(ភ្នំពេញ)៖ កាលពីមុននេះ ប្រជាពលរដ្ឋខ្មែរធ្លាប់បានលឺពាក្យថា «ទីណាមានទុក្ខ ទីនោះមានមុខ សម្តេចតេជោ ហ៊ុន សែន»។ ឥឡូវនេះពិភពលោកទាំងមូលក៏បានឃើញ និងបានចែករំលែកទស្សនទាននេះ ដូចគ្នាជាមួយពលរដ្ឋខ្មែរដែរពោលគឺ មិនថាតែខ្មែរទេ សូម្បីជនបរទេសណាដែលមានទុក្ខ គឺមានមុខ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមសុខទុក្ខជាមួយដែរ។

ជាក់ស្តែង ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជ្រួលច្របល់ភ័យខ្លាច រឿងការឆ្លងវីរុស Covid-19 រហូតបង្កើតឲ្យមានការរើសអើង យ៉ាងធ្ងន់ធ្ងរ មេដឹកនាំប្រទេសកម្ពុជាឯណេះវិញ បានបង្ហាញកាយវិការជាគម្រូមួយដ៏គួរឲ្យស្ញប់ស្ញែងក្រៃលែង។ ការសម្រេចចិត្តរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការរាលដាលនៃវីរុស Covid-19 បានធ្វើឲ្យពិភពលោកចាត់ទុកជាគំរូ នៃការសាមគ្គីភាពនិងគំរូ នៃការប្រយុទ្ធប្រឆាំងនឹងការរើសអើង។ កាយវិការ និងសកម្មភាពក្នុងស្មារតី មនុស្សធម៍ដ៏គួរឲ្យកត់សម្គាល់របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាមានដូចខាងក្រោម៖

ទី១៖ នៅពេលដែល បណ្តាប្រទេសនានានាំគ្នាផ្អើលនិងជ្រួលច្របល់យ៉ាងខ្លាំងព្រោះតែការភ័យខ្លាចការឆ្លងវីរុស Covid-19 ហើយនាំគ្នាចាត់វិធានការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន ប្រទេសចិន និងហាមជើងហោះហើរពីប្រទេសចិនចូលទឹកដីរបស់ខ្លួន នោះ នាយករដ្ឋមន្ត្រីខ្មែរ បែរជាប្រកាសមិនជម្លៀសនិស្សិតខ្មែរដែលកំពុងរៀននៅវូហានមកកម្ពុជាវិញឡើយ។ រីឯជើងហោះហើរពីគ្រប់ទិសទី រាប់ទាំងពីប្រទេសចិនផងក៏មិនត្រូវបានហាមឃាត់ឡើយលើកលែងតែជើង ហោះហើរពីវូហានដែល ភាគីចិនបានប្រកាស បិទដោយខ្លួនឯង។

ខណៈដែលមនុស្សម្នាកំពុងផ្អើលទិញម៉ាសដើម្បីពាក់រហូតធ្វើឲ្យម៉ាស់ឡើងថ្លៃកប់ពពកនោះ នាយករដ្ឋមន្ត្រីខ្មែរ បែរជាធ្វើគំរូដោយបដិសេធមិនពាក់ម៉ាស និងបានប្រាប់ទៅ ពលរដ្ឋខ្មែរថា ត្រូវប្រុងប្រយ័ត្នតែមិនបាច់ពាក់ម៉ាស់ទេបើមិនចាំបាច់។

ខណៈដែល មនុស្សម្នាក្នុងពិភពលោកនាំគ្នារើសអើងជនជាតិចិន នាយករដ្ឋមន្ត្រីខ្មែរបែរជាបង្ហាញភាពស្និទ្ធស្នាលជាមួយប្រជាជនចិនយ៉ាងខ្លាំង។ នេះជាសកម្មភាពដើម្បីបំបាត់ការភ័យខ្លាចហួសហេតុចំពោះវីរុស មួយនេះ និងម្យ៉ាងទៀតក៏ដើម្បីបង្ហាញសាមគ្គីភាពក្នុងគ្រាដ៏លំបាកដោយមិនត្រូវរត់ចោលគ្នាយក រួចខ្លួនតែឯងនោះឡើយ។

