(ភ្នំពេញ)៖ មហន្តរាយនៃវីរ៉ុសកូរូណា ឬជំងឺកូវីត ១៩ បាននិងកំពុងរាតត្បាត និងវាយលុកពិភពលោកទាំងមូល ដែលតុល្យការចុងក្រោយគិតត្រឹម ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២០នេះ មានការកើតឡើងជំងឺកូវីត១៩ ចំនួន១០១,៩៥៥ ករណី នៅក្នុងប្រទេសចំនួន៩៧ ហើយមានការស្លាប់មនុស្សចំនួន៣,៤៦៦នាក់។ ប្រទេសដែលរងគ្រោះធ្ងន់ជាងគេគឺចិន, កូរ៉េ, ជប៉ុន និងអ៉ីតាលី។

នេះគឺជាវិបត្តិសុខភាពពិភពលោកដែលមិនត្រឹមតែ ប៉ះពាល់ដល់សុខុមាលភាព របស់ប្រជាពលរដ្ឋនៅលើពិភពលោកនោះទេ លើសពីនេះបន្ថែមទៀត គឺបានជះឥទ្ធិពលដ៏អាក្រក់បំផុត ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ហើយជាពិសេសជាងនេះ គឺធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបររបស់ ពលរដ្ឋនិងប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនហើយ នៅក្នុងនោះកម្ពុជា ទោះបីជាមិនទាន់មានពលរដ្ឋរបស់ខ្លួនណាម្នាក់ កើតជំងឺនេះក៏ដោយ ប៉ុន្តែបានទទួលរងឥទ្ធិពលអវិជ្ជមាននៃ មហន្តរាយសកលនេះជាពិសេសលើវិស័យវាយនភ័ណ្ឌដែល វត្ថុធាតុដើមភាពច្រើនបាននាំចូលពីប្រទេសចិន ហើយចិនបានបិទសកម្មភាពដោយសារតែការផ្ទុះជំងឺកូវីត នាំឱ្យរោងចក្រមួយចំនួននៅកម្ពុជាខ្វះវត្ថុធាតុដើមផលិត។

កូវីតក៏បានវាយលុកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ដែលមិន ដែលធ្លាប់មានពីមុនមកការធ្វើដំណើរភាគច្រើនត្រូវបានផ្អាក កម្មវិធីផ្សេងត្រូវបានលុបចោល។ នេះគឺជាឥទ្ធិពល ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីត ១៩ ដែលកំពុងតែញាំញីរួតរឹតពិភពលោក ហើយច្បាស់ណាស់កម្ពុជាក៏បានទទួលរងនូវបញ្ហានេះ។

ចំពោះមុខនៃវិបត្តិសុខភាពពិភពលោក ដោយសារតែការរាតត្បាតជំងឺកូវីត១៩ នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចាត់វិធានការជាកញ្ចប់ដើម្បីទប់ទល់នឹងផលប៉ះពាល់ ពីជំងឺនេះទាំងវិធានការការពារសុខុមាលភាពប្រជាពលរដ្ឋ និងវិធានការសេដ្ឋកិច្ច។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានរៀបចំវិធានការ ដើម្បីជួយដល់កម្មករកម្មការិនីដែលប្រឈមនឹងការបាត់បង់ ការងារដោយសារតែរោងចក្រសុំព្យួរសកម្មភាពដោយសារ កង្វះវត្ថុធាតុដើម។ ខណៈពិភពលោកទាំងមូល កំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីត ១៩ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានពុះពារយ៉ាងខ្លាំង ទាំងផ្តល់ការលើកទឹកចិត្តនិងការសម្រេចអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងកំពង់ផែនអន្តរជាតិ ព្រះសីហនុខណៈបរទេស៤ កោះចំនួន២ បានបដិសេធមិនឱ្យនាវាយក្សនេះចូលចតដោយសារតែភ័យខ្លាច ជំងឺកូវីត ១៩។

ប្រជាជនចិនបានប្រសិទ្ធនាមចំពោះកាយវិកាមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះប្រទេសជាមិត្តរបស់ខ្លួន ក្នុងគ្រាលំបាកនេះថា «បុរសសង្ហាដើរបញ្ជ្រាសទិស» ខណៈមេដឹកនាំនៃប្រទេសផ្សេងៗ មិនហ៊ានទៅកាន់ប្រទេសចិន ហើយពិភពលោកក្នុងសតវត្សរ៍ទី២១ នេះដែលគតែងតែនិយាយពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបានដើរបញ្ជ្រាសទិសដោយ បង្ហាញការរើសអើងនិងភ័យខ្លាច នឹងជំងឺកូវីត១៩ នេះ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថាជំងឺកូវីត ១៩ គ្មានអ្វីគួរឱ្យភ័យខ្លាចឡើយ ប៉ុន្តែ «ជំងឺភ័យខ្លាចបានជា រឿងដែលគួឱ្យភ័យខ្លាច»។ ការភ័យខ្លាចនៃជំងឺនេះបានរុញច្រាន ឱ្យមានការរើសអើងជាតិសាសន៍ រើសអើងមនុស្សនៅក្នុងសង្គមមនុស្ស។

