រដែលត្រូវបានបញ្ជាក់ដោយ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រការបរទេសរបស់កម្ពុជា។ នៅក្នុងបរិបទនេះលោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាចាំបាច់ត្រូវបង្កើតមិត្តជាមួយបណ្តាប្រទេសទាំងអស់ ប៉ុន្តែកម្ពុជានឹងមិនធ្វើសម្បទាន ឬប្រគល់អធិបតេយ្យភាព និងសន្តិសុខជាតិជាថ្នូរនឹងជំនួយបរទេស និង/ឬពាណិជ្ជកម្ម និងការវិនិយោគណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិមួយចំនួន មិនបានទទួលស្គាល់ដំណោះស្រាយរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងឯករាជ្យភាពជាតិ និងការលើកកម្ពស់ផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។

ខណៈពេលដែលកម្ពុជា កំពុងធ្វើការប្រកបដោយភាពសប្បុរសធម៌ ដើម្បីបង្កើនទំនាក់ទំនងជាមួយប្រទេសចិន និងប្រទេសដទៃទៀតដោយផ្អែកលើបាវចនា នៃគោលនយោបាយការបរទេសរបស់ខ្លួន ប៉ុន្តែពួកគេបានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាបានងាករកប្រទេសចិន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ខ្ញុំបានឃើញអត្ថបទសារព័ត៌មានមួយដែលមានចំណងជើងថា «តៃវ៉ាន់បង្ហាញការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះវ៉ីរុសកូរ៉ូណា ដោយសារសម្តេចតេជោ ហ៊ុន សែន លេងល្បែងនយោបាយ (Taiwan Shows Rapid Response to Coronavirus As Hun Sen Plays Politics)» ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយគេហទំព័រ The Geopolitics។

អត្ថបទនេះបានរំលេចរូបភាពគោលនយោបាយការបរទេសរបស់កម្ពុជា ដែលមានលក្ខណៈខុសគ្នាស្រឡះពីចក្ខុវិស័យ នៃគោលនយោបាយការបរទេសជាយុទ្ធសាស្ត្ររបស់កម្ពុជា។ អត្ថបទនេះបានលើកឡើងថា «ភាពចាប់បាច់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាការពារពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន គឺជាចំណុចសំខាន់បំផុត…សម្តេចតេជោ ហ៊ុន សែន ធ្វើពុតជាមានបញ្ហាគ្រោះថ្នាក់តិចតួចដល់សាធារណជន (ហានិភ័យនៃវីរុសកូរ៉ូណាថ្មី ឬ វីរុស Covid-19 ដល់សាធារណជន) គឺសំខាន់ជាងការរក្សាប្រទេសចិន ដែលជាសម្ព័ន្ធមិត្តអន្តរជាតិសំខាន់ចុងក្រោយរបស់លោក។» នេះគឺជាការចោទប្រកាន់មិនពិត ហើយខ្ញុំសូមបដិសេធចំពោះសេចក្តីថ្លែងការណ៍នេះទាំងស្រុង។

ចិនគឺជាដៃគូពាណិជ្ជកម្ម និងការវិនិយោគបរទេសធំបំផុតនៅកម្ពុជា។ ការពង្រឹងសេដ្ឋកិច្ចជាមួយចិនឱ្យកាន់តែមានភាពស៊ីជម្រៅ បានជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ យ៉ាងរឹងមាំជាមួយ នឹងអត្រាជាមធ្យមច្រើនជាង៧ភាគរយ ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។ ទោះយ៉ាងណាក៏ដោយការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយចិនមិនមានន័យថា កម្ពុជាចាំបាច់ត្រូវសម្រុះសម្រួលឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនឡើយ។ ឯករាជ្យភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យនៅតែមានដដែល។ ជំហរនយោបាយការបរទេសរបស់កម្ពុជាគឺ គាំទ្រកម្ពុជា។

ការគាំទ្ររបស់កម្ពុជាចំពោះចិន និងប្រទេសជាមិត្តដទៃទៀតរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគកូរ៉ូណារីរុស គឺផ្អែកលើកាតព្វកិច្ចខាងសីលធម៌ និងជាអន្តរជាតិ។ សីលធម៌សង្គមរបស់កម្ពុជាគឺ «មិត្តពិតប្រាកដ គឺជាមិត្តដែលចេះជួយគ្នាក្នុងគ្រាលំបាក»។ យើងមិនអាចទុកចោល ឬឈរមើលប្រទេសជាមិត្តរបស់យើងដែលកំពុងជួបវិបត្តិនៅម្នាក់ឯងបានឡើយ។ យើងត្រូវបង្ហាញពីសាមគ្គីភាពរបស់យើង ក្នុងការប្រយុទ្ធប្រឆាំង នឹងវិបត្តិសុខភាពពិភពលោក ដែលមិនធ្លាប់មានពីមុនមក។ នេះជាបញ្ហាសកលដែលទាមទារឱ្យមានដំណោះស្រាយជាសកល។