ទី២៖ ក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិភពលោកនៅប្រទេសកូរ៉េខាងត្បូងកាលពីដើមខែកុម្ភៈនេះ សម្តេចនាយក រដ្ឋមន្ត្រីក៏បានស្នើសុំភាគី ចិនទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហានដែលជាប្រភពនៃការផ្ទុះឡើងវីរុស Covid-19 ។ ក្រោយពីភាគីចិន បដិសេធក្រោមហេតុផល នៃការដាក់ទីក្រុងវូហានឲ្យស្ថិតនៅដាច់ពីគេដើម្បីចៀសវាងការរាលដាល នៃវីរុស នាយករដ្ឋមន្ត្រីខ្មែរក៏នៅតែព្យាយាម ទៅដល់ទីក្រុងប៉េកាំងឲ្យទាល់តែបាន ដើម្បីបង្ហាញថា វីរុស Covid-19 មិនគួរឲ្យខ្លាចពេកទេ។ ម្យ៉ាងទៀតក៏ ដើម្បីពិភាក្សាអំពី សុវត្ថិភាពរបស់និស្សិតខ្មែរ ២៣ នាក់នៅវូហានផងដែរ។ អ្វីជាការកត់សម្គាល់បំផុតនោះគឺទោះបីជាទៅដល់ទីក្រុងប៉េកាំងក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នៅតែ បដិសេធមិនពាក់ម៉ាស់ និងថែមទាំងបានចាប់ដៃ នាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដែលទើបតែ វិលមកពីទីក្រុងវូហាន។ អត្ថន័យត្រង់នេះបាន បង្ហាញថា នៅពេលគេ នាំគ្នារត់ចេញ មេដឹកនាំខ្មែររត់ចូល។

ទី៣៖ ការទទួលឲ្យនាវា Westerdam ដែលផ្ទុកមនុស្សជាង ២២០០ នាក់ឲ្យចូលចតក្នុងកំពុងផែខេត្តព្រះសីហនុបន្ទាប់ពី នាវានេះបានរសាត់អណ្តែតគ្មានកោះត្រើយអស់រយៈពេលពីរ សប្តាហ៍ដោយសារតែការ បដិសេធពីសំណាក់បណ្តាប្រទេសនានាមិនឲ្យចូលចតក្នុងទឹកដីរបស់គេ ព្រោះតែខ្លាចឆ្លងវីរុសកាច សាហាវនោះ គឺជាភាព លេចធ្លោបំផុតរបស់មេដឹកនាំខ្មែរ។

សម្រាប់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បេះដូងមនុស្សធម៌មានទំហំធំជាងការភ័យខ្លាច និងការរើសអើង។ ក្នុងន័យនេះ មេដឹកនាំកម្ពុជា រូបនេះមិនត្រឹមតែអនុញ្ញាតឲ្យនាវាខ្នាតយក្សនេះចូលចត ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានទៅ ទទួលស្វាគមន៍ភ្ញៀវទេសចរទាំងនោះដល់មាត់ច្រកចេញពីនាវា ដោយបានចាប់ដៃពួកគេរហូតដល់ឱបស្វាគមន៍តាមបែបបស្ចឹមប្រទេសដោយគ្មានពាក់ម៉ាស់ទៀតផង។

កាយវិការរបស់មេដឹកនាំខ្មែររូបនេះត្រូវបានទទួលការសាទរនិងការកោតសរសើរពីប្រធានអង្គការសុខភាពពិភពលោក និងបណ្តាស្ថានទូតបរទេសដែល មានជនជាតិរបស់ខ្លួន នៅក្នុងនាវានោះយ៉ាងកក់ក្តៅហើយជាពិសេសគឺការកោតសរសើរនិងការដឹងគុណបំផុតពីសំណាក់ភ្ញៀវទេសចរនៅក្នុងនាវាតែម្តង។សារព័ត៌មានល្បីៗក្នុងពិភពលោកក៏បានចុះផ្សាយយ៉ាងព្រោងព្រាតដោយកោតសរសើរកម្ពុជាយ៉ាងខ្លាំងចំពោះទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លានេះ។

ក្នុងនាមកូនខ្មែរមួយរូប ដែលបានតាមដាន នយោបាយតាមតុកាហ្វេជាច្រើនទសវត្សរ៍ ខ្ញុំយល់ឃើញថា កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះគឺពិតជាបាន បង្ហាញឲ្យឃើញថា សម្តេចជាមេដឹកនាំនៃប្រទេសតូចមួយតែមានបេះដូងធំដូច មហាសមុទ្រ។ សម្តេចតេជោជាមេដឹកនាំប្រទេសក្រីក្រមួយតែមានទឹកចិត្តមនុស្សធម៌ដ៏ជ្រាលជ្រៅក្នុងការយកអាសារ មនុស្សដូចគ្នាដោយមិនប្រកាន់ជាតិសាសន៍ ដែលប្រទេសអ្នកមានខ្លះធ្វើមិនបាន។ សម្តេចជាមេដឹកនាំដែលហ៊ានចេញមុខធ្វើជាគំរូដើម្បីសាមគ្គីភាពនិងប្រឆាំងការរើសអើងខណៈដែល មនុស្សក្នុងពិភពលោក បច្ចុប្បន្នពោរពេញដោយភាពអាត្មានិយម ដោយគិតតែយករួចតែខ្លួនឯង ចង់អ្នកណាស្លាប់ក៏ស្លាប់ទៅ។