ភាពភ័យខ្លាចនេះបានធ្វើឱ្យមនុស្សមួយចំនួន បាត់បង់នូវភាពម្ចាស់ការ បាត់បង់គុណធម៌ និងបាត់បង់ជំនឿទុកចិត្តលើខ្លួនឯង ហើយមានភាពភ្ញាក់ផ្អើល ស្លន់ស្លោរ ដោយសារតែចាញ់ការបំភិតបំភ័យ បំភ្លៃព័ត៌មាន និងការបន្លាចរបស់ក្រុមជនអគតិ និងក្រុមអតីតខ្មោចបក្សសង្គ្រោះជាតិមួយចំនួនដែលបានអុជធូបបន់ស្រន់ឱ្យកម្ពុជាទទួលរង គ្រោះដោយជំងឺឆ្លងកូវីត ១៩ នេះដើម្បីពួកគេងាយនឹងបង្កើត ភាពវឹកវរ បង្កចលាចល និងធ្វើឱ្យជាតិនិងប្រជាជនកម្ពុជា បាត់ បង់សេចក្តីសុខ និងរស់នៅក្នុងភាពភ័យខ្លាចនៃការរាតត្បាត ជំងឺកូវិត ១៩។ ពួកគេបំភ្លៃការពិតលើការកើតឡើងនៃជំងឺកូវីត បង្កើតពាក្យចចាមអារាម បង្កការភ័យខ្លាច និងបានធ្វើវិច្ឆេទ្ធកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។ កម្ពុជាដែល រហូតមកទល់ពេលនេះ មិនមានប្រជាជនខ្លួនណាម្នាក់កើត ជំងឺកូវីត ១៩ ឡើយ ហើយបាននិងកំពុងបង្កើនវិធានការការ ពារនិងបង្ការជំងឺនេះ។

តាមពិតអ្វីដែលក្រុមជនអគតិ និងក្រុមអ្នកប្រឆាំងរត់ចោលស្រុកមួយចំនួនបាននិងកំពុងផ្តល់ភស្តុតាងជាក់ច្បាស់បន្ថែមទៀតតអំពីគំនិតទុច្ចរិត ទង្វើគ្មានសីលធម៌ដែលពួកគេបានប្រពឹត្តមកលើប្រជាជនខ្មែរ។

ទង្វើរបស់ក្រុមប្រឆាំងនៅពេលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតថា ពួកគេមិនបាន បោះបង់នូវមហិច្ឆតាបំផ្លាញកម្ពុជានោះឡើយ។ ពួកគេប្រើប្រាស់គ្រប់វិធីសាស្ត្រ ទាំងអស់ដើម្បីបំផ្លាញកម្ពុជាតាមគ្រប់ រូបភាពរាប់ទាំងយកបញ្ហាមនុស្សធម៌ និងសុខុមាលភាព សាធារណៈមកប្រើប្រាស់ដើម្បីជាលេសបម្រើឱ្យផល ប្រយោជន៍នយោបាយរបស់ខ្លួន។ ពួកគេពិតជាគ្មានគុណធម៌ នៅក្នុងខ្លួនឡើយ ហើយក៏គ្មានការគោរពចំពោះជាតិនិងប្រជាជនខ្លួន និងមនុស្សជាតិទាំងមូលដែរ។ កម្ពុជានិងពិភពលោកទាំងមូលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការរាត ត្បាតនៃជំងឺកូវីត ១៩ កំពុងស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញ និងការពារប្រជាពលរដ្ឋពីជំងឺឆ្លងនេះ។ ប៉ុន្តែក្រុមប្រឆាំងមិន រើសមុខបានព្យាយាមប្រើទុក្ខសោក និងក្តីបារម្ភនេះដើម្បី បម្រើមហិច្ឆតានយោបាយខ្លួនទៅវិញ។

តើអ្វីដែលពួកគេចង់បានឱ្យពិតប្រាកដ? គឺពួកប្រឆាំងគ្មានគុណធម៌ និងសីលធម៌នេះបន្តបំផ្លាញជាតិ បំភ័យប្រជាជនលុះក្ស័យដើម្បីមហិច្ឆតាអំណាចរបស់ពួកគេ។ ក្រុមនេះនឹងមិនមានកំណើតឡើយ ហើយបានត្រឹមតែបំភ្លៃការពិត និងបន្លាចប្រជាជន។ ពួកគេ បានត្រឹមតែបង្កជម្លោះនឹងច្បាប់ ហើយរត់ចោលស្រុក។

ប៉ុន្តែអំពើខ្វះគុណធម៌ និងគ្មានសីលធម៌របស់ក្រុមជនអគតិ ដែលធ្វើអាជីវកម្មនយោបាយលើក្តីកវង្វល់របស់ប្រជាពលរដ្ឋ ពីបញ្ហាជំងឺកូវីត ១៩ នេះ នឹងមិនមានប្រយោជន៍ឡើយ ហើយពួកគេត្រឹមតែជាភេរវករបំផ្លាញ សេចក្តីសុខរបស់ប្រជពលរដ្ឋប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនពិតជាបាន ដឹងច្បាស់អំពីជំងឺកូវីត១៩ នេះ តាមរយៈការផ្សព្វផ្សាយ និង ការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះ សុខុមាលភាពរបស់ពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនពិភព លោកផងដែរ។

សាមគ្គីភាពដ៏រឹងមាំជាធ្លុងមួយរបស់ប្រជាជនកម្ពុជាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ នេះនឹងធ្វើឱ្យជំងឺនេះជៀសផុតពីកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរ នឹងចាកផុតពីជំងឺរាតត្បាតនេះតាមរយៈ ការអនុវត្តបទដ្ឋានអនាម័យជាប្រចាំ និងគ្មានការភ័យខ្លាចចំពោះជំងឺដែលអាចបង្ការបាននេះឡើយ ហើយកាន់តែមិនលង់នឹងការញុះញង់ បោកប្រាស់ បំភ្លៃការពិត ចេតនាបង្កចលាចលាបង្កឡើង ដោយក្រុមជនអគតិបំផ្លាញជាតិ បំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជាឡើយ។ រួមគ្នាកម្ចាត់ភាពភ័យខ្លាចពីជំងឺកូវីត ១៩!

ដោយ៖ ចៅចាក់ស្មុក
សៀមរាប-អង្គរ ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២០