ដោយមើលឃើញពីស្មារតីនេះ កម្ពុជាបាននឹងកំពុងជួយដល់ប្រទេសជាមិត្តរបស់យើង ក្នុងគ្រាលំបាកបំផុតដើម្បីការពារសុខភាព និងសុខុមាលភាពរបស់ប្រជាជនយើង ពីការរាតត្បាតនៃជំងឺ Covid-19។ ក្នុងកំឡុងពេលនៃការផ្ទុះឡើងដំបូង នៃវីរុសនេះនៅទីក្រុង Wuhan នៃប្រទេសចិន នាយករដ្ឋមន្រ្តី ហ៊ុន សែន បានគ្រោងនឹងទៅធ្វើទស្សនកិច្ច ទៅកាន់ទីតាំងនៃការផ្ទុះឡើងនៃវីរុសនេះ ហើយបានក្លាយជាថ្នាក់ដឹកនាំបរទេសដំបូងគេបង្អស់ ដែលបានទៅសួរសុខទុក្ខលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅរដ្ឋធានីប៉េកាំង ខណៈដែលពិភពលោកទាំងមូលកំពុងប្រញ៉ាប់ប្រញ៉ាល់ ទៅយកប្រជាពលរដ្ឋរបស់ពួកគេ ចេញពីទីក្រុងវូហាន ហើយចាប់ផ្តើមដាក់កម្រិតការធ្វើដំណើរលើអ្នកទេសចរចិន។

ការបដិសេធរបស់នាយករដ្ឋមន្រ្តី ក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនកម្ពុជា ពីទីក្រុងវូហាន ឬការដាក់កម្រិតការធ្វើដំណើរលើពលរដ្ឋចិន បង្ហាញពីសាមគ្គីភាពរបស់កម្ពុជាជាមួយរដ្ឋាភិបាលចិន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ លើសពីនេះទៅទៀត ទោះបីកម្ពុជាបានដឹងច្បាស់ពីហានិភ័យដែលអាចកើតមានឡើងក៏ដោយ កម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ ដោយអនុញ្ញាតឱ្យនាវា MS Westerdam ដែលជាកម្មសិទ្ធិរបស់ហូឡង់-អាមេរិក បានចូលចតនៅខេត្តព្រះសីហនុ បន្ទាប់ពីប្រទេសចំនួន៦ បានបដិសេធមិនឱ្យចូលចតនៅកំពង់ផែ របស់ពួកគេ ដោយសារតែការព្រួយបារម្ភ ចំពោះការរីករាលដាលនៃវីរុស Covid-19 ដែលអាចកើតមាន។

ការសម្រេចចិត្តរបស់កម្ពុជាបង្ហាញយ៉ាងច្បាស់ នូវដំណោះស្រាយរបស់ខ្លួនក្នុងការបំពេញកាតព្វកិច្ច ជាអន្តរជាតិរបស់ខ្លួន ដោយជួយអ្នកដំណើរ និងនាវិកទាំងអស់ដែលជាពលរដ្ឋមកពីប្រទេសផ្សេងៗគ្នា នៅលើពិភពលោក។ យើងជឿជាក់ថា ជីវិតរបស់មនុស្សគ្រប់គ្នាមានតម្លៃ សូម្បីតែពេលមានវិបត្ដិ ហើយយើងត្រូវជួយពួកគេដោយសេចក្ដីគោរព សេចក្ដីថ្លៃថ្នូរ និងគ្មានការរើសអើង។ ទោះបីកម្ពុជាជាប្រទេសតូចមួយ ដែលមានធនធានមានកម្រិតក៏ដោយ យើងមានចិត្តសប្បុរសធំធេងក្នុងការផ្តល់ជូនសហគមន៍អន្តរជាតិ។