ប្រសិនបើយើងក្រឡេកថយក្រោយបន្តិចទៅ មើលអតីតកាលរបស់ សម្តេចតេជោ ហ៊ុន សែន យើងប្រាកដជាយល់យ៉ាងច្បាស់អំពី ពលិកម្មរាប់មិនអស់ដែល មេដឹកនាំរូបនេះបានធ្វើដើម្បីប្រទេសជាតិ និងប្រជាជន របស់ខ្លួន។ ខណៈដែល ពលរដ្ឋខ្មែរធ្លាក់ក្នុងកណ្តាប់ដៃពួក ប្រល័យពូជសាសន៍ខ្មែរក្រហមស្លាប់រង្គាល មាន ពលរដ្ឋខ្មែរមួយចំនួនព្យាយាមរត់គេចខ្លួនទៅក្រៅប្រទេសដើម្បីរួចផុតពីសេចក្តីស្លាប់តែខ្លួនឯងនិងក្រុមគ្រួសាររបស់ខ្លួន។ ចំណែកឯ មេដឹកនាំខ្មែរឈ្មោះហ៊ុន សែន ម្នាក់នេះក៏បានរត់ឆ្លងដែនទៅវៀតណាមដែរ ប៉ុន្តែមិនមែនដើម្បី យករួចខ្លួនតែម្នាក់ឯង នោះទេ តែគឺជា បេសកកម្មដើម្បីរំដោះប្រជាពលរដ្ឋខ្មែរទូទាំង នគរឲ្យរួចផុតពីសេចក្តី ស្លាប់។ ក្នុងដំណើររំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នេះដែរ មេដឹកនាំខ្មែររូបនេះ បានឆ្លងកាត់ ១០៥ សមរភូមិប្រយុទ្ធដោយផ្ទាល់រហូតដល់ពិការភ្នែកម្ខាង។ សម្តេចតេជោ ហ៊ុន សែន ដដែលនេះក៏ធ្លាប់បាន ប្រថុយជីវិតចូលក្នុងតំបន់ដែលកាន់កាប់ដោយខ្មែរក្រហមដោយមិនខ្លាចស្លាប់ដើម្បីបុព្វហេតុ ស្វែងរកសន្តិភាព និងការ បង្រួបបង្រួមជាតិ។ ទាំងនេះគឺជាគំរូវីរភាពដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេច។

ឥឡូវនេះ មេដឹកនាំខ្មែរដែលពោរពេញដោយបទពិសោធន៍រូបនេះក៏បាន បង្ហាញគំរូវីរភាពសម្រាប់ពិភពលោកវិញម្តងតាមរយៈកាយវិការ និងការ លះបង់ប្រកបដោយទឹកចិត្តមនុស្សធម៌យ៉ាងជ្រាលជ្រៅបំផុត។ «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»ឬ «អ្វីដែលគ្រោះថ្នាក់ ពេលនេះមិនមែនវីរុសកាចសាហាវទេ ប៉ុន្តែ គឺការភ័យខ្លាច»ឬក៏«រួមគ្នាដើម្បីពិភពលោកគ្មានការរើសអើង»។ល។ និង។ល។ សុទ្ធសឹងជាពាក្យពេចន៍ដែល នាយករដ្ឋមន្ត្រីខ្មែរ បានប្រើដើម្បីបញ្ចាក់ពី ការសម្រេចចិត្តនិងសកម្មភាពរបស់ខ្លួន។

តាមរយៈការសម្រេចចិត្តនិងសកម្មភាពចុងក្រោយនេះ មេដឹកនាំកម្ពុជាបាន បង្ហាញប្រាប់ពិភពលោក នូវភាពជាគំរូដ៏លេចធ្លោបំផុតសម្រាប់ជានិម្មិតរូប នៃ«សាមគ្គីភាព» ការជួយគ្នាក្នុងគ្រាអាសន្ន និងការប្រយុទ្ធប្រឆាំងនឹងការរើសអើងដោយចាត់ទុកអាយុជីវិត មនុស្សជាសិទ្ធិដែលត្រូវតែបានគោរពមុនគេបំផុត។ តាមរយៈសកម្មភាពនេះ កម្ពុជាកំពុងត្រូវបាន ពិភពលោកកោតសរសើរស្ញប់ស្ញែង។ ពិភពលោកក៏កំពុងមើល មកកម្ពុជាថា ជាប្រទេសតូចតែមានមេដឹកនាំមាន បេះដូងធំដូច មហាសមុទ្រ។

ក្នុងនាមកូនខ្មែរ យើងពិតជាមានមោទនភាព ចំពោះមេដឹកនាំរបស់យើងដែលមិនត្រឹមតែនាំសេចក្តីសុខដល់យើងប៉ុណ្ណោះទេ តែក៏កំពុងសាបព្រួសវប្បធម៌សន្តិភាពដែលជាប្រភពនៃសេចក្តីសុខដល់មនុស្សទូទាំងពិភពលោកផងដែរ៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