(ភ្នំពេញ)៖ ខណៈដែលរដ្ឋាភិបាលគ្រប់ប្រទេសវិញ រាប់ទាំងកម្ពុជាផង បាននិងកំពុងចាត់វិធានការទប់ទល់ការឆ្លងរីករាលដាលនៃវីរុសកូណារ៉ូណាថ្មី ឬ Covid-19 ដែលក្នុងនោះមានទាំងវិធានការការពារមនុស្សផង និងវិធានការការពារផលប៉ះពាល់ទៅលើសេដ្ឋកិច្ចផង ពួកអ្នកបំពុលសង្គម ក៏កំពុងតែសកម្មយ៉ាងខ្លាំងព្រមពេលជាមួយគ្នានេះដែរ។ ក្នុងអំឡុងពេល ដែលយើងកំពុងប្រយុទ្ធប្រឆាំងជាមួយ Covid-19 នេះ គេអាចស្គាល់យ៉ាងច្បាស់មុខមាត់មនុស្សក្នុងសង្គម ជាពិសេសពួកមនុស្សបំពុលសង្គម ដើម្បីបំផ្លាញសេចក្តីសុខអ្នកដទៃ។

នៅកម្ពុជាយើង គេអាចស្គាល់មុខ ស្គាល់សន្តានមនុស្សបំពុលសង្គម៣ប្រភេទ ដែលជាសែស្រឡាយជាមួយគ្នា៖

ប្រភេទទី១៖ គឺពពួកអ្នកបង្កើត ប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីចែកចាយតាមបណ្តាញសង្គម។ ក្រុមមនុស្សប្រភេទនេះគ្មានគិតអ្វីក្រៅតែពីអង្គុយរកនឹកប្រឌិតរឿង ដើម្បីបង្ហោះចេញធ្វើឲ្យអ្នកខ្លះយល់ច្រឡំថា រឿងនោះពិតជាកើតមានមែន។ ឧទាហរណ៍ ពួកគេប្រឌិតថា មានអ្នកស្លាប់ដោយ Covid-19 នៅកន្លែងនេះ កន្លែងនោះ។ បើមានអ្នកណា វិលមុខ អស់កម្លាំង ដួលសន្លប់ ដែលខ្មែរយើងតាំងពីដើមមកនិយមហៅថា «ខ្យល់គ» ពួកគេប្រឌិតថា អ្នកនោះឆ្លង Covid-19 ។ ជួនកាលទៀត ពួកគេយករូបចាស់ៗ ឬរូបនៅ ស្រុកគេសោះមកប្រឌិតបន្លំថា រឿងនោះជាករណី Covid-19 កើតនៅកម្ពុជា។ ជួនកាលទៀត គេប្រកាសរឿងអកុសលណាមួយ ហើយយកឈ្មោះមន្ត្រីណា ម្នាក់មកដាក់ថា ជាអ្នកនិយាយ។ ឬនៅសុខៗ ក៏ស្រាប់តែប្រកាសថា មានអ្នកស្លាប់ ឬ អ្នកឆ្លង Covid-19 នៅទីនេះ ឬទីនោះជាដើម ដែលតាមពិតគ្មានទាល់តែសោះ។ មានរឿងរ៉ាវប្រឌិតរាប់មិនអស់ដែលក្រុមនេះបានបង្កើតឡើងជារៀងរាល់ថ្ងៃ។ ក្រុមនេះ ច្រើនតែរស់នៅក្រៅប្រទេស ឬ ជាមនុស្សលាក់មុខដែលប្រើ បណ្តាញសង្គមហ្វេសប៊ុកជា មធ្យោបាយសំខាន់។