ដើម្បីឆ្លើយតបនឹងបញ្ហារបស់កម្ពុជា ប្រទេសជាមិត្តរបស់យើងក៏បានជួយដល់កម្ពុជាក្នុងការខិតខំទប់ស្កាត់ និងឆ្លើយតបចំពោះការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស Covid-19។ ជំនួយរបស់ពួកគេរួមមានជំនួយផ្នែកហិរញ្ញវត្ថុ ឧបករណ៍វេជ្ជសាស្រ្ត និងអ្នកជំនាញជាដើម។ ចិនផ្តើមមុខក្នុងការបញ្ជូននូវក្រុមគ្រូពេទ្យ និងបរិច្ចាគគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រមកកម្ពុជា។ ជាក់ស្ដែងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យដំបូងគេមកពីចិន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយនាំយកនូវសំភារៈបរិក្ខារពេទ្យ និងសំភារៈពេទ្យផ្សេងទៀតយ៉ាងច្រើន ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ។ ការរាតត្បាតជាសកលនេះ មិនបានរារាំងប្រទេសទាំងពីរ។

មិនឱ្យធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ពួកគេដែលមានឈ្មោះថា នាគមាស ឡើយ។ ប្រទេសទាំងពីរមានទស្សនៈវិស័យរួមគ្នាថា កិច្ចសហប្រតិបត្តិការយោធាអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតប និងជួយសង្គ្រោះគ្នា វាជាគ្រោះមហន្តរាយធម្មជាតិ ឬជាជំងឺរាតត្បាតដូចជាវីរុស Covid-19នេះជាដើម។ កម្ពុជាក៏បានទទួលជំនួយពីប្រទេសដទៃទៀតដែរ។ អាឡឺម៉ង់បានផ្តល់ថវិកាចំនួន ១,៦ លានដុល្លារអាមេរិក និងបានប្តេជ្ញាសហការជាមួយស្ថាប័នសុខាភិបាលសាធារណៈពាក់ព័ន្ធនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលនឹងកើតឡើងពីវីរុស Covid-19។

ជប៉ុនបានផ្តល់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រយ៉ាងច្រើនដល់កម្ពុជា ខណៈពេលដែលសហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់ចំនួន ២លានដុល្លារ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ កម្ពុជាសូមកោតសរសើរយ៉ាងខ្លាំងចំពោះជំនួយទាំងអស់ដែលបានផ្តល់ពីមិត្តរបស់កម្ពុជា សម្រាប់បុព្វហេតុមនុស្សធម៌ ហើយយើងសូមកោតសរសើរចំពោះប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់ ដែលបានទទួលស្គាល់ការចូលរួមរបស់កម្ពុជាដល់សហគមន៍អន្តរជាតិ។

នៅក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលវីរុស Covid-19 ពិភពលោកបានមើលឃើញពីចំណងមិត្តភាពដ៏រឹងមាំនៃទំនាក់ទំនង ដែលកម្ពុជាមានជាមួយប្រទេសជាមិត្តរបស់យើង រួមទាំងប្រទេសចិនផងដែរ។ ចំណងមិត្តភាពដ៏រឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ត្រូវបានគាំទ្រដោយភាគីទាំងពីរប្រកាន់ខ្ជាប់នូវស្មារតីអធិបតេយ្យស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទំនាក់ទំនងស្និទ្ធស្នាលនេះមិនត្រូវបានកសាងឡើងតែមួយថ្ងៃបានឡើយ ប៉ុន្តែវាបានកើតឡើងដោយទំនាក់ទំនងល្អរវាងរដ្ឋទាំងពីរអស់ជាច្រើនទសវត្សមកហើយ។ ចិនមិនបានភ្ជាប់លក្ខខណ្ឌក្នុងការវិនិយោគ និងជំនួយបរទេសរបស់ខ្លួនមកកម្ពុជា ហើយក៏មិនបានជ្រៀតជ្រែកចូលក្នុងកិច្ចការនយោបាយក្នុងស្រុកកម្ពុជាដែរ។ គោលនយោបាយបែបនេះបានផ្តល់នូវការអភិវឌ្ឍជាវិជ្ជមាននៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។

ចិនគោរពឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយកម្ពុជាសូមគាំទ្រជានិច្ចនូវគោលនយោបាយចិនតែមួយ។ កម្ពុជាទទួលស្គាល់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ថាជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យចិនទាំងមូល រួមមានហុងកុង ម៉ាកាវ និងតៃវ៉ាន់។ កម្ពុជាចាត់ទុកទឹកដីទាំងបីជាតំបន់រដ្ឋបាលពិសេសរបស់ចិន។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយនេះនៅគ្រប់កាលៈទេសៈ៕

សួស យ៉ារ៉ា សមាជិកសភានៃព្រះរាជាណាចក្រកម្ពុជា