ប្រភេទទី២៖ គឺពពួកមនុស្សដែលចាំតែបំភ្លៃ បំប៉ោង យករឿងពិតធ្វើឲ្យដូចជារឿងមិនពិត ឬរឿងមិនពិតធ្វើឲ្យដូចជារឿងពិត ដើម្បីបង្កើតការសង្ស័យ។ គោលដៅរបស់ក្រុមនេះក៏ដូចជាក្រុមទី១ដែរ គឺធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋយល់ច្រឡំ វិលវល់ច្របូកច្របល់ បើនិយាយជារួមគឺគោលដៅចុងក្រោយគឺ បំពុលសង្គមដូចគ្នា។ ក្រុមនេះប្រើបណ្តាញផ្សាយព័ត៌មានជា មធ្យោបាយសំខាន់របស់ខ្លួន ហើយពួកគេជ្រកក្រោមស្លាកអ្នកវិភាគ ឬ អង្គការសង្គមស៊ីវិល ឬជ្រកក្រោមស្លាកសារព័ត៌មានតែម្តង។ ឧទាហរណ៍ខ្លះៗអំពីសកម្មភាពដែលពួកគេបានធ្វើកន្លងទៅ៖ ពេលដែលបុរសជនជាតិជប៉ុនម្នាក់ដែលចេញពីខេត្តសៀមរាប ទៅប្រទេសកំណើតរបស់ខ្លួន ដោយឆ្លងកាត់ទីក្រុងហូជីមិញប្រទេសវៀតណាម ហើយពេលទៅដល់ជប៉ុនត្រូវបានគេរកឃើញថា មានផ្ទុក Covid-19 ពួកគេបែរជានិយាយថា នៅ កម្ពុជារកមិនឃើញ តែបែរជា ទៅដល់វៀតណាមក៏រកឃើញ ដល់ជប៉ុនក៏រកឃើញ។

តាមពិតពេលបុរសនោះបានឆ្លងកាត់ប្រទេសវៀតណាម អាជ្ញាធរវៀតណាមមិនបានរកឃើញទេ។ ប្រសិនបើគេរកឃើញថា បុរសនោះឆ្លង Covid-19 នៅវៀតណាម គេប្រាកដជាឃាត់ទុកនៅ វៀតណាមហើយដោយគ្មានអ្នកណាអាចអនុញ្ញាតឲ្យមនុស្សផ្ទុក Covid-19 ធ្វើដំណើរបន្តតាមយន្តហោះរហូតដល់ប្រទេសជប៉ុននោះឡើយ។
ករណីមនុស្សដួលសន្លប់ក្នុងរដូវក្តៅដែលជារឿងតែងតែកើតឡើងជាធម្មតាសោះ ក៏ ពួកគេនិយាយឲ្យមានការ សង្ស័យថា នោះជាករណី Covid-19 ។

ទាក់ទងនឹងការពាក់ម៉ាស់, គ្រូពេទ្យជំនាញទាំងខ្មែរ និងបរទេសប្រាប់ថា មិនចាំបាច់ត្រូវពាក់គ្រប់ពេលឡើយ ហើយ ម៉ាស់ក៏មិនមែនជាមធ្យោបាយដែលមានប្រសិទ្ធភាពខ្លាំងក្នុងការការពារដែរ តែមធ្យោបាយការពារដែលសំខាន់ជាងគេគឺការ លាងដៃ និងការរស់នៅដោយអនាម័យ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាលកម្ពុជាក៏បានណែនាំដូចគ្នាទៅនឹងដំបូន្មានអ្នកជំនាញដែរ ហើយថែមទាំង បានផ្តល់ដំបូន្មានបន្ថែមឲ្យពលរដ្ឋប្រើក្រម៉ា ឬកន្សែងដៃបើគ្មានម៉ាស់។ ក៏ប៉ុន្តែ ក្រុមបំពុលសង្គមនៅតែនាំគ្នានិយាយស្តីបន្ទោស រដ្ឋាភិបាលថា ពាក់ព័្ធនឹងរឿងនេះ ដដែល។ គោលដៅរបស់ពួកគេគឺ ធ្វើយ៉ាងណាដើម្បីឲ្យពលរដ្ឋយល់ច្រឡំថា អ្វីដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំគឺខុសបច្ចេកទេស។ តើទាំងអស់នេះមិនមែនជាការ មួលបង្កាច់ទេឬ? នៅមានឧទាហរណ៍ច្រើនរាប់មិនអស់ដែលក្រុមនេះបានបំផ្លើស បំភ្លៃ និងបំប៉ោងដើម្បីបំពុលសង្គម។

ប្រភេទទី៣៖ គឺជាពពួកមនុស្សដែលអង្គុយចាំចាប់កំហុស និងចំអកឡកឡឺយឲ្យរដ្ឋាភិបាល និងអាជ្ញាធរសុខាភិបាលក្នុងរឿង Covid-19 ។ ក្រុមនេះក៏ច្រើនតែជ្រកក្រោមស្លាក សង្គមស៊ីវិល និងជាបុគ្គលដែល មាននិន្នាការប្រឆាំង។ ពួកគេមិនបានជួយអ្វីទេក្រៅតែពីតាំងខ្លួនជាអ្នកចេះដឹងខុសរឿង និងចាំតែនិយាយចំអកឡកឡឺយ ពោលពាក្យមុសារដើម្បីដុតកំហឹងប្រជាពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។
ក្រុមនេះក៏ច្រើនតែប្រើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីជាមធ្យោបាយធ្វើសកម្មភាព។ មួយថ្ងៃៗ គិតតែពីរកនឹកដើម្បីចំអកឲ្យរដ្ឋាភិបាលដោយមិនបានជួយរិះរក មធ្យោបាយជួយពន្យល់ ជួយអប់រំពលរដ្ឋឲ្យចេះការពារខ្លួនពី វីរុស ឬឲ្យយល់ដឹងពីរបៀបឆ្លងនៃ Covid-19 ឡើយ ។ តែផ្ទុយទៅវិញ ពួកគេចាំតែ រកនឹកស្តីបន្ទោស ចំអកឬ លែបខាយក្នុងន័យធ្វើឲ្យពលរដ្ឋអស់ជំនឿលើវិធានការរបស់រដ្ឋាភិបាល ឬជំនឿលើប្រព័ន្ធសុខាភិបាលហើយនាំគ្នាដេកភ័យ។

សរុបទៅក្រុមមនុស្សទាំងបី ប្រភេទដូចបានលើកឡើងខាងដើមស្ថិតក្នុងសន្តានតែមួយតែគ្រាន់តែបែងចែកមុខសញ្ញាគ្នាដើម្បីធ្វើសកម្មភាពតែប៉ុណ្ណោះ ដោយក្រុមមួយជាអ្នកប្រឌិតរឿង, ក្រុមមួយទៀត ជាអ្នកធ្វើឲ្យរឿងពិតទៅជាមិនពិតនិងរឿងមិនពិតឲ្យទៅជាពិត ខណៈ ដែលក្រុមមួយទៀតធ្វើសកម្មភាពដើម្បីឲ្យពលរដ្ឋបាត់ជំនឿលើខ្លួនឯង និងលើរដ្ឋាភិបាលនិងចុងក្រោយ គេស្អប់រដ្ឋាភិបាលតែម្តង។

ក្រុមទាំងបីតែងតែធ្វើសកម្មភាពខ្លាំងនិងដំណាលគ្នានៅពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងបញ្ហាអ្វីមួយ ដូចជាករណី Covid-19 នេះជាដើម។ គោលដៅរបស់ពួកគេ មានតែមួយគឺ ធ្វើឲ្យសង្គមច្របូកច្របល់ ធ្វើឲ្យពលរដ្ឋវង្វេង និងភ័យខ្លាចដែលទីបំផុតឈានទៅចលាចល វឹកវរ ដែលជាឱកាសក្នុងការផ្តួលរំលំដណ្តើមអំណាច។

ប៉ុន្តែមនុស្សទាំងបីក្រុមនេះ ត្រូវបានគេស្គាល់មុខដូចបាតដៃ និងត្រូវបានមហាជនចាត់ទុកជាជនទុច្ចរិតដែលមិនត្រូវអត់ឱនឲ្យ ដើម្បីរក្សាសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ ស្ថិរភាព សេដ្ឋកិច្ច និងជាពិសេសគឺភាព សុខសានរបស់ប្រជាពលរដ្ឋ៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